នេះប្រហែលជាការធ្វើដំណើរកំសាន្តដ៏អស្ចារ្យមួយក្នុងចំណោមទីកន្លែងជាច្រើនដែលយើងបានទៅដល់ ហើយទីក្រុងហ្លួងព្រះបាងពិតជាបានអន្ទងចិត្តយើងអោយបរិយាយពីភាពស្រស់ត្រកាល របស់ទឹកដីខ្ពង់រាប នៃប្រទេសឡាវមួយនេះ ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រទាំងវប្បធម៌ ប្រពៃណី សាសនា និងពាណិជ្ជកម្ម ជាមួយចក្រភពខ្មែរតាំងពីចុងសម័យអង្គរមកម្ល៉េះ។ ទីក្រុងហ្លួងព្រះបាងគឺជាអតីតរាជធានីបុរាណនៃព្រះរាជាណាចក្រឡាន់សាង (លាវ) ចាប់តាំងពីអំឡុងសតវត្សទី១៤ ដោយចន្លោះពេលនោះមានការផ្លាស់ប្តូរជាអន្លើ រហូតដល់ចុងឆ្នាំ១៩៧៥ ដែលរបបរាជានិយមត្រូវបានរលាយដោយឥទ្ធិពលនៃមនោគមវិជ្ជាបែបកុម្មុយនីស។
ភស្តុតាងជាច្រើនត្រូវបានបន្សល់ទុក និងកំពុងត្រូវបានអភិរក្សបានយ៉ាងល្អ ដែលអ្នកណាអ្នកណាក៏មិនអាចប្រកែកបាន ពីភាពរីកចំរើននៃវប្បធម៌ដ៏ល្អផូរផង់របស់ប្រជាជាតិឡាវបានដែរ ក្រោយពេលពីបានពើបប្រទះផ្ទាល់ខ្លួនឯងនូវបេតិកភណ្ឌទាំងនោះ ដោយផ្នែកណាក៏ដោយនៃទីក្រុងដ៏តូចប្រិមប្រិយមួយនេះក៏ជាសំណង់បុរាណ ដូច្នេះហើយអង្គការយូនេស្កូបានសំរេចបញ្ចូលទីក្រុងហ្លួងព្រះបាងទាំងមូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ ដែលមានតំលៃជាសកល។ ហ្លួងព្រះបាងពិតជាសម្បូរទៅដោយវត្តអារាមពិតមែន តែខុសត្រង់ថាវត្តទាំងនោះសុទ្ធតែជាវត្តបុរាណ មានរចនាបទតែក្នុងប្រទេសឡាវតែប៉ុណ្ណោះ ហើយទីក្រុងតូចនេះពិតជាពិសេសខ្លាំងណាស់ត្រង់ចំណុច ដែលគ្មានទីក្រុងទេសចរបុរាណណានៅតំបន់អាស៊ីអាគ្នេយ៍ មានភាពស្ងប់ស្ងាត់ដូចនៅហ្លួងព្រះបាងទេ។ ជីវិតរបស់ប្រជាជននៅទីនោះគឺផ្សារភ្ជាប់យ៉ាងមុតមាំជាមួយនឹងការគោរពបូជាព្រះពុទ្ធសាសនាថេរវាទ ឯទីក្រុងទាំងមូលពោរពេញទៅដោយសំណង់បុរាណសម័យអាណានិគមបារាំង ហ៊ុំព័ទ្ធទៅដោយជួរភ្នំខ្ពស់ៗមានព្រៃឈើ ត្រឈឹងត្រឈៃ ស្ថិតនៅប្របនឹងដងទន្លេមេគង្គ ដែលបង្កើតបានជាទស្សនីយភាពមួយដែលគ្មានឡើយក្នុងប្រទេសនានាជិតខាង។
ដំណើរកំសាន្តទៅកាន់អតីតរាជធានីបុរាណមួយនេះ ហាក់បីដូចជាការធ្វើសមាធិក្នុងពេលធ្វើដំណើរកំសាន្តដែរ ព្រោះអ្នកទេសចរទាំងឡាយនឹងប្រាកដជាលង់ទៅក្នុងសម្រស់ដ៏ល្អឯក និងជាពិសេសប្រពៃណីយ៉ាងល្អផូរផង់នៃប្រជាជននៅទីក្រុងហ្លួងព្រះបាង។ នៅពេលទៅដល់សណ្ឋាគារភ្លាម យើងពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពរីកចំរើនលើវិស័យសណ្ឋាគាររបស់ហ្លួងព្រះបាង ព្រោះមានសណ្ឋាគារលំដាប់ផ្កាយ៥លំដាប់អន្តរជាតិជាច្រើន ហើយក្នុងនោះគឺសណ្ឋាគារ De La Paix ហ្លួងព្រះបាង ដែលយើងត្រូវស្នាក់នៅផងដែរ ទាំងសេវាកម្ម និងគុណភាពគឺពិតជាប្រណីត គួរឱ្យចង់ស្នាក់អាស្រ័យណាស់។ សំណង់សណ្ឋាគារទាំងមូលប្រៀបដូចនឹងរាជដំណាក់មួយ ដែលឡោមព័ទ្ធទៅដោយកំពែងយ៉ាងខ្ពស់ជុំវិញ លម្អជាមួយនឹងសួនច្បារដ៏ស្រស់ប្រិមប្រិយ មានពពួកផ្កាជាច្រើនដែលមានដាំនៅតែតំបន់នោះប៉ុណ្ណោះ ចំណែកតួសណ្ឋាគារវិញសង់ឡើងក្នុងសណ្ឋានមួយរាបផ្ទាល់ដី ក្នុងរចនាបទបែបអាណានិគមបារាំងកាត់ឡាវ រួមជាមួយនឹងអាងហែលទឹកដ៏ធំក្នុងបរិយាកាសស្ងប់ស្ងាត់ ពិតជាធ្វើអោយការស្នាក់អាស្រ័យមិនអាចបំភ្លេចបានឡើយ។ មិនបង្អង់យូរនាំខាតពេល យើងនាំគ្នាជិះកង់ ដែលខាងអូតែលផ្តល់ជូនអោយជិះដោយឥតគិតថ្លៃ ដើម្បីបានឃើញនូវទិដ្ឋភាពនានារបស់ទីក្រុងមួយនេះ។ តូចពិតមែន ! ចំណាយពេលវេលាប្រហែលតែ ៣០នាទីទេ គឺយើងអាចជិះមួយជុំហ្លួងព្រះបាងបាន ប៉ុន្តែវាមិនបានធ្វើអោយយើងធុញនោះឡើយ ដោយសារតែផ្លូវទាំងឡាយក្នុងក្រុងមានសភាពល្អប្រសើរ មានដើមឈើដុះអមស្អាតៗ ដែលគ្មានអ្វីល្អជាងការធ្វើដំណើរដោយកង់ ឬដើរផ្ទាល់ទេ។ ផ្លូវតូចៗជាច្រើនខ្វាត់ខ្វែងឡើងចុះតាមជំរាលភ្នំ តាមដងទន្លេ មិនថាទៅតាមច្រកណាក៏យើងមើលឃើញភ្នំដែរ សុទ្ធតែជាទស្សនីយភាពដ៏ស្រស់ត្រកាលសំរាប់ការជិះកង់បែបនេះណាស់ ហើយមានតែការជិះកង់ ឬថ្មើរជើងទេដែលអាចអោយយើងបានឃើញផ្ទាល់នូវសំណង់នានា និងជីវភាពប្រជាជនបានច្បាស់។
ព្រះសូរិយាបានអស្តង្គត ដែលជាពេលវេលាមួយដែលយើងចាប់ផ្តើមគិតថាតើយើងគួរបរិភោគអាហារបែបម៉េច សម្រាប់យប់ថ្ងៃទី១បែបនេះ ហើយអ្វីដែលយើងមិនអាចរំលងបាននោះគឺការភ្លក់នូវមុខម្ហូបប្រពៃណីឡាវបែបអ្នកហ្លួងព្រះបាងនោះឯង។ ភោជនីយដ្ឋានមួយមានឈ្មោះថា Les 3 Nagas ស្ថិតនៅចំកណ្តាលទីក្រុងតែម្តងគឺពិតជាបានធ្វើឱ្យរាត្រីនៅទីក្រុងបុរាណនេះពោរពេញដោយរសជាតិដ៏ឈ្ងុយឆ្ងាញ់ ដោយមានមុខម្ហូបមួយចំនួនពិតជាមិនអាចបំភ្លេចបានទេដូចជា ឡាបបែបឡាវ ឆាគ្រឿងសាច់ក្របីរបស់អ្នកហ្លួងព្រះបាងជាដើម មិនតែប៉ុណ្ណោះទីកន្លែងទាំងមូលត្រូវបានរចនារៀបចំបានយ៉ាងល្អ និងមានភាពរ៉ូមែនតិកមែនទែន។
បន្តពីការបរិភោគអាហារពេលរាត្រីដ៏ពិសេសរួចមក ផ្សាររាត្រីគឺជាទីកន្លែងមួយទៀតដែលគ្មានអ្នកទេសចរណាដែលថាមិនទៅទេ នៅទីនោះហើយជាកន្លែងប្រមូលផ្តុំទៅដោយផលិតផលនានាធ្វើឡើងដោយដៃរបស់ជនជាតិឡាវ ហើយស្ថិតនៅចំកណ្តាលហ្លួងព្រះបាងផ្ទាល់ជាប់នឹងរបងព្រះរាជវាំងចាស់ ដោយគេចាប់រៀបលក់តែពីម៉ោង ៦ល្ងាចដល់១០យប់។ ទាំងអ្នកលក់ និងអ្នកទិញត្រូវនិយាយគ្នាតិចៗ ឯភ្លើងពណ៌ពងមាន់តូចៗតាមតូបរៀងៗខ្លួន ធ្វើអោយការ Shopping នោះមានអារម្មណ៍ថាស្រស់ថ្លាមែនទែន និងជាការបិទបញ្ចប់ដំណើរកំសាន្តពេញមួយថ្ងៃពោរពេញដោយអត្ថន័យខ្លាំងណាស់។ ព្រឹកព្រលឹមស្រាងៗនៅតំបន់ខ្ពង់រាបដែលហ៊ុំព័ទ្ធទៅដោយជួរភ្នំបែបនេះ បានធ្វើឱ្យហ្លួងព្រះបាងទាំងមូលសឹងគ្របដណ្តប់ទៅដោយអ័ព្ទ មើលទៅពិតជាស្រស់ស្រទន់រកអ្វីប្រៀបមិនបាន។
Photo by Soudenangkor
ជារៀងរាល់ព្រឹកមុនថ្ងៃរះ អ្នកស្រុកទាំងឡាយបាននាំគ្នារៀបចំចង្ហាន់ ផ្កាភ្ញី បាយ ឬសម្ភារនានា ហើយធ្វើដំណើរទៅកាន់ផ្លូវធំជិតព្រះរាជវាំងចាស់ដើម្បីនាំគ្នាដាក់បាតដល់ព្រះសង្ឃនានាដែលនិមន្តមកពីទីអារាមទាំងអស់នៅក្នុងក្រុងមកប្រជុំគ្នាតំរង់ជួរអោយពុទ្ធបរិស័ទធ្វើបុណ្យដាក់បាតតាមសទ្ធារៀងៗខ្លួន ដែលកម្មវិធីនេះធ្វើឡើងជារៀងរាល់ព្រឹកនៅហ្លួងព្រះបាងយ៉ាងស្ងប់ស្ងាត់ និងមានរបៀបរៀបរយបំផុតទៅតាមប្រពៃណីដ៏ផូរផង់របស់អ្នកស្រុកតាំងពីបុរាណមក។ យើងក៏មិនភ្លេចដែរពីការសាកល្បងនូវអាហារពេលព្រឹករបស់អ្នកស្រុកនៅទីនោះ ជាពិសេសគឺគុយទាវឡាវដ៏ឆ្ងាញ់ពិសារ ហឹរៗ មានគ្រឿងនិងបន្លែជីរជាច្រើន សក្តិសមនឹងអាកាសធាតុត្រជាក់ពេលព្រឹកនៅតំបន់ភ្នំបែបនេះណាស់ ឯការរៀបចំតូបមានលក្ខណៈតូចៗតែមានអនាម័យបានល្អ។ វត្តមួយដែលមានរចនាបទល្អឯកជាងគេ និងជានិមិត្តរូបនៃភាពរីកចំរើនដល់ កំពូលនៃសិល្បៈឡាវបុរាណ នោះគឺវត្តដែលមានឈ្មោះថាវត្តសៀងថុង (Wat Xieng Thong) សាងសង់ដោយព្រះមហាក្សត្រឡាវក្នុងពាក់កណ្តាលសត្សវត្សទី១៦ ក្នុងគោលបំណងតម្កល់នូវព្រះពុទ្ធបដិមាដ៏មានតំលៃនានា និងសម្រាប់ការគោរពបូជារបស់ហ្លួង និងរាជវង្សានុវង្ស។
សព្វថ្ងៃគេអនុញ្ញាតអោយអ្នកទេសចរមើលបានតែពីខាងក្រៅទេ តែគ្រាន់តែជញ្ជាំងខាងក្រៅព្រះវិហារសោះក៏មានក្បូរក្បាច់រចនាផ្កាភ្ញីដ៏គួរអោយគយគន់ ដែលកម្រមានវត្តណាស្អាតបែបនេះណាស់។ គោលដៅបន្ទាប់របស់យើងគឺការទស្សនាអតីតរាជវាំងរបស់ព្រះមហាក្សត្រឡាវ បើទោះជាវាំងនៅទីនោះមិនធំស្កឹមស្កៃដូចរាជវាំងនៅកម្ពុជាយើងក្តី តែជា ការស្វែងយល់ពីប្រវត្តិអតីតកាលនៃរាជវង្សឡាវ។ ពីខាងក្រៅសំណង់ព្រះទីនាំងធំមិនមានក្បូរក្បាច់អ្វីប៉ុន្មានទេ តែផ្នែកខាងក្នុងមានការរៀបចំដាក់បង្ហាញពីសំភារៈនានារបស់អតីតព្រះមហាក្សត្រឡាវ ដែលសុទ្ធសឹងជាវត្ថុមានតំលៃមិនអាចកាត់ថ្លៃបានឡើយ។ ក្នុងចំណោមបន្ទប់ជាច្រើនដែលខ្ញុំបានទស្សនា មានបន្ទប់មួយក្បែរច្រកចេញដែលខ្ញុំស្រលាញ់ជាងគេ នោះគឺសាលតាំងគ្រឿងអនុស្សាវរីយ៍ដែលប្រមុខរដ្ឋ ព្រះរាជា និងភ្ញៀវរដ្ឋនានាថ្វាយជូនដល់អតីតព្រះមហាក្សត្រឡាវ ទីនេះហើយជាកន្លែងតាំងរបស់របរនានាដ៏មានតំលៃពាសពេញពិភពលោក ដែលក្នុងនោះខ្ញុំពិតជាមោទនភាពណាស់ពេលបានប្រទះឃើញនូវវត្ថុអនុស្សាវរីយ៍មកពីអតីតព្រះមហាវីរក្សត្រខ្មែរ គឺព្រះបាទសម្តេច ព្រះនរោត្តម សីហនុ មានតង្វាយជាគ្រឿងផ្តិល ចាន កំសៀវ ពែងជាប្រាក់ ពោរពេញដោយរចនាចទបែបខ្មែរអង្គរយ៉ាងរស់រវើកលេចធ្លោជាងវត្ថុនានាមកពីប្រទេសផ្សេង។
ក្រឡេកមើលឆ្វេងដៃឃើញថានៅមានបន្ទប់មួយទៀតដែលមិនទាន់បានទស្សនា ដែលនៅទីនោះមានព្រះពុទ្ធបដិមាមួយជំហរធ្វើពីទឹកមាសមួយព្រះអង្គកម្ពស់ប្រហែលជា ១,២ ម៉ែត្រ ប៉ុន្តែត្រូវបានគេមិនអនុញ្ញាតអោយចូលទីជិតទេដោយមានរបងដែកបាំងយ៉ាងប្រយ័ត្នបំផុត។ មុននឹងចាកចេញទៅ ពួកយើងក៏បានសម្រេចចិត្តថ្វាយបង្គំព្រះបដិមាមួយអង្គនោះដើម្បីជាការគោរពក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយយើងបានអានស្លាកដែលគេដាក់បិទជាប់នឹងរបងដែកនៅទីនោះដែលសរសេរជាភាសាឡាវ និងប្រែជាអង់គ្លេស ជាថ្មីម្តងទៀត យើងពិតជាមានអារម្មណ៍អស្ចារ្យណាស់ពេលបានដឹងពីអត្ថន័យដែលគេដាក់នៅទីនោះ ដែលប្រាប់ថានេះជាព្រះបដិមាដែលជាតង្វាយពីព្រះមហាក្សត្រខ្មែរតាំងពីប្រហែលចុងសម័យអង្គរ និងពេលអាណាចក្រឡាវចាប់កំណើតមកម្ល៉េះ។ ព្រះបដិមានេះមានព្រះនាមថា ព្រះបាង ហើយត្រូវបានព្រះមហាក្សត្រឡាវប្រទានឈ្មោះទីក្រុងហ្លួងព្រះបាងនេះតាមឈ្មោះព្រះពុទ្ធអង្គដ៏ពិសិដ្ឋនេះឯង។ ការដឹងដោយចៃដន្យបែបនេះហាក់ដូចត្រូវបានទទួលនូវ ការប្រោះព្រំពីព្រះបាងសំរាប់ដំណើរកំសាន្តរបស់យើងដែរ ហើយបទពិសោធន៍នានាដែលយើងបាន ទទួល នៅក្នុងទីក្រុងហ្លួងព្រះបាងនេះ គឺពិតជាបានដក់ក្នុងក្រអៅបេះដូង មិនអាចបំភ្លេចបានឡើយ៕