ស្ថាបត្យកម្មដែលត្រូវបានសាងសង់កាលពីរាប់រយឆ្នាំមុនគឺជាភស្តុតាងដ៏ពិសិដ្ឋដែលបន្សល់ទុកដល់មនុស្សសម័យថ្មីរៀនសូត្រពីកិត្យានុភាពនៃជាតិសាសន៍នីមួយៗ។ ចន្លោះសតវត្សរ៍ទី៩ដល់ទី១៣ ប្រាសាទតូចធំ និងវត្តអារាមជាងមួយម៉ឺនកន្លែងត្រូវបានសាងសង់ឡើង ដើម្បីបង្ហាញពីភាពរុងរឿងរបស់អាណាចក្របុរាណនៃប្រទេសភូមា។ បណ្តុំប្រាសាទនៅប្រទេសភូមា ត្រូវបានគេស្គាល់ថាជាស្ថាបត្យកម្មសាសនាធំមួយ ក្នុងចំណោមប្រាសាទបុរាណដទៃទៀតក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះ ប្រទេសភូមាក៏ជាប់ឈ្មោះជាប្រទេសដែលសំបូរទៅដោយទីអារាមដ៏ច្រើនដែលបច្ចុប្បន្នទីអារាមមួយចំនួនបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ នៅក្នុងអត្ថបទនេះ យើងនឹងរៀបរាប់អំពីទីតាំងទេសចរណ៍សំខាន់ៗដែលអ្នកមិនគួររំលងនៅពេលទៅទស្សនកិច្ច បាហ្គាន ដែលជាទីក្រុងបុរាណរបស់ប្រទេសភូមា។
ធ្វើដំណើរចេញពីទីក្រុងសេដ្ឋកិច្ច យាំងហ្គនតាមរយៈរថយន្តក្រុងនៅពេលយប់ ដែលត្រូវចំណាយពេលប្រមាណ៩ម៉ោង កាត់តាមផ្លូវដែលមានទេសភាពបែបជនបទ យើងនឹងទៅដល់ភូមិភាគកណ្តាលនៃប្រទេសភូមា ដែលជាតំបន់ទេសចរណ៍ល្បីល្បាញប្រចាំប្រទេសនេះ។ បាហ្គាន (Bagan) គឺជាទីក្រុងបុរាណរបស់ភូមា ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងមានទីតាំងស្ថិតនៅបណ្តោយដងទន្លេអាយ៉េយ៉ាវ៉ាឌី (Ayeyarwady) ដែលបុព្វបុរសភូមា បានកសាងប្រាសាទតូចធំច្រើនជាង១ម៉ឺនប្រាសាទនៅពាសពេញផ្ទៃដី។ យើងធ្វើដំណើរឆ្ពោះទៅរកសណ្ឋាគារ Aureum Palace Resort ដែលជាកន្លែងស្នាក់របស់យើងសិន មុននឹងទៅទស្សនាបណ្តុំប្រាសាទដែលគេស្ងើចសរសើរតៗគ្នា។ ដោយសារតែកន្លែងដែលយើងស្នាក់ស្ថិតនៅកៀកបំផុតនឹងតំបន់ប្រជុំប្រាសាទ ទើបយើងមានឱកាសបានឃើញប្រាសាទតូចធំយ៉ាងច្រើន តាំងពីនៅក្នុងបរិវេណសណ្ឋាគារ និងនៅបរិវេណក្បែរៗនេះ។ ពេលវេលាដែលភ្ញៀវទេសចរចូលចិត្តទស្សនាប្រាសាទគឺពេលព្រឹក ដើម្បីទស្សនាប្រាសាទនាពេលថ្ងៃរះ និងពេលរសៀលចាប់ពីម៉ោង៣រសៀលដល់ម៉ោង៦ល្ងាច ដើម្បីទស្សនាប្រាសាទនៅពេលថ្ងៃរៀបលិច ដែលជាទស្សនីយភាពពណ៌មាសដ៏ទាក់ភ្នែក។ មិនបង្អង់យូរ យើងរូតរះរៀបចំខ្លួនចេញពីទស្សនាប្រជុំប្រាសាទដទៃទៀតភ្លាម ដើម្បីឲ្យទាន់ពេលវេលាថ្ងៃរៀបលិច ដែលជាពេលវេលាល្អសម្រាប់ការទស្សនាប្រាសាទ។
ដោយគ្រាន់តែប្រាប់អ្នកបើកបរ ឬមគ្គទេសក៍អំពី Old Bagan ពួកគេនឹងនាំអ្នកទៅតំបន់ដែលលាតសន្ធឹងនៅលើផ្ទៃដីប្រមាណ៥គីឡូម៉ែត្រការ៉េ ដែលមានប្រាសាទតូចធំដែលនៅសេសសល់មកទល់បច្ចុប្បន្ន ប្រមាណជាង២០០០ប្រាសាទស្ថិតនៅជាបណ្តុំ។ ផ្លូវធ្វើដំណើរស្ងប់ស្ងាត់ មិនមានសម្លេងរំខានពីចរាចរណ៍កកកុញដូចនៅក្នុងទីក្រុង ធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលពីភាពតានតឹងនៃជីវភាពប្រចាំថ្ងៃមួយកម្រិត។ ប្រមាណ១៥នាទីពីកន្លែងដែលយើងស្នាក់នៅ យើងក៏ពើបប្រទះនឹងប្រាសាទតូចៗនៅអមសងខាងផ្លូវជាហូរហែ ជាសញ្ញាប្រាប់ថាយើងបានមកដល់ប្រជុំប្រាសាទនៃ តំបន់បាហ្គានហើយ។ យើងមិនអាចដើរមើលគ្រប់ប្រាសាទទាំងអស់បានទេ ត្បិតប្រាសាទខ្លះតូចខ្លះធំ ហើយប្រាសាទមួយចំនួនមានទម្រង់ស្រដៀងឬដូចគ្នាតែម្ដង ដូច្នេះយើងក៏ជួលរទេះសេះដែលអាចជិះបានរហូតដល់៣នាក់ ឬអ្នកអាចជួលម៉ូតូជិះមើលតាមផ្លូវតូចៗដែលមានប្រាសាទស្ថិតនៅអមសងខាងតែម្ដង ហើយយើងអាចចុះមើលនៅប្រាសាទណាដែលយើងពេញចិត្ត។ បច្ចុប្បន្ននេះ ក៏មានប្រជាជនមួយចំនួនប្រកបរបរធ្វើស្រែចំការនៅលើដីទំនេរដែលនៅជាប់នឹងប្រាសាទមួយចំនួនផងដែរ ដែលយើងអាចមើលឃើញផលដំណាំរបស់ពួកគាត់ នៅតាមផ្លូវដែលយើងជិះកាត់ទៅមើលប្រាសាទ ញ៉ាំងឲ្យការទស្សនាប្រាសាទកាន់តែប្លែកភ្នែក។
ដោយឡែក ភ្ញៀវទេសចរដែលបានឃើញបណ្តុំប្រាសាទជាច្រើនដូច្នេះ ប្រាកដជាមានបំណងចង់ផ្តិតយករូបភាពនៃបណ្តុំប្រាសាទជាមិនខានដែលអ្នកត្រូវឈរនៅលើទីខ្ពស់ដើម្បីផ្តិតយករូបភាពបានល្អ។ នៅក្នុងបរិវេណសណ្ឋាគារ Aureum Palace Hotel មានប៉មខ្ពស់តែមួយគត់នៅតំបន់បាហ្គាន ដែលមានឈ្មោះថា Nan Myint View Tower ដែលអាចមើលឃើញប្រាសាទជាច្រើនពីកំពូលប៉ម រួមទាំងប្រាសាទតូចៗមួយចំនួនដែលស្ថិតនៅក្នុងបរិវេណសណ្ឋាគារផ្ទាល់តែម្ដង។ ប៉មខ្ពស់នេះទាក់ទាញអ្នកស្រលាញ់ការថតរូបជាច្រើន ជាពិសេសអ្នកដែលតែងតាមប្រមាញ់ទេសភាពប្រាសាទរួមជាមួយនឹងបាឡុងខ្យល់សម្រាប់ជិះមើលប្រាសាទពីលើអាកាសជាពិសេសនៅពេលព្រឹកព្រលឹម ដែលជាទូទៅ មានអ្នកទៅរង់ចាំផ្តិតយករូបភាពបាឡុងហោះពីលើប្រាសាទតាំងពីម៉ោង៥ព្រឹក។
ក្រៅពីទស្សនាបណ្តុំប្រាសាទដែលជាគោលដៅទេសចរណ៍ធំជាងគេនៅក្នុងតំបន់ បាហ្គាន យើងក៏បានចូលទៅទស្សនាប្រាសាទបុរាណដទៃទៀតដែលមានអាយុកាលចំណាស់ៗរហូតដល់ជាងមួយពាន់ឆ្នាំ។ ប្រាសាទដាម៉ាយ៉ាងជី (Dhammayangyi) គឺជាប្រាសាទធំជាងគេនៅក្នុងចំណោមប្រាសាទនានានៅតំបន់ បាហ្គាន។ ពេលទៅដល់យើងនឹងបានឃើញប្រជាជនភូមា លក់ផ្កាភ្ញីនៅខាងមុខក្លោងទ្វារប្រាសាទ ដែលមិនបង្កការរំខានដល់អ្នកទស្សនានៅក្នុងទីស្ងប់ស្ងាត់នៃប្រាសាទនេះឡើយ។ អ្វីដែលទាក់ភ្នែកយើងជាងគេ គឺផ្កាច្រើនប្រភេទដែលប្រជាជនភូមាប្រើប្រាស់សម្រាប់ថ្វាយព្រះដែលរួមមានផ្កាព្រលិត និងផ្ការំចង់ផងដែរ។
យើងដោះស្បែកជើងទុកមុនដើរចូលប្រាសាទតាមច្បាប់ទម្លាប់នៃការគោរពសាសនារបស់ប្រជាជនភូមា រួចទើបដើរចូលទៅទស្សនាក្នុងបរិវេណប្រាសាទវិញម្ដង។ ប្រាសាទនេះមានពណ៌ក្រហមព្រឿងៗ ធ្វើឡើងពីឥដ្ឋ មានរាងស្រដៀងនឹងពីរ៉ាមីត ដែលធំក្រោមស្តួចនៅកំពូល ប៉ុន្តែមានបន្ថែមនូវក្បូរក្បាច់សំបូរបែប។ មគ្គទេសក៍របស់យើងបានដំណាលថា ប្រាសាទ Dhammayangyi ត្រូវបានសាងសង់ឡើងដោយស្តេច Narathu ដើម្បីឧទ្ទិសដល់បិតាដែលសោយទិវង្គត ដោយការធ្វើគុតដោយស្តេច Narathu ដើម្បីដណ្តើមរាជ្យ។ យើងទស្សនាប្រាសាទនេះមួយជុំ រួចក៏រួតរះឆ្ពោះទៅគោលដៅមួយទៀត ដែលមគ្គទេសក៍បានប្រាប់យើងជាមុនថា ប្រាសាទនោះជាប្រាសាទដែលស្អាតជាងគេនៅក្នុងចំណោមប្រាសាទទាំងឡាយនៅក្នុងតំបន់បាហ្គាន។
ក្លោងទ្វារធ្វើឡើងពីឈើ មានក្បូរក្បាច់ដូចជាដំបូលស្រួចមានភាពចំណាស់បន្តិច ប៉ុន្តែមិនមានសភាពទ្រុឌទ្រោមឡើយ។ នៅលើក្លោងទ្វារនេះមានសរសេរភាសាភូមានៅខាងលើ និងភាសាអង់គ្លេសនៅខាងក្រោម ដែលអានថាអាណាន់ដាផាយ៉ា (Ananda Phaya) ដែលជាស្ថាបត្យកម្មប្រាសាទពីបុរាណដែលស្អាតជាងគេក្នុងតំបន់នេះ។ អ្នកលក់វត្ថុអនុស្សាវរីយ៍ក៏ដូចជាសម្លៀកបំពាក់ប្រពៃណីភូមា ឈរកាន់ផលិតផលរបស់ខ្លួនឈូរឈរនៅខាងមុខក្លោងទ្វារចូលដូចសព្វមួយដង ដោយសារប្រាសាទនេះគឺជាប្រាសាទមួយ ដែលជាគោលដៅទេសចរណ៍សំខាន់សម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ។
យើងដើរទស្សនាបរិវេណខាងក្រៅនៃប្រាសាទនេះមុន ដើម្បីមើលឲ្យច្បាស់ពីស្ថាបត្យកម្មដ៏ពិសិដ្ឋនេះ។ ប្រាសាទដែលមានពណ៌ស និងកំពូលពណ៌មាស មានអាយុកាលប្រមាណមួយពាន់ឆ្នាំដូចប្រាសាទមុនៗដែរ ប៉ុន្តែប្រាសាទនេះមានការរចនាល្អិតល្អន់ជាងប្រាសាទដទៃទៀត។ កំពូលប្រាសាទមានពណ៌មាសលេចធ្លោ អមជាមួយនឹងកំពូលតូចៗជាច្រើននៅជុំវិញចំនួន៧ជាន់។ ត្បិតតែមានអាយុកាលច្រើនឆ្នាំពិតមែន ប៉ុន្តែប្រាសាទនេះនៅតែមានសភាពថ្មីស្រឡាង ដោយសារមានការថែទាំជាប្រចាំ ក៏ដូចជាការលាបពណ៌សាជាថ្មី។ ផ្ទៃខាងក្នុងនៃប្រាសាទនេះមានជញ្ជាំង៣ជាន់ ដែលរាល់ជញ្ជាំងនៅតាមជាន់នីមួយៗមានបង្កប់ដោយបដិមាព្រះពុទ្ធរាប់ពាន់អង្គ ដោយអង្គខ្លះមានធ្វើពីលោហៈមានតម្លៃដូចជាមាសជាដើម។ មិនតែប៉ុណ្ណោះនៅក្នុងប្រាសាទនេះក៏ជាទីសក្ការៈដ៏ល្បីល្បាញមួយផងដែរ ដោយមានបដិមាព្រះពុទ្ធធ្វើអំពើឈើ និងស្រោបដោយពណ៌មាស ដែលមានកំពស់រហូតដល់ជិត១០ម៉ែត្រនៅគ្រប់ទិសទាំង៤នៃប្រាសាទដែលប្រជាជនភូមាតែងមកបួងសួងសុំសេចក្តីសុខ។
រយៈពេល២ថ្ងៃនៅតំបន់បាហ្គានពិតជាមិនគ្រប់គ្រាន់ឡើយសម្រាប់ការទស្សនាគ្រប់ប្រាសាទបុរាណរបស់ភូមា។ ដោយពេលវេលាមានកំណត់ យើងបញ្ចប់ការទស្សនាតំបន់ទេសចរណ៍សំខាន់ៗនៃតំបន់ បាហ្គាន តែត្រឹមប៉ុណ្ណឹង ប៉ុន្តែយើងសង្ឃឹមថានឹងបានត្រលប់ទៅវិញម្ដងទៀតក្នុងពេលឆាប់ៗដើម្បីទស្សនាប្រាសាទ និងទីអារាមដទៃទៀត ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្ត និងវប្បធម៌ស្រស់បំព្រងរបស់ជនជាតិភូមា៕
Article by VA SONYKA