×

អបអរសាទរ! ទី​បំផុត រ៉េត សារីតា ក្លាយ​ជា​ម្ចាស់​ម្កុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២០

NEWS 3 years ago
 
 

          ​កន្លងមក​ប្រិយ​មិត្ត​តាមដាន​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាល​កម្ពុជា​២​០​២​០​ ​ឬ​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2020 ​ពិតជា​រង់ចាំ​យ៉ាង​អន្ទះសា​ចំពោះ​លទ្ធផល​ថា​តើ​ចំណោម​បេ​ក្ខ​នារី​២​០​រូប​មួយ​ណា​ដែល​នឹង​គ្រង​ម្កុ​ដ​។​ ​ជា​ការពិត​ណាស់​ ​បន្ទាប់ពី​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៥​ស​ប្តាហ៍ ​ម្ចាស់​ជ័យ​លា​ភី​ត្រូវ​បាន​រក​ឃើញ​កាលពី​រាត្រី​ម្សិលមិញ​ថ្ងៃ​ទី​២​៦​ខែវិច្ឆិកា​ឆ្នាំ​២​០​២​០​ ​ដោយ​ម្ចាស់​ម្កុ​ដ​បាន​ទៅលើ​បេ​ក្ខ​នារី​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ទេពកោសល្យ​ ​រូប​សម្រស់​ ​និង​ចំណេះ​ដឹង​ ​នោះ​គឺ​កញ្ញា​ ​រ៉េត​ ​សារី​តា​។​

          ​រ៉េត​ ​សារី​តា​ ​ជា​បេ​ក្ខ​នារី​មកពី​ទី​ក្រុងភ្នំពេញ​ ​អាយុ​ ​២​៤​ឆ្នាំ​ ​មាន​ក​ម្ពស់ ​១​,​៦​៥​ ​ម៉ែត្រ​ ​បច្ចុប្បន្ន​មាន​អាជីព​ជាតា​រា​សម្តែង​ ​ពិធី​ការិនី​ ​និង​ជា​ផលិតករ​វ័យក្មេង​មួយ​រូប​។​ ​លោក​ ​ម៉ែន​ ​និមល​រត​ន៍ ​ដែល​ជា​គណៈកម្មការ​ដាក់​ពិន្ទុ​ក្នុងចំណោម​គណៈកម្មការ​ដទៃ​នៃ​កម្មវិធី​ ​Miss​ ​Universe​ ​Cam​bo​d​i​a​ 2020 ​លោក​បាន​ប្រាប់​សូវ​រី​ន​មុននេះ​ដែរ​ថា​៖​ “​ការពិត​ទៅ​បេក្ខភាព​ ​Top​ 5 (​លំដាប់​៥​នាក់​ចុងក្រោយ​) ​សុទ្ធតែ​មាន​សមត្ថភាព​មិនចាញ់​គ្នា​ទេ​ ​ពិន្ទុ​ពួកគាត់​ខុសគ្នា​តែ​ក្បៀស​ចុងក្រោយ​បន្តិចបន្តួច​ប៉ុណ្ណោះ​ ​ព្រោះអី​សុទ្ធតែ​ខ្លាំង​ក្នុងចំណោម​ខ្លាំង​ ​ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​ ​រ៉េត​ ​សារី​តា​ ​ទទួល​បាន​ពិន្ទុ​ល្អ​ពី​ខ្ញុំ​ក៏ដូចជា​គណៈកម្មការ​ដទៃ​គឺ​គាត់​មាន​ភាព​ជឿជាក់​ខ្ពស់​ ​គាត់​អាច​គ្រប់គ្រង​ខ្លួនឯង​ក្នុង​ការ​ឆ្លើយ​សំណួរ​បាន​យ៉ាងល្អ​ ​នេះ​ជា​ភាព​លេចធ្លោ​ក្នុងចំណោម​បេ​ក្ខ​នារី​ដទៃ​”​។​ ​លោក​បន្ថែម​ទៀត​ថា​ ​«​សារី​តា​ ​មក​ប្រកួត​គាត់​បាន​ត្រៀម​ខ្លួន​រួចរាល់​ ​គាត់​ត្រៀម​ខ្លួន​គ្រប់បែបយ៉ាង​ ​គាត់​គ្រប់គ្រង​បាន​សឹងតែ​ទាំងអស់​ ​មិនថា​ពេលវេលា​ ​ការរៀបចំ​ខ្លួន​ ​ការ​ស្លៀកពាក់​ ​ការចូលរួម​កម្មវិធី​ផ្សេងៗ​ ​ជាពិសេស​ការ​ឆ្លើយ​សំណួរ​ចុងក្រោយ​ដែល​សំខាន់​បំផុត​ ​និយាយរួម​គាត់​មិន​ត្រឹមតែ​មាន​ភាព​ជឿជាក់​ប៉ុណ្ណោះ​ទេ​ ​តែ​ថែម​ទាំងគ្រប់​គ្រង​ខ្លួនឯង​បាន​ល្អ​បំផុត​”​។​

រចនាដោយ លោក ស៊ីសាក់ បូរិន ហៅ ទឹកគ្រឿង

រចនាដោយ លោក ស៊ីសាក់ បូរិន ហៅ ទឹកគ្រឿង

          ​សូវ​រី​ន​ចាំ​ថា​កាលពី​ខែ​ឧសភា​កន្លងទៅ​ ​សារី​តា​ ​ធ្លាប់​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​ក្រុម​ការងារ​យើង​អំពី​ជីវប្រវត្តិ​ក៏ដូចជា​ការងារ​សិល្បៈ​។​ ​នៅ​ចុង​បញ្ចប់​កិច្ច​សម្ភាសន៍​ ​កញ្ញា​បាន​លើកឡើង​ពី​ក្តី​ស្រមៃ​របស់​ខ្លួន​ថា​ ​កញ្ញា​ចង់​ចូល​ប្រកួត​កម្មវិធី​ប្រឡង​បវរកញ្ញា​ ​និង​ចង់​តំណាង​ឲ្យ​កម្ពុជា​ទៅ​បង្ហាញខ្លួន​នៅ​លើឆាកអន្តរជាតិ​។​ ​ជាក់ស្តែង​ជា​លទ្ធផល​ ​ឥឡូវនេះ​ក្តី​ស្រមៃ​របស់​កញ្ញា​បាន​ក្លាយទៅជា​ការពិត​ដែល​នឹង​តំណាង​ឲ្យ​កម្ពុជា​ចេញទៅ​ប្រកួត​កម្មវិធី​ ​Miss​ ​Universe​ ​នៅ​ឯ​បរទេស​នា​ពេល​ឆាប់ៗ​ខាងមុខ​។​ ​ងាក​មក​ជ្រាប​អំពី​ជីវប្រវត្តិ​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ​ ​២​០​២​០​ ​រូប​នេះ​វិញ​ ​រ៉េត​ ​សារី​តា​ ​បាន​ចាប់កំណើត​នៅ​ទី​ក្រុងភ្នំពេញ​ស្ថិតនៅ​ក្នុង​គ្រួសារ​​​ដែល​មាន​ឪពុក​បម្រើ​ការងារ​ជា​ពេទ្យ​យោធា​និង​ម្តាយ​ជា​ស្ត្រី​មេផ្ទះ​(​មរណភាព​)​។​ ​សារី​តា​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​៣​នាក់​(​ប្រុស​ជា​ប្អូនពៅ​) ​ដែល​ប្អូនស្រី​និង​ប្អូនប្រុស​របស់​កញ្ញា​ក៏បាន​ប្រឡូក​ក្នុង​វិ​ស​័​យ​សម្តែង​ស្រប​ពេល​កញ្ញា​ឈាន​ចូល​វិ​ស​័​យ​សិល្បៈ​ផង​ដែរ​។​ ​នៅ​អាយុ​៦​ឆ្នាំក្រោយ​ពេល​អ្នកម្តាយ​បាន​លា​ចាកលោក​ទៅ​ ​សារី​តា​និង​ប្អូន​ៗ​បាន​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្តាយចិញ្ចឹម​ដែល​ជា​ជនជាតិ​អាមេរិក​និង​បារាំង​។​ ​បន្ទាប់ពី​រស់នៅ​ជាមួយ​ឪពុក​ម្តាយចិញ្ចឹម​បាន​រយៈពេល​ប្រាំ​ឆ្នាំ​បងប្អូន​ទាំង​បី​នាក់​ក៏បាន​ត្រឡប់មក​រស់នៅ​ជាមួយ​ឪពុក​បង្កើត​របស់​ខ្លួន​វិញ​។​ ​ចំពោះ​ក​ម្រិ​ត​វប្បធម៌​សារី​តា​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​ជំនាញ​ពាណិជ្ជកម្ម​នៅ​វិទ្យាស្ថាន​វ៉ាន់​ដា​និង​បាន​សិក្សា​ភាសាបារាំង​នៅ​សាលា​ ​L​y​cé​e​ ​F​r​an​ç​a​i​s R​e​né ​D​e​scar​t​e​s​។​ ​និយាយទៅ​ចំពោះ​ភាសាបរទេស​ ​សារី​តា​ ​អាច​និយាយ​ ​ភាសា​អង់គ្លេស​ ​និង​ភាសាបារាំង​បាន​យ៉ាង​ស្ទាត់ជំនាញ​ដូច​ជនជាតិ​ដើម​ ​និង​ភាសា​ថៃ​បាន​ល្អ​បង្គួរ​។​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៦​ ​សារី​តា​ទទួល​បានការ​បណ្តុះបណ្តាល​ទៅលើ​ជំនាញ​សម្តែង​ ​សរសេរ​ប៉ា​រ៉ូ​ល​ ​ផលិត​និង​ដឹកនាំ​រឿង​ពី​ផលិតករ​ដ៏​ល្បី​មកពី​ណេ​ប៉ា​ល់​គឺ​លោក​ ​Deepen​d​r​a​ ​G​a​uc​h​an​។​ ​នៅ​ក្នុង​ឆ្នាំ​ដដែល​សារី​តា​ទទួល​បាន​ពានរង្វាន់​ ​Youth​ ​Champion​ ​Award​ ​ពី​អង្គការ​ UN​F​P​A​ ​កម្ពុជា​ ​ក្នុងនាម​ជាពិធី​ការិនី​វ័យក្មេង​ដែល​និយាយ​ជា​សាធារណៈ​ទៅលើ​សមភាព​យេ​ន​ឌ​័​រ​និង​សិទ្ធ​មនុស្ស​ ​សុខភាព​បន្ត​ពូជ​ ​និង​ប្រឆាំង​អំពើ​ហិង្សា​នៅ​កម្ពុជា​។​

          ​មែនទែន​ទៅ​ ​សារី​តា​ ​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជាតា​រា​សម្តែង​តាំងពី​អាយុ​៨​ឆ្នាំ​នៅ​ពេល​កំពុង​មើល​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​រឿង​«​Tomb​ ​Raider​»​ ​ដែល​ថត​នៅ​ប្រាសាទអង្គរ​ខេត្ត​សៀមរាប​សម្តែង​ដោយ​តារា​ហូ​លី​វូ​ដ​ ​Angel​in​a​ Jo​lie​។​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​២​ ​ស្ថិត​ក្នុង​វ័យ​ ​១​៦​ឆ្នាំ​សារី​តា​បាន​បោះជំហាន​ចូល​ប្រកួត​ក្នុង​កម្មវិធី​សម្រស់​មួយ​ដោយ​ជាប់​បាន​ត្រឹម​ជុំ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​ ​មិនអស់ចិត្ត​នៅតែ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​មកដល់​ឆ្នាំ​២​០​១​៣​យុវតី​ក្លាហាន​រូប​នេះ​បាន​ដាក់ពាក្យ​ប្រកួត​ជាថ្មី​ម្តងទៀត​ហើយក៏​ជាប់​នៅ​ត្រឹម​វគ្គ​ផ្តាច់ព្រ័ត្រ​ដដែល​។​ ​ថ្វីបើ​ប្រកួត​ពីរ​លើក​មិន​ជាប់​ជ័យ​លា​ភី​ក្តី​ប៉ុន្តែ​សារី​តា​បាន​ចាត់​ទុក​កម្មវិធី​នេះ​ជា​វេទិកា​មួយ​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ក៏ដូចជា​ទេព​កោ​ល្យ​របស់​ខ្លួន​។​ ​ដើម្បី​សម្រេច​ក្តី​ស្រមៃ​សារី​តា​បាន​ធ្វើ​តេ​ស្ត​ច្រើន​កន្លែង​ដែល​មិន​តិច​ជាង​ម្ភៃ​ដង​ឡើយ​ ​ហើយ​ចុងក្រោយ​បានជា​ប់​ធ្វើជា​ពិធី​ករ​ផង​និង​សម្តែង​ផង​នៅ​ក្នុង​កម្មវិធី​ស្នេហ៍​៩​រដូវ​កាល​ទី​២​។​ ​សារី​តា​បាន​បន្ត​ការងារ​ជាពិធី​ការិនី​សម្រាប់​កម្មវិធី​ធំ​ៗ​របស់​ស្ថា​នី​យ៍​ទូរទស្សន៍​M​Y​T​V​និង​C​T​N​ជាបន្តបន្ទាប់​ដូចជា​កម្មវិធី​ ​Street​ ​Magic​ ​កម្មវិធី​ល្បែង​ជ្រែក​ជញ្ជាំង​ ​កម្មវិធី​អ្នក​គួរតែ​ដឹង​ ​កម្មវិធី​ ​Technology​ ​Today​ ​និង​កម្មវិធី​ក​ម្សាន្ត​ផ្សេងៗ​ជាច្រើន​ទៀត​។​ ​ក្រៅពី​ធ្វើការ​ឲ្យ​កម្មវិធី​ទូរទស្សន៍​ ​ជា​ញឹកញយ​សារី​តា​ក៏មាន​ទី​ផ្សារ​ធ្វើជា​ពិធី​ករ​ខាងក្រៅ​សម្រាប់​កម្មវិធី​តូច​ធំ​ផង​ដែរ​ ​ដែល​កន្លងមក​កញ្ញា​រមែង​បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធី​របស់​ស្លាកយីហោ​អន្តរជាតិ​ល្បី​ៗ​រួម​មាន​ ​ក្រុមហ៊ុន​ជើង​ហោះហើរ​ ​E​m​irate​s ​ក្រុមហ៊ុន​នាឡិកា​ស្វីស​ S​WATCH​ ​ក្រុមហ៊ុន​ផលិតផល​SON​Y​ ​ក្រុមហ៊ុន​ផលិតផល​PAN​A​SON​I​C ​ក្រុមហ៊ុន​ K​F​C ​ក្រុមហ៊ុន​ ​WING​ ​និង​កម្មវិធី​ប្រកួត​បវរកញ្ញា​លំដាប់​អន្តរជាតិ​ ​Miss​ ​Plan​at​e​ ​International​ 2020 ​ជាដើម​។

          ​ដោយឡែក​ ​បើ​និយាយ​ពី​អាជីព​សម្តែង​វិញ​ ​ក្រៅពី​កម្មវិធី​ស្នេហ៍​៩​សារី​តា​ចាប់ផ្តើម​ហក់​ស្ទុះ​ខ្លំា​ង​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៥​មក​ដោយ​បាន​សម្តែង​ខ្សែភាពយន្ត​ជាច្រើន​ទាំង​រឿង​ខ្លី​និង​រឿង​ដុំ​រួម​ទាំង​រឿង​ហូ​លី​វូ​ដ​ទៀត​ផង​។​ ​ក្នុង​នោះ​រឿង​ខ្លី​មាន​ដូចជា​ ​រឿង​ ​Happiness​(2015), ​រឿង​T​h​e​ ​Dinner​ (2016) ​រឿង​ ​Kidnap​(2017) ​រឿង​ ​T​h​e​ ​Interview​(2017) ​រឿង​ ​Before​ ​T​h​e​ ​Rain​(2019) ​រឿង​ ​Gray​ ​Feather​(2020) ​រឿង​ ​Music​ ​Magic​ ​Love​ (2020)​។​ ​ចំណែក​រឿង​ដុំ​វិញ​រួម​មាន​ ​រឿង​ ​Mind​ ​Cage​(2016) ​រឿង​ ​Love​ ​To​ ​T​h​e​ ​Power​ o​f​ ​Four​(2016) ​រឿង​ ​T​h​e​ ​Spell​(2018) ​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​របស់​កាណាដា​រឿង​ ​H​ex​(2018) ​រឿង​បិសាច​ព្រៃ​(2019)​ជាដើម​។​

          ​ជាមួយនឹង​ការ​ឈ្នះ​ម្កុ​ដ​បវរកញ្ញា​ចក្រវាល​កម្ពុជា​២​០​២​០​នេះ​ ​សូវ​រី​ន​ពិតជា​ចូលរួម​ត្រេកអរ​ ​និង​អប​អរសាទរ​ចំពោះ​ភាព​ជោគជ័យ​ ​ហើយក៏​សូមជូនពរ​ ​សារី​តា​ ​ចំពោះ​ការ​បោះជំហាន​បន្ទាប់​ទៅ​ឆាក​អន្តរជាតិ​ប្រកបដោយ​ភាព​ជោគជ័យ​ផង​ដែរ​៕​

Article ​by​ HEMSOKKHIM

 


SUGGESTIONS