នៅមុនថ្ងៃចូលឆ្នាំ ប្រជាជនខ្មែរទូទាំងប្រទេសតាំងពីបរមបុរាណរៀងមកតែងតែម្នីម្នាបោសជ្រះ សម្អាតផ្ទះសម្បែង និង ត្រៀមរៀបចំគ្រឿងរណ្តាប់សក្ការទទួលទេវតាឆ្នាំថ្មីគ្រប់ៗផ្ទះដែលតាមជំនឿថា នឹងយាងចុះមកនៅថ្ងៃទី១៣ ឬ ១៤ ខែមេសា មួយឆ្នាំម្តងជារៀងរាល់ឆ្នាំ។ គេសង្កេតឃើញថា គ្រឿង រណ្តាប់ដែលប្រជាជនខ្មែរយើងនិយមប្រើប្រាស់ក្នុងពិធីនេះជាទូទៅរួមមានជាអាទិ៍ ធូប ទៀន ផ្កាភ្ញី និងជាពិសេសនោះគឺអាហារដែលទេវតាក្នុងឆ្នាំនីមួយៗសោយ។ ទោះបីជាយ៉ាងនេះក្តី តើលោកអ្នកធ្លាប់បាន ជ្រាបច្បាស់ថាការរៀបចំគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មីដែលត្រឹមត្រូវឥតខ្ចោះតាមក្បួនខ្នាតបុរាណមានអ្វីខ្លះដែរឬទេ?
យោងតាមសៀវភៅ “មហាសង្រ្កាន្ត” រៀបរៀងដោយឯកឧត្តម អ៊ឹម បូរិន្ទ គណៈកម្មការស្រាវជ្រាវ វិជ្ជាហោរាសាស្រ្តនិងប្រពៃណីទំនៀមទម្លាប់ខ្មែរ សម្រាប់រណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី ត្រូវរៀបរាន ទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើ រៀបចំគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់ មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាកឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប៥ លាជ៥ ផ្កា៥ដាក់លើជើងពានមួយគូ ចេកនួន ចេកណាំវ៉ា ជើងពានមួយគូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីរកែវ។
ចំពោះប្រជារាស្រ្ត គួរធ្វើត្រឹម៥ថ្នាក់ ឬ រៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀន៥ ធូប៥ ស្លាធម៌ និង កូនចេកមួយគូ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្រ្ត គួររៀបឲ្យបានត្រឹម៣ឬ៥មុខជាការប្រសើរ គឺរៀប ទៅតាមធនធានរបស់ខ្លួនជាក់ស្តែង។ ចំពោះគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយនៅ លើជើងពាន និងលើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺ។ គួរបញ្ជាក់ផងដែរថា បាយសី៣ថ្នាក់ តំណាង ព្រះរតនត្រៃទាំងបីគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬអាទិទេពក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និងព្រះព្រហ្ម។ បាយសី ៥ថ្នាក់ តំណាងគុណព្រះពុទ្ធទាំង៥អង្គ ឬខ័ន្ធទាំង៥។ បាយសី ៧ថ្នាក់ តំណាង គុណញាតិកា៧សន្តាន។ រីឯបាយសី៩ថ្នាក់តំណាងមគ្គ៤ ផល៤ និង និព្វាន១។
ជាមួយគ្នានេះដែរ សម្រាប់ក្រយាស្ងោយទទួលទេវតា គេនិយមតម្រូវតាមចិត្តទេវតាដែលចុះមក តាមឆ្នាំនីមួយៗ។ ថ្ងៃអាទិត្យ ទេវតាសោយផ្លែឧទុម្ពរ (ផ្លែល្វា) ថ្ងៃចន្ទ ទេវតាសោយតេលំ (ប្រេង) ថ្ងៃអង្គារ ទេវតាសោយលោហិត (ឈាម) ថ្ងៃពុធ ទេវតាសោយសប្បី (ទឹកដោះស្រស់) ថ្ងៃព្រហស្បត្តិ៍ ទេវតាសោយ សណ្តែកល្ង ថ្ងៃសុក្រ ទេវតាសោយចេកណាំវ៉ា និង ថ្ងៃសៅរ៍ ទេវតាសោយសាច់ទ្រាយ។ គួរកត់ចំណាំ ទេវតាឆ្នាំនេះយាងចុះនៅថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វដេលាម៉ោង ៤ ទៀបភ្លឺ។ ទេវតាព្រះនាម មណ្ឌាទេវី គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌អន សៀតផ្កាចម្ប៉ា ព្រះហស្ថស្តាំទ្រង់ម្ជុល ព្រះហស្ថឆ្វេងទ្រង់ឈើច្រត់ គង់លើខ្នងសត្វលាជាពាហនៈ៕
Article by SRIN SOKMEAN