នៅលើទំព័របណ្តាញសង្គមហ្វេសប៊ុក អាមេហ្ស៊ីង ខេមបូឌា (Amazing Cambodia) ប្រិយមិត្តនឹងពើបប្រទះឃើញនូវការបង្ហោះរូបភាពឯកសារ ឬវីដេអូសំខាន់ៗជាច្រើនដែលទាក់ទងទៅនឹងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។ ជាក់ស្តែង នៅក្នុងអំឡុងឆ្នាំ ២០១៩ ស្ថាបនិកនៃទំព័របណ្តាញសង្គមហ្វេសប៊ុក អាមេហ្ស៊ីង ខេមបូឌា បានបង្ហាញស្នាដៃរបស់ខ្លួនតាមរយៈការនិពន្ធ និងបោះពុម្ពផ្សាយសៀវភៅក្រោមចំណងជើងថា «កម្ពុជាកន្លះសតវត្សរ៍» (ភាគ១) ហើយនៅក្នុងឆ្នាំដដែលលោកក៏បានបង្កើតពិព័រណ៍រូបថតមួយកន្លែងស្ថិតក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «អគារបេតិកភណ្ឌដែលត្រូវគេមើលរំលង» ជាភាសារខ្មែរផងដែរ។
ជំនួបជាមួយនឹងលោកស្រ៊ិន សុខមាន ស្ថាបនិកនៃទំព័របណ្តាញសង្គមហ្វេសប៊ុក អាមេហ្ស៊ីង ខេមបូឌា (Amazing Cambodia) ជាថ្មីម្តងទៀតដែលលោកបានបោះពុម្ពផ្សាយសៀវភៅ «ទីនេះរោងកុន» ស្តែងពីរោងភាពយន្តខ្មែរចំនួនប្រមាណជាង ៤៣ រោងកុន ពោល រោងភាពយន្តដែលបានបកស្រាយនោះគឺបានរាប់បញ្ចូលតាំងពីសម័យអាណានិគមបារាំង សម័យអន្តរកាល (ចន្លោះមុននិងក្រោយឯករាជ្យ) សម័យសង្គមរាស្រ្តនិយម សម័យសាធារណរដ្ឋខ្មែរ រហូតដល់ក្រោយឆ្នាំ ១៩៧៩ តួយ៉ាង រោងកុនដែលត្រូវបានលោកស្រាវជ្រាវរកឃើញចាស់ជាងគេនោះ គឺនៅមាត់ទន្លេ ហើយក្រោយមករោងកុនរីកដុះដាលច្រើនស្ថិតក្នុងសង្កាត់ចិន ម្តុំផ្សារកណ្តាល និង ផ្សារចាស់ បន្ទាប់មកទៀតនោះ មាននៅម្តុំជុំវិញផ្សារធំថ្មី និង តំបន់ដទៃទៀតជាច្រើន។ ទន្ទឹមនឹងនេះផងដែរ លោក សុខមាន បានឲ្យដឹងពីកត្តាមួយចំនួយដែលបានជំរុញទឹកចិត្តលោកធ្វើការស្រាវជ្រាវពីប្រវត្តិសាស្ត្រទាក់ទងនឹងរោងកុនជាច្រើនយ៉ាងដូចច្នេះថា «កត្តាដែលជំរុញឲ្យខ្ញុំនិពន្ធសៀវភៅនេះឡើងគឺ ទីមួយ វាជាប្រធានបទ «កុន» ដែលខ្ញុំចូលចិត្តជាងគេក្នុងចំណោមប្រធានបទទាក់ទងនឹងយុគមាសនៃសិល្បៈវប្បធម៌ខ្មែរជំនាន់ទសវត្សរ៍ឆ្នាំ១៩៦០ ដែលខ្ញុំធ្លាប់បាន ទស្សនាកាលពីកុមារភាព។ កាលពីក្មេង ខ្ញុំក៏ធ្លាប់ឮចាស់ៗនិយាយឈ្មោះទីតាំងមួយចំនួនផ្សារភ្ជាប់នឹងរោងកុន ដូចជា ទឹកក្រឡុករោងកុនអង្គរ ស្តុបបូកគោ ម្តុំគិរីរម្យ ជាដើម។ ទាំងអស់នេះបានបង្កើតជាចម្ងល់ឲ្យខ្ញុំចង់ដឹងចង់ឃើញរូបរោងកុនពីដើមនិងប្រវត្តិរបស់វា។ ទីពីរ កាលពីឆ្នាំ២០១២ នៅពេលដែលខ្ញុំត្រៀមបង្កើតពិព័រណ៍រូបថតមួយ ក្រោយពីខ្ញុំបង្កើតផេក «អាមេហ្ស៊ីងខេមបូឌា» (Amazing Cambodia) ខ្ញុំបានសម្រេចចិត្តបង្កើត បេសកកម្មផ្ទាល់ខ្លួនមួយដើរថតរូបអគារអតីតរោងកុននៅភ្នំពេញ ក្រុងបាត់ដំបង និង ក្រុងកំពតដើម្បីប្រមូលទុកជាសមុច្ច័យរូបថត (Photo Collection) ខណៈដែលពេលនោះអគាររោងកុនទាំងនោះមួយចំនួនកំពុងត្រូវបានវាយចោល ឬ ជួសជុលកែកុន ។ អ៊ីចឹង យើងត្រូវបន្តការងារហ្នឹងដោយស្រាវជ្រាវប្រវត្តិលម្អិតរបស់រោងនីមួយៗបន្តទៀត។ ទីបី ដោយសារមានតម្រូវការជាក់ស្តែងពីសំណាក់អ្នកគាំទ្រផេកអាមេហ្ស៊ីងខេមបូឌាចង់ឲ្យមានការចេញផ្សាយសៀវភៅបន្ទាប់ពីស្នាដៃទីមួយ «កម្ពុជាកន្លះសតវត្សរ៍» ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៩កន្លងទៅ»។
ទន្ទឹមនឹងកិច្ចពិភាក្សានេះដែរ ស្ថាបនិករូបនេះក៏បានបង្ហាញពីផលវិបាកនៃការស្វែងរកឯកសារពាក់ពន្ធមួយ
ចំនួនថែមទៀតផង តួយ៉ាង កង្វះឯកសារសំណេរ រីឯឯកសារផ្សេងទៀតត្រូវពឹងផ្អែកលើភាសាបរទេសស្ទើរទាំងស្រុងក្នុងនោះមាន ភាសាបាំរាំង ភាសាចិន ភាសាវៀតណាម ដែលសុទ្ធសឹងតែមានផលលំបាកក្នុងការបកប្រែជាភាសាខ្មែរជាដើម។ ស្ថាបនិក ផេក «អាមេហ្ស៊ីងខេមបូឌា» (Amazing Cambodia) ក៏បានបញ្ជាក់ថា៖ «ផលពិបាកទំនាក់ទំនងសាក្សីរស់ដែលពាក់ព័ន្ធដើម្បីធ្វើបទសម្ភាសន៍ កង្វះខាតថវិកាសម្រាប់ចុះស្រាវជ្រាវនៅតាមទីតាំង សម្រាប់បោះពុម្ពផ្សាយ និង មុខចំណាយពាក់ព័ន្ធផ្សេងៗ និងកង្វះសម្ភារបច្ចេកទេស (ឧទា ម៉ាស៊ីនថត ម៉ាស៊ីនព្រីន ម៉ាស៊ីនស្កែនឯកសារ…) រួមទាំងកង្វះក្រុមការងារដើម្បីពន្លឿនសង្វាក់ការងារស្រាវជ្រាវ និង រៀបចំចងក្រង» ក៏ជាផ្នែកមួយដែលបានរាំងស្ទះក្នុងការផលិតសៀវភៅនេះដែរ ហេតុដូច្នេះទើបរយៈពេលនៃការចេញផ្សាយជាផ្លូវការសៀវភៅ «ទីនេះរោងកុន» ចំណាយពេលជាង ១៥ឆ្នាំ (រាប់បញ្ចូលទាំងការស្រាវជ្រាវ និងនិពន្ធ) ទើបចេញជារូបរាងផ្លូវការនៅចុងឆ្នាំ ២០២០។
ជាចុងក្រោយ លោកស្រ៊ិន សុខមានស្ថាបនិកនៃ ផេក «អាមេហ្ស៊ីងខេមបូឌា» (Amazing Cambodia) ក៏បានបង្ហាញពីចក្ខុវិស័យមួយចំនួនផងដែរថា វិស័យភាពយន្ត និងរោងភាពយន្តបច្ចុប្បន្នមានការរីកចម្រើនល្អជាងអំឡុងពេល១០ឆ្នាំមុន តួយ៉ាង ភាពយន្តខ្មែរត្រូវបានសម្រិតសម្រាំងខាងផ្នែកតួអង្គសម្តែង ទីតាំងថត គុណភាពបច្ចេកទេស និង ការកាត់តផ្សេងៗដើម្បីប្រកួតប្រជែងទីផ្សារភាពយន្តក្នុងស្រុកផង និង ឈានទៅបង្ហាញលើឆាកអន្តរជាតិផង។ ភាពយន្តខ្មែរមួយចំនួនទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប្រមាណប្រាំឆ្នាំចុងក្រោយនេះដូចជា៖ រឿងទឹកចិត្តម្តាយសម័យថ្មី រឿងឃ្លាតទៅសែនឆ្ងាយ រឿងដុំហ្វីលចុងក្រោយ រឿងហ្លួងព្រះស្តេចកន រឿងនាឡិកាដាស់វិញ្ញាណ រឿងដើម្បីកូន និង រឿងកំណត់ហេតុនាងនាថ ជាដើម។ ទោះបីជាយ៉ាងនេះក៏ដោយ លោកស្រ៊ិន សុខមាន នៅតែបន្តសង្ឃឹមយ៉ាងមុតមាំក្នុងការរក្សា ឬអភិរក្សរោងកុនខ្មែរបុរាណសម្រាប់បម្រើការក្នុងប្រើប្រាស់ជាទីតាំងថតវីដេអូ ភាពយន្ដ និងជាផ្នែកមួយដែលអាចដាស់ស្មារតីកូនខ្មែរជំនាន់ក្រោយសិក្សាឈ្វេងយល់បន្ថែមអំពីប្រវត្តិរឿងរ៉ាវនានាទងនឹងរោងកុនសម័យមុនផងដែរ៕
សូមទស្សនាវីដេអូរំឭកពីរោងភាពយន្តខ្មែរសម័យដើមតាមរយៈតំណភ្ជាប់ខាងក្រោម:
https://www.facebook.com/amazingcambo/videos/2870067999883261
Article by PAN SIVLY
Image Courtesy of Amazing Cambodia