wapatoa.com (វប្បធម៌ដុតខម) គេហទំព័រថ្មីដែលបណ្តុំដោយចំណេះដឹង និងការកម្សាន្តជាមួយអ្នកមានទេពកោសល្យនៅកម្ពុជា
NEWS 6 years agoវប្បធម៌ គឺជាការផ្សាំបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឲ្យបានលូតលាស់ចម្រើន ដោយវិទ្យាសាស្រ្ត ឬដោយសិល្បៈផ្សេងៗជាដើម នេះបើតាមមូលន័យនៃពាក្យវប្បធម៌ក្នុងវចនានុក្រមសម្តេចជួនណាត។ វប្បធម៌គឺជាពាក្យដែលសម្គាល់ពីទំនាក់ទំនងរបស់មនុស្សក្នុងសង្គមរស់នៅប្រចាំថ្ងៃ ហើយប្រសិនបើគ្មានវប្បធម៌ទេ សង្គមនោះប្រាកដជាក្លាយជាសង្គមអនាធិបតេយ្យនិងពោរពេញទៅដោយភាពមិនប្រាកដប្រជា និងគ្មានសណ្តាប់ធ្នាប់ជាក់ជាមិនខាន។ វប្បធម៌នៃការចែករំលែកគឺពិតជាសំខាន់ណាស់ក្នុងសង្គមមនុស្ស ហើយវាក៏ជាការចូលរួមចំណែកមួយក្នុងការដែលធ្វើឲ្យសង្គមមានភាពរីកចម្រើនឆ្ពោះទៅមុខថែមទៀតផង។ ម៉្លោះហើយទើបយុវជនពីររូបដែលមានវប្បធម៌ពីរផ្សេងគ្នាដោយម្នាក់ជាជនជាតិខ្មែរគឺកញ្ញា សៀង សុខចេង និងម្នាក់ជាជនជាតិបារាំង កញ្ញា Alix Feschotte ដែលមានផ្នត់គំនិតដូចគ្នា បានសម្រេចចិត្តសហការគ្នាបង្កើតជាគេហទំព័រមួយដែលមានឈ្មោះថា wapatoa.com ដែលជាគេហទំព័រចែករំលែកនូវចំណេះដឹង ការកម្សាន្ត ក៏ដូចជាការលើកកម្ពស់វប្បធម៌អំណាននៅប្រទេសកម្ពុជាយើងផងដែរ។
កញ្ញា សៀង សុខចេង
ទើបតែដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ គេហទំព័រ wapatoa.com មានអ្នកចូលមើលប្រមាណជាង ប្រាំបីពាន់ដង និងមានអ្នកចុច Like នៅក្នុងទំព័រហ្វេសប៊ុករហូតដល់ជាងពីរពាន់ Like ឯណោះ។ wapatoa.com ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការពង្រីកចំណេះដឹងមិត្តអ្នកអាន និងធ្វើឲ្យជីវិតពួកគេមានភាពល្អប្រសើរជាងមុន ជាមួយនឹងការកម្សាន្តដែលពោរពេញទៅដោយចំណេះដឹងទៀតផង។ កញ្ញា សៀងសុខចេង ដែលធ្លាប់ជាអ្នកសរសេរ Blog និងជាស្ថាបនិកមួយរូបរបស់គេហទំព័រមួយនេះ បានប្រាប់ថា៖ “គោលបំណងដែលយើងបង្កើត platform wapatoa នេះឡើងគឺដើម្បីចែករំលែកនូវចំណេះដឹង និងអ្វីដែលប្រជាជនខ្មែរមួយចំនួនជាពិសេសគឺយុវវ័យ ដែលគាត់តែងតែចង់ស្គាល់នូវបុគ្គលល្អៗក្នុងសង្គមដែលមានទេពកោសល្យ ក៏ដូចជាចង់ដឹងចង់ឮពីបទពិសោធន៍របស់ពួកគេផងដែរ។” ធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធីសង្គម ជាគ្រូបង្រៀនភាសាអង់គ្លេស ជាអ្នកបកប្រែ និងជាអ្នកហាត់ការ សុខចេងទទួលបានគំនិតល្អៗតាមរយៈការសាកសួរមនុស្សដែលខ្លួនធ្លាប់បានជួបប្រាស្រ័យទាក់ទង និងតាមរយៈបទពិសោធន៍ជាច្រើន ដែលខ្លួនធ្លាប់ប្រឡូកក្នុងកិច្ចការងារជួយសង្គមផងដែរ។សុខចេងគឺជាមនុស្សម្នាក់ដែលចូលចិត្តអាន ជាអ្នកដែលចង់ដឹងចង់ឮពីរឿងរ៉ាវដែលស្ថិតនៅពីក្រោយការងារនិងគំនិតអ្នកដែលមានទេពកោសល្យល្អៗនៅក្នុងសង្គម។ ជាមួយនឹង Wapatoa សុខចេងបានបន្តថា៖ “បច្ចុប្បន្ន យើងកំពុងស្វែងរកសិល្បករ អ្នកមានស្នាដៃ អ្នកសរសេរប្លុក អ្នកនិពន្ធសៀវភៅ និងអ្នកដែលមានទេពកោសល្យលើអ្វីមួយមកសម្ភាសន៍ដើម្បីចង់ដឹងពីគំនិត ដើម្បីសាកសួរពីបទពិសោធន៍របស់ពួកគេ ហើយនេះគឺពិតជាចំណេះដឹងទូទៅមួយដែលពួកយើងចង់ចែករំលែកទៅដល់ពិភពលោក និងប្រជាជនខ្មែរឲ្យបានដឹង។” ដូច្នេះជាមួយនឹង wapatoa.com អ្នកនឹងបានស្គាល់មនុស្សដែលមានភាពប៉ិនប្រសប់មានទេពកោសល្យនិងស្នាដៃរបស់ពួកគេតាមរយៈអត្ថបទ វីដេអូ និងខ្សែអាត់សម្លេងដែលមាននៅក្នុងមាតិកានៃគេហទំព័រនេះតែម្តង។
កញ្ញា Alix Feschotte
ទន្ទឹមនឹងការជជែកលេងជាមួយនឹងអ្នកដែលមានទេពកោសល្យ មិត្តយុវវ័យយើងជាពិសេសគឺសិស្សនិស្សិតក៏អាចនឹងមានឱកាសទាញយកនូវមេរៀនល្អៗក៏ដូចជាគន្លឹះពិសេសៗក្នុងការធ្វើបទបង្ហាញ(presentation)ពីគ្រប់មជ្ឈដ្ឋានថែមទៀតផង។ wapatoa.com នឹងបើកឱកាសឲ្យអ្នកសរសេរ Blog វិចិត្រករ សិល្បករដែលមានស្នាដៃអាចបង្ហាញសមត្ថភាពរបស់ខ្លួនតាមរយៈការធ្វើបទសម្ភាសន៍ ការបង្ហាញស្នាដៃជារូបគំនូរ ជាវីដេអូ ជាខ្សែអាត់សម្លេង និងជាអត្ថបទ។ ជាមួយគ្នានឹងការស្វែងយល់ពីមនុស្សល្អៗ wapatoa.com ក៏ជាឃ្លាំងដែលផ្ទុកដោយចំណេះដឹងជាមួយនឹងអត្ថបទល្អៗដែលជួយដាស់ស្មារតីរបស់យើងក្នុងការគិតជាមួយនឹងដំបូន្មានដែលអ្នកសរសេរបានដកស្រង់នូវបទពិសោធន៍ខ្លួនឯងផ្ទាល់មកចែករំលែកដល់អ្នកអានថែមទៀតផង។ គេហទំព័រដែលមានពីរភាសាសម្រាប់ជ្រើសរើសគឺខ្មែរ និង អង់គ្លេស នេះក៏គ្រោងនឹងពង្រីកជាបណ្តាញសង្គមមួយដែលអាចឲ្យអ្នកមានទេពកោសល្យមានឱកាសបានបញ្ចេញសមត្ថភាពនិងមតិរបស់ខ្លួន ដើម្បីឲ្យសាធារណជនបានដឹងបានស្គាល់ថែមទៀតផង។ បើទោះបីជាយ៉ាងណាក៏ដោយ កញ្ញា សៀង សុខចេង និងក្រុមការងារក៏កំពុងតែស្វែងរកអ្នកឧបត្ថម្ភបន្ថែមទៀតក្នុងដំណើរការគេហទំព័រដ៏មានប្រយោជន៍មួយនេះឲ្យមានភាពរីកចម្រើនទៅមុខជានិរន្តន៍ផងដែរ៕
ចុចត្រង់នេះដើម្បីចូលទៅកាន់ : wapatoa.com
Article by KEO SONG