×

វីដេអូ​ឯកសារ​ ​«​សុបិន្ត​ដំរី​»​ ​ប​ង្កប់​អត្ថន័យ​នៃ​ជីវិត​ដំរី​ ​និង​សិល្បៈ​ល្ខោន​ស្បែក​ខ្មែរ​

NEWS 3 years ago
 
 

           ការ​ផលិត​ខ្សែភាពយន្ត​ ​ឬ​វីដេអូ​ឯកសារ​ក្នុង​ប្រទេស​កម្ពុជា​មាន​ក​ម្រិ​ត​នៅឡើយ​ ​ក៏​ព្រោះតែ​សង្វាក់​នៃ​ការ​ផលិត​ខ្សែភាពយន្ត​ ​ឬ​វីដេអូ​នីមួយៗ​សុទ្ធសឹងតែ​មាន​តម្រូវ​ការ​ ​និង​ទាមទារ​ខ្ពស់​ពី​ផលិតករ​គ្រប់រូប​ ​តួយ៉ាង​ ​ឯកសារ​យោង​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​ ​ពេលវេលា​ ​ទីកន្លែង​ ​រួម​ទាំង​អ្នកចូលរួម​ផង​ដែរ​។​ ​ជាក់ស្តែង​ វីដេអូ​ឯកសារ​មួយ​ដែល​មានឈ្មោះ​ថា​ ​«​សុបិន្ត​ដំរី​»​ ​ដែល​ជា​ស្នាដៃ​របស់​ផលិតករ​ខ្មែរ​ពីរ​រូប​ដែល​មាន​ជំនាញ​ផ្សេងគ្នា​បាន​ព្យាយាម​បង្កើត​វីដេអូ​ឯកសារ​ដ៏​សំខាន់​នេះ​សម្រាប់​ប្រជាជន​ខ្មែរ​ជំនាន់​ក្រោយ​ស្វែង​ពី​ខ្សែ​ជីវិត​ដំរី​ដែល​មានការ​រួមបញ្ចូល​នឹង​សិល្បៈ​ល្ខោន​ស្បែក​ខ្មែរ​នៅ​ក្នុង​វីដេអូ​ឯកសារ​នោះ​ថែមទៀត​ផង​។

កញ្ញា​ ម៉ិ​ច​ ជូ​ឡាយ \ Image Courtesy: កញ្ញា​ ម៉ិ​ច​ ជូ​ឡាយ

          ជំនួប​ជាមួយនឹង​ផលិតករ​ពីរ​រូប​មកពី​ខេត្ត​ ​សៀមរាប​ ​កញ្ញា​ ម៉ិ​ច​ ជូ​ឡាយ​ ​ជា​ប្រធាន​ផ្នែក​នៃ​គម្រោង​ការ​ថត​វីដេអូ​ឯកសារ​ ​និង​លោក​ ស៊ន់ សុ​រ៉ា​ន ​ជា​សិល្បៈ​ករ​ផ្នែក​ចម្លាក់​ស្បែក​ខ្មែរ​ ​បាន​បង្ហាញ​ ​សូវ​រី​ន​ ​ដឹង​ថា​ការ​​ផលិត​វីដេអូ​ឯកសារ​នេះ​គឺជា​កញ្ចក់​មួយ​បង្ហាញ​ពី​ការរស់នៅ​របស់​ដំរី​ស្ថិតនៅ​ក្នុង​កម្ពុជា​កំពុង​មាន​បញ្ហា​ប្រមុខ​នឹង​ការ​បាត់បង់​ ​តួយ៉ាង​ ​ប្រសិនបើ​យើង​ធ្វើការ​ប្រៀបធៀប​ពី​អតីតភាព​ ​និង​បច្ចុប្បន្នភាព​សត្វ​ដំរី​កាន់តែ​មានជីវិត​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ ​ទៅ​មួយ​ឆ្នាំ​ដោយ​ការ​ប្រឈម​នឹង​ការ​បាត់បង់​ជម្រក​ ​អាហារ​ ​ការថែទាំ​ ​ឬ​ដោយ​ជំងឺ​រោគាពាធ​ ​ដែល​ជាហេតុ​មួយ​នឹង​ធ្វើឲ្យស​ត្វ​ដំរី​បាត់បង់​នា​ថ្ងៃ​អនាគត​។​ ​យ៉ាងណាមិញ​ ​តាម​ការ​លើកឡើង​របស់​ ​កញ្ញា​ ម៉ិ​ច​ ជូ​ឡាយ​ ​បានឲ្យ​ដឹង​ថា​ វីដេអូ​ឯកសារ​​​ដែល​ត្រៀម​នឹង​ផ្សព្វផ្សាយ​ខាងមុខនេះ​នឹង​នាំ​អារម្មណ៍​ ​ក៏ដូចជា​ការ​ឆ្លុះ​បង្ហាញ​ពី​ចក្ខុវិស័យ​សំខាន់​ៗ​ទាក់ទង​នឹង​ជីវិត​របស់​សត្វ​ដំរី​ ​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា​ ​និង​សិល្បៈ​ល្ខោន​ស្បែក​ខ្មែរ​ដែល​មាន​អាយុកាល​ច្រើន​ឆ្នាំ​។​ ​កញ្ញា​ ជូ​ឡាយ​ក៏បាន​បញ្ជាក់​ពី​គោលគំនិត​ដែល​បាន​ជ្រើសរើស​ល្ខោន​ស្បែក​ខ្មែរ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ​និង​ទាក់ទាញ​បំផុត​នៅ​ក្នុង​វីដេអូ​ឯកសារ​ ​«​សុបិន្ត​ដំរី​»​ ​ក៏​ព្រោះតែ​ប្រជាជន​ខ្មែរ​ជំនាន់​ក្រោយ​ពុំទាន់​ស្គាល់​ច្បាស់​ពី​តម្លៃ​សិល្បៈ​នេះ​នៅឡើយ​នោះ​ទេ​ ​ដូច្នេះ​ ​កញ្ញា​ ជូ​ឡាយ​ ​បាន​សហការ​នឹង​លោក​ សុ​រ៉ា​ន់​យ៉ាង​ល្អិតល្អន់​ក្នុង​ការ​បង្កើត​គម្រោង​នេះ​ជោគជ័យ​ដោយ​ផ្អែកលើ​បទពិសោធន៍​ច្រើន​ឆ្នាំ​លើ​វិ​ស័យ​សិល្បៈ​។​ ​លោក​ សុ​រ៉ា​ន ​ដែល​ជា​អ្នកជំនាញ​ពោរពេញ​ដោយ​ទេពកោសល្យ​បំផុត​ក្នុង​វិ​ស័យ​សិល្បៈ​ល្ខោន​ស្បែក​ខ្មែរ​ ​ដើម្បី​ធ្វើឲ្យ​វីដេអូ​ឯកសារ​ត្រៀម​នឹង​ផ្សព្វផ្សាយ​នា​ពេល​ឆាប់ៗ​នេះ​កាន់តែ​ទទួល​បាន​គាំទ្រ​ពីសំណាក់​អ្នកទស្សនា​ជាតិ​ ​និង​អន្តរជាតិ​ផង​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​កញ្ញា​ ជូ​ឡាយ​បាន​លើកឡើង​បញ្ជាក់​ថា​ ​«​ប្រសិនបើ​វីដេអូ​ឯកសារ​និយាយ​អំពី​ជីវិត​ដំរី​តែមួយ​នោះ​ ​វា​ពុំ​គ្រប់គ្រាន់​ទេ​ខ្ញុំ​គិតថា​ចុះ​ប្រសិនបើ​ខ្ញុំ​បន្ថែម​សិល្បៈ​នៅ​ក្នុង​វីដេអូ​ឯកសារ​នេះ​ថែមទៀត​ ​តើ​វីដេអូ​ឯកសារ​នេះ​នឹង​មានការ​គាំទ្រ​យ៉ាងណា​!​»​។​ ​ដោយឡែក​ ​តាមរយៈ​លោក​ ស៊ន់ សុ​រ៉ា​ន ​បានឲ្យ​ដឹង​ថា​ ​លោក​ចង់​ប្រើប្រាស់​សិល្បៈ​ក្នុង​ការ​ធ្វើ​សង្គម​កាន់តែ​ឲ្យ​ល្អ​ប្រសើរ​ដោយ​យើង​ម្នាក់ៗ​សុទ្ធតែ​មាន​ភារកិច្ច​រក្សា​នូវ​សម្បត្តិ​ប​វប្បធម៌​ដែល​ជា​អត្តសញ្ញាណ​ជាតិខ្មែរ​ ​ហេតុ​ដូចនេះ​ វីដេអូ​ឯកសារ​ ​«​សុបិន្ត​ដំរី​»​ ​នឹង​បង្ហាញ​ពី​ភាព​លេចធ្លោ​របស់​សិល្បៈ ​ស្នាដៃ​កូនខ្មែរ​ ​និង​ជា​សារ​មួយ​ក្នុង​ការ​គាំទ្រ​លើកស្ទួយ​ថែរក្សា​ជីវិត​របស់​ដំរី​ផង​ដែរ​។​

កញ្ញា​ ម៉ិ​ច​ ជូ​ឡាយ \ Image Courtesy: កញ្ញា​ ម៉ិ​ច​ ជូ​ឡាយ លោក​ ស៊ន់ សុរ៉ាន

          បើ​ទោះបីជា​ ​ផលិតករ​ទាំងពីរ​រូប​ជួបប្រទះ​នឹង​ផលវិបាក​ ​និង​មាន​ឧបសគ្គ​ច្រើន​ក្នុង​ការ​ថត​វីដេអូ​ឯកសារ​ ​«​សុបិន្ត​ដំរី​»​ ​ក៏​ពិតមែន​ ​ប៉ុន្តែ​ផលិតករ​ទាំងពីរ​នៅតែ​មិន​បោះបង់​គម្រោង​នេះ​ដែរ​ ​ដោយ​ការ​ស្រឡាញ់​សិល្បៈ ​ជាមួយនឹង​ការ​ផលិត​វីដេអូ​ឯកសារ​ផលិតករ​ទាំងពីរ​នៅតែ​បន្ត​គម្រោង​នេះ​ដែល​ជា​ផ្នែក​មួយ​អាច​​ផ្សព្វផ្សាយ​ ​និង​អាច​បង្វែរ​អារម្មណ៍​ប្រជាជន​ខ្មែរ​គាំទ្រ​សមិទ្ធផល​ក្នុងស្រុក​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​ផង​ដែរ៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS