សត្វក្រៀលកម្ពុជាប្រមាណ៣០០ក្បាលត្រូវបានអ្នកអភិរក្សរកឃើញនៅសហគមន៍អន្លង់ព្រីង ខេត្តកំពត
TRAVEL & LIVING 6 years ago“សម្រែកសត្វក្រៀល វាដៀលជេរស្តី មនុស្សដូចកាកី…” ជាចម្រៀងមតកដើមរបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ដែលហាក់ជួយបង្វែរអារម្មណ៍កូនខ្មែរគ្រប់រូបមកលើសត្វក្រៀលដែលជាប្រភេទបក្សីទឹកដ៏កម្រម្យ៉ាងដែល មានវត្តមានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈកាលយូរលង់ណាស់មកហើយ សូម្បីតែនៅលើជញ្ជាំងប្រាសាទបាយ័ន ដែលមានអាយុកាលរាប់ពាន់ឆ្នាំក៏មានរូបចម្លាក់សត្វក្រៀលនេះដែរ។ ដោយសារសត្វក្រៀលជាបក្សីដែលរងការ គំរាមកំហែងនៅពេលបច្ចុប្បន្ន ក្រសួងបរិស្ថានបានបង្កើតដែនអភិរក្សសត្វក្រៀលមួយកន្លែងនៅក្នុងភូមិសាស្រ្ត សហគមន៍អន្លង់ព្រីង ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
Image courtesy: Cambodia Nature Birding Club
លោកពូ រិន ប្រធានសហគមន៍ទេសចរណ៍អន្លង់ព្រីង បានរាយការណ៍ប្រាប់អ្នកយកព័ត៌មាន សូវរីន ក្នុងដំណើរ ទស្សនកិច្ចកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ថា តំបន់អភិរក្សសត្វក្រៀលនេះបានចាប់ដំណើរការកាលពីឆ្នាំ២០១១គិតមកដល់ សព្វថ្ងៃនេះមានរយៈពេល៧ឆ្នាំហើយ ។ ស្ថិតិសត្វក្រៀលនៅទីនោះមានចំនួនប្រមាណ ៣០០ក្បាល ដែលហើរមកស្វែងរកចំណីក្នុងមួយរដូវកាលក្នុងមួយមួយឆ្នាំ ពោលគឺចាប់ពីខែធ្នូរហូតដល់ចុងខែមេសា ឬ ដើមខែ ឧសភា។
ចាប់តាំងពីឆ្នាំ២០១៦មក តំបន់អន្លង់ព្រីងត្រូវបានកំណត់ជាតំបន់ការពារទេសភាព និងផ្លាស់ប្តូរពីការគ្រប់គ្រង របស់រដ្ឋបាលរុក្ខាប្រមាញ់នៃក្រសួងកសិកម្មមកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានវិញ។ តំបន់ការពារ ទេសភាពនេះមានផ្ទៃក្រលាសរុប គ្របដណ្តប់ដោយវាលប្លុងច្រើនសន្ធឹកសន្ធាប់ដែលជាប្រភពចំណី ចម្បងរបស់ពពួកសត្វក្រៀល។ ព្រែកដៃសមុទ្រជិតព្រំដែនវៀតណាមដែលតែងជោរនាចចុះឡើងនាំមកនូវវាលទំនាប លិចទឹករាក់ៗ បង្កើតជាចំណីអាហារសម្បូរបែបមិនមែនសម្រាប់តែសត្វក្រៀលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រភេទសត្វ ស្លាបទឹករហូតជាង៩០ប្រភេទឯណោះ ក្នុងនោះរួមមាន សត្វខ្វែកសមុទ្រកន្ទុយខ្មៅ ខ្វែកត្រោក មាន់ទឹក កុកគ្រោង ទាវ ទោម ត្លុំ ចចាត ល្វាចេក ទាកាបព្រៃ និង សត្វស្លាបជាច្រើនប្រភេទទៀត។
Image courtesy: Cambodia Nature Birding Club
លោក ប៊ុណ្ណា មគ្គុទ្ទេសក៏ប្រចាំសហគមន៍អន្លង់ព្រីង បានរៀបរាប់ថា ប្រភេទសត្វស្លាបដែលសម្បូរជាងគេនៅ ទីនេះ មានសត្វក្រៀល និង សត្វទាកាបព្រៃ ដែលតែងហើរចុះមកទាំងហ្វួងៗមកស្វែងរកចំណីតាមគុម្ពោតព្រៃស្មាច់ និង ទឹករាក់ៗ។ ចំណែកប្រភេទលេខ២ដែលសម្បូរនៅទីនេះដែរ គឺ សត្វកុកគ្រោងតូច កុកគ្រោងមធ្យម និង សត្វ ក្រសារ។ ឯសត្វក្រៅពីនោះ យូរៗឃើញមានម្តងម្កាល តួយ៉ាង សត្វរអាតត្នោត (ពពួកស្ទាំង ខ្លែង) ដែលជាប្រភេទ សត្វរំពារ ដែលតែងឆាប់ឆក់សត្វតូចជាងខ្លួនជាអាហារ ធ្វើឲ្យសត្វស្លាបដទៃផ្អើល។
ដើម្បីទស្សនាសត្វក្រៀល និង ពពួកសត្វស្លាបទឹកផ្សេងៗទៀតនៅក្នុងសហគមន៍នេះ ភ្ញៀវទេសចរត្រូវចត យានយន្តគ្រប់ប្រភេទនៅចម្ងាយ៧០០ម៉ែត្រពីមជ្ឈមណ្ឌលផ្តល់ព័ត៌មាននិងលក់សំបុត្រ រួចបន្តដំណើរដោយថ្មើរជើង ទៅមុខបន្តិចរហូតទៅដល់ទីស្នាក់ការតំបន់កាពារទេសភាពអន្លង់ព្រីង ដែលជាកន្លែងសម្រាប់ភ្ញៀវឡើងមើលសត្វ និងជាកន្លែងប្រជុំការងាររបស់សហគមន៍ផងដែរ។អគារនោះមានរចនាបថស្រស់ស្អាតផ្សារភ្ជាប់ទៅនឹងបរិស្ថានធម្មជាតិ ដែលនៅជុំវិញ ហើយត្រូវបានសាងសង់ជាពិសេសដោយប្រើដើមប្ញស្សីដែលមានស្រាប់នៅក្នុងតំបន់។ នៅផ្នែកខាង លើ អ្នកទេសចរមិនត្រឹមតែអាចឈរទស្សនាសត្វក្រៀលដោយប្រើកែវយឹតនោះទេ តែលោកអ្នកក៏អាចរីករាយនឹង ខ្យល់អាកាសស្រស់ស្រាយនៃតំបន់វាលទំនាបលិចទឹកដ៏សុខដុមរមនា ដោយសារតែជាន់ខាងលើជាវាលលំហលើ ដំបូលដែលគ្មានជញ្ជាំងបិទបាំងនោះទេ។
Photo by CHUNKEAT
លោក ប៊ុណ្ណា បានធ្វើបទបង្ហាញអំពីសត្វក្រៀលថា សត្វក្រៀលជាទូទៅមានកម្ពស់ប្រហែល ១.៧០ម៉ែត្រ ហើយមានក្បាលពណ៌ក្រហម ប៉ុន្តែកូនក្រៀលដែលមិនទាន់ពេញវ័យមានកពណ៌ត្នោត។ វាចូលចិត្តហោះហើរផ្លាស់ទីជាហ្វូងៗរាប់រយក្បាល ប៉ុន្តែនៅពេលចុះមកដី វាចូលចិត្តដើរស្វែងរកចំណីជាក្រុមតូចៗនៅតំបន់ដីសើម។ វាជាសព្វាស៊ី ដូចនេះវាស៊ីមើមប្លុង គ្រាប់ធញ្ញជាតិ រុក្ខជាតិទឹក និង សត្វតូចៗ។ ពេលខ្លះ វាស៊ីត្រី កង្កែប និង ពងសត្វស្លាបទឹកដែរ។ ជារឿយៗ សត្វក្រៀលសសិតស្លាបរបស់វាដោយប្រើចំពុះដើម្បីថែរក្សាស្លាបវាឲ្យបានស្អាតជាប្រចាំ។ ក្រៀលមួយអាចពងបានចំនួនពីរក្នុងមួយឆ្នាំ ជួនកាលអាច៣ ឬ ៤ ដោយកម្រ។ កូនក្រៀលតាមមេរបស់វាដើម្បីរកចំណី និង គេចពីសត្រូវ។ លុះដល់អាយុ៦ខែ ទើបវាអាចធំល្មមហើរជាមួយហ្វូងធំៗ។ វាអាចរស់នៅបានរហូត៤២ឆ្នាំ។
Image courtesy: Cambodia Nature Birding Club
ដោយឡែកចំពោះស្ថិតិភ្ញៀវទេសចរដែលមកទស្សនាសត្វក្រៀលនៅតំបន់នេះ លោកបាននិយាយថា ភ្ញៀវដែលមកច្រើនជាងគេ គឺជនជាតិហូឡង់ និង ជនជាតិកាណាដា។ រីឯជនជាតិអាស៊ីវិញ គឺ ជនជាតិវៀតណាម ស្ថិតក្នុងលំដាប់ខ្ពស់បំផុត។ ក្រៅពីនេះ មានជនជាតិឥណ្ឌា ជនជាតិថៃ ជនជាតិជប៉ុន និង ជនជាតិដែលទើបមាន វត្តមានក្នុងឆ្នាំនេះ គឺ ជនជាតិកូរ៉េ។ ទន្ទឹមនឹងនេះ សហគមន៍អន្លង់ព្រីងក៏ធ្លាប់ទទួលស្វាគមន៍និស្សិតខ្មែរដែលចុះមក ធ្វើទស្សនកិច្ចជាក្រុមៗពីរាជធានីភ្នំពេញផងដែរ៕
Article by SRIN SOKMEAN