ព្រះទិនករកំពុងតែចាំងរស្មីភ្លឺច្រាលស្រឡះពីបូព៌ាទិសក្រុមការងារសូវរីនបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅធ្វើដំណើរទស្សនកិច្ចនៅដែនកោះម៉ាល់ឌីវដ៏ល្បីរន្ទឺប្រចាំមហាសមុទ្រឥណ្ឌាតាមរយៈជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍បាងកកអ៊ែរវ៉េស៍ (Bangkok Airways) ដោយសារតែមានការបម្រើស្វាគមន៍យ៉ាងកក់ក្តៅនិងរួសរាយរាក់ទាក់ជាទីបំផុតពីសំណាក់បាហុនិកាអាកាសចរណ៍គ្រប់រូប គួបផ្សំនឹងផាសុកភាពដ៏ទំនើបប្រណីត មិនយូរប៉ុន្មានផងពួកយើងរួមនឹងអ្នកដំណើរដទៃបានមកដល់ចំណតព្រលានយន្តហោះសុវណ្ណភូមិ ប្រកបដោយសុវត្ថិភាពនឹងបានស្រស់ស្រូបអាហារសំរន់នៅ VIP Lounge របស់បាងកកអ៊ែរវ៉េស៍មុនបន្តដំណើរទៅកាន់គោលដៅកំណត់ក្នុងរយៈពេលប្រមាណត្រឹមតែ៤ម៉ោងទៀត។
ថ្ងៃដំបូងនៃដំណើរកម្សាន្តភ្នាក់ងារក្រុមហ៊ុនរីសតក្លឹបម៉េដ (Club Med) បានជូនយើងទៅកាន់ពិភពអាថ៌កំបាំង សម្រស់ធម្មជាតិដ៏ស្រស់ត្រកាលមួយប្រចាំតំបន់កម្រងកោះម៉ាលេខាងជើង (North Malé Atoll) ដែលមានឈ្មោះថា ហ្វាយណូលូវីឡា (Finolhu Villas)។ ដើម្បីធ្វើដំណើរទៅដល់រីសតកោះឯកជនហ្វាយណូលូ វីឡា ភ្ញៀវទេសចរទាំងឡាយត្រូវបន្តដំណើរចេញពីរដ្ឋធានីម៉ាល់ឌីវតាមកាណូតរយៈពេលប្រហែល២៥នាទី។ ក្នុងអំឡុងពេលនេះអ្នកទាំងអស់គ្នាបានពើបប្រទះនឹងទិដ្ឋភាពដ៏ស្រស់បំព្រងគ្មានគូប្រៀបនៃមហាសាគរឥណ្ឌាដ៏ធំល្វឹងល្វើយឆ្ងាយដាច់កន្ទុយភ្នែកអមដោយស្នូរតន្រ្តីទឹករលកសមុទ្របោកបក់គគ្រាំបែកខ្ចាយគួរឱ្យចោលភ្នែករំពៃមើល។
គ្រាន់តែកាណូតដឹកអ្នកដំណើរចូលសំចតអែបនឹងច្រាំងចំណតនៃហ្វាយណូលូវីឡាភ្លាមយើងមានអារម្មណ៍ហាក់បីដូចជាកំពុងស្ថិតនៅលើផ្ទៃមហាសាគរដ៏ធំល្វឹងល្វើយពណ៌ខៀវថ្លាឈ្វេងចម្រុះដោយវីឡាយ៉ាងប្រណីតៗ ធ្វើឱ្យចិត្តយើងរសាយអស់ទុក្ខកង្វល់ បន្សល់នូវភាពស្រស់ថ្លាក្នុងអារម្មណ៍។
ស្ពានដ៏វែងអន្លាយដូចខ្នងភុជង្គប្រក់ដំបូល អមដោយវីឡាដែលរចនាឡើងផ្សារភ្ជាប់នឹងធម្មជាតិចម្លងលោកអ្នកទៅកាន់កោះដ៏តូចច្រឡឹងគ្របដណ្តប់ដោយឆ្នេរខ្សាច់ម៉ដ្ឋខៃសក្បុសប្រវែងរហូត១០០០ម៉ែត្រដែលធានាបាននូវភាពស្ងប់ស្ងាត់សុខដុមរមនាគ្មានការរំខានពីមជ្ឈដ្ឋានខាងក្រៅ។ ទីកន្លែងនេះជាឋានសួគ៌ល្អផ្តាច់សម្រាប់ភ្ញៀវអភិជនទាំងឡាយដែលស្រឡាញ់បរិស្ថានធម្មជាតិ ការស្នាក់នៅប្រកបដោយលក្ខណៈស្តង់ដារអន្តរជាតិ និងមានការបម្រើលក្ខណៈផ្ទាល់ខ្លួនយ៉ាងយកចិត្តទុកដាក់មិនឱ្យខកបំណង។
បន្ទប់ស្នាក់នៅដ៏ស្រស់ស្អាតគួរជាទីទាក់ទាញរចនាឡើងដោយកញ្ចក់ធំៗងាយ ស្រួលក្នុងការគយគន់សុរិយារះ ឬ សុរិយាអស្តង្គតចាំងពន្លឺក្រហមឆ្អិនឆ្អៅដូចមាសទឹកដប់សាយភាយពេញផ្ទៃជលសា។ នៅពេលរាត្រី យើងបានផ្លាស់ប្តូរបរិយាកាសមកទទួលទានអាហារលំដាប់ស្ដង់ដាផ្កាយប្រាំ លើដែនកោះដ៏សែនរ៉ូមែនទិក ក្រោមបរិយាកាសដ៏ស្រាលស្រទន់នៃស្បៃរាត្រីលាយឡំនឹងពន្លឺភ្លើងលំអរចម្រុះពណ៌ប្រដេញគ្នាគួបផ្សំនឹងជំនោរមាត់សមុទ្ររំភើយៗ រឹតតែជួយបង្កើនរសជាតិអាហារនិងស្រា cocktail ទ្វេដងថែមទៀត។
សេវាកម្មម៉ាស្សា និង ស្ប៉ាពីបុគ្គលិកជំនាញរបស់រីសតផ្ទាល់ដើម្បីបំបាត់ភាពនឿយហត់ស្ពឹកស្រពន់និងបង្កើនថាមពលរាងកាយ សម្រួលអារម្មណ៍ឱ្យកាន់តែស្រស់ស្រាយមួយកម្រិត។ ថ្ងៃទីពីរបានចូលមកដល់បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកនៅក្នុងភោជនីយដ្ឋានយើងបានបន្តដំណើរទៅកាន់ កោះរីសតមួយកន្លែងទៀតដែលមានចម្ងាយប្រហែល១០នាទី ពីហ្វាយណូលូវីឡាគឺ ក្លឹបមេដកានី (Club Med Kani)។ ក្រៅពីនោះភ្ញៀវអាចមុជទឹកទៅទស្សនាត្រី និងផ្កាថ្មប៉ប្រះទឹកដ៏កម្រ។ ប៉ុន្តែត្រូវគោរពតាមលក្ខណមួយសម្រាប់អ្នកដែលមានបំណងចង់ទៅជ្រមុជទឹកគឺត្រូវឆ្លងកាត់ការធ្វើតេស្ដហែលទឹកពីអ្នកជំនាញនៅទីនោះជាមុនសិនមុននឹងអាចចេញដំណើរបាន។ សម្រាប់អ្នកជ្រមុជទឹកជ្រៅអាជីព ក៏អាចត្រៀមសម្ភារដើម្បីទៅជ្រមុជទឹកជ្រៅ (Scuba Diving) ផ្សងព្រេងនៅបាតមហាសមុទ្រឥណ្ឌាផងដែរ។ ទោះបីជាពេលវេលាបានកន្លងផុតទៅក្នុងរយៈពេលដ៏ខ្លី អនុស្សាវរីយ៍នៃដំណើរកំសាន្តនេះនៅតែបន្តដក់ជាប់ក្នុងដួងចិត្តឥតបំភ្លេចបាន៕