×

ផ្ទះ​សំណាក់​និង​ភោជនីយដ្ឋាន​ទន្លេ​ (​Le Tonlé​) ក្តី​សង្ឃឹម​ថ្មី​របស់​យុវជន​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​បន្ត​ការ​សិក្សា​

TRAVEL & LIVING 6 years ago
 
 

          ស្ថិតនៅ​ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ទេសចរ​បំផុត នៅតាម​បណ្តោយ​ផ្លូវលេខបី​ នៃ​ភូមិ​ផ្សារវែង ក្រុងក្រចេះ គេ​គ្រាន់តែ​ក្រលេក​បន្តិច នឹង​ឃើញ​មាន​ផ្ទះសំណាក់​និង​ភោជនីយដ្ឋាន​មួយ​កន្លែង​ដែល​រៀបចំ​យ៉ាង​មាន​សណ្តាប់​ធ្នាប់ និង​មាន​ភ្ញៀវ​បរទេស​ចេញចូល​ឥតដាច់ ជាមួយ​នឹង​ស្លាក​មួយ​ដែល​មាន​សរសេរ​អក្សរ​ជាខេម​ភាសា​យ៉ាងធំៗ​ថា “ទន្លេ”។ បើមើល​ពីខាង​ក្រៅ​យើង​ប្រហែល​ជាគិតថា​ជាជំនួញ​ឯកជន​ធម្មតា​មួយ​តែប៉ុណ្ណោះ​ ប៉ុន្តែ​ធាតុពិត​ផ្ទះសំណាក់​និង​ភោជនីយដ្ឋាន ទន្លេ ក៏ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​មួយ​ដែល​បាន​ផ្តល់នូវ​ក្តីសង្ឃឹម​ថ្មី​សម្រាប់​យុវជន​នៅតាម​ជនបទ​ដាច់​ស្រយាល ពិសេស​មក​ពី​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​រតនគិរី ដែល​មាន​ជីវភាព​ទីទាល់​ក្រ​និង​គ្មាន​លទ្ធភាព​បន្ត​ការសិក្សា​ពិបាក​ក្នុង​ការស្វែងរក​ការងារ​ក៏​ដូចជា​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស តាមរយៈ​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​នៅឯ​ប្រទេស​ស្វ៊ីស​ថែម​ទៀត​ផង។

          ផ្ទះសំណាក់​និង​ភោជនីយដ្ឋាន​ទន្លេ (Le Tonlé) បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៧​ដោយ​ប្តីប្រពន្ធ​ជនជាតិ​ស្វ៊ីស​ពីររូប​ក្រោម​ដំបូល​អង្គការ Tourism For Help របស់​ប្រទេស​ស្វ៊ីស​ក្នុង​គម្រោង​ជួយ​ដល់​ប្រជាជន​កម្ពុជា​ដែល​មិនមាន​ឱកាស​បន្ត​ការសិក្សា​ឲ្យ​ទទួល​បាន​ការ​បណ្តុះបណ្តាល​ក្នុង​ផ្នែក​ទេសចរណ៍​នៅ​ខេត្ត​ស្ទឹងត្រែង ​ហើយ​រហូត​ដល់ឆ្នាំ ២០១៥ Le Tonlé ​ក៏​ចាប់ផ្តើម​ផ្លាស់ប្តូរ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​នេះ មកកាន់​ក្រុង​ក្រចេះ​ជាមួយ​នឹង​ការ​សិក្សា​បណ្តើរ​និង​អនុវត្ត​បណ្តើរ​នៅឯ​ផ្ទះសំណាក់​និង​ភោជនីយដ្ឋាន​ផ្ទាល់​តែម្តង។ មកដល់​បច្ចុប្បន្ន​នេះ Le Tonlé បាន​បណ្តុះ​បណ្តាល​សិក្ខាកាម​ប្រមាណជិត​ពីររយ​នាក់​ដែល​ក្នុង​នោះ​ភាគ​ច្រើនសុទ្ធ​សឹង​តែ​ជា​នារីភេទ​ដែល​បាន​បោះបង់​ការ​សិក្សា​ដោយសារ​តែ​ស្ថានភាព​ក្រីក្រ​ក្នុង​គ្រួសារ។ សព្វ​ថ្ងៃ Le Tonlé បាន​បណ្តុះ​បណ្តាល​ជំនាញ​ពីរ​ទៅ​ដល់​យុវជន​កម្ពុជា​ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​នោះ​រួមមាន​ជំនាញ​សុជីវធម៌​ក្នុងការ​បម្រើ​អាហារ​និង​ភេសជ្ជៈ និង​ជំនាញ​រៀបចំ​បន្ទប់​ផ្ទះសំណាក់​និង​សណ្ឋាគារ។​ ចាប់​តាំង​ពីឆ្នាំ ២០១២ មក Le Tonlé ក៏​បាន​ក្លាយ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ចំនួន​បី ​(Le Tonlé, CRDTours, Livelihood) របស់​ក្រុម​អភិវឌ្ឍន៍​ជនបទ​កម្ពុជា​ (CRDT) និង​បាន​បណ្តុះបណ្តាល​យុវជន​ក្រីក្រ​តាម​កម្មវិធី​សិក្សា​របស់​អាស៊ាន​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​ថ្នាក់​ជាតិ​ពី​ក្រសួង​ទេសចរណ៍​និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​នេះ​ហាក់​បាន​បើក​ឱកាស​ឲ្យ​ពួកគេ​បាន​ចូល​បម្រើ​ការងារ ​មិនថា​នៅ​ក្នុង​ប្រទេស ឬ​ក្រប​ខណ្ឌ​អាស៊ាន​នៅ​ក្នុង​តំបន់​នោះ​ឡើយ។ ជាង​នេះ​ទៅ​ទៀត ​ក្រោម​ការ​បណ្តុះបណ្តាល​យ៉ាង​ម៉ត់ចត់​និង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត​ពី​សំណាក់​លោក​គ្រូ អ្នកគ្រូ​ដែល​មាន​ចិត្ត​សប្បុរស ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ ​សិស្ស​ប្រមាណ​ជា៩៥%​ គឺសុទ្ធ​តែ​ទទួល​បាន​ការងារ​យ៉ាង​ត្រជះ​ត្រចង់​នៅ​តាម​រមណីយដ្ឋាន សណ្ឋាគារ និង​ភោជនីយដ្ឋាន​ប្រកប​ដោយ​វិជ្ជាជីវៈ​ជា​ទីបំផុត។

          លោក សាន្ត ត្រែង ជា​អតីត​សិស្ស​នៅ​មជ្ឈម​ណ្ឌល​បណ្តុះបណ្តាល​ទេសចរណ៍ Le Tonlé ​និង​សព្វថ្ងៃ​កំពុង​បម្រើ​ការ​ជា​ជំនួយ​ការ​អ្នក​គ្រប់គ្រង​ទូទៅ​នៅ រមណីយដ្ឋាន រ៉ាយ៉ាបូរី (Rajabori Resort) បាន​ប្រាប់​ថា “ទន្លេ (Le Tonlé) បាន​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្ញុំ​ទាំង​ស្រុង​ពី​ក្មេង​ម្នាក់​ដែល​ចូលចិត្ត​ដើរលេង​និង​មិន​មាន​លទ្ធភាព​បន្ត​ការសិក្សា ឲ្យ​ក្លាយ​ជា​អ្នក​ដែល​មាន​ការងារ​ធ្វើ​និង​សង្គម​ទទួល​ស្គាល់។ ក្នុង​អំឡុង​ការ​សិក្សា ពួកគេ (Le Tonlé) បាន​ដាក់​លក្ខខណ្ឌ​មក​ខ្ញុំ​ថា ប្រសិន​បើ​ខ្ញុំ​ឈប់​រៀន​ត្រឹម​ពាក់​កណ្តាល ពួក​គេ​នឹង​យក​លុយ​ពី​ខ្ញុំ ពីរ​ពាន់​ដុល្លារ តែ​ប្រសិន​បើ​ខ្ញុំ​ខំប្រឹង​រៀន​សូត្រ ពួក​គេ​នឹង​ជួយ​ផ្គត់ផ្គង់​ទាំង​ថ្លៃ​ហូប​ចុក សម្លៀក​បំពាក់ និង​ការ​ស្នាក់​នៅ​ទាំង​ស្រុង​ឲ្យខ្ញុំ។ រហូត​មក​ដល់​ពេល​នេះ ទើប​ខ្ញុំ​ដឹង​ថា ទន្លេ (Le Tonlé) បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ការងារ​ធ្វើ​និង​អាច​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង​បាន។”

          នាយក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ទេសចរណ៍​និង​ជា​ជំនួយ​ការ​អ្នក​គ្រប់គ្រង​ទូទៅ​នៅផ្ទះ​សំណាក់​និង​ភោជនីយដ្ឋាន​ទន្លេ លោក ផាពេជ្យ មាន​ប្រសាសន៍​ថា៖ “ក្នុង​សិស្ស​ម្នាក់ មជ្ឈមណ្ឌល​ចំណាយ​ពី ពីរពាន់​ទៅ​បីពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ​ទៅ​លើ​ការ​ផ្គត់ផ្គង់​របស់​ពួកគេ​ ហើយ​ថវិកា​ទាំងនោះ​គឺ​បាន​មក​ពី​ជំនួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ទាំងឡាយ​នៅឯ​ប្រទេស​ស្វ៊ីស។” លោក​ក៏​បាន​បន្ថែម​ថា៖ “ជា​រៀងរាល់​ឆ្នាំ ពួក​យើង​តែងតែ​ធ្វើ​ការ​ស្វែង​រក​និង​ជ្រើស​រើស​យុវជន​ក្រីក្រ​មក តាមរយៈ​បណ្តាញ​សង្គម វិទ្យុ និង​តាមរយៈ​បណ្តាញ​របស់ CRDT​ ដែល​ជាម្ចាស់​គម្រោង​របស់​ពួក​យើង​ផង​ដែរ។ យើង​តែងតែ​ចុះ​ទៅ​តំបន់​ដាច់​ស្រយាល​ដែល​សម្បូរ​ទៅ​ដោយ​ប្រជាជន​ក្រីក្រ​និង​មិន​មាន​ការយល់​ដឹង​ច្រើន​ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ឱកាស​ការងារ​មួយ​ដែល​ល្អ​និង​ស្រប​ច្បាប់។ ក្រោយ​ពី​ទទួល​បាន​ការ​សិក្សា​និង​អនុវត្ត​ផ្ទាល់​នៅ​ទីនេះ (ផ្ទះ​សំណាក់​និង​ភោជនីយដ្ឋាន ទន្លេ) ពួក​យើង​នឹង​ស្វែង​រក​ការងារ​ឲ្យ​ពួក​គេ​តាម​រយៈ​ដៃ​គូ​សហការ​របស់​យើង​ដែល​ជា​សណ្ឋា​គារ រមណីយដ្ឋាន និង​ភោជនីយដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស។” ចំពោះ​គម្រោង​ទៅ​ថ្ងៃ​អនាគត លោក ផាពេជ្យ ក៏បាន​បង្ហើប​ផងដែរ​ថា Le Tonlé កំពុង​តែ​សិក្សា​លើ​គម្រោង​ស្វែង​រក​ថវិកា​ដោយ​ខ្លួនឯង តាមរយៈ​ការ​ជួល​បន្ទប់​ផ្ទះ​សំណាក់​និង​ម្ហូប ឬ​តាមរយៈ​វិធីសាស្រ្ត​ផ្សេងទៀត​តាមដែរ​អាច​ធ្វើទៅ​បាន​ដោយ​ពុំ​ចាំ​បាច់​ពឹង​ជំនួយ​ពី​ក្រៅ​ប្រទេស​នោះ​ឡើយ។

          បច្ចុប្បន្ន​ ផ្ទះសំណាក់​និង​ភោជនីយដ្ឋាន ទន្លេ មាន ១៦បន្ទប់​ដែល​រៀបចំ​បាន​យ៉ាង​ស្អាត​និង​មាន​សណ្តាប់​ធ្នាប់​ដោយ​សិក្ខាកាម​ដែល​កំពុង​សិក្សា​នៅទីនោះ​ប្រកប​ដោយ​ស្នាមញញឹម​និង​រួសរាយ​រាក់ទាក់​ជាទី​បំផុត។ ជាង​នេះ​ទៅ​ទៀត Le Tonlé ក៏មាន​ភោជនីយដ្ឋាន​ដែល​បម្រើ​មុខ​ម្ហូប​យ៉ាង​ឆ្ងាញ់​ពិសា ចម្អិន​ដោយ​សិស្ស​របស់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ទេសចរណ៍​ទន្លេ​ដោយ​ផ្ទាល់​ដៃ​ថែម​ទៀត​ផង៕

Article by Songk


SUGGESTIONS