×

ដំណើរ​កម្សាន្ត​ទៅ​កាន់​ភាគខាង​លិច​នៃ​ប្រទេស​កម្ពុជា​ ដែល​ពោរ​ពេញ​ដោយ​ទេសភាព​ បៃតង​ស្រស់​ឡោម​ព័ទ្ធ​ទៅ​ដោយ​ជួរ​ភ្នំ​យ៉ាង​វែង​អន្លាយ​

TRAVEL & LIVING 6 years ago
 
 

          ពោធិ៍សាត់​ ជា​ខេត្ត​មួយ​ដែល​គ្របដណ្ដប់​មួយ​ភាគ​ធំ​ទៅ​ដោយ​ជួរភ្នំ​ ហើយ​ខេត្ត​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងលិច​បឹង​ទន្លេសាប។​ ខេត្ត​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៥​ ដែល​មាន​ចម្ងាយ​ប្រមាណ​១៦៨គីឡូម៉ែត្រ​ពី​រាជធានីភ្នំពេញ​ ជា​ទឹកដី​នៃ​ខេត្ត​សម្បូរ​ធនធាន​ធម្មជាតិ​មាន​ដូច​ជា​ រ៉ែ​ ថ្មកែវ​ ជាដើម។​ ចំពោះ​ដំណាំ​ហូបផ្លែ​ ខេត្ត​នេះ​មិន​ចាញ់​ទឹកដី​ខេត្ត​ដទៃ​ទៀត​ប៉ុន្មាន​នោះ​ទេ​ ជាពិសេស​មាន​ភ្នំ​ធម្មជាតិ​មួយ​កន្លែង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​ទៅ​គាស់​យក​ថ្ម​ ប្រភេទ​ថ្មកែវ​ដ៏​មាន​តម្លៃ​មក​ឆ្លាក់​ជា​រូប​ផ្សេងៗ​ សម្រាប់​លក់​ជូន​អតិថិជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។​ ក្រៅ​ពី​ទិដ្ឋភាព​ប្លែកៗ​នៅ​តាម​ដង​ទន្លេសាប​ ខេត្ត​នេះ​នៅ​មាន​តំបន់​ខ្លះៗ​ទៀត​ សម្រាប់​លួង​ចិត្ត​ដល់​ភ្ញៀវ​ទេសចរ​ផង​ដែរ។​ សម្រាប់​ទំព័រ​ទេសចរណ៍​ក្នុង​សប្តាហ៍​នេះ​ សូវរីន​ សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​មក​ទស្សនា​កម្សាន្ត​ជា​មួយ​តំបន់​ទេសចរណ៍​ដែល​កំពុង​តែ​មាន​សក្ដានុពល​ប្រចាំ​ខេត្ត​ពោធិ៍សាត់​ រួម​ជា​មួយ​នឹង​ការ​បង្ហាញ​អំពី​តថភាព​ពិត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

          មុន​នឹង​ចូល​ទៅ​ដល់​ការ​បង្ហាញ​ជូន​ពី​តំបន់​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​ខេត្ត​ សូវរីន​ សូម​ធ្វើ​ការ​បង្ហាញ​ជូន​អំពី​ប្រវត្តិ​នៃ​ការ​កកើត​ឈ្មោះ​ខេត្ត​នេះ​ថា​ “ពោធិ៍សាត់”​ តាម​ពាក្យ​បរម្បរា​ពី​ព្រេងនាយ​បាន​តំណាល​ថា​​ មាន​ដើម​ពោធិ​តូច​មួយ​រសាត់​ច្រាសទឹក​មក​យ៉ាង​អស្ចារ្យ​ប្លែក​ ប្រជាពលរដ្ឋ​ក៏​បាន​ស្រង់​យក​ទៅ​ដាំ​នៅ​ទី​មួយ​ ដោយ​ហេតុ​នេះ​ទើប​ឲ្យ​ឈ្មោះ​ខេត្ត​នេះ​ថា​ “ពោធិ៍រសាត់”​ ព្រោះ​ពាក្យ​ថា​រសាត់​​ និង​សាត់​ នេះ​ជា​ពាក្យ​តែ​មួយ​ប្រើ​ជួស​គ្នា​បាន។​ លុះ​ចំណេរ​កាល​យូរ​អង្វែង​មក​ក៏​ហៅ​តៗ​គ្នា​ថា​ “ពោធិ៍សាត់”​ មក​ដល់​បច្ចុប្បន្ន​នេះ។

          ខែ​កត្ដិក​ ធ្លាក់​ខ្យល់​រំហើយ​ វាល​ស្រែ​ពណ៌​បៃតង​ខៀវខ្ចី​ ដែល​ប្រៀប​បាន​នឹង​កម្រាល​ព្រំ​បៃតង​ស្រស់​ បាន​រំលេច​ខ្លួន​បង្អួត​សម្រស់​អន្ទង​ដួង​ចិត្ត​អ្នក​ធ្វើ​ដំណើរ​គ្រប់​រូប​ឲ្យ​រសាយ​បាត់​ផុត​នូវ​ទុក្ខកង្វល់​ ដែល​មាន​ទាំង​អម្បាលមាណ​រុញ​ច្រាន​នូវ​ភាព​ស្រស់​ថ្លា​ក្នុង​អារម្មណ៍​មិន​អាច​នឹង​គណនា​បាន។​ គយ​គន់​ទេសភាព​ដែល​នៅ​អម​សង​ខាង​ផ្លូវ​ ហាក់​ធ្វើ​ឲ្យ​យើង​មិន​មាន​អារម្មណ៍​ថា​នឿយ​ណាយ​ ប្រះ​ខ្លួន​ជាង​មួយ​ម៉ោង​កន្លះ​ក្រុម​ការងារ​ សូវរីន​ បាន​ធ្វើ​ដំណើរ​មក​ដល់​ទី​រួម​ស្រុក​ក្រគរ​ យើង​ក៏​បាន​បន្ត​ដំណើរ​បត់​ឆ្វេង​ដៃ​ ដើម្បី​ទៅ​ដល់​ទី​នោះ​ ត្រូវ​ទៅ​ដល់​ភូមិ​បំណក់​ ឃុំ​ឈើតុំ​  ស្រុក​ក្រគរ​ និង​មាន​ចម្ងាយ​៧៣គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ក្រុង​ពោធិសាត់​ និង​ប្រហែល​ជា​៤១គីឡូម៉ែត្រ​ពី​ផ្សារ​ក្រគរ។​ ហាក់​បី​ដូច​ជា​ទិដ្ឋភាព​មួយ​ដែល​យើង​កម្រ​នឹង​បាន​ឃើញ​ណាស់​ ព្រោះ​ទិដ្ឋភាព​នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ទឹក​ធ្លាក់​ច្រកល្អៀង​ ហ៊ុំព័ទ្ធ​ដោយ​ជួរភ្នំ​ខ្នាត់ខ្វែង​ ហាក់​កំពុង​សម្ដែង​ឬទ្ធិ​បង្អួត​សម្រស់​ជា​មួយ​ទេសភាព​បៃតង​ យ៉ាង​ស្រស់​ត្រកាល​នាវស្សាន្តរដូវ​នេះ។​ សម្លេង​ទឹកធ្លាក់​បាន​ដាស់​អារម្មណ៍​អង្រួន​បេះដូង​ភ្ញៀវ​ទេសចរ​ឲ្យ​រឹត​តែ​ចង់​ឃើញ​ពី​សម្រស់​ដ៏​ល្អ​ឯក​របស់​ទឹកធ្លាក់​ច្រកល្អៀង។​ ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ប្រហែល​ជា​១០ម៉ែត្រ​ជាង​ យើង​បាន​ឃើញ​នូវ​សម្រស់​ធម្មជាតិ​របស់​ទឹក​ជ្រោះ​ច្រកល្អៀង​ដែល​ប្រៀប​បីដូច​ជា​ខ្សែ​ទឹក​ហូរ​កាត់​កណ្ដាល​ទ្រូង​ព្រៃ​ឡោមព័ទ្ធ​ទៅ​ដោយ​ព្រៃឈើ​ និង​អ័ព្ទ​ធ្លាក់​ចុះ​គួរ​ជា​ទី​គយគន់។

          ភ្ញៀវ​ទេសចរ​អាច​ហែល​ទឹក​លេង​ ឬ​សម្រាក​នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​ នៅ​ទី​នោះ​ក៏​មាន​លក់​ម្ហូប​អាហារ​គ្រប់​មុខ​សម្រាប់​ភ្ញៀវ​ទេសចរ​ទទួលទាន​អាហារ​នៅ​ក្បែរ​ទឹក​ជ្រោះ​ដែរ​នឹង​ធ្វើ​ឲ្យ​កាន់​តែ​មនោរម្យ។​ អូរដា​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​មាន​ប្រជាប្រិយ​ និង​ស្រស់​ស្អាត​ ដែល​មាន​ទីតាំង​នៅ​ភូមិ​រកាត​ ស្រុក​ក្រវាញ​ តាម​បណ្ដោយ​ជួរភ្នំ​ក្រវាញ​ ចម្ងាយ​៥៥គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ក្រុង​ពោធិសាត់​ និង​២៦គីឡូម៉ែត្រ​ពី​ស្រុក​ភ្នំក្រវាញ។​ តាម​បណ្ដោយ​សង​ខាង​ផ្លូវ​ដែល​មាន​ខ្យល់​បក់​យ៉ាង​ត្រជាក់​ អ្នក​អាច​ឃើញ​ព្រៃភ្នំ​ ឮ​សម្លេង​បក្សី​ និង​សម្លេង​រៃយំ​ប្រចាំ​រដូវ​ អ្នក​ធ្វើ​ដំណើរ​ភាគ​ច្រើន​មាន​អារម្មណ៍​ស្រស់ស្រាយ​ជា​មួយ​ទេសភាព​ដ៏​ស្រស់ស្អាត​ និង​ភាព​ស្ងប់ស្ងាត់។​ អារម្មណ៍​តានតឹង​ពី​ការងារ​ ឬ​ជីវិត​គ្រួសារ​ និង​បាត់​ទៅ​ដោយ​ទេសភាព​អូរ​បែប​ធម្មជាតិ​ដែល​ហូរ​ពី​ស្ទឹង​អារ៉ៃ​មក​ពី​តំបន់​ភ្នំក្រវាញ។​ នៅ​តាម​មាត់ស្ទឹង​នេះ​មាន​ទទឹង​ប្រហែល​៥០០ម៉ែត្រ​មាន​ពេញ​ទៅ​ដោយ​ថ្មភ្នំ​ធំៗ​រាប់ពាន់​ដុំ។​ អំឡុង​រដូវភ្លៀង​ ទឹក​ថ្លា​នាំ​យក​ថ្ម​ល្អិតៗ​ ប៉ុន្តែ​នៅ​ពេល​ទឹកភ្លៀង​ស្ងួត​ អ្នក​ធ្វើ​ដំណើរ​បែប​សង់ទីម៉ង់​អាច​អង្គុយ​លើ​ថ្ម​ក្នុង​ពេល​ធ្វើ​ដំណើរ។​ ល្បាក់កំរោញ៖​ សម្រាប់​ស្ទឹង​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ពេញ​មួយឆ្នាំ​ ល្បាក់កំរោញ​ជា​កន្លែង​ធម្មជាតិ​មួយ​ទៀត​ដែល​ស្ថិត​នៅ​បណ្ដោយ​ផ្លូវ​លេខ៥៦​ (ខេត្ត​ពោធិ៍សាត់​ ស្រុក​វាលវែង)​ និង​មាន​ចម្ងាយ​៥៣គីឡូម៉ែត្រ​ភាគ​និរតី​ក្រុង​ពោធិសាត់។​ ទីនេះ​មាន​ស្ថិត​នៅ​ក្នុង​ភូមិ​អង្ក្រង​ ឃុំ​សំរោង​ ស្រុក​ភ្នំក្រវាញ។

          យើង​បន្ត​ដំណើរ​ទៅ​កាន់​ភូមិ​បណ្តែត​ទឹក​កំពង់​លួង​ ដែល​ស្ថិត​នៅ​លើ​បឹង​ទន្លេសាប​ជា​កន្លែង​តែ​មួយ​គត់​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មិន​អាច​នឹង​រំលង​ទីកន្លែង​កម្សាន្ត​មួយ​នេះ​បាន។​ នៅ​អមសង​ខាងផ្លូវ​ចូល​ទៅ​កាន់​ភូមិ​បណ្ដែតទឹក​កំពង់លួង​ យើង​សង្កេត​ឃើញ​មាន​ផ្ទះ​តូចៗ​ជា​ច្រើន​រយខ្នង​បាន​តម្រៀប​គ្នា​ជា​ជួរ​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ផ្ទះ​ទាំង​នោះ​អាច​ធ្វើ​ការ​ចល័ត​ផ្លាស់​ទី​បាន​ រីឯ​ជើង​សសរ​របស់​ផ្ទះ​នីមួយៗ​នៅ​មាន​ស្នាម​សើម​ថ្មីៗ​នៅ​ឡើយ​ទេ។​ បន្ត​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​៤គីឡូម៉ែត្រ​ យើង​ក៏​បាន​ឃើញ​ផ្ទៃ​បឹង​ទន្លេសាប​ដ៏​ធំ​ល្វឹងល្វើយ​មើល​ដាច់​កន្ទុយភ្នែក​ហើយ​អ្វី​ដែល​យើង​កាន់​តែ​ប្លែក​អារម្មណ៍​នោះ​គឺ​ការ​រស់​នៅ​លើ​ទឹក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង។​ នៅ​ភូមិ​កំពង់លួង​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រកប​របរ​នេសាទ​ចិញ្ចឹម​ជីវិត​ រីឯ​អ្នក​ខ្លះ​ប្រកប​របរ​លក់​ឥវ៉ាន់​ចាប់​ហ៊ួយ​ និង​ប្រកប​របរ​ផ្សេងៗ​ទៀត​ដូច​នៅ​លើ​គោក​ផង​ដែរ។​ នៅ​ទី​នោះ​ក៏​មាន​ជួល​ទូក​សម្រាប់​ភ្ញៀវ​ទេសចរ​ជិះ​កម្សាន្ត​មើល​ទិដ្ឋភាព​ជុំវិញ​ភូមិ​បណ្ដែត​ទឹក​ផង​ដែរ។​ ផ្ទៃ​មេឃ​ខៀវ​ស្រងាត់​ ខ្យល់​បក់​មក​ផាត់​ប៉ះ​កាយា​កាន់​តែ​ញុំាង​ឲ្យ​អារម្មណ៍​របស់​យើង​ស្រស់​ស្រាយ​ជា​មួយ​ទិដ្ឋភាព​ថ្មី​មួយ​នេះ។​ ភូមិ​បណ្ដែតទឹក​កំពង់លួង​យើង​សង្កេត​ឃើញ​មាន៖​ ភោជនីយដ្ឋាន​ សាលារៀន​ វត្តអារាម​ ការិយាល័យ​ចរាចរ​ផ្លូវទឹក​ ប៉ុស្តិ៍​នគរបាល​ ប៉ុស្តិ៍​សុខភាព​ ផ្ទះ​លក់​ទំនិញ​គ្រប់​មុខ​ ហ្គារាស​សាំង​ ផ្ទះសំណាក់​ និង​កន្លែង​សម្រាប់​ជួល​ក្នុង​ការ​រៀប​ចំ​អាពាហ៍ពិពាហ៍​ជា​ដើម។​ ប្រជាជន​គ្រប់​រូប​រស់​នៅ​លើ​ទូក​ ហើយ​ភូមិ​ទាំង​មូល​ប្ដូរ​ទី​តាំង​ទៅ​តាម​កម្រិត​នៃ​ទឹក​បឹង​ទន្លេសាប។​ ភូមិ​បណ្ដែតទឹក​នេះ​មាន​ចម្ងាយ​ចន្លោះ​ពី​៣៥​ទៅ​៤០គីឡូម៉ែត្រ​ភាគ​ពាយព្យ​ខេត្ត​ពោធិ៍សាត់។​ ចេញ​ពី​ភូមិ​បណ្ដែតទឹក​កំពង់លួង​យើង​បាន​បន្ត​ដំណើរ​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ដែល​ស្ថិត​នៅ​ទី​រួម​ខេត្ត​ពោធិ៍សាត់​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៥។

          ធ្វើ​ដំណើរ​ជិត​ដល់​ទីរួម​ខេត្ត​យើង​បាន​ពើប​ប្រទះ​នូវ​រូប​សំណាក់​ផ្ដិល​ដ៏​ធំ​មួយ​ផុស​ចំ​កណ្ដាយ​ផ្លូវ​ជាតិ​ ដែល​អម​ទៅ​ដោយ​ទិដ្ឋភាព​ពណ៌​បៃតង​ខៀវស្រងាត់។​ រង្វង់​មូល​រូប​ផ្តិល​នេះ​កសាង​ឡើង​ក្នុង​ឆ្នាំ២០១៣​ ដើម្បី​ជា​ការ​បង្ហាញ​ពី​អត្ត​សញ្ញាណ​របស់​ខេត្ត​ពោធិ៍សាត់​នោះ​គឺ​ថ្មកែវ​ ហើយ​រង្វង់មូល​ដែល​មាន​សាង​សង់​រូប​ផ្តិលនេះ​ក៏​បាន​ទាក់ទាញ​អារម្មណ៍​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​មក​ផ្តិត​យក​រូបភាព​ទុក​ជា​អនុស្សាវរីយ៍​ផង​ដែរ។​ នៅ​ពេល​ឈាន​ជើង​ចូល​មក​ដល់​ទីរួម​ខេត្ត​ពោធិ៍សាត់​ យើង​សង្កេត​ឃើញ​ហេដ្ឋា​រចនាសម្ធ័ន​របស់​ខេត្ត​រៀបចំ​យ៉ាង​ល្អ​ សួនច្បារ​លាតសន្ធឹង​បណ្ដោយ​ស្ទឹង​ពោធិ៍សាត់​នៃ​ភាគ​ខាង​ជើង​ស្ពានថ្ម​ និង​ភាគ​ខាង​លិច​ក្រុង។​ ដំបូង​ឡើយ​សួន​នេះ​ត្រូវ​បាន​សាង​សង់​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​ មុន​ពេល​ត្រូវ​បាន​បំផ្លាញ​ដោយ​ប៉ុល ពត​ តែ​ត្រូវ​បាន​កសាង​ថ្មី​ឡើង​វិញ​បន្ទាប់​ពី​របប​នេះ​បាន​បញ្ចប់។​ សួន​នេះ​មាន​ឈ្មោះថា​សួន​១៤មករា​ ដែល​ជា​ការ​ចង​ចាំថ្ងៃ​​នៃ​ការ​មាន​សេរីភាព​ពី​របប​ប៉ុលពត​ក្នុង​ឆ្នាំ១៩៧៩ ។

          កោះ​​សំពៅមាស​ជា​បេះដូង​នៃ​ខេត្ត​ពោធិ៍សាត់​ ហើយ​ក៏​ជា​តំបន់​ទេសចរណ៍​ដ៏​អាថ៌កំបាំង​ និង​ទាក់ទាញ​បំផុត​ សម្រាប់​ភ្ញៀវ​ទេសចរជាតិ​ និង​អន្តរជាតិ​មក​ទស្សនា​ជា​រៀង​រាល់ថ្ងៃ​ ដែល​មាន​ចម្ងាយ​១គីឡូម៉ែត្រ​ពី​ស្ពានថ្ម​ទីមួយ​នៅ​ក្នុង​ក្រុង​ពោធិ៍សាត់។​ បើ​មើល​ពេល​ថ្ងៃ​ កោះ​សំពៅមាស​ហាក់​បី​ដូច​ជា​សំពៅ​មួយ​គ្រឿង​ផ្ទុក​សម្ភារ​ និង​មនុស្ស​ពេញ​កំពុង​ធ្វើ​ដំណើរ​សន្សឹមៗ​បញ្ច្រាស​ទឹក​ឡើង​ពី​បឹង​ទន្លេសាប​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ​កាត់​តាម​មុខ​សាលាខេត្ត​ ហើយ​បើ​ពេល​រាត្រី​ប្រៀប​ដូច​កូន​ទីក្រុង​មួយ​នៅ​លើ​កោះ​កណ្តាល​ទន្លេ​ ឬ​សមុទ្រ​ ដែល​មាន​មនុស្ស​អ៊ូអរ​ និង​លម្អ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជា​ទី​គយគន់។​ ឈ្មោះ​កោះ​សំពៅមាស​មាន​មក​ពី​ក្នុង​រឿង​ព្រេង​បុរាណ​មួយ​ដែល​ទាក់ទង​នឹង​សំពៅ​ ដែល​ត្រូវ​បាន​គេ​និយាយ​ថា​បាន​ក្លាយ​ជា​គោក​ និង​ជាប់​កឿង​បាត​ស្ទឹង​ដែល​មាន​អ្នក​រស់​នៅ​ក្នុង​តំបន់​រាប់រយ​នាក់។​ សំពៅ​នៅ​តែ​នៅ​ទី​នេះ​ហើយ​បាន​ក្លាយ​ជា​កោះ​តូចមួយ​ ហើយ​សព្វ​ថ្ងៃ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ "កោះ​សំពៅមាស"​ ដើម្បី​ជា​ការ​ចង​ចាំ​រឿង​ព្រេង​បុរាណ។

          ចាក​ចេញ​ពី​កោះ​សំពៅមាស​បន្ត​ដំណើរ​ទៅ​មុខ​បន្តិច​ទៀត​អ្នក​នឹង​បាន​ពើប​ប្រទះ​នូវ​ទិដ្ឋភាព​អ៊ូអរ​នោះ​គឺ​ផ្សារ​ថ្មី​ពោធិ៍សាត់​ស្ថិត​នៅ​បណ្ដោយ​មាត់​ស្ទឹង​ពោធិ៍សាត់​នៅ​ខាង​លិច​ក្រុង​ និង​មាន​ចម្ងាយ​ប្រហែល​៧០០ម៉ែត្រ​ខាង​ជើង​ស្ពានថ្ម។​ ផ្សារ​នេះ​មាន​លក់​របស់​របរ​គ្រប់​បែប​យ៉ាង​ចាប់​ពី​ផលិតផល​កសិកម្ម​ដល់​គ្រឿង​អគ្គិសនី​ និង​គ្រឿង​អលង្ការ។​ តូប​លក់​ផ្លែឈើ​មាន​តាំង​លក់​យ៉ាង​ស្អាត​នូវ​ផ្លែឈើ​ជាជួរ​ ជា​ពិសេស​គឺ​ក្រូច​ក្នុង​តំបន់​ដ៏​ល្បីល្បាញ​ (ក្រូច​ពោធិ៍សាត់)។​ ខេត្ត​ពោធិ៍សាត់​ជា​តំបន់​ដែល​មាន​ថ្មម៉ាប​ និង​មាន​ភាព​ល្បីល្បាញ​ពាសពេញ​ផ្ទៃ​ប្រទេស​តាម​រយៈ​ចម្លាក់​ថ្មម៉ាប​នេះ។​ សិប្បករ​ដ៏​មាន​ជំនាញ​អាច​នឹង​ឃើញ​នៅ​កន្លែង​ធ្វើ​ការ​ចម្លាក់​បដិមា​ព្រះពុទ្ធ​ដ៏ធំ​ ឬ​រូប​ចម្លាក់​ស្រស់ស្អាត​ផ្សេង​ទៀត។​ មាន​កន្លែង​ចម្លាក់​ច្រើន​ជាង​១៦០កន្លែង​ ក្នុង​ស្រុក​ភាគ​ច្រើន​ជា​សហគ្រាស​ឯកជន​តូចៗ​ លើក​លែង​តែ​ស្រុក​វាលវែង​ដែល​នៅ​តំបន់ភ្នំ។​ រោង​ចម្លាក់​ និង​ហាង​ជា​ច្រើន​ក្នុង​ខេត្ត​ពោធិ៍សាត់​លក់​របស់​មួយ​ចំនួន​ដូច​ជា​ចម្លាក់​ធ្វើ​ដោយ​ដៃ​យ៉ាង​ពិសេស​ ដែល​អាច​យក​មក​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​យ៉ាង​ពិសេស។

          ទោះ​បី​ខេត្ត​ពោធិ៍សាត់​ មិនមែន​ជា​តំបន់​ដែល​មាន​ប្រាសាទ​បុរាណ​សំខាន់ៗ​ក៏​ដោយ​ ប៉ុន្តែ​នេះ​ពោរពេញ​ទៅ​ដោយ​ប្រវត្តិសាស្រ្ត​សង្គ្រាម​រវាង​សៀម​ និងខ្មែរ​ ដែល​បាន​កើត​ឡើង​មុន​សម័យ​អាណានិគមបារាំង​ក្នុង​ប្រទេស​កម្ពុជា​ ព្រោះ​នៅ​ទី​នោះ​មាន​បន្សល់​ទុក​នូវ​ភស្តុតាង​កាល​ពី​អតីតកាល​នោះ​គឺ​ទីតាំង​ប្រវត្តិសាស្រ្ត​ដែល​ល្បីល្បាញ​មួយ​នោះ​គឺ​ផ្នូរ​របស់​ឧកញ៉ា​ ឃ្លាំង មឿង​ ដែល​ជា​វីរបុរស​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ដឹក​នាំ​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​ និង​បាន​យក​ឈ្នះ​សៀម​ក្នុង​ឆ្នាំ១៤៨២។​ នា​ពេល​បច្ចុប្បន្ន​បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង​ជា​ទី​សក្ការបូជា​របស់​ប្រជាជន​ខ្មែរ​ដែល​ស្ថិត​នៅ​ចម្ងាយ​៦គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ ក្នុង​ឃុំ​ស្នាមព្រះ​ ស្រុក​បាកាន។​ ទីនេះ​ជា​តំបន់​ប្រវត្តិសាស្រ្ត​មួយ​យ៉ាង​សំខាន់​ ជា​តំបន់​ដែល​រំលឹក​ឡើង​វិញ​ចំពោះ​វីរភាព​អង់អាច​ក្លាហាន​ ហ៊ានបូជា​ជីវិត​របស់​បុព្វបុរស​ខ្មែរ​យើង​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី​មាតុភូមិ​ពី​ពួក​ចោរ​ឈ្លានពាន។​

          ឆ្លង​តាម​រយៈ​ការ​បង្ហាញ​ជូន​នូវ​អត្ថន័យ​ក៏​ដូច​ជា​ទិដ្ឋភាព​ដ៏​សែន​មនោរម្យ​តាម​តំបន់​ទេសចរណ៍​នីមួយៗ​របស់​ខេត្ត​ ពោធិ៍សាត់​ ទស្សនាវដ្ដី​ សូវរីន​ សង្ឃឹម​នឹង​ជឿជាក់​ថា​ ប្រិយមិត្ត​ដែល​មិន​ធ្លាប់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​មក​កាន់​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា​អាច​សាក​ល្បង​នូវ​រសជាតិ​ទេសចរណ៍​កម្សាន្ត​បែប​ភូមិ​សហគមន៍​បណ្ដែតទឹក​ដ៏​ប្លែកភ្នែក​ រួម​ជា​មួយ​តំបន់​រមណីយដ្ឋាន​បែប​ធម្មជាតិ​ជា​ច្រើន​ទៀត​ដែល​មាន​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។​ ការ​ចូល​រួម​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​តាម​តំបន់​នីមួយៗ​ របស់​ប្រិយមិត្ត​វា​ប្រៀប​បី​ដូច​ជា​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ​កម្ពស់​ជីវភាព​ប្រជាជន​ដែល​រស់​នៅ​តំបន់​នោះ​នឹង​បង្កើន​ការងារ​ដល់​ពួក​គាត់​ផង​ដែរ៕ 

 Article by HENG CHANMAKARA


SUGGESTIONS