ព្រះអាទិត្យជះរស្មីចែងចាំងប្រឹថពី រីឯព្រះភិរុណក៏ឈប់បង្អុរមួយរយៈពេល ជាសញ្ញាប្រាប់ថានេះជាកាលដ៏សមល្មមសម្រាប់ការរៀបចំដំណើរកំសាន្ត។ ត្បិតតែអាកាសធាតុក្តៅបន្តិចនៅតាមតំបន់មួយចំនួន ប៉ុន្តែវាបានក្លាយជាកាលអំណោយផលទៅវិញ សម្រាប់ការធ្វើដំណើរកំសាន្តទៅតំបន់ខ្ពង់រាប ដែលជានិច្ចជាកាលមានអាកាសធាតុត្រជាក់ជាងតំបន់ផ្សេងៗ។ យើងចេញឆ្ងាយពីប្រទេសកំណើតរបស់យើងបន្តិច ហើយចេញមកធ្វើដំណើរកំសាន្តនៅក្រៅប្រទេសម្ដង ដើម្បីស្វែងរកបទពិសោធន៍ថ្មីសម្រាប់ដំណើរកំសាន្តនៅតំបន់អេកូទេសចរណ៍ល្បីល្បាញរបស់ប្រទេសភូមា។
បឹងអ៊ិនឡេ (Inle Lake) គឺជាបឹងដ៏ធំមួយស្ថិតនៅតំបន់ខ្ពង់រាបនៃរដ្ឋសាន (Shan State) របស់ប្រទេសភូមាដែលជាគោលដៅទេសចរណ៍ដ៏មមាញឹកមួយសម្រាប់ភ្ញៀវទេសចរបរទេស។ បឹងនេះ គឺជាតំបន់អេកូទេសចរណ៍ដែលត្រូវបានអភិវឌ្ឍន៍យ៉ាងសកម្ម តាំងពីគមនាគមន៍ សេវាកម្ម និងកន្លែងស្នាក់នៅ។ យើងអាចធ្វើដំណើរតាមរថយន្តពីក្រុងយ៉ាងហ្គន មករដ្ឋសានដោយចំណាយពេលប្រមាណ១០ម៉ោង ឬធ្វើដំណើរដោយយន្តហោះក្នុងស្រុក ដែលចំណាយពេលប្រមាណ៥០នាទីប៉ុណ្ណោះ។ មានអាកាសធាតុត្រជាក់គ្រប់រដូវ ភ្ញៀវទេសចរគប្បីត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍សីតុណ្ហភាពដែលនឹងធ្លាក់ចុះដល់១០អង្សារនៅពេលយប់រហូតដល់ទាបភ្លឺ ប៉ុន្តែសីតុណ្ហភាពនឹងត្រលប់មកត្រជាក់ល្មមឡើងវិញនៅពេលថ្ងៃរះដែលមានកម្តៅប្រមាណ២៥អង្សារ។ ទោះជាយ៉ាងនេះក្តី សីតុណ្ហភាពនេះនៅតែជាកម្រិតដ៏សមរម្យមួយ សម្រាប់ការធ្វើដំណើរកំសាន្តដោយងាយស្រួល។ មានសណ្ឋាគារលំដាប់ផ្កាយ៥ជាច្រើន នៅអមមាត់បឹងដែលត្រូវបានរចនាយ៉ាងពិសេសសម្រាប់ការគយគន់ទេសភាពបឹងធម្មជាតិតែម្ដង។ មិនតែប៉ុណ្ណោះក៏មានសណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនទៀត ដែលមានទីតាំងនៅលើផ្ទៃបឹងតែម្ដង ដែលអំណោយផលដល់ការផ្លាស់ប្តូរអារម្មណ៍ ក្នុងការសម្រាកលំហែកាយជាលក្ខណៈគ្រួសារ ឬគូស្នេហ៍។
ត្បិតតែមានគោលដៅអេកូទេសចរណ៍ផ្សេងទៀតនៅតំបន់នេះក៏ពិតមែន ប៉ុន្តែយើងមិនអាចរំលងការទទួលបទពិសោធន៍ដំណើរកំសាន្តតាមទូកទៅកាន់ភូមិបណ្តែតទឹករបស់ប្រជាជនភូមាបានឡើយ ដោយសារតែភាពទាក់ទាញនៃបឹងធម្មជាតិដ៏ធំនេះ គឺសម្រស់នៃជីវភាពប្រជាជនរស់នៅលើផ្ទៃទឹក រួមទាំងទេសភាពជួរភ្នំក្រវ៉ាត់ផ្ទៃបឹងដែលជាអំណោយដ៏ពិសេសពីធម្មជាតិ។ យើងធ្វើដំណើរតាមទូកទេសចរណ៍តូចៗដែលមានចំណុះសម្រាប់មនុស្ស៥នាក់ ដែលនាំផ្លូវដោយប្រជាជនភូមានៅម៉ោង៨ព្រឹក ជាពេលវេលាដែលអាកាសធាតុកើនឡើងដល់១៨អង្សារ ត្រជាក់ល្មមដល់ការធ្វើដំណើរទស្សនាផ្ទៃបឹង។ អ្វីដែលប្រជាជនភូមាចង់ឲ្យទេសចរ បានជ្រាបមុនគេគឺវប្បធម៌នៃការរករបរទទួលទានដោយពឹងផ្អែកលើការនេសាទបែបប្រពៃណី។ ទូករបស់យើងចាកចេញពីកំពង់បានប្រមាណ១០នាទី យើងក៏បានឃើញការចែវទូកដោយប្រើជើងម្ខាង និងការប្រើប្រាស់ឧបករណ៍នេសាទបែបប្រពៃណីរបស់ប្រជាជនភូមាដោយមានការស្លៀកសម្លៀកបំពាក់បែបប្រពៃណីរបស់ភូមាផង ដើម្បីបង្ហាញភ្ញៀវទេសចរពីទំនៀមទម្លាប់របស់អ្នករស់នៅតំបន់នេះ។ ការនេសាទរបស់អ្នករស់នៅលើបឹង Inle គឺការប្រើជើងម្ខាងដើម្បីចែវទូក និងបញ្ជាឧបករណ៍នេសាទបែបប្រពៃណីដែលមានរាងប្រហាក់ប្រហែលអង្រុតធំមួយ មានកម្ពស់ជិត២ម៉ែត្រ។
យើងមិនរំខានអ្នកនេសាទយូរ រួចក៏បន្តដំណើរទៅមើលជីវភាពភូមិបណ្តែតទឹកនៅលើបឹងវិញម្ដង ដែលចំណាយពេលប្រមាណ២០នាទីទៀតដើម្បីទៅដល់ភូមិ។ នៅលើផ្ទៃបឹងដែលលាតសន្ធឹងប្រមាណ ១១៦គីឡូម៉ែត្រការ៉េ មានប្រជាជនរស់នៅរាប់ពាន់គ្រួសារ និងបែងចែកជាច្រើនភូមិ។ នៅក្នុងភូមិបណ្តែតទឹក មានសាលារៀន អារាម និងប្រជាជនខ្លះបានប្រកបរបរលក់ដូរបន្តិចបន្តួចនៅក្នុងផ្ទះ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងភូមិ។ ដោយកម្ពស់ទឹកមិនជ្រៅខ្លាំង ធ្វើឲ្យអំណោយផលដល់ការច្នៃផ្ទៃបឹងធ្វើរបរកសិកម្ម ដូចជាការដាំដំណាំជាដើម ដែលយើងបានឃើញប្រជាជនជួយគ្នាលើករងដំណាំបណ្តែតទឹកជាជួរៗនៅក្បែរភូមិដែលពួកគេរស់នៅ។ ការធ្វើដំណើរប្រាស្រ័យទាក់ទងគ្នារបស់ប្រជាជន ត្រូវប្រើប្រាស់ទូកជាមធ្យោបាយ ដូច្នេះទើបយើងបានឃើញទូកតូចធំជាច្រើនសំចតក្រោមផ្ទះនីមួយៗមិនដែលខាន។ ផ្ទះខ្លះតូច ខ្លះធំអាស្រ័យទៅតាមកម្រិតជីវភាព ហើយផ្ទះមួយចំនួនត្រូវបានរៀបចំយ៉ាងស្រស់ស្អាត ដូចជាវីឡាឈើលើផ្ទៃទឹក ដោយមានលាបពណ៌ឆើតឆើយទាក់ភ្នែកទេសចរឲ្យផ្តិតយករូបភាពទុក។ ប្រជាជនភូមា មានភាពរួសរាយ និងស្វាគមន៍ដល់អ្នកទេសចរគ្រប់គ្នា។ ទាំងមនុស្សប្រុសស្រីក្មេងចាស់ សុទ្ធតែប្រើប្រាស់ម្សៅពណ៌លឿងលាបនៅលើផ្ទៃមុខឬខ្លះលាបលើដៃជើងផង ដែលជនជាតិភូមាហៅថា ថាណាកា (Thanakar) ជាម្សៅធម្មជាតិដែលច្នៃចេញពីរុក្ខជាតិម្យ៉ាងដែលដុះនៅប្រទេសភូមា។ម្សៅនេះ ត្រូវបានប្រើប្រាស់ជាប្រពៃណីច្រើនឆ្នាំមកហើយ ក្នុងគោលបំណងការពារស្បែកមុខពីកម្តៅថ្ងៃ និងធ្វើឲ្យស្បែកមុខទន់រលោង។
នៅលើបឹងនេះមានមណ្ឌលមួយកន្លែង ដែលបើកបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនជាតិភូមាដែលមានជីវភាពខ្វះខាតពីជំនាញបដិសណ្ឋារកិច្ច និងជំនាញធ្វើម្ហូបជាដើម។ Inle Heritage ក៏ជាគោលដៅអេកូទេសចរណ៍មួយផងដែរ ដែលផ្តល់សេវាកម្មចម្រុះរួមមាន ការស្នាក់នៅ ភោជនីយដ្ឋាន ផ្ទះចិញ្ចឹមពូជឆ្មារបស់ភូមាដែលជាទីទាក់ទាញរបស់ទេសចរ សាលពិព័រណ៍ប្រភេទត្រីកម្រនៅក្នុងបឹងអ៊ីនឡេ ការដាំដំណាំសរីរាង្គចម្រុះ និងហាងលក់វត្ថុអនុស្សាវរីយ៍នៅលើផ្ទៃបឹង។ ពិសេស នៅក្នុងមណ្ឌលនេះ មានបម្រើអាហារបែបប្រពៃណី និងអាហារបរទេសដែលមានរសជាតិឆ្ងាញ់ពិសាតម្រូវតាមតម្រូវការរបស់ភ្ញៀវទេសចរបរទេស។
របរតម្បាញ គឺជាមុខរបរប្រចាំថ្ងៃមួយទៀតរបស់ប្រជាជននៅលើផ្ទៃបឹងនេះ ដែលផ្តល់ប្រាក់ចំណូលសមរម្យដល់ប្រជាជនវ័យចំណាស់ដែលមិនអាចចេញទៅនេសាទបាន។សម្លេងកីតម្បាញលាន់ឭរណ្តំនៅពេលដែលទូករបស់យើងបរទៅកៀកនឹងកំពង់ក្រោមមណ្ឌលតម្បាញនៅក្នុងភូមិ Inn Paw Khon។ អ្នកតម្បាញដែលភាគច្រើន ជាមនុស្សស្រីវ័យចំណាស់កំពុងត្បាញសំពត់សូត្រតាមជំនាញរៀងៗខ្លួន រីឯអ្នកខ្លះកំពុងហូតសរសៃរឈូកមកធ្វើជាអំបោះសម្រាប់ត្បាញ។ សំពត់សូត្រនៅទីនេះមានភាពល្បីល្បាញណាស់ ដោយសារគុណភាពនិងភាពច្នៃប្រឌិតរបស់អ្នកតម្បាញជើងចាស់។ អ្នកតម្បាញដោយប្រើសរសៃរឈូកម្នាក់ បានប្រាប់យើងថា ក្នុងមួយថ្ងៃគាត់អាចហូតសរសៃរឈូកបានចំនួន៨ក្រាមដើម្បីទុកប្រើប្រាស់សម្រាប់ការត្បាញ ដូច្នេះទម្រាំបានជាសំពត់នីមួយៗត្រូវប្រើប្រាស់ពេលជាច្រើនថ្ងៃ។
កន្លែងដែលយើងត្រូវទៅទស្សនានៅមិនទាន់អស់នៅឡើយ នៅត្រើយម្ខាងនៃបឹងនេះក៏មានវត្តបុរាណមួយ ដែលសព្វថ្ងៃត្រូវបានរៀបចំជាតំបន់ទាក់ទាញទេសចរណ៍មួយទៀត សម្រាប់អ្នកមកទស្សនាបឹងInle។ មិនត្រឹមតែជាការទស្សនាវត្តបុរាណ ប៉ុន្តែនៅទីនោះមានស្តង់លក់វត្ថុអនុស្សាវរីយ៍ និងចំណីប្រចាំតំបន់ជាច្រើនដែលអ្នកគួរទៅសាកល្បង។ សុរិយាចាប់ផ្តើមបន្ទន់រស្មីជាពេលដែលយើងត្រូវលាមណ្ឌលអេកូទេសចរណ៍នេះដោយអាល័យត្បិតយើងមិនអាចធ្វើដំណើរលើផ្ទៃបឹងនៅពេលយប់បានទេ។ ជាចុងក្រោយ សម្រាប់អ្នកដែលមានបំណងស្នាក់នៅសណ្ឋាគារដែលអ្នកអាចគយគន់ទេសភាពមាត់បឹងស្រស់បំព្រងទាំងពេលថ្ងៃរះនិងពេលថ្ងៃលិច យើងសូមណែនាំសណ្ឋាគារ Aureum Palace Resort ឬសណ្ឋាគារ Inle Princess Resort ដែលមានទីតាំងភូមិសាស្រ្តល្អ ងាយស្រួលស្នាក់នៅនិងគយគន់ទេសភាពផ្ទៃបឹង ឬធ្វើដំណើរទៅកំសាន្តនៅក្នុងភូមិប្រជាជនដែលប្រកបរបរដាំឈូករ័ត្ននៅក្បែរៗនោះ។ សង្ឃឹមថាអត្ថបទនេះនឹងជាជំនួយដល់មិត្តអ្នកអានក្នុងការកំណត់គោលដៅធ្វើដំណើរទៅកំសាន្តនៅតំបន់អេកូទេសចរណ៍ធម្មជាតិ នៅក្នុងប្រទេសភូមាកាន់តែរលូន៕
Article by VA SONYKA