×

ការលេចមុខមាត់នៃវិស័យអេកូហ្វេហ្សិន (Eco-fashion) នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន

FASHION & BEAUTY 6 years ago
 
 

          អ្វី​ទៅ​ជា​អេកូ​ហ្វេហ្សិន​ (Eco-fashion)? អេកូ​ហ្វេហ្សិន គឺ​ការ​ផលិត​ម៉ូដ​សម្លៀក​បំពាក់​ទាំង​ឡាយ​ណា ដែល​ចូល​រួម​ចំណែក​គាំពារ​និរន្តរភាព​នៃ​បរិស្ថាន ឬ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​ផ្នែក​បរិស្ថាន។​ កាលបើ​និយាយ​អំពី​ អេកូ​ហ្វេហ្សិន ឬ​អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា​ Sustainable Fashion (ការ​ច្នៃ​ម៉ូដ​សម្លៀក​ បំពាក់​ប្រកប​ដោយ​និរន្តរភាព) នោះ​គេ​ផ្តោត​សំខាន់​ទៅ​លើ​ចំណុច​ធំៗ​ចំនួន​ពីរ​គឺ​ វត្ថុ​ធាតុ​ដើម​សម្រាប់​បម្រើ​ ការ​ផលិត និង​សង្វាក់​ផលិតកម្ម​ផ្ទាល់។​ វត្ថុ​ធាតុ​ដើម​សម្រាប់​ការ​ផលិត​សម្លៀក​បំពាក់​បែប​អេកូ​ហ្វេហ្សិន​ គឺ​​ជា​​ប្រភេទ​​វត្ថុ​ធាតុ​ដើម​បែប​សរីរាង្គ​ដែល​សំដៅ​លើ​សរសៃ​អំបោះ​ដែល​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ (ឧទាហរណ៍៖ សំឡី កប្បាស គ ធ្មៃ ក្រចៅ) សរសៃ​អំបោះ​ដែល​ចម្រាញ់​ចេញ​ពី​រោម​សត្វ (សរសៃ​សូត្រ​ រោម​ចៀម) និង​ កាក​សំណល់​កែច្នៃ​ផ្សេងៗ។ ដោយ​ឡែក​ចំពោះ​សង្វាក់​ផលិតកម្ម​សម្លៀក​បំពាក់​បែប​អេកូ​ហ្វេហ្សិន​វិញ​គឺ​ធ្វើ​ យ៉ាង​ណា​ជំរុញ​កាត់​បន្ថយ​កាក​សំណល់​ដែល​ប៉ះពាល់​ដល់​សុខភាព និង​បរិស្ថាន ហើយ​​ដែល​​ភាគ​​ច្រើន​​ជា​​ការ​ងារ​​​ហត្ថកម្ម​ (ធ្វើ​ដោយ​ដៃ​ ឬ​ប្រើ​ម៉ាស៊ីន​ខ្នាត​តូច​បន្តិច​បន្តួច​)។ តើ​ការ​ផលិត​សម្លៀក​បំពាក់​តាម​បែប​អេកូ​ ហ្វេហ្សិន​មាន​គុណ​ប្រយោជន៍​ដូចម្តេច​ខ្លះ​ចំពោះ​សង្គម​ជាតិ?

          យើង​សង្កេត​ឃើញ​ថា ដោយសារ​ពិភព​លោក​សព្វថ្ងៃ​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​កត្តា​បរិស្ថាន អេកូ​ ហ្វេហ្សិន​ក៏​ត្រូវ​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ដើម្បី​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​​ការពារ​បរិស្ថាន​ដែល​យើង​កំពុង​រស់នៅ។ យីហោ​សម្លៀក​បំពាក់​បែប​អេកូ​ហ្វេហ្សិន​កាន់តែ​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់។ យោង​តាម​គេហទំព័រ​បរទេស​មួយ​ឈ្មោះ​ថា  ហ្វេស្សិនីស្តា (FASHIONISTA) យីហោ​ផលិតផល​សម្លៀក​បំពាក់​ដែល​ជួយ​ដល់​ផ្នែក​បរិស្ថាន​ល្អ​បំផុត​ទាំង​ ១០ ម៉ាក​ រួម​មាន​ម៉ាក Study NY, Alabama Chanin, Titania Inglis, Feral Childe, Awamaki Lab, Carrie Parry, Loomstate, M. Patmos, 100%NY និង Elroy ។

          ផលិតផល​អេកូ​ហ្វេហ្សិន​មាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​សង្គម​ជាតិ​ ពីព្រោះ​វា​ជា​ផលិតផល​ដែល​កែ​ច្នៃ​ចេញ​ពី​ធម្មជាតិ ពី​អ្វីៗ​ដែល​អាច​រក​បាន​នៅ​ជុំវិញ​ខ្លួន​យើង​ ដូច​ជា​កាក​សំណល់​ថង់​ផ្លា​ស្ទិក​ កំទេច​ក្រណាត់​ និង​របស់​របរ​ប្រើប្រាស់​ចាស់ៗ​ជាដើម។ ការ​កែ​ច្នៃ​កាក​សំណល់​យក​ទៅ​ធ្វើ​ជា​អេកូ​ហ្វេហ្សិន​បាន​ជួយ​កាត់​ បន្ថយ​កាក​សំណល់​មួយ​ភាគ និង​ធ្វើ​ឲ្យ​បរិស្ថាន​មាន​ភាព​ស្រស់​ស្អាត​ជាង​មុន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ធ្វើ​ឲ្យ​ អ្នក​​ច្នៃ​ម៉ូដ​កាន់​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ដោយសារ​ពួកគេ​ត្រូវ​កែច្នៃ​វត្ថុ​ធាតុ​ដើម​ដែល​គេ​រក​បាន​ឲ្យ​ក្លាយ​ជា​ ម៉ូដ​សម្លៀក​បំពាក់​ដែល​កាន់​តែ​ថ្មី​ប្លែក​​និង​ទាក់ទាញ​។ ជាពិសេស ទស្សនទាន​អេកូ​ហ្វេហ្សិន​ជួយ​បណ្តុះ​គំនិត​ មហាជន​​​ទូទៅ​ឲ្យ​យល់​ដឹង​ពី​ផល​ប៉ះពាល់​ខាង​ផ្នែក​បរិស្ថាន និង​ចូល​រួម​ចំណែក​រួប​រួម​អភិរក្ស​បរិស្ថាន​ទាំង​​អស់​​គ្នា។

          លោក Jean Benoit សញ្ជាតិ​បារាំង អ្នក​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់​យីហោ Colorblind បាន​បង្ហាញ​ចំណាប់ អារម្មណ៍​ថា “អេកូ​ហ្វេហ្សិន​គឺ​យន្តការ​ទីផ្សារ​ថ្មី​មួយ ព្រោះ​អ្នក​ប្រើ​ប្រាស់​កាន់​តែ​យល់​ដឹង​ច្រើន​ឡើង​ពី​អ្វី​ ដែល​ពួក​គេ​អាច​រំពឹង​ពី​ហ្វេហ្សិន។ ឥឡូវ ប្រជាជន​ជាច្រើន​បាន​យល់​ដឹង​កាន់​តែ​ខ្លាំង​ពី​ល័ក្ខខ័ណ្ឌ​នៃ​ការ​ផលិត​ សម្លៀក​បំពាក់ ដូច្នេះ​ខ្ញុំ​គិត​ថា​អេកូ​ហ្វេហ្សិន​គឺ​ជា​ជំហាន​ថ្មី​មួយ​ទៀត​នៃ​ការ​យល់​ដឹង​​(របស់​ប្រជាជន)​ ប្រៀប​បាន​ដូចជា​​ទំនោរ​​នៃ​ការ​​ប្រើ​ប្រាស់​​អាហារ​​សរីរាង្គ ឬ​អាហារ​ធម្មជាតិ​ដូច្នេះ​ដែរ ដែល​ធ្វើ​ឲ្យអ្នក​ប្រើប្រាស់​មាន​ជម្រើស​កាន់​តែ​ច្រើន។”  

ស្រប​ជាមួយ​គ្នា​នេះ​ដែរ លោក អ៊ិត សុវណ្ណារាជ និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​ជា​ស្ថាប​និក​ក្រុម​រចនា​ម៉ូដ​សម្លៀក​បំពាក់​កែច្នៃ​ឈ្មោះ​ថា ឡាឈូក (La Chhouk) បាន​បញ្ជាក់​ប្រាប់​សូវរីន​ថា​ ក្រុម​លោក​បាន​រចនា​ម៉ូដ​សម្លៀក​បំពាក់​ដែល​ច្នៃ​ចេញ​ពី​កាក​សំណល់​ ពីព្រោះ​លោក​ចង់​បង្ហាញ​ទេពកោសល្យ​ក្នុង​ការ​ច្នៃ​ម៉ូដ​របស់​ខ្លួន និង​ចង់​ចូល​រួម​ជួយ​បរិស្ថាន​ក្នុង​ស្រុក​។ លោក​យល់​ថា​ការ​រចនា​ម៉ូដ​តាម​បែប​អេកូ​ហ្វេហ្សិន​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ទូទៅ​ ព្រោះ​តាំង​ពី​ពេល​ចាប់​ផ្តើម​រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​ ស្នាដៃ​កែច្នៃ​របស់​ក្រុម​លោក​ទទួល​បាន​នូវ​ការ​គាំទ្រ​កើន​ឡើង​ជា​លំដាប់​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ សម្លៀក​បំពាក់​ដែល​ក្រុម​លោក​ធ្លាប់​បាន​ផលិត​រួម​មាន​ រ៉ូប​ស្រ្តី​ ខោ​អាវ​បុរស​ សម្លៀក​បំពាក់​អាពាហ៍​ពិពាហ៍ -ល- ដែល​កែ​ច្នៃ​ចេញ​ពី​វត្ថុ​ធាតុ​ដើម​ផ្សេងៗ​ ដូច​ជា ក្រដាស​ជូត​មាត់ ជ័រ​កាវ​ ដប​ទឹក​សុទ្ធ បាវ បំពង់​បឺត ក្រដាស​កាសែត កំទេច​កំទី​កាក​សំណល់​ផ្សេងៗ ជាដើម។

          សរុប​សេចក្តី​មក អ្នក​ដែល​គាំទ្រ​​អេកូ​ហ្វេហ្សិន​កំពុង​ដើរតួ​នាទី​ជា​ពលរដ្ឋ​ល្អ​ចូល​រួម​ចំណែក​ជួយ​ការពារ​​បរិស្ថាន ​ថ្វីត្បិត​តែ​ទស្សនទាន​អេកូ​ហ្វេហ្សិន​មាន​វ័យ​ក្មេង​ខ្ចី​នៅ​ឡើយ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា។ ប៉ុន្តែ​វា​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ ជាពិសេស​​ពី​សំណាក់​មិត្ត​​យុវវ័យ​​ ព្រោះ​​ពួក​គេ​​និយម​​អ្វី​​ដែល​ថ្មី ប្លែក ទាន់សម័យ ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ ហើយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន​រ​បស់​​ពួក​​គេ​​ដែរ​៕

Article by SRIN SOKMEAN


SUGGESTIONS