×

ពាន់​ ​ភួងបុប្ផា​ ​ជ័យ​លាភី​ពាន​រង្វាន់​អ្នក​និពន្ធ​ភាពយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៧​

NEWS 6 years ago
 
 

          ក្រោម​សម្លេង​ជ័យ​ឃោស​អបអរ​សាទរ​យ៉ាង​កង​រំពង​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​ បិទ​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី៥​ ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាល​សន្និសីទ​ចតុមុខ​ រាជធានី​ភ្នំពេញ​ កាល​ពី​រាត្រី​ថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០១៧​ កន្លង​ទៅ​នេះ​ ពិធីករ​ ពិធី​ការិនី​បាន​ប្រកាស​ឈ្មោះ​ជ័យ​លាភី​ម្ចាស់​ពានរង្វាន់​ ទាំង​៩រូប​ដែល​បាន​ទទួល​ការ​វាយ​តម្លៃ​វិនិច្ឆ័យ​យ៉ាង​ល្អិតល្អន់​ពី​គណៈ​កម្មការ​ជំនាញ​តាម​រយៈ​ស្នាដៃ​ភាពយន្ត​ដែល​បាន​ដាក់​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង។​ ក្នុម​ចំណោម​ខ្សែ​ភាពយន្ត​ទាំង​នោះ​ រឿង​ដែល​ទទួល​បាន​ពាន​រង្វាន់​ ខ្សែភាពយន្ត​ ដែល​ទទួល​បាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ នោះ​គឺ​បាន​ទៅ​លើ​ខ្សែភាពយន្ត​រឿង​ “ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី”​ ដែល​បាន​ចាក់​បញ្ចាំង​គ្រប់​រោង​ភាពយន្ត​នៅ​រាជធានី​ និង​តាម​បណ្តា​ខេត្តធំៗ​មួយ​ចំនួន​កាល​ពី​ដើម​ឆ្នាំ​នេះ​ ហើយ​សាច់​រឿង​នេះ​ ក៏​ត្រូវ​បាន​ទស្សនិកជន​ទាំង​ឡាយ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ស្នាដៃ​ដ៏​លេច​ធ្លោ​បំផុត​ក្នុង​ឆ្នាំ​នេះ​របស់​ផលិតករ​ ពាន់ ភួងបុប្ផា​ របស់​ផលិតកម្ម​ថោន។​ ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​ស្រី​ក៏​ទទួល​បាន​ពានរង្វាន់​អ្នក​និពន្ធ​ឆ្នើម​តាម​រយៈ​ខ្សែភាពយន្ត​នេះ​ផង​ដែរ។​ តើ​អ្នក​ស្រី​មាន​ចំណាប់​អារម្មណ៍​ និង​ពាក្យ​ពេចន៍​អ្វី​ខ្លះ​និយាយ​ទៅ​កាន់​មហាជន​ក្រោយ​ទទួល​ពានរង្វាន់​យ៉ាង​ត្រចះត្រចង់​នេះ?

          ជា​មួយ​ទឹក​មុខ​ស្រស់​ស្រាយ​ ញញឹម​ញញែម​ អ្នកស្រី​ពាន់ ភួងបុប្ផា​ អ្នក​និពន្ធ​ខ្សែភាពយន្ត​ឆ្នើម​ប្រចាំ​ឆ្នាំ​ បាន​បង្ហាញ​ទឹក​ចិត្ត​ថា​ “ថ្ងៃ​មុន​ដែល​បាន​ពានរង្វាន់​ហ្នឹង​ ខ្ញុំ​មិន​គិត​ថា​តម្លៃ​នៃ​ពាន​ហ្នឹង​ប៉ុន្មាន​ទេ​ តែ​សម្រាប់​ខ្ញុំ​ នៅ​ក្នុង​ចិត្ត​ខ្ញុំ​ ខ្ញុំ​គិត​ថា​វា​ដូច​ជា​ការ​សង្ខេប​ជីវិត​ការងារ​របស់​ខ្ញុំ​៣០ឆ្នាំ​នេះ​នៅ​ក្នុង​ពាន​មួយ​ហ្នឹង​ (ពាន​អ្នក​និពន្ធ​ឆ្នើម)។​ ខ្ញុំ​សប្បាយ​ចិត្ត​ ដោយ​សារ​វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ ជា​សាក្ខីភាព​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​នៅ​ក្នុង​ចិត្ត​អ្នក​មើល​ គេយល់​ គេដឹង​ គេ​ចូលតួ​ ទោះ​បី​គេ​មិន​ចូល​ចិត្ត​កុន​ខ្មែរ​ក៏​ដោយ!”​

          អ្នក​និពន្ធ​រឿង​ជើង​ចាស់​រូប​នេះ​បាន​រៀបរាប់​អំពី​ជោគជ័យ​នៃ​ការ​បញ្ចាំង​រឿង​ “ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មី”​ ដែល​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ស្រី​ថា​ “អ្វី​ក៏​ដោយ​មិន​ដូច​ការ​ជាក់​ស្តែង​ទេ!​ យើង​រំពឹង​ទុក​ថា​ យើង​នឹង​អូស​ទាញ​ មនុស្ស​ចាប់​ពី​អាយុ​៣០ឆ្នាំ​ឡើង​ទៅ។​ ស្រាប់​តែ​ដល់​ពេល​កុន​ហ្នឹង​បញ្ចាំង​ វា​មក​តាំង​ពី​កុមារា​ កុមារី​ អាយុ​៥-៦ឆ្នាំ​ ក៏​គាត់​ចេះ​មើល​ដែរ​ គាត់​ថា​គាត់​ទទួល​យក​បាន!​ ឪពុក​ម្តាយ​គាត់​នាំ​មក​ គាត់​អាច​សង្ខេប​ខ្លឹម​សារ​រឿង​ គាត់​យល់​ថា​ ធ្វើ​ម៉េច​ល្អ​ ម៉េច​មិន​ល្អ។”​ អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា​ ជា​ទូ​ទៅ​ទស្សនិកជន​គោល​ដៅ​ដែល​ទៅ​មើល​កុន​ គឺ​មាន​តែ​ ចន្លោះ​ពី​២០ឆ្នាំ​ ទៅ​៤០ឆ្នាំ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​សម្រាប់​ស្នាដៃ​រឿង​ “ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មី”​ គឺ​មាន​អាយុ​បន្ត​ពី​៤០ទៅ​ ៨០ឆ្នាំ​ សូម្បី​តែ​ជន​ក្រីក្រ​ និង​ជន​ពិកា​ក៏​បាន​នាំ​គ្នា​ទៅ​ទស្សនា​ខ្សែភាពយន្ត​នេះ​យ៉ាង​គគ្រឹក​គគ្រេង​ដែរ។​

          អ្នក​ស្រី​បាន​លើក​ឡើង​អំពី​មូល​ហេតុ​ដែល​ជំរុញ​ឲ្យ​មាន​ការ​សរសេរ​ររឿង​នេះ​ឡើង​ថា​ “ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​កូន​ខ្មែរ​បាន​មើល​រឿង​នេះ។​ នៅ​ពេល​វ័យ​ចាស់​ យើង​ចេះ​តែ​មាន​អារម្មណ៍​ចង់​ឲ្យ​កូនៗ​យល់​អំពី​ម្តាយ​ ហើយ​ចង់​ឲ្យ​ម្តាយ​យល់​ពី​កូន​ ធ្វើ​ឲ្យ​សង្គម​យើង​ល្អ។​ ក្នុង​នាម​ជា​អ្នក​សរសេរ​ មិន​មែន​ដើម្បី​តែ​លុយ​មួយ​មុខ​ទេ​ គឺ​ខ្ញុំ​មាន​ឧត្តមគតិ​ ជួយ​សង្គម​បែប​ហ្នឹង​ ទើប​ខ្ញុំ​តស៊ូ​រហូត​៣០ឆ្នាំ។”

          គួរ​រំឭក​ផង​ដែរ​ថា​ នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ ដែល​អ្នក​ស្រី​ ពាន់ ភួងបុប្ផា​ ទទួល​បាន​ពាន​រង្វាន់​ក្នុង​ វិស័យ​សិល្បៈ​ទី៧​នេះ។​ កន្លង​មក​ អ្នកស្រី​ធ្លាប់​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​ ដូច​ជា​ ពាន​រង្វាន់​អាណាចក្រតារា​ អ្នក​ដឹក​នាំ​រឿង​ឆ្នើម​ (ឆ្នាំ២០១៣)​ ពាន​រង្វាន់​ភាពយន្ត​លេច​ធ្លោ​រឿង​ “កុមារី​២៥ឆ្នាំ”​ (ឆ្នាំ២០១៣)​ ពាន​រង្វាន់​មហោស្រព​ ភាពយន្ត​ថ្នាក់​ជាតិ​ ខ្សែ​ភាពយន្ត​ដែល​មាន​ទស្សនិកជន​គាំទ្រ​បំផុត​រឿង​ “កុមារី​២៥ឆ្នាំ”​ (ឆ្នាំ២០១៥)​ ជា​ដើម។​ ចំណែក​ខ្សែ​ភាពយន្ត​ល្បីៗ​របស់​អ្នក​ស្រី​ក្នុង​រយៈ​ពេល​ជាង​១០ឆ្នាំ​នេះ​មាន​ជា​អាទិ៍​ រឿង​ទឹក​ចិត្ត​ម្តាយ​ រឿង​ទឹកចិត្ត​ឪពុក​ រឿង​ទឹក​ចិត្ត​គ្រូ​បង្រៀន​ រឿង​ស្នាម​ស្នេហ៍​សមុទ្ររាម​ រឿង​កូន​ប្រសារ​ស្រី​ រឿង​ចំណង​ប្រាំ​ប្រការ​ រឿង​កុមារី​២៥ឆ្នាំ​ភាគ១​ និង​ភាគ២​ និង​រឿង​ទឹក​ចិត្ត​ម្តាយ​សម័យ​ថ្មី​ ហើយ​នៅ​មាន​ខ្សែ​ភាពយន្ត​ចំនួន​ពីរ​ទៀត​ដែល​ត្រៀម​នឹង​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ​នេះ​ គឺ​រឿង​សម្បត្តិ​បុរស​ និង​រឿង​រៃមាស។

          ជា​ចុង​ក្រោយ​ ក្នុង​នាម​ជា​ផលិតករ​ក្នុង​ស្រុក​មួយ​រូប​ អ្នកស្រី​ ពាន់ ភួងបុប្ផា​ បាន​ផ្តល់​សារ​ជុំវិញ​វិស័យ​ ភាពយន្ត​នៅ​កម្ពុជា​ថា​ “លំហូរ​ចូល​នៃ​កុន​បរទេស​ច្រើន​ អ៊ី​ចឹង​ទស្សនិកជន​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ទស្សនា!​ សូម​ឲ្យ​ យោគ​យល់​ដល់​ភាពយន្ត​ខ្មែរ​យើង។​ ខ្ញុំ​គិត​ថា​ ទស្សនា​ភាពយន្ត​ខ្ញុំ​មាន​ប្រយោជន៍​ជាង​ទស្សនា​ភាពយន្ត​បរទេស!”​ អ្នក​ស្រី​ក៏​សូម​សំណូម​ពរ​ដល់​អ្នក​និពន្ធ​ និង​ផលិតករ​ភាពយន្ត​ជាតិ​ទាំង​អស់​មេត្តា​រួបរួម​គ្នា​លើក​ស្ទួយ​ពង្រឹង​គុណភាព​ ភាពយន្ត​ខ្មែរ​ឲ្យ​ដល់​កម្រិត​ដែល​ទស្សនិកជន​ទទួល​យក​បាន៕

Article by SRIN SOKMEAN


SUGGESTIONS