×

ភ្លក្ស​រសជាតិ​អាហារ​ ជា​មួយ​នឹង​ម្រេច​កំពត​ដ៏​មាន​ឱជារស​ ក្នុង​អគារ​បេតិកភណ្ឌ​សម័យ​អាណានិគម​បារាំង

TRAVEL & LIVING 6 years ago
 
 

          កំពត​ជា​ខេត្ត​មួយ​ដែល​មាន​ភូមិសាស្ត្រ​សមប្រកប​សម្រាប់​ដំណើរ​ទេសចរណ៍​របស់​ភ្ញៀវជាតិ​ និង​អន្តរជាតិ​ ដោយ​សម្បូរ​ទៅ​ដោយ​រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​ ព្រម​ជាមួយ​នឹង​ទីប្រជុំ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​ និង​អរិយធម៌​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគមបារាំង​ តួយ៉ាង​បេតិកភណ្ឌ​សំណង់​អគារ​បុរាណ​បែប​អាណានិគម​និយមបារាំង​ដ៏​ទាក់ទាញ។​ ទៀត​សោត​​ ខេត្ត​កំពត​ក៏​មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​រាជធានីភ្នំពេញ​ ដូច្នេះ​បង្កជា​ភាព​ងាយស្រួល​សម្រាប់​ទេសចរ​ពី​ភ្នំពេញ​ ពិសេស​ការ​សម្រាក​លម្ហែ​ចុងសប្ដាហ៍​តែ​ម្ដង។

          អាទើលីយេ​កំពត​ គឺ​ជា​សក្ខីភាព​មួយ​ក្នុង​ការ​ថែរក្សា​បេតិកភណ្ឌ​សំណង់​បុរាណ​នេះ​ឯង។​ ស្ថិត​ក្នុង​រូបភាព​អគារ​ចាស់​បែប​អាណានិគមបារាំង​តាំង​ពី​ឆ្នាំ១៩៤៥​ ដែល​ស្ថិត​នៅ​ប្របដង​ស្ទឹងកំពត​ អាទើលីយេ​ ត្រូវ​បាន​កែច្នៃ​ឲ្យ​ក្លាយ​ទៅ​ជា​ហាង​ដាក់​តាំង​បង្ហាញ​ និង​លក់​នូវ​គ្រាប់​ម្រេច​កំពត​ដែល​មាន​គុណភាព​លំដាប់​ពិភពលោក។​ ម្រេច​កំពត​នៅ​ទី​នេះ​ត្រូវ​បាន​វេចខ្ចប់​ក្នុង​កញ្ចប់​ពណ៌​គគីរ​ មាន​ប្រឡោះ​ថ្លា​បង្ហាញ​នូវ​ប្រភេទ​គ្រាប់ម្រេច​ជាក់ស្ដែង​ និង​មាន​និមិត្ត​សញ្ញាណ​ត្រឹមត្រូវ​ ប្រកប​ទៅ​ដោយ​គុណភាព​ ហើយ​ត្រូវ​បាន​វេចខ្ចប់​ក្នុង​កែវ​កញ្ចក់​យ៉ាង​មាន​សោភ័ណភាព​បំផុត​ ដែល​រៀប​ដាក់​ក្នុង​ប្រអប់​ដ៏​ប្រណីត។​ ផ្កា​អំបិល​ ក៏​ជា​ផលិតផល​មួយ​ប្រភេទ​ទៀត​ដែល​មាន​ដាក់​លក់​នៅ​ទីនេះ​ផង​ដែរ។​ គួរ​បញ្ជាក់​ដែរ​ថា​ ផ្កាអំបិល​ គឺ​​ជា​ប្រភេទ​អំបិល​ល្អិតៗ​សក្បុស​ដែល​កកលើ​ផ្ទៃខាង​លើ​នៃ​ស្រែអំបិល​ ភ្លឺផ្លេក​ហាក់បី​ដូច​ជា​គ្រីស្តាល់​ នៅ​ពេល​ស្រែអំបិល​រីងហួត។​ ដោយ​សារ​តែ​អំណោយ​ផល​ភូមិសាស្ត្រ​ អ្នក​កំពត​និយម​ធ្វើ​ស្រែអំបិល​ ដែល​រមែង​ផ្គត់ផ្គង់​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​ និង​ក្រៅស្រុក​ ហើយ​ផលិតផល​ផ្កាអំបិល​នេះ​ទៀតសោត​ ក៏​បាន​ក្លាយ​ជា​ផលិតផល​ប្រចាំ​តំបន់​មួយ​ទៀត​បន្ទាប់​ពី​ដំណាំ​ម្រេច។

          ប្រិយមិត្ត​មិន​ត្រឹមតែ​អាច​ជាវ​នូវ​ផលិតផល​ប្រចាំ​តំបន់​មួយ​តែ​ប៉ុណ្ណឹង​នោះ​ទេ​ លើស​ពី​នេះ​ទៅ​ទៀត​ អាទើលីយេ​ ក៏​បើក​បម្រើ​ជា​លក្ខណៈ​អាហារដ្ឋាន​ និង​បារ​ (Bistro)​ ផង​ដែរ។​ លោក​អ្នក​នឹង​ទទួល​បាន​ឱជារស​ដ៏​ជាប់មាត់​ជាប់ចិត្ត​នៅ​ឯ​ អាទើលីយេ​ អម​ជា​មួយ​នឹង​ការ​រចនាហាង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ ដែល​រក្សា​ឥដ្ឋការ៉ូ​ម៉ូដបុរាណ​ ហើយ​បន្ថែម​នូវ​ធាតុ​ផ្សំ​បែប​ទំនើប​ នេះ​ហាក់​បង្កើន​ភាព​រស់​រវើក​ដល់​អាគារ​បុរាណ​មួយ​នេះ។​ រីឯ​មុខ​ម្ហូប​វិញ​មាន​បម្រើ​ជា​រសជាតិ​បែប​អាស៊ី​ និង​អឺរ៉ុប។​ តាម​ប្រសាសន៍​របស់​អ្នក​គ្រប់គ្រង​ហាង​ផ្ទាល់​ មុខ​ម្ហូប​ដែល​អតិថិជន​និយម​ជាង​គេ​នោះ​ គឺ​ត្រីចៀន​បែប​ម៉ូនញ៉េ​ (ជា​មួយ​នឹង​ដំឡូង​កិន​ និង​បន្លែឆា)​ ក្តាម​ឆាម្រេចខ្ចី​ (និង​បាយ​ស)​ និង​សាច់​គោ​អាំង​ស្រោច​ទឹកម្រេច​ (ជា​មួយ​ដំឡូង​ជ្វាដុត​ និង​ផ្សិត​ចំបើង)។​ ភ្លក់​មុខម្ហូប​ប្រចាំ​ហាង​នេះ​ ដែល​មាន​បន្ថែម​នូវ​ម្រេច​កំពត​កិន​ថ្មីៗ​ដែល​មាន​ក្លិន​ប្រហើរ​ឈ្ងុយ​ បាន​បន្ថែម​រសជាតិ​អាហារ​របស់​យើង​ឲ្យ​រឹតតែ​មាន​ឱជារស​ថែម​មួយ​កម្រិត​ទៀត។​ អាហារ​នៅ​ទី​នេះ​ត្រូវ​បាន​រៀបចំ​តាម​បែប​ផែន​បស្ចិមប្រទេស​ វា​មើល​ទៅ​ពិត​ជា​មាន​សោភ័ណភាព​ ហើយ​រសជាតិ​ទៀត​សោត​ក៏​ឆ្ងាញ់ពិសា​ មិន​ចាញ់​ភោជនីយដ្ឋាន​នៅ​ភ្នំពេញ​ឡើយ។

          បរិយាកាស​នៅ​ទីនេះ​ ប្រណីត​បែប​លម្ហែកាយ​ ដែល​ធ្វើ​ឲ្យ​លោក​អ្នក​អាច​ស្រាក​ស្រាន្ដ​អារម្មណ៍​សៅហ្មង​ទាំង​ឡាយ​ ដោយ​លោក​អ្នក​អាច​អង្គុយ​នៅ​ផ្នែក​ខាង​ក្រៅ​ ទស្សនា​ទិដ្ឋភាព​ដងស្ទឹង​កំពត​ និង​ភ្នំ​បូកគោ​ដ៏​ស្រស់​ត្រកាល​នារសៀល​ថ្ងៃ​រៀប​អស្ដង្គត​ អម​ដោយ​ខ្យល់​ត្រសៀកៗ​ដ៏​សែន​រមនា។​ វា​ពិត​ជាក់​ជា​បន្ថែម​នូវ​ភាព​រ៉ូមែនតិច​មួយ​បែប​ទៀត​សម្រាប់​ការ​លម្ហែកាយ​នៅ​ឯ​ខេត្តកំពត​នេះ​ បើ​លោកអ្នក​អង្គុយ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ និង​ក្រេប​សុរា​នាពេល​រាត្រី​វិញនោះ។​ ម្ល៉ោះ​ណា​តែ​បាន​មក​លម្ហែ​នៅ​ខេត្តកំពត​នេះ​ហើយ​ គួរ​កុំរំលង​ទីឋាន​ដ៏​ប្រណីត​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​ ដើម្បី​ទទួល​យក​បទពិសោធន៍​ដ៏​ល្អ​ប្លែក​ប្រចាំ​តំបន់​នេះ៕​

 

Article by LENG CHANREASEY


SUGGESTIONS