×

ដំណើរ​ក​ម្សាន្ត​ចុង​ស​ប្តាហ៍​ឯ​ត្រើយម្ខាង​ទន្លេមេគង្គ​

TRAVEL & LIVING 3 years ago
 
 

           បើ​និយាយ​ពី​ត្រើយម្ខាង​ភ្នំពេញ​ ​ឬ​ ​តំបន់​អរិយ​ក្សត្រ​ ​អ្នក​ទីក្រុង​ភាគច្រើន​បាន​ស្គាល់​វា​ជា​យូរណាស់​មក​ហើយ​ ​ប៉ុន្តែ​ក៏​នៅ​មាន​គោលដៅ​តូច​ៗ​ ​ឬ​ ​តំបន់​ទាក់ទាញ​ទើប​បង្កើត​ថ្មី​ក្បែរ​ៗ​នោះ​ជាច្រើន​ដែល​លោកអ្នក​មិន​ស្គាល់​ ​ឬ​ ​អាច​មើល​រំលង​ពីមុន​មក​។​ ​នៅ​ពេល​ធ្វើដំណើរ​ចេញពី​កំពង់​ចម្លង​អរិយ​ក្សត្រ​ផុត​បន្តិច​ ​យើង​អាច​ឃើញ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ឈ្មោះថា​ “មូមូ ​ហ្វា​ម​” (​Moo​ ​Moo​ ​Farm​s) ​នៅ​ខាងស្តាំ​ដៃ​ ​មាន​​​រូប​សំណោក​មេ​គោមួយ​គូ​នៅ​ខ្លោងទ្វារ​ចូល​ ​ដែល​យើង​អាច​ឈប់​ចូល​ភ្លក់​រសជាតិ​ទឹកដោះគោ​ស្រស់​ដែល​ជា​ផលិតផល​ក្នុងស្រុក​ ​១​០​០​ភាគរយ​ ​មាន​អត្ថប្រយោជន៍​ល្អ​ចំពោះ​សុខភាព​។

          ​បន្ត​ដំណើរ​ហួស​មូមូ ​ហ្វា​ម​ ​ទៅត្រង់​ហួស​វត្ត​សុវណ្ណ​សាគរ​ទៅមុខ​ទៀត​ប្រហែលជា​ង​កន្លះ​គីឡូម៉ែត្រ​ ​យើង​នឹង​ទៅដល់​វត្ត​ពេជ្រ​ម្កុ​ដ​ ​ស្ថិត​ក្នុង​ភូមិ​ទួល​មាស​ ​ឃុំ​អរិយ​ក្សត្រ​ ​ស្រុក​ល្វា​ឯម​ ​ដែល​ជា​ទីអារាម​ដ៏​សែន​មនោ​រម្យ​មួយ​កន្លែង​មាន​ព្រៃឈើ​ត្រឈឹងត្រឈៃ​ពណ៌​ខៀវស្រងាត់​ដែល​អ្នកដំណើរ​គួរ​ឆៀងចូល​សម្រាក​បន្តិច​ ​និង​ ​ដើម្បី​ឆ្លៀត​ថតរូប​ព្រះវិហារ​បុរាណ​ដំបូល​ជហ្វា​ ​៤​ ​ស្លាប​ដំបូល​២​ជាន់​ ​ដ៏​តូច​ច្រឡឹង​ ​ខុស​ពី​ព្រះវិហារ​បច្ចុប្បន្ន​ត្រង់​ពុំ​មាន​បាំងសាច​ ​ឬ​ ​របៀង​ព័ទ្ធជុំវិញ​ឡើយ​។​ ​រីឯ​ដំបូល​ពុំ​មាន​ប្រក់​ក្បឿងស្រកាលេញ​ដូច​ព្រះវិហារ​បុរាណ​ដទៃទៀត​ដែរ​ ​តែ​បែរជា​ប្រក់​ដោយ​ហ្វី​ប្រូ​ស៊ីម៉ងត៍​វិញ​។​ ​នៅ​លើ​ខឿន​ជុំវិញ​វិហារ​ ​ក៏មាន​តម្កល់​សីមា​ចាស់​សណ្ឋាន​ដូច​កោដិ​ជាច្រើន​ដែល​មាន​រចនាបថ​ប្លែក​គួរឲ្យ​ចាប់អារម្មណ៍​។​

          ​នៅ​កែង​កាច់ជ្រុង​វត្ត​អរិយ​ក្សត្រ​ ​មាន​ហាង​កាហ្វេ​ទើប​បើក​ថ្មី​ទំនើប​មួយ​កន្លែង​ដែល​អ្នកដំណើរ​ជិត​ឆ្ងាយ​ ​ជាពិសេស​ក្រុម​អ្នក​ជិះកង់​តាមផ្លូវ​នេះ​ ​និយម​ឈប់​ទទួលទាន​អាហារ​ពេលព្រឹក​ ​ព្រោះ​ទីនេះ​មិនមែន​មាន​លក់​តែ​កាហ្វេ​និង​ភេសជ្ជៈ​សម្រន់​នោះ​ទេ​ ​គឺ​មាន​លក់​បាយ​និង​គុយទាវ​ផង​ដែរ​។​ ​ចំណាយ​ពេល​នៅ​ទីនោះ​ប្រហែល​២​០​នាទី​ ​ទើប​យើង​បន្ត​ដំណើរ​ទៅមុខ​ទៀត​។​ ​មកដល់​វិទ្យាល័យ​ព្រែក​លួង​ ​ឃុំ​ព្រែក​លួង​ ​ស្រុក​ខ្សាច់​កណ្តាល​ ​យើង​ត្រូវ​បត់​ស្តាំ​តាមផ្លូវ​ឡើង​ទៅ​រមណីយដ្ឋាន​ស្កា​យ​លែ​ន​ ​ឬ​ 7N​G​ ​ក្នុង​ចម្ងាយ​៥​គីឡូ​ ​ម៉ែត្រ​។​ ​តាមផ្លូវ​ហួស​ផ្ទះ​អ្នកស្រុក​ ​យើង​ឃើញ​ទេសភាព​បឹង​ដ៏​ធំ​មួយ​ដែល​មាន​រុក្ខជាតិ​ដុះ​ព្រោងព្រាត​ ​ហើយ​ប្រជាជន​មួយ​ចំនួន​ដែល​រស់នៅ​អម​សងខាងផ្លូវ​ទំនប់​កាត់​កណ្តាល​បឹង​នោះ​បាន​យក​ជលផល​មកល​ក់​តាម​ចិញ្ចើមថ្នល់​ជូន​អ្នកដំណើរ​ដែល​ឆ្លងកាត់​ដើម្បី​រក​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។​ ​ដោយឡែក​ ​នៅ​ក្នុង​រមណីយដ្ឋាន​ស្កា​យ​លែ​ន​ ​យើង​អាច​ទស្សនា​សួនសត្វ​ ​សួន​ផ្កា​ ​រូបសំណាក​ដាយ​ណូ​ស​័​រ​ ​ភ្នំ​បដិមា​ ​អង្គុយ​ទទួលទាន​អាហារ​ក្នុង​ខ្ចុះ​លម្ហែ​ ​បោះតង់​សម្រាក​ក​ម្សាន្ត​លក្ខណៈ​មិត្តភក្តិ​ឬ​គ្រួសារ​ ​និង​ ​ទស្សនាការ​សម្តែង​ផ្សេងៗ​នៅ​ល្ងាច​ថ្ងៃ​ចុង​ស​ប្តាហ៍​។​
​មកដល់​ចំណុច​ផ្សារ​ព្រែក​លួង​ ​សូវ​រី​ន​សូម​ណែនាំ​កន្លែង​សិប្បកម្ម​តម្បាញ​ផាមួង​ប្រពៃណី​លក្ខណៈ​គ្រួសារ​មួយ​កន្លែង​ដែល​ល្បី​ជាងគេ​ប្រចាំ​តំបន់​នេះ​គឺ​ ​ផ្ទះ​អ្នកស្រី​ ​ឡ​ន​ សុ​ម៉ា​ឡា ​ដែល​ប្រកបរបរ​នេះ​ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​តាំងពី​មុន​របប​ខ្មែរក្រហម​មក​ម្ល៉េះ​។​ ​គាត់​បាន​ប្រាប់​ក្រុម​ការងារ​យើង​ខ្លះ​ថា​ៗ​ ​អ្នក​រស់នៅ​តំបន់​ព្រែក​លួង​នេះ​និយម​ត្បាញ​តែ​ផាមួង​មួយ​មុខ​ទេ​តាំងពី​ដូនតា​មក​ម្ល៉េះ​ ​មិនដែល​ត្បាញ​ហូល​ដូច​នៅ​ខាង​ព្រែក​ច​ង្រ្កា​ន​ឡើយ​ ​ព្រោះ​នៅ​ទីនេះ​ ​អ្នកភូមិ​មិន​ចេះ​ចង​គាធ​លើក​ក្បាច់​គោម​ដូច​អ្នក​ព្រែក​ច​ង្រ្កា​ន​ឡើយ​ ​ពោល​គឺ​មាន​ឯកទេស​ត្បាញ​ផ្សេងគ្នា​។​ ​គាត់​បាន​បញ្ជាក់​ថា​ ​ផាមួង​នៅ​ទីនេះ​មាន​ច្រើន​ប្រភេទ​ ​ដូចជា​ ​ផាមួង​បន្តក់​ ​ផាមួង​រងជើង​មួយ​ជាន់​ ​រងជើង​ពីរ​ជាន់​ ​រងជើង​ក្បាច់​ផ្កា​ ​រងជើង​រូប​ដំរី​ ​ជាដើម​ ​ដែល​មាន​តម្លៃ​ខុសៗគ្នា​។​ ​បើ​មាន​ទេសចរ​មក​ទិញ​ផ្ទាល់​ដល់​ផ្ទះ​ក៏​ក្រុម​គ្រួសារ​អ្នកស្រី​លក់​ជូន​ក្នុង​តម្លៃ​សមរម្យ​ដូច​តម្លៃ​លក់​ឲ្យ​ឈ្មួញ​នៅ​លើ​ទី​ផ្សារ​ធម្មតា​ដែរ​ ​មិន​មាន​ដំឡើង​តម្លៃ​អ្វី​នោះ​ទេ​។​ ​លោកអ្នក​អាច​ជាវ​ផាមួង​ស្នាដៃ​អ្នក​ឃុំ​ព្រែក​លួង​ពិតៗ​ក្នុង​តម្លៃ​ចន្លោះ​ ​១​២​០​-​១​៤​០​ដុល្លារ​ ​ក្នុង​ប្រវែង​មួយ​ក្បិន​ (​ពីរ​សំពត់​)​។​

          ​ជាចុងក្រោយ​ ​ដំណើរ​ក​ម្សាន្ត​ត្រូវ​បាន​បញ្ចប់​ដោយ​អាហារ​ថ្ងៃត្រង់​ដ៏​មានន័យ​ប្រកបដោយ​បរិយាកាស​មនោ​រម្យ​នៅ​ក្នុង​អាហារដ្ឋាន​បែប​ផ្ទះ​ចម្ការ​ឈ្មោះថា​ ​ចំណត​ទូក​ (​Port​ K​and​a​l​ ​Beer​ ​Garden​ & ​Live​ ​Music​) ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត​ព្រែក​បង្កង​ ​ឃុំ​ព្រែក​តា​កូវ​ ​តាមផ្លូវ​ត្រឡប់មក​អរិយ​ក្សត្រ​វិញ​។​ ​ដើម្បី​មកដល់​អាហារដ្ឋាន​លាក់ខ្លួន​មួយ​នេះ​ ​អ្នក​ត្រូវ​ជិះ​ឲ្យ​ផុត​ពី​វត្ត​ព្រែក​បង្កង​រហូតដល់​យានដ្ឋាន​មួយ​ខាងឆ្វេង​ ទើ​បបត់​ចូល​តាមផ្លូវ​លំ​ភូមិ​ដល់​ផ្លូវបំបែក​ ​រួច​បត់​ស្តាំ​បន្តិច​ជាការស្រេច​។​ ​ចំណត​ទូក​ជា​ទីតាំង​ឈប់​សម្រាក​ទទួលទាន​អាហារ​ជា​ក្រុម​ដ៏​ស្ងប់ស្ងាត់​គ្មាន​សំឡេង​អ៊ូអរ​រំខាន​។​ ​នៅ​ទីនោះ​ ​មាន​លក់​ម្ហូបអាហារ​បែប​ខ្មែរ​ ​ទាំង​ម្ហូបទឹក​ ​ម្ហូប​ឆា​ ​ម្ហូប​ភ្លា​ឬ​ញាំ​ ​និង​អាហារសម្រន់​ជា​ច្រើនមុខ​ងាយស្រួល​ជ្រើសរើស​។​ ​ចំពោះ​មិត្ត​យុវវ័យ​វិញ​ ​ពួកគេ​អាចម​ក​ជួបជុំគ្នា​ប្រារព្ធ​កម្មវិធី​ខួបកំណើត​ ​ឬ​ ​ជួបជុំគ្នា​ពេលទំនេរ​ពី​ការសិក្សា​ ​ឬ​ ​មកលេង​ហ្គីតា​ ​ថតរូប​លេង​ ​ឬ​ជិះកង់​ក​ម្សាន្ត ​ទស្សនា​ភូមិ​ស្រុក​ក្បែរ​ៗ​នោះ​បង្កើត​ជា​អនុ​ស្សា​វ​រី​យ៍​យ៉ាង​សប្បាយរីករាយ​គួរឲ្យ​ចងចាំ​៕


SUGGESTIONS