ដំណើរកម្សាន្តទៅកាន់ភាគខាងលិចនៃប្រទេសកម្ពុជា ដែលពោរពេញដោយទេសភាព បៃតងស្រស់ឡោមព័ទ្ធទៅដោយជួរភ្នំយ៉ាងវែងអន្លាយ
TRAVEL & LIVING 6 years agoពោធិ៍សាត់ ជាខេត្តមួយដែលគ្របដណ្ដប់មួយភាគធំទៅដោយជួរភ្នំ ហើយខេត្តនេះមានទីតាំងស្ថិតនៅភាគខាងលិចបឹងទន្លេសាប។ ខេត្តនេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានចម្ងាយប្រមាណ១៦៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាទឹកដីនៃខេត្តសម្បូរធនធានធម្មជាតិមានដូចជា រ៉ែ ថ្មកែវ ជាដើម។ ចំពោះដំណាំហូបផ្លែ ខេត្តនេះមិនចាញ់ទឹកដីខេត្តដទៃទៀតប៉ុន្មាននោះទេ ជាពិសេសមានភ្នំធម្មជាតិមួយកន្លែងដែលប្រជាពលរដ្ឋខ្មែរតែងតែទៅគាស់យកថ្ម ប្រភេទថ្មកែវដ៏មានតម្លៃមកឆ្លាក់ជារូបផ្សេងៗ សម្រាប់លក់ជូនអតិថិជនទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីទិដ្ឋភាពប្លែកៗនៅតាមដងទន្លេសាប ខេត្តនេះនៅមានតំបន់ខ្លះៗទៀត សម្រាប់លួងចិត្តដល់ភ្ញៀវទេសចរផងដែរ។ សម្រាប់ទំព័រទេសចរណ៍ក្នុងសប្តាហ៍នេះ សូវរីន សូមនាំអារម្មណ៍ប្រិយមិត្តមកទស្សនាកម្សាន្តជាមួយតំបន់ទេសចរណ៍ដែលកំពុងតែមានសក្ដានុពលប្រចាំខេត្តពោធិ៍សាត់ រួមជាមួយនឹងការបង្ហាញអំពីតថភាពពិតរបស់ប្រជាពលរដ្ឋផងដែរ។
មុននឹងចូលទៅដល់ការបង្ហាញជូនពីតំបន់រមណីយដ្ឋានសំខាន់ៗក្នុងខេត្ត សូវរីន សូមធ្វើការបង្ហាញជូនអំពីប្រវត្តិនៃការកកើតឈ្មោះខេត្តនេះថា “ពោធិ៍សាត់” តាមពាក្យបរម្បរាពីព្រេងនាយបានតំណាលថា មានដើមពោធិតូចមួយរសាត់ច្រាសទឹកមកយ៉ាងអស្ចារ្យប្លែក ប្រជាពលរដ្ឋក៏បានស្រង់យកទៅដាំនៅទីមួយ ដោយហេតុនេះទើបឲ្យឈ្មោះខេត្តនេះថា “ពោធិ៍រសាត់” ព្រោះពាក្យថារសាត់ និងសាត់ នេះជាពាក្យតែមួយប្រើជួសគ្នាបាន។ លុះចំណេរកាលយូរអង្វែងមកក៏ហៅតៗគ្នាថា “ពោធិ៍សាត់” មកដល់បច្ចុប្បន្ននេះ។
ខែកត្ដិក ធ្លាក់ខ្យល់រំហើយ វាលស្រែពណ៌បៃតងខៀវខ្ចី ដែលប្រៀបបាននឹងកម្រាលព្រំបៃតងស្រស់ បានរំលេចខ្លួនបង្អួតសម្រស់អន្ទងដួងចិត្តអ្នកធ្វើដំណើរគ្រប់រូបឲ្យរសាយបាត់ផុតនូវទុក្ខកង្វល់ ដែលមានទាំងអម្បាលមាណរុញច្រាននូវភាពស្រស់ថ្លាក្នុងអារម្មណ៍មិនអាចនឹងគណនាបាន។ គយគន់ទេសភាពដែលនៅអមសងខាងផ្លូវ ហាក់ធ្វើឲ្យយើងមិនមានអារម្មណ៍ថានឿយណាយ ប្រះខ្លួនជាងមួយម៉ោងកន្លះក្រុមការងារ សូវរីន បានធ្វើដំណើរមកដល់ទីរួមស្រុកក្រគរ យើងក៏បានបន្តដំណើរបត់ឆ្វេងដៃ ដើម្បីទៅដល់ទីនោះ ត្រូវទៅដល់ភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ និងមានចម្ងាយ៧៣គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងពោធិសាត់ និងប្រហែលជា៤១គីឡូម៉ែត្រពីផ្សារក្រគរ។ ហាក់បីដូចជាទិដ្ឋភាពមួយដែលយើងកម្រនឹងបានឃើញណាស់ ព្រោះទិដ្ឋភាពនៅតាមផ្លូវឆ្ពោះទៅកាន់ទឹកធ្លាក់ច្រកល្អៀង ហ៊ុំព័ទ្ធដោយជួរភ្នំខ្នាត់ខ្វែង ហាក់កំពុងសម្ដែងឬទ្ធិបង្អួតសម្រស់ជាមួយទេសភាពបៃតង យ៉ាងស្រស់ត្រកាលនាវស្សាន្តរដូវនេះ។ សម្លេងទឹកធ្លាក់បានដាស់អារម្មណ៍អង្រួនបេះដូងភ្ញៀវទេសចរឲ្យរឹតតែចង់ឃើញពីសម្រស់ដ៏ល្អឯករបស់ទឹកធ្លាក់ច្រកល្អៀង។ ធ្វើដំណើរដោយថ្មើរជើងប្រហែលជា១០ម៉ែត្រជាង យើងបានឃើញនូវសម្រស់ធម្មជាតិរបស់ទឹកជ្រោះច្រកល្អៀងដែលប្រៀបបីដូចជាខ្សែទឹកហូរកាត់កណ្ដាលទ្រូងព្រៃឡោមព័ទ្ធទៅដោយព្រៃឈើ និងអ័ព្ទធ្លាក់ចុះគួរជាទីគយគន់។
ភ្ញៀវទេសចរអាចហែលទឹកលេង ឬសម្រាកនៅក្នុងភាពស្ងៀមស្ងាត់ នៅទីនោះក៏មានលក់ម្ហូបអាហារគ្រប់មុខសម្រាប់ភ្ញៀវទេសចរទទួលទានអាហារនៅក្បែរទឹកជ្រោះដែរនឹងធ្វើឲ្យកាន់តែមនោរម្យ។ អូរដាជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយ និងស្រស់ស្អាត ដែលមានទីតាំងនៅភូមិរកាត ស្រុកក្រវាញ តាមបណ្ដោយជួរភ្នំក្រវាញ ចម្ងាយ៥៥គីឡូម៉ែត្រភាគខាងត្បូងក្រុងពោធិសាត់ និង២៦គីឡូម៉ែត្រពីស្រុកភ្នំក្រវាញ។ តាមបណ្ដោយសងខាងផ្លូវដែលមានខ្យល់បក់យ៉ាងត្រជាក់ អ្នកអាចឃើញព្រៃភ្នំ ឮសម្លេងបក្សី និងសម្លេងរៃយំប្រចាំរដូវ អ្នកធ្វើដំណើរភាគច្រើនមានអារម្មណ៍ស្រស់ស្រាយជាមួយទេសភាពដ៏ស្រស់ស្អាត និងភាពស្ងប់ស្ងាត់។ អារម្មណ៍តានតឹងពីការងារ ឬជីវិតគ្រួសារ និងបាត់ទៅដោយទេសភាពអូរបែបធម្មជាតិដែលហូរពីស្ទឹងអារ៉ៃមកពីតំបន់ភ្នំក្រវាញ។ នៅតាមមាត់ស្ទឹងនេះមានទទឹងប្រហែល៥០០ម៉ែត្រមានពេញទៅដោយថ្មភ្នំធំៗរាប់ពាន់ដុំ។ អំឡុងរដូវភ្លៀង ទឹកថ្លានាំយកថ្មល្អិតៗ ប៉ុន្តែនៅពេលទឹកភ្លៀងស្ងួត អ្នកធ្វើដំណើរបែបសង់ទីម៉ង់អាចអង្គុយលើថ្មក្នុងពេលធ្វើដំណើរ។ ល្បាក់កំរោញ៖ សម្រាប់ស្ទឹងដែលមានទេសភាពស្រស់ស្អាតពេញមួយឆ្នាំ ល្បាក់កំរោញជាកន្លែងធម្មជាតិមួយទៀតដែលស្ថិតនៅបណ្ដោយផ្លូវលេខ៥៦ (ខេត្តពោធិ៍សាត់ ស្រុកវាលវែង) និងមានចម្ងាយ៥៣គីឡូម៉ែត្រភាគនិរតីក្រុងពោធិសាត់។ ទីនេះមានស្ថិតនៅក្នុងភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញ។
យើងបន្តដំណើរទៅកាន់ភូមិបណ្តែតទឹកកំពង់លួង ដែលស្ថិតនៅលើបឹងទន្លេសាបជាកន្លែងតែមួយគត់ និងគួរឲ្យចាប់អារម្មណ៍មិនអាចនឹងរំលងទីកន្លែងកម្សាន្តមួយនេះបាន។ នៅអមសងខាងផ្លូវចូលទៅកាន់ភូមិបណ្ដែតទឹកកំពង់លួង យើងសង្កេតឃើញមានផ្ទះតូចៗជាច្រើនរយខ្នងបានតម្រៀបគ្នាជាជួរ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺផ្ទះទាំងនោះអាចធ្វើការចល័តផ្លាស់ទីបាន រីឯជើងសសររបស់ផ្ទះនីមួយៗនៅមានស្នាមសើមថ្មីៗនៅឡើយទេ។ បន្តដំណើរក្នុងរយៈចម្ងាយ៤គីឡូម៉ែត្រ យើងក៏បានឃើញផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែកហើយអ្វីដែលយើងកាន់តែប្លែកអារម្មណ៍នោះគឺការរស់នៅលើទឹករបស់ប្រជាពលរដ្ឋខ្មែរយើង។ នៅភូមិកំពង់លួងប្រជាពលរដ្ឋភាគច្រើនប្រកបរបរនេសាទចិញ្ចឹមជីវិត រីឯអ្នកខ្លះប្រកបរបរលក់ឥវ៉ាន់ចាប់ហ៊ួយ និងប្រកបរបរផ្សេងៗទៀតដូចនៅលើគោកផងដែរ។ នៅទីនោះក៏មានជួលទូកសម្រាប់ភ្ញៀវទេសចរជិះកម្សាន្តមើលទិដ្ឋភាពជុំវិញភូមិបណ្ដែតទឹកផងដែរ។ ផ្ទៃមេឃខៀវស្រងាត់ ខ្យល់បក់មកផាត់ប៉ះកាយាកាន់តែញុំាងឲ្យអារម្មណ៍របស់យើងស្រស់ស្រាយជាមួយទិដ្ឋភាពថ្មីមួយនេះ។ ភូមិបណ្ដែតទឹកកំពង់លួងយើងសង្កេតឃើញមាន៖ ភោជនីយដ្ឋាន សាលារៀន វត្តអារាម ការិយាល័យចរាចរផ្លូវទឹក ប៉ុស្តិ៍នគរបាល ប៉ុស្តិ៍សុខភាព ផ្ទះលក់ទំនិញគ្រប់មុខ ហ្គារាសសាំង ផ្ទះសំណាក់ និងកន្លែងសម្រាប់ជួលក្នុងការរៀបចំអាពាហ៍ពិពាហ៍ជាដើម។ ប្រជាជនគ្រប់រូបរស់នៅលើទូក ហើយភូមិទាំងមូលប្ដូរទីតាំងទៅតាមកម្រិតនៃទឹកបឹងទន្លេសាប។ ភូមិបណ្ដែតទឹកនេះមានចម្ងាយចន្លោះពី៣៥ទៅ៤០គីឡូម៉ែត្រភាគពាយព្យខេត្តពោធិ៍សាត់។ ចេញពីភូមិបណ្ដែតទឹកកំពង់លួងយើងបានបន្តដំណើរទៅកាន់តំបន់រមណីយដ្ឋានដែលស្ថិតនៅទីរួមខេត្តពោធិ៍សាត់នៅតាមបណ្ដោយផ្លូវជាតិលេខ៥។
ធ្វើដំណើរជិតដល់ទីរួមខេត្តយើងបានពើបប្រទះនូវរូបសំណាក់ផ្ដិលដ៏ធំមួយផុសចំកណ្ដាយផ្លូវជាតិ ដែលអមទៅដោយទិដ្ឋភាពពណ៌បៃតងខៀវស្រងាត់។ រង្វង់មូលរូបផ្តិលនេះកសាងឡើងក្នុងឆ្នាំ២០១៣ ដើម្បីជាការបង្ហាញពីអត្តសញ្ញាណរបស់ខេត្តពោធិ៍សាត់នោះគឺថ្មកែវ ហើយរង្វង់មូលដែលមានសាងសង់រូបផ្តិលនេះក៏បានទាក់ទាញអារម្មណ៍អ្នកដែលបានធ្វើដំណើរឆ្លងកាត់មកផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍ផងដែរ។ នៅពេលឈានជើងចូលមកដល់ទីរួមខេត្តពោធិ៍សាត់ យើងសង្កេតឃើញហេដ្ឋារចនាសម្ធ័នរបស់ខេត្តរៀបចំយ៉ាងល្អ សួនច្បារលាតសន្ធឹងបណ្ដោយស្ទឹងពោធិ៍សាត់នៃភាគខាងជើងស្ពានថ្ម និងភាគខាងលិចក្រុង។ ដំបូងឡើយសួននេះត្រូវបានសាងសង់ក្នុងសម័យសង្គមរាស្ត្រនិយម មុនពេលត្រូវបានបំផ្លាញដោយប៉ុល ពត តែត្រូវបានកសាងថ្មីឡើងវិញបន្ទាប់ពីរបបនេះបានបញ្ចប់។ សួននេះមានឈ្មោះថាសួន១៤មករា ដែលជាការចងចាំថ្ងៃនៃការមានសេរីភាពពីរបបប៉ុលពតក្នុងឆ្នាំ១៩៧៩ ។
កោះសំពៅមាសជាបេះដូងនៃខេត្តពោធិ៍សាត់ ហើយក៏ជាតំបន់ទេសចរណ៍ដ៏អាថ៌កំបាំង និងទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាជារៀងរាល់ថ្ងៃ ដែលមានចម្ងាយ១គីឡូម៉ែត្រពីស្ពានថ្មទីមួយនៅក្នុងក្រុងពោធិ៍សាត់។ បើមើលពេលថ្ងៃ កោះសំពៅមាសហាក់បីដូចជាសំពៅមួយគ្រឿងផ្ទុកសម្ភារ និងមនុស្សពេញកំពុងធ្វើដំណើរសន្សឹមៗបញ្ច្រាសទឹកឡើងពីបឹងទន្លេសាបឆ្ពោះទៅកាន់តំបន់ភ្នំកាត់តាមមុខសាលាខេត្ត ហើយបើពេលរាត្រីប្រៀបដូចកូនទីក្រុងមួយនៅលើកោះកណ្តាលទន្លេ ឬសមុទ្រ ដែលមានមនុស្សអ៊ូអរ និងលម្អដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់។ ឈ្មោះកោះសំពៅមាសមានមកពីក្នុងរឿងព្រេងបុរាណមួយដែលទាក់ទងនឹងសំពៅ ដែលត្រូវបានគេនិយាយថាបានក្លាយជាគោក និងជាប់កឿងបាតស្ទឹងដែលមានអ្នករស់នៅក្នុងតំបន់រាប់រយនាក់។ សំពៅនៅតែនៅទីនេះហើយបានក្លាយជាកោះតូចមួយ ហើយសព្វថ្ងៃនេះត្រូវបានគេហៅថា "កោះសំពៅមាស" ដើម្បីជាការចងចាំរឿងព្រេងបុរាណ។
ចាកចេញពីកោះសំពៅមាសបន្តដំណើរទៅមុខបន្តិចទៀតអ្នកនឹងបានពើបប្រទះនូវទិដ្ឋភាពអ៊ូអរនោះគឺផ្សារថ្មីពោធិ៍សាត់ស្ថិតនៅបណ្ដោយមាត់ស្ទឹងពោធិ៍សាត់នៅខាងលិចក្រុង និងមានចម្ងាយប្រហែល៧០០ម៉ែត្រខាងជើងស្ពានថ្ម។ ផ្សារនេះមានលក់របស់របរគ្រប់បែបយ៉ាងចាប់ពីផលិតផលកសិកម្មដល់គ្រឿងអគ្គិសនី និងគ្រឿងអលង្ការ។ តូបលក់ផ្លែឈើមានតាំងលក់យ៉ាងស្អាតនូវផ្លែឈើជាជួរ ជាពិសេសគឺក្រូចក្នុងតំបន់ដ៏ល្បីល្បាញ (ក្រូចពោធិ៍សាត់)។ ខេត្តពោធិ៍សាត់ជាតំបន់ដែលមានថ្មម៉ាប និងមានភាពល្បីល្បាញពាសពេញផ្ទៃប្រទេសតាមរយៈចម្លាក់ថ្មម៉ាបនេះ។ សិប្បករដ៏មានជំនាញអាចនឹងឃើញនៅកន្លែងធ្វើការចម្លាក់បដិមាព្រះពុទ្ធដ៏ធំ ឬរូបចម្លាក់ស្រស់ស្អាតផ្សេងទៀត។ មានកន្លែងចម្លាក់ច្រើនជាង១៦០កន្លែង ក្នុងស្រុកភាគច្រើនជាសហគ្រាសឯកជនតូចៗ លើកលែងតែស្រុកវាលវែងដែលនៅតំបន់ភ្នំ។ រោងចម្លាក់ និងហាងជាច្រើនក្នុងខេត្តពោធិ៍សាត់លក់របស់មួយចំនួនដូចជាចម្លាក់ធ្វើដោយដៃយ៉ាងពិសេស ដែលអាចយកមកធ្វើជាវត្ថុអនុស្សាវរីយ៍យ៉ាងពិសេស។
ទោះបីខេត្តពោធិ៍សាត់ មិនមែនជាតំបន់ដែលមានប្រាសាទបុរាណសំខាន់ៗក៏ដោយ ប៉ុន្តែនេះពោរពេញទៅដោយប្រវត្តិសាស្រ្តសង្គ្រាមរវាងសៀម និងខ្មែរ ដែលបានកើតឡើងមុនសម័យអាណានិគមបារាំងក្នុងប្រទេសកម្ពុជា ព្រោះនៅទីនោះមានបន្សល់ទុកនូវភស្តុតាងកាលពីអតីតកាលនោះគឺទីតាំងប្រវត្តិសាស្រ្តដែលល្បីល្បាញមួយនោះគឺផ្នូររបស់ឧកញ៉ា ឃ្លាំង មឿង ដែលជាវីរបុរសរបស់ប្រជាពលរដ្ឋកម្ពុជាដែលបានដឹកនាំការធ្វើសង្គ្រាមប្រឆាំង និងបានយកឈ្នះសៀមក្នុងឆ្នាំ១៤៨២។ នាពេលបច្ចុប្បន្នបូជនីយដ្ឋានអ្នកតាឃ្លាំងមឿងជាទីសក្ការបូជារបស់ប្រជាជនខ្មែរដែលស្ថិតនៅចម្ងាយ៦គីឡូម៉ែត្រពីទីរួមខេត្ត ក្នុងឃុំស្នាមព្រះ ស្រុកបាកាន។ ទីនេះជាតំបន់ប្រវត្តិសាស្រ្តមួយយ៉ាងសំខាន់ ជាតំបន់ដែលរំលឹកឡើងវិញចំពោះវីរភាពអង់អាចក្លាហាន ហ៊ានបូជាជីវិតរបស់បុព្វបុរសខ្មែរយើងក្នុងបុព្វហេតុការពារទឹកដីមាតុភូមិពីពួកចោរឈ្លានពាន។
ឆ្លងតាមរយៈការបង្ហាញជូននូវអត្ថន័យក៏ដូចជាទិដ្ឋភាពដ៏សែនមនោរម្យតាមតំបន់ទេសចរណ៍នីមួយៗរបស់ខេត្ត ពោធិ៍សាត់ ទស្សនាវដ្ដី សូវរីន សង្ឃឹមនឹងជឿជាក់ថា ប្រិយមិត្តដែលមិនធ្លាប់បានធ្វើដំណើរកម្សាន្តមកកាន់ភាគខាងលិចនៃប្រទេសកម្ពុជាអាចសាកល្បងនូវរសជាតិទេសចរណ៍កម្សាន្តបែបភូមិសហគមន៍បណ្ដែតទឹកដ៏ប្លែកភ្នែក រួមជាមួយតំបន់រមណីយដ្ឋានបែបធម្មជាតិជាច្រើនទៀតដែលមាននៅក្នុងខេត្តពោធិ៍សាត់។ ការចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅតាមតំបន់នីមួយៗ របស់ប្រិយមិត្តវាប្រៀបបីដូចជាការចូលរួមចំណែកលើកស្ទួយកម្ពស់ជីវភាពប្រជាជនដែលរស់នៅតំបន់នោះនឹងបង្កើនការងារដល់ពួកគាត់ផងដែរ៕
Article by HENG CHANMAKARA