×

រួមគ្នាអភិវឌ្ឍបៃតងតាមរយៈសកម្មភាពសាមញ្ញ៥យ៉ាងនៅក្នុងផ្ទះបាយ

TRAVEL & LIVING 3 years ago
 
 

            មនុស្ស​បច្ចុប្បន្ន​បាន​ងាក​មក​ចាប់ផ្តើម​រស់នៅ​ក្នុង​ពិភព​បៃតង​ជា​បណ្តើរៗ​ ​ដោយ​កាត់បន្ថយ​នូវ​រាល់​សកម្មភាព​នានា​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ក៏ដូចជា​ភព​​​ផែនដី​ទាំងមូល​។​ ​ចុះ​តើ​អ្នកមាន​ដឹង​ទេ​ថា​ផ្ទះបាយ​គឺជា​ចំណុច​ចាប់ផ្តើម​ចម្បង​មួយ​ដែល​មាន​ឥទ្ធិពល​ទៅលើ​បរិស្ថាន​?

            • លាងចាន​
​ចាន​ក្រដាស​ ​ចាន​ផ្លា​ស្ទិ​ក​ ​ឬ​ហៅ​យើង​ថា​សម្ភារ​ប្រើ​ហើយ​បោះចោល​ទាំងប៉ុន្មាន​ ​គឺជា​សម្ភារ​ប្រើប្រាស់​ដែល​មិន​ចាំបាច់​មាន​ទាល់តែសោះ​នៅក្នុងផ្ទះ​បាយ​របស់យើង​។​ ​មិនមែន​មានន័យ​ថា​មិន​ឲ្យ​មាន​ទាំងស្រុង​នោះ​ទេ​ ​តែ​យើង​គប្បី​ប្រើ​តែ​ពេល​ចាំបាច់​និង​ប្រើឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​បៃតង​នៅក្នុងផ្ទះ​បាយ​របស់យើង​។​ ​យើង​អាច​គិតថា​ពួកវា​នឹង​ផ្តល់​នូវ​ភាព​ស្រួល​ ​ប៉ុន្តែ​មួយ​ប៉ប្រិច​ភ្នែក​អ្នក​បាន​ ​ប្រើប្រាស់​នូវ​ធនធាន​បង្កើត​សំណល់​មិន​ងាយ​រលាយ​ ​ហើយក៏​ខ្ជះខ្ជាយ​ទៅលើ​ការ​ចំណាយ​ផង​ដែរ​។​ ​ដូច្នេះ​ដើម្បី​ជំនួស​ការ​ប្រើ​សម្ភារ​បង្ក​ផល​ប៉ះពាល់​បរិស្ថាន​ ​យើង​គប្បី​ប្រើប្រាស់​ចាន​ថ្ម​ឬ​ចានដែក​ដោយ​ចំណាយ​ពេល​លាង​ស​ម្អា​ត​បន្តិចបន្តួច​ទុកជា​ការ​ហាត់ប្រាណ​ ​ម្យ៉ាង​ក៏​ជៀសវាង​ពី​ជាតិគីមី​ដែល​មិន​ល្អ​ចំពោះ​សុខភាព​ផង​ដែរ​។​

            • សន្សំសំចៃ​ថាមពល​ច​ម្អិ​ន​
​មិនថា​ការប្រើប្រាស់​ចង្ក្រាន​អគ្គិសនី​ ហ្គា​ស​ ​និង​ភ្លើង​បង្កាត់​ ​យើង​សុទ្ធ​សឹង​កំពុងតែ​ប្រើប្រាស់​ថាមពល​។​ ​ការ​ច​ម្អិ​ន​ច្រើនដង​ក្នុង​មួយ​ពេល​ៗ​អាច​ធ្វើឲ្យ​យើង​ប្រើប្រាស់​ថាមពល​ជាច្រើន​។​ ​យើង​អាច​សន្សំសំចៃ​ថាមពល​ដោយ​មុខម្ហូប​ណា​ ​សាច់​ណា​ ​បន្លែ​ណា​ ​ត្រូវ​ច​ម្អិ​ន​រួមគ្នា​បាន​គួ​រដាក់​វាច​ម្អិ​ន​រួមគ្នា​ដើម្បី​ច​ម្អិ​ន​បាន​ពីរ​ឬ​បី​មុខ​ក្នុង​ពេល​តែមួយ​។​ ​ឧទាហរណ៍​ដូចជា​ ​ការ​ស្ងោរ​ពងទា​ក្នុង​ឆ្នាំងបាយ​ ​ឬ​ការ​ដាំទឹក​ផឹក​ដោយ​រំលែក​ខ្លះ​ស្រុស​បន្លែ​ឬ​ឆុងកាហ្វេ​ជាដើម​។​ ​លើស​ពី​នេះ​សម្រាប់​ឧបករណ៍​ច​ម្អិ​ន​គួរ​ជ្រើសរើស​ផលិតផល​ណា​ដែល​មាន​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​សន្សំសំចៃ​ថាមពល​។​ ​កាលណា​អ្នក​សន្សំសំចៃ​ថាមពល​ ​អ្នក​នឹង​កំពុង​ធ្វើ​រឿង​មួយ​ដើម្បី​បរិស្ថាន​ផង​ ​ហើយក៏​កំពុង​បង្កើត​ទម្លាប់​សន្សំ​ការចាយវាយ​បាន​មួយ​ចំណែក​ផង​ដែរ​។​

            • ប្រើប្រាស់​ទឹក​ឆ្លាតវៃ​
​ជាទូទៅ​ការ​លាង​ស​ម្អា​ត​ជម្រះ​ភាព​កខ្វក់​តែង​ប្រើប្រាស់​ជាមួយ​សាប៊ូ​ ​ដោយឡែក​បន្លែ​ត្រី​សាច់​រមែង​លាង​ជា​មួយទឹក​ធម្មតា​។​ ​សម្រាប់​អ្នកមាន​ដំណាំ​ដាំ​ដុះ​ឬ​សួន​នៅ​ជុំវិញ​ផ្ទះ​អាច​ប្រើប្រាស់​ទឹកឡើង​វិញ​ដោយ​យក​ទឹក​លាង​ស​ម្អា​ត​ដែល​គ្មាន​ជាតិ​សាប៊ូ​មក​ស្រោច​ស្រប​រុក្ខជាតិ​ដែល​មាន​អត្ថប្រយោជន៍​ជួយ​ដល់​ជីវិត​រុក្ខជាតិ​ដុះ​ល្អ​និង​សន្សំសំចៃ​ក្នុង​ពេល​តែមួយ​។​ ​សូម្បី​ទឹក​បោក​ស​ម្លៀ​ក​បំពាក់​ទឹក​ទី​៣​ក៏​យើង​អាច​​​យកមក​ជូត​ផ្ទះ​បាន​ផង​ដែរ​។​ ​រីឯ​ទឹក​លាង​បន្លែ​ត្រី​សាច់​កាន់តែ​ល្អ​ចំពោះ​រុក្ខជាតិ​ទាំងឡាយ​។​

            • ​បញ្ឈប់​ការប្រើប្រាស់​ថង់​
​ក្នុងមួយថ្ងៃ​តើ​អ្នក​បាន​នាំចូល​ថង់​ផ្លា​ស្ទីក​ប៉ុន្មាន​ទៅ​ក្នុង​ផ្ទះបាយ​របស់​អ្នក​។​ ​អាច​ចាប់ផ្តើម​រាប់​ពី​ថង់​ច្រក​បន្លែ​ត្រី​សាច់​ដែល​អ្នក​លក់​បាន​ច្រក​ដាក់ឲ្យ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​។​ ​ដើម្បី​កាត់បន្ថយ​ត្រង់​ចំណុច​នេះ​ ​ពេល​ដើរ​ផ្សារ​យើង​គប្បី​មាន​ត្រក​ឬ​កំប្រោង​ធំ​មួយ​សម្រាប់​ដាក់​បន្លែ​ផ្លែឈើ​ត្រី​សាច់​ ​ហើយ​បើ​របស់របរ​ណា​មិន​ចាំបាច់​ដាក់​ថង់​អាច​ដាក់​ក្នុង​ត្រក​របស់យើង​ឬ​ត្រៀម​ប្រអប់​សម្រាប់​ដាក់​ពី​ផ្ទះ​ឲ្យហើយ​។​ ​សម្រាប់​ការ​រក្សា​របស់របរ​ក្នុង​ទូរ​ទឹកកក​ ​យើង​គប្បី​ប្រើការ​វេច​ខ្ចប់​ក្នុង​ប្រអប់​ជំនួស​ឲ្យការ​ប្រើ​ថង់​ផ្លា​ស​ស្ទិ​ក​ផង​ដែរ​។​ ​សំរាម​ថង់​ផ្លា​ស្ទិ​ក​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​បរិស្ថាន​ ​ព្រោះ​អាយុកាល​របស់​វា​ទម្រាំ​រលាយ​ទៅ​ក្នុង​ដី​វិញ​អាច​ពី​៤​០​០​ទៅ​៥​០​០​ឆ្នាំ​ឬ​លើស​ពី​នេះ​អាស្រ័យ​ទៅតាម​ក​ម្រាស់​របស់​វា​ ​ហើយ​បើ​ដុ​តនឹង​សាយភាយ​ជាតិគីមី​បង្ក​ជាតិពុល​ដល់​បរិយាកាស​ក៏ដូចជា​បរិស្ថាន​។​

            • ញុំា​របស់​សល់​
​មិនមែន​មានន័យ​ថាឲ្យ​អ្នក​ញុំា​អាហារ​សល់​ដែល​ផ្អូម​ជូរ​នោះ​ទេ​ ​តែ​វា​ជា​ការ​កាត់បន្ថយ​ការ​ខ្ជះខ្ជាយ​ទៅលើ​អាហារ​ដែល​សេសសល់​។​ ​ចំពោះ​អាហារ​ញុំា​សល់​គួរ​ធ្វើការ​វេច​ខ្ជប់​ឬ​ក​ម្តៅ​ទុក​ញុំា​ពេលក្រោយ​មួយ​ពេល​ទៀត​។​ ​តែ​បើ​អាច​វិធី​ល្អ​គួរតែ​ច​ម្អិ​ន​តែ​បរិមាណ​សម​ល្មមមាត់​ខ្លួនឯង​ឬ​សមាជិក​គ្រួសារ​ទៅ​បានហើយ​។​

            ជា​រួម​មក​មាន​វិធី​ច្រើនយ៉ាង​ទៀត​ដែល​យើង​អាច​សន្សំសំចៃ​ឬ​ប្រើប្រាស់​ឡើងវិញ​ដើម្បី​អភិវឌ្ឍ​បៃតង​នៅក្នុងផ្ទះ​បាយ​របស់យើង​។​ ​ក្រៅពី​ក្នុង​ផ្ទះបាយ​យើង​ក៏​អាច​ច្បិច​គន្លឹះ​ទាំងនេះ​យកទៅ​អនុវត្ត​នៅ​កន្លែងផ្សេង​ៗ​ទៀត​នៅក្នុងផ្ទះ​ ​និង​នៅ​ខាងក្រៅ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​។​ ​អ្វីៗ​គ្រប់យ៉ាង​កើត​ចេញពី​អ្នក​ ​ដូច្នេះ​គួរ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃនេះ​ដើម្បី​ចូល​រួមចំណែក​អភិវឌ្ឍ​បៃតង​ដល់​ផ្ទះ​របស់យើង​ ​បរិស្ថាន​របស់យើង​ ​និង​ពិភពលោក​របស់យើង​៕​

Article​ ​by​ ​HEM​ ​SO​KK​HIM​


SUGGESTIONS