×

ឈ្វេងយល់​ពី​វិធី​បណ្តុះ​សណ្តែកបណ្តុះ​ងាយ​ៗ​តាម​បែប​ធម្មជាតិ

TRAVEL & LIVING 3 years ago
 
 

​​            សណ្តែកបណ្តុះ​គឺជា​បន្លែស្រស់​ដ៏​ពេញ​និយម​ដែល​ជាទូទៅ​គេ​អាច​ហូប​ឆៅ​ឬ​ឆ្អិន​ ​អាច​​​យកមក​បន្ថែម​លើ​មុខម្ហូប​និង​ធ្វើ​សម្ល​គោក​សម្ល​ទឹក​រួម​ទាំង​អាច​ធ្វើជា​ជ្រក់​ហូ​ម​ក្លែម​ជាមួយ​ត្រី​សាច់អាំង​យ៉ាង​ឆ្ងាញ់​ពិសា​។​ ​បច្ចុប្បន្ន​យើង​អាច​​​រក​ទិញ​សណ្តែក​បណ្តុះ​​បាន​យ៉ាង​ងាយ​នៅ​លើ​ទី​ផ្សារ​ ​ប៉ុន្តែ​សណ្តែកបណ្តុះ​នៅ​តាម​បណ្តា​កន្លែង​លក់​មួយ​ចំនួន​បាន​ប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​ ​រក្សា​ពណ៌​ ​រក្សា​គុណភាព​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ទៅ​ថ្ងៃក្រោយ​ផង​ដែរ​។​ ​នៅ​ក្នុង​អត្ថបទ​នេះ​សូវ​រី​ន​នឹង​បង្រៀន​អំពី​វិធី​បណ្តុះ​សណ្តែកបណ្តុះ​ដោយខ្លួនឯង​តាមវិធី​ងាយ​ៗ​ដែល​ទទួល​បានផល​ក្នុងរយៈពេល​ត្រឹមតែ​៣​ទៅ​៤​ថ្ងៃ​ ​ហើយ​លើស​ពី​នេះ​អ្នក​ក៏​នឹងបាន​ជ្រាប​អំពី​គុណ​តម្លៃ​អាហារ​រូប​ត្ថម្ភ​នៃ​សណ្តែកបណ្តុះ​ផង​ដែរ​។​

​​            វិធី​ទី​១​៖​ ​របស់​ដែល​យើង​ត្រៀម​បណ្តុះ​រួម​មាន​ ​គ្រាប់​ស​ណ្តែ​ក​ខៀវ​ ​ស្បៃ​ ​និង​សំបក​ដប​ទឹក​ (​ដប​ចំណុះ​១​លីត្រ​កន្លះ​)​។​ ​អនុវត្ត​យក​ស​ណ្តែ​ក​ដាក់​ត្រាំ​ឲ្យ​លិច​ក្នុង​ទឹក​ធម្មតា​ឬ​ទឹកក្តៅ​ឧណ្ហ​ៗ​រយៈពេល​៣​០​នាទី​ដើម្បី​ដាស់​ដំណេក​ស​ណ្តែ​ក​ឡើងវិញ​។​ ​រយៈពេល​រង់ចាំ​ ​យើង​យ​កដប​ទឹក​កាត់​មាត់​ដប​ទំហំ​សម​ល្មម​ឬ​ស្មើ​ដប​ដើម្បី​ងាយស្រួល​ចាក់ទឹក​និង​បារ​ចេញ​។​ ​បន្ទាប់មក​ស្រង់​យក​ស​ណ្តែ​ក​ដែល​ត្រាំ​មក​ដាក់​ក្នុង​ដប​ ​និង​ធ្វើការ​ចាក់ទឹក​ស្រោច​ម្តងទៀត​រួច​សម្រិតទឹក​ចេញ​ឲ្យអស់​ហើយ​យក​ស្បៃ​គ្រប​ដប​ឲ្យ​ជិត​ទុក​នៅកន្លែង​គ្មានពន្លឺ​ និង​មិន​មាន​ខ្យល់​ចេញចូល​។​ ​ធ្វើការ​អនុវត្ត​ចាក់ទឹក​ស្រោច​ស​ណ្តែ​ក​ក្នុង​ដប​មួយថ្ងៃ​ពីរដង​ជាប្រចាំ​ ​ហើយ​ត្រូវ​ចាំ​ថាត្រូវ​សម្រិតទឹក​ចេញ​ឲ្យអស់​រាល់​ពេល​ស្រោចទឹក​ម្តងៗ​ ​ព្រោះ​យើង​គ្រាន់តែ​ផ្សើម​ស​ណ្តែ​ក​មិនមែន​ស្តុក​ទឹក​ក្នុង​ដប​ត្រាំ​នោះ​ទេ​។​ ​ជា​លទ្ធផល​រយៈពេល​ត្រឹមតែ​៣​ទៅ​៤​ថ្ងៃ​អ្នក​នឹង​ទទួល​បាន​សណ្តែកបណ្តុះ​ធម្មជាតិ​ដែល​បណ្តុះ​ឡើង​ដោយ​ថ្វីដៃ​ខ្លួនឯង​។​ ​គួរ​បញ្ជក់​ផង​ដែរ​ថា​ ​ក្នុង​សំបក​ដប​ចំណុះ​១​លីត្រ​កន្លះ​អាច​ដាក់គ្រាប់​ស​ណ្តែ​ក​ត្រឹមតែ​១​ស្លាបព្រា​បាយ​កន្លះ​បានហើយ​។​

​​            វិធី​ទី​២​៖​ ​របស់​ដែល​យើង​ត្រៀម​បណ្តុះ​រួម​មាន​ ​គ្រាប់​ស​ណ្តែ​ក​ខៀវ​ ​ស្បៃ​ ​កញ្ច្រែង​ ​ឆ្នាំង​ឬ​ចានដែក​ទ្រ ​(​សម្រាប់​ទ្រ​កញ្ច្រែង) ​ចានគោម​ ​និង​ក្រណាត់​ខ្មៅ​។​ ​ជាដំបូង​យក​ស​ណ្តែ​ក​ខៀវ​ប្រមាណ​កន្លះ​កំប៉ុង​ដាក់​ត្រាំទឹក​ក្នុង​ចានគោម​រយៈពេល​ ​២​៤​ម៉ោង​ ​បន្ទាប់មក​រៀប​កញ្ច្រែង​ដោយ​ដាក់​ឆ្នាំង​ឬ​ចានដែក​ទ្រ​ពីក្រោម​រួច​យក​ស្បៃ​មក​ទ្រាប់​លើ​កញ្ច្រែង​នោះ​។​ ​កាលណា​ត្រាំ​គ្រាប់​ស​ណ្តែ​ក​គ្រប់​មួយថ្ងៃ​ហើយ​ ​យើង​ស្រង់​គ្រាប់​ស​ណ្តែ​កម​ក​ដាក់​ពាស​រាបស្មើ​លើ​កញ្ច្រែង​ដែល​បាន​ទ្រាប់​ស្បៃ​។​ ​ធ្វើការ​ចាក់ទឹក​ស្រោច​ពីលើ​គ្រាប់​ស​ណ្តែ​ក​ម្តងទៀត​រួច​យក​ក្រណាត់​ខ្មៅ​មក​គ្រប​ឲ្យ​ជិត​ទុក​នៅកន្លែង​គ្មានពន្លឺ​និង​ហប់​ខ្យល់​ល្អ​។​ ​ធ្វើការ​ចាក់ទឹក​រៀងរាល់​៣​ម៉ោង​ម្តង​ ​ឬ​បើ​គ្មាន​ពេល​ត្រឹមតែ​៣​ដង​ក្នុងមួយថ្ងៃ​ក៏បាន​ ​ចំណែក​ទឹក​ដែល​ស្រោច​ហូរ​ពី​កញ្ច្រែង​ចូល​ទៅ​ក្នុង​ឆ្នាំង​ត្រូវលើ​ក​ចាក់ចោល​ជានិច្ច​។​ ​អនុវត្ត​ស្រោចទឹក​ជាប្រចាំ​រយៈពេល​៥​ទៅ​៦​ថ្ងៃ​ ​យើង​នឹងបាន​សណ្តែកបណ្តុះ​ទទួលទាន​ ​ហើយ​អាច​ប្រមូល​លើកដាក់​ក្លា​សេ​ក្នុង​ទូរ​ទឹក​ក​រយៈ​មួយ​អាទិត្យ​ផង​ដែរ​៕

Article​ ​by​ ​HEM​ ​SO​KK​HIM​


SUGGESTIONS