×

តើការ​ញៀន​នឹង​បណ្តាញ​សង្គម​អាច​បណ្តាលឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​មែន​ឬ​?

TRAVEL & LIVING 3 months ago

​​          ​បច្ចេកវិទ្យា​ទំនើប​ទូរសព្ទ​ស្មា​ត​ហ្វូ​ន​ឬ​ថា​ប្លេ​ត​បាន​ដើរតួ​ជា​មិត្តសម្លាញ់​យ៉ាង​ស្និទ្ធស្នាល​ជាមួយនឹង​មនុស្ស​ ​ខណៈ​ដែល​បណ្តាញ​សង្គម​នានា​ដូចជា​ ​Face​book​, ​Inst​a​gram​ ​និង​ ​T​wit​t​e​r ​ជាដើម​ ​រឹត​តែ​បន្ថែម​ក្លែម​រសជាតិ​ធ្វើឲ្យ​យើង​មិន​ចង់​ឃ្លាត​ឆ្ងាយ​សូម្បី​មួយ​វិនាទី​។​ ​មួយថ្ងៃ​ៗ​មនុស្សម្នាក់​ៗ​ចាយ​ពេល​មិន​តិច​ឡើយ​ទៅលើ​ការប្រើប្រាស់​បណ្តាញ​សង្គម​ ​ជាពិសេស​យុវវ័យ​នេះ​តែម្តង​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នក​ដែល​ញៀន​នឹង​បណ្តាញ​សង្គម​បំផុត​។​ ​យ៉ាងណាមិញ​ ​ការប្រើប្រាស់​បណ្តាញ​សង្គម​បាន​ផ្តល់​ទាំង​គុណសម្បត្តិ​និង​គុណវិបត្តិ​ ​ពោល​ក្រៅពី​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការ​ទំនាក់ទំនង​កាន់តែ​ងាយស្រួល​និង​ឆាប់រហ័ស​ ​ជាមួយគ្នា​នេះ​ការប្រើប្រាស់​ហួសប្រមាណ​ក៏​អាច​បណ្តាលឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ខួរក្បាល​ ​សុខភាព​ភ្នែក​ ​ដំណេក​មិន​គ្រប់គ្រាន់​ ​រួម​ទាំង​ថាមពល​ចុះ​ខ្សោយ​ផង​ដែរ​ ​ហើយ​រហូតដល់​មាន​មតិ​មួយ​ចំនួន​បាន​លើកឡើង​ទៀត​ថា​ការប្រើប្រាស់​បណ្តាញ​សង្គម​អាច​ជា​ករណី​ប្រឈម​កើតជំងឺ​បាក់ទឹកចិត្ត​ទៀត​ផង​។​ ​ចុះ​តើ​ការ​លើកឡើង​នេះ​ពិត​ដែរ​ឬទេ​? ​ឬមួយ​ក៏​អ្នក​កើតជំងឺ​បាក់ទឹកចិត្ត​គឺជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​?​។​

​​          ​​បើ​និយាយ​ពី​ ​Depression​ ​ឬ​ជំងឺ​បាក់ទឹកចិត្ត​គឺជា​ជំងឺ​អាក្រក់​ម្យ៉ាង​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត​បំផុត​ ​វា​ជា​ដំបៅ​មួយ​នៅ​ក្នុង​អារម្មណ៍​គ្មាន​​​រូបរាង​គ្មាន​វិញ្ញាណ​ដោយ​គ្មាន​អ្នកណា​ដឹងឮ​ឡើយ​ ​ហើយ​បើ​ទោះ​គ្រូពេទ្យ​យក​ឈាម​ទៅ​ពិនិត្យ​យ៉ាងណា​ក៏​មិន​អាច​មើល​ដឹង​ថា​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​ដែរ​។​ ​ជំងឺ​បាក់ទឹកចិត្ត​អាច​រំខាន​ដល់​ជីវិត​រស់នៅ​ក៏ដូចជា​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​ ​ជាទូទៅ​អ្នក​កើតជំងឺ​នេះ​តែង​បង្ហាញ​សញ្ញា​ដូចជា​ ​បាត់បង់​ចំណាប់អារម្មណ៍​ទៅលើ​សកម្មភាព​ធ្វើឲ្យ​សប្បាយចិត្ត​ដូចជា​ការ​រួមភេទ​ឬ​លេង​កីឡា​ ​មាន​អារម្មណ៍​តូចចិត្ត​សោកសៅ​ជា​ខ្លាំង​ ​មាន​អារម្មណ៍​ខ្លួនឯង​លែង​មាន​តម្លៃ​ ​គ្មាន​អារម្មណ៍​ក្នុង​ខ្លួន​ ​គេង​ពុំ​លក់​ ​គេង​ច្រើន​ខុសប្រក្រតី​ ​គិត​ច្រើន​ ​គិត​យឺត​ ​លែង​ផ្ចង់​អារម្មណ៍​ឬ​ការ​ចង​ចាំចុះ​ខ្សោយ​ ​អស់កម្លាំង​សូម្បី​ការងារ​តិចតួច​ ​ថប់អារម្មណ៍​ ​ឡេះឡះ​ ​ឆាប់​មួម៉ៅ​ក្តៅក្រហាយ​ ​ខឹង​ច្រឡោត​ ​ចូលចិត្ត​នៅ​ស្ងៀមស្ងាត់​ ​តែងតែ​យំ​មិន​ដឹង​មូលហេតុ​ ​លែង​ចង់​ញុំា​អាហារ​ ​ប្រើប្រាស់​ថ្នាំ​ឬ​គ្រឿងស្រវឹង​ ​មាន​បញ្ហា​សុខភាព​គ្មាន​មូលហេតុ​ដូចជា​ឈឺខ្នង​ឬ​ឈឺក្បាល​ ​ពិសេស​គិតតែ​ចង់​ធ្វើ​អត្តឃាត​។​ ​តាម​ការ​សិក្សាស្រាវជ្រាវ​របស់​អ្នកជំនាញ​ជាច្រើន​ ​កត្តា​ប្រឈម​ជំងឺ​បាក់ទឹកចិត្ត​បណ្តាលមកពី​ច្រើន​ករណី​ ​តួយ៉ាង​មកពី​បុគ្គល​នោះ​ធ្លាប់​ជួប​ហេតុការណ៍​រន្ធត់​ដូចជា​អំពើ​ហិង្សា​ ​ការរំលោភ​ ​ការ​ស្លាប់​ ​ការ​បាត់បង់​មនុស្សជា​ទីស្រឡាញ់​ឬ​បញ្ហា​លុយកាក់​ជាដើម​។​ ​អាចម​ក​ពី​ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​អ្នក​កើតជំងឺ​បាក់ទឹកចិត្ត​ ​ឬ​មាន​ប្រវត្តិ​ផ្លូវចិត្ត​ដូចជា​ជំងឺ​ថប់អារម្មណ៍​ឬ​ទាក់ទង​នឹង​ការ​ញុំា​អាហារ​។​ ​អាចម​ក​ពី​ជំងឺ​ធ្ងន់ធ្ងរ​ ​និង​រុំា​រៃ​ដូចជា​មហារីក​ ​ដាច់​សរសៃឈាម​ខួរក្បាល​ ​ជំងឺបេះដូង​រុំា​រ៉ៃ​ ​និង​ការប្រើប្រាស់​ថ្នាំង​ងុយគេង​និង​ថ្នាំ​លើស​ឈាម​ច្រើនពេក​។​ ​អាចម​ក​ពី​ស្រឡាញ់​ភេទ​ដូចគ្នា​ ​ស្រឡាញ់​ទាំងពីរ​ភេទ​ ​ឬ​វះកាត់​ប្តូរ​ភេទ​ ​ម្យ៉ាង​សូម្បី​ការ​មាន​ចរិត​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ ​ចរិត​ពឹងពាក់​លើ​អ្នកដទៃ​ច្រើន​ ​បន្ទោស​ខ្លួនឯង​ច្រើន​ ​និង​សុទិដ្ឋិនិយម​ក៏​ត្រូវ​បាន​រាប់បញ្ចូល​ជា​កត្តា​ប្រឈម​ជំងឺ​បាក់ទឹកចិត្ត​ផង​ដែរ​។​ ​មែនទែន​ទៅ​តាមរយៈ​ការ​រៀបរាប់​កត្តា​ប្រឈម​ជំងឺ​បាក់ទឹកចិត្ត​ខាងលើ​ដូច​មិន​មាន​ករណី​ណាមួយ​ទាក់ទង​នឹង​ការប្រើប្រាស់​បណ្តាញ​សង្គម​ដែល​អាច​ធ្វើឲ្យ​កើតជំងឺ​បាក់ទឹកចិត្ត​នោះ​ទេ​។​ ​យោង​តាម​សិក្សាស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ ​Brock​ ​ប្រទេស​កាណាដា​ដែល​វិភាគ​ទៅលើ​មនុស្ស​ពី​​​រ​ក្រុម​គឺ​មនុស្ស​វ័យ​ជំទង់​ ​និង​វ័យ​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ​ដោយ​បាន​តាមដាន​ថា​តើ​ក្នុងមួយថ្ងៃ​និង​មួយ​ស​ប្តាហ៍​ពួកគេ​ចំណាយ​ពេល​ប្រើប្រាស់​បណ្តាញ​សង្គម​ប៉ុន្មាន​ ​និង​ចំណាយ​ពេល​ធ្វើសកម្មភាព​ផ្សេងៗ​ដូចជា​មើល​ទូរទស្សន៍​ ​ហាត់ប្រាណ​ ​និង​ធ្វើ​កិច្ចការ​ប៉ុន្មាន​ ​រួម​ជាមួយ​កត់​សម្គាល់​ទៅលើ​សញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត​ព្រមគ្នា​ផង​ដែរ​។​ ​ជា​លទ្ធផល​មនុស្ស​ទាំង​ពី​​​រ​ក្រុម​បាន​ប្រើប្រាស់​ពេលវេលា​ទៅលើ​ទាំង​បណ្តាញ​សង្គម​ ​និង​ធ្វើសកម្មភាព​ផ្សេងៗ​មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​ ​ហើយ​អ្នក​ដែល​មាន​សញ្ញា​កើតជំងឺ​បាក់ទឹកចិត្ត​ភាគរយ​ច្រើន​បំផុត​គឺ​មនុស្ស​វ័យ​រៀន​សាកលវិទ្យាល័យ​ ​ប៉ុន្តែ​សញ្ញា​ជំងឺ​បាក់ទឹកចិត្ត​នេះ​មិនមែន​បណ្តាលមកពី​ការប្រើប្រាស់​បណ្តាញ​សង្គម​នោះ​ទេ​ ​ផ្ទុយ​មកវិញ​អ្នក​កើតជំងឺ​បាក់ទឹកចិត្ត​ទៅវិញ​ទេ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​បន្ធូរ​អារម្មណ៍​សោកសៅ​ក៏ដូចជា​ភាព​ភ័យខ្លាច​របស់​ខ្លួន​។​ ​អ្នកវិទ្យាសាស្ត្រ​ក៏បាន​លើកឡើង​ទៀត​ថា​អ្នក​ដែល​ងាយ​ប្រឈម​ជំងឺ​បាក់ទឹកចិត្ត​បំផុត​នោះ​គឺ​មនុស្ស​ស្រី​ ​ក៏​ព្រោះ​មនុស្ស​ស្រី​មាន​អារម្មណ៍​ងាយ​ប្រតិកម្ម​ ​និង​ឆាប់​ទន់ចិត្ត​ ​ហើយ​រាល់​ពេល​មាន​អារម្មណ៍​ទុក្ខសោក​នាង​តែង​ងាក​មក​ប្រើប្រាស់​បណ្តាញ​សង្គម​តាមរយៈ​ការ​បង្ហោះ​អ្វីមួយ​ជា​សាធារណៈ​ដើម្បី​ធ្វើឲ្យ​អារម្មណ៍ល្អ​ឡើងវិញ​។​

​​          ​​សរុប​មក​ការប្រើប្រាស់​បណ្តាញ​សង្គម​មិន​បណ្តាលឲ្យ​កើតជំងឺ​បាក់ទឹកចិត្ត​នោះ​ទេ​។​ ​ទោះ​យ៉ាងណា​ ​យើង​ក៏​គួរគប្បី​កុំ​បណ្តោយ​ខ្លួន​ឲ្យ​កើតជំងឺ​នេះ​ដែរ​ដោយ​រមែង​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​ដូចជា​ ​កាត់បន្ថយ​ស្ត្រេ​ស​ ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ ​ផឹកទឹក​ឲ្យបាន​ច្រើន​ ​ទទួលទាន​អាហារ​នាំមក​នូវ​សុខភាព​ល្អ​ ​គេង​ឲ្យបាន​គ្រប់គ្រាន់​ ​ជៀសវាង​សុរា​និង​ទម្លាប់​ប្រើប្រាស់​ថ្នាំ​រុំា​រ៉ៃ​៕​

Article by​ ​HEM SOKHIM


SUGGESTIONS