×

​ដំណើរ​កំសាន្ត​តាម​រថ​ភ្លើង​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ទៅ​កាន់​ខេត្ត​កាញចាណាបូរី (Kanchanaburi)

TRAVEL & LIVING 6 years ago
 
 

            ​នេះ​ប្រហែល​ជា​ដំណើរ​កំសាន្ត​ដ៏​ពេញ​និយម​មួយ​របស់​ប្រជាជន​ថៃ​មិន​ថា​ថ្ងៃ​ចុង​សប្តាហ៍​ឬ​ថ្ងៃ​ធម្មតា​ឡើយ ដែល​នរណាៗ​ក៏​តែង​តែ​ចង់​ជិះ​រថ​ភ្លើង​មួយ​ខ្សែនេះ​ដើម្បី​បាន​ទស្សនា​នូវ​ទិដ្ឋភាព​តាម​ដង​ផ្លូវ​ និង​ចង់​ឃើញ​ដោយ​ផ្ទាល់នៃ​ចុង​បញ្ចប់​របស់​ខ្សែ​រថ​ភ្លើង​មួយ​នេះ​ដែល​ជា​រមណីយដ្ឋាន​កែច្នៃ​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង។ ក្រោយ​ពី​បាន​ទទួល​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ​កំសាន្ត​ដ៏​មាន​ន័យ​មួយ​នេះ​មក​ពិត​ជា​បាន​ទាក់​អារម្មណ៍​ខ្ញុំ​ឲ្យ​រៀបរាប់​ពី​ដំណើរ​ចរ​តាម​រថ​ភ្លើង​ពី​ទី​ក្រុង​បាងកក សម្តៅឆ្ពោះ​ទៅ​កាន់​ខេត្ត​មួយ​ដែល​មាន​ទេសភាព​ព្រៃ​ភ្នំ​និង​សម្រស់​ធម្ម​ជាតិ​គួរ​ឲ្យ​ចង់​គយគន់​ជាទី​បំផុត។ ផ្លូវ​ឆ្ងាយ​មែន​ពិត​ក៏​ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថាធុញថប់​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​នោះ​ឡើយ តែវា​បាន​ផ្តល់​មក​វិញ​នូវ​អារម្មណ៍​ដ៏​សប្បាយ​រីក​រាយ​ក្នុង​ការជជែកសន្ទនាជា​មួយ​នឹង​ប្រជាជន​ថៃ​ដែល​មាន​ភាពរួសរាយរាក់​ទាក់​ប្រកប​ដោយ​ស្នាម​ញញឹម​ពព្រាយ​ជា​មួយ​នឹង​ភ្ញៀវ​ទេសចរ​ជានិច្ច។

            ​ព្រឹក​ព្រលឹមស្រាងៗ​យើង​បាន​ធ្វើ​ដំណើរ​មក​កាន់​ស្ថានីយ៍រថ​ភ្លើង Bang Sue ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​​មួយ​នៅ​កណ្តាល​ទី​ក្រុង​បាងកក ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការក្រេបរស​ជាតិ​នៃ​ការ​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង​​ទេសចរណ៍​ជា​មួយ​នឹង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន​នាក់​ដែល​នាំ​គ្នា​មករង់ចាំ​តាំង​ពី​ព្រឹក​ព្រហាម​មកម្ល៉េះ។ រថ​ភ្លើង​ចាស់​បន្តិច​មែន​តែការ​រៀបចំ​និង​ការ​ថែទាំ​ពិត​ជា​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ហាក់​មាន​អារម្មណ៍​សុវត្ថិភាព​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​និង​មាន​ផាសុកភាព​ជាទី​បំផុត​ដោយ​គេពុំ​ឃើញ​មាន​សំរាមបន្តិច​ណាសោះ​ឡើយ​ក្នុង​ទូរថ​ភ្លើង។ នៅ​វេលា​ម៉ោង ៧:៤០​នាទី​ព្រឹក រថ​ភ្លើង បាន​ចាប់​ផ្តើម​រំកិល​ខ្លួន​យ៉ាង​សន្សឹមៗ​ចេញ​ពីស្ថានីយ៍ Bang Sue ឆ្លង​កាត់​ទី​ក្រុង​​ពាណិជ្ជកម្ម​ដែល​មាន​ប្រជាជន​ធ្វើ​ចរាចរ​ណែន​ណាំតាន់តាប់ហ៊ុំពទ្ធ័​ទៅ​ដោយ​អគារ​ខ្ពស់ៗ​និង​ផ្លូវ​អាកាស​ខ្វាត់ខ្វែង បង្កើត​​បាន​ជាផ្ទាំង​ទស្សនីយភាព​មួយ​ដែល​អាច​ឲ្យ​យើង​សិក្សា​និង​គួរ​ឲ្យ​យកគម្រូ​តាម​ពី​សកម្មភាព​របស់​ប្រជាជន​ក្នុង​ប្រទេស​កូន​ខ្លា​ប្រចាំ​តំបន់​អាស៊ី​មួយ​នេះ។

ចរាចរណ៍​ពិត​ជា​មមាញឹក​មែន​ទែន ក៏​ប៉ុន្តែ វាបែរជា​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ចាប់​អារម្មណ៍​និង​ស្ងើចសរសើរ​នូវ​ការ​គោរព​ច្បាប់​យ៉ាង​ខ្ជាប់​ខ្ជួន និង​មាន​សណ្តាប់ធ្នាប់​ជាទី​បំផុត​របស់​ប្រជាជន​ថៃ។ គ្រាន់​តែ​បាន​ឆ្លង​ផុត​ក្រុង​បាន​បន្តិច រថ​ភ្លើង​ក៏​បាន​បោះ​ពួយ​យ៉ាង​លឿនជា​មួយ​នឹង​ល្បឿន​ប្រមាណ​ជា ៨០​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​នេះ​ពិត​ជាសញ្ញា​ដែល​បាន​បង្ហាញ​ថា​ដំណើរ​កំសាន្ត​មួយ​នេះ​បាន​ចាប់​ផ្តើម​ហើយ។ នៅ​តាម​ជាយ​ក្រុង ហាក់​មាន​សភាពស្ងប់ស្ងាត់​និង​មាន​ផ្ទះ​ប្រជាជន​មួយៗដាច់ៗពី​គ្នា ក៏​ប៉ុន្តែ​ការ​រស់​នៅ​របស់​ប្រជាជន​ពិត​ជា​បាន​អន្ទង​អារម្មណ៍​ខ្ញុំ​ឲ្យ​ទស្សនា​មិន​ចេះ​ជិនណាយ ដោយ​សឹងតែគ្រប់​ផ្ទះ​សុទ្ធ​តែ​មាន​ការ​បោះ​សម្អាត​និង​រៀបចំ​បរិវេណ​យ៉ាង​មាន​សណ្តាប់ធ្នាប់ជា​មួយ​នឹង​រុក្ខ​ជាតិ​បៃតង​ដ៏​ស្រស់​បំព្រង ដែល​មើល​ទៅ​ហាក់​ដូចជា​មាន​សុភមង្គល និង​សិរីសួស្តី​ខ្លាំង​ណាស់។ នៅ​តាម​ផ្ទះ​នី​មួយៗ​យ៉ាង​ហោច​ណាស់​ក៏​មាន​កូន​ចម្ការ​តូច​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ដំណាំ​ហូបផ្លែ​និង​បន្លែ​ហូប​ស្លឹក​ជា​ច្រើន​ប្រភេទ​ដាំចម្រុះ​គ្នា ដែល​ធ្វើ​ឲ្យ​យើង​អាច​សិក្សា​ស្វែង​យល់​ពី​ជីវភាព​រស់​នៅ​មួយ​ផ្នែក​នៃ​ប្រជាជន​នៅ​ទី​នោះ។ រថ​ភ្លើង​កាន់​តែចាក​ចេញ​ឆ្ងាយ​ពី​ក្រុង យើង​ក៏​បាន​ប្រទះ​នូវ​ចំការ​បន្លែ​ធំៗ​ដែល​ដាំដុះ​យ៉ាង​មាន​របៀបរៀបរយ ប្រកប​ដោយ​បច្ចេកទេស​និង​ភាពប៉ិនប្រសប់​ជាទី​បំផុត។ ពិត​ជា​គួរ​ឲ្យ​ស្ងោចសសើរ​ខ្លាំង​ណាស់​ដែល​កន្លែង​ណាៗ​ក៏​គេ​ឃើញ​មាន​ចំការ​បន្លែ សឹងតែគ្រប់​មុខ​ទាំង​អស់​ដែល​គេអាចដាំសឹងតែគ្រប់​រដូវ​និង​មើល​ទៅ​ហាក់​ដូចជា​ផ្តល់​ផល​បាន​យ៉ាង​ល្អ​ព្រោះ សោភ័ណភាព​នៃ​បន្លែ​ហាក់​មាន​ភាព​រស់​រវ៉ើក​និង​ស្រស់ៗ​ជាទី​បំផុត។ បន្ត​ដំណើរ​ទៅ​មុខ​ទៀត យើង​ក៏​ចាប់​ផ្តើម​ឃើញ​មាន​វត្ត​មាន​អារាម​ដែល​មាន​រចនា​បថ​យ៉ាង​ស្រស់​ស្អាត​ប្រកប​ដោយ​ក្បូរក្បាច់​រចនា​រំលេច​ដោយ​ពណ៌​ស្រស់ៗជា​ច្រើន​បង្កើត​​បាន​ជាចំណីចក្ខុ​មួយ ដែល​អ្នក​ទេសចរ​ណា​ក៏​ក្រឡេក​មើល​មិន​ដាក់​ភ្នែក​ឡើយ។ នេះ​ពិត​ជាផ្ទាំង​ទស្សនីយភាព​បែប​ស្រុក​ស្រែ​ចម្ការ​ដ៏​ឆើតឆាយ​មួយ​ដែល​ប្រជាជន​ថៃ​បាន​បង្កើត​​ឡើង​ក្នុង​ភូមិ​សាស្រ្ត​ដែល​អំណោយផល​យ៉ាង​ល្អ​ក្នុង​ការ​ដាំដុះ​ហើយ​ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង​បែប​នេះ​មិន​មាន​ឡើយ​ក្នុង​ប្រទេស​ជិត​ខាង​នានា។

រវល់តែ​គយគន់​មើល​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៅ​តាម​ផ្លូវ រថ​ភ្លើង​ក៏​បាន​មក​ដល់​ស្ថានីយ៍ Nakhonpathom ដែល​ជា​គោល​ដៅ​ទេសចរណ៍​ទី​មួយ​នៃ​ដំណើរ​កំសាន្ត​នេះ។ រថ​ភ្លើង​ក៏​បាន​សំចត​នៅ​ទី​នោះ​រយៈ​ពេល​៤០នាទី​ដែល​នេះ​អាច​អនុញ្ញា​ត​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ដើរ​កំសាន្ត​និង​មាន​ឱកាស​ដើម្បីថតរូប​និង​រីក​រាយជា​មួយ​នឹង​ម្ហូប​អាហារ​បែប Street food ជា​ច្រើន​ផង​ដែរ។ នេះ​ប្រហែល​ជា​មិន​មែន​ជា​ចំណុច​តែ​មួយ​ទេ​ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​​ទេសចរណ៍​នៅ​ទី​នោះ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​ពិសេស​នៃ​គោល​ដៅ​ទេសចរណ៍​ Nakhonpathom នោះ​គឺជា​វត្ត​ដែល​រំលេច​ដោយ​ពណ៌​ទឹក​មាសចែងចាំង និង​មាន​កំពស់​យ៉ាង​ខ្ពស់​ស្កឹមស្កៃ ជា​មួយ​នឹង​ព្រះ​ពុទ្ធ​បដិមា​យ៉ាង​ធំ​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ទីប្រជុំ​ដ៏​អ៊ូអរ។ វត្ត​នេះ​មាន​ឈ្មោះ​ថា វត្ត Nakhonpathom គឺជា​បូជនីយដ្ឋាន​ដ៏​ពិសេស​មួយ​ក្នុង​ចំណោម​រមណីយដ្ឋាន​ជា​ច្រើន​ទៀត​ក្នុង​ខេត្ត Nakhonpathom ដែល​ពួក​យើង​មិន​បាន​ទៅ​ដល់។ រយៈ​ពេល​៤០​នាទី​ពិត​ជាខ្លី​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​សិក្សា​ស្វែង​យល់​អំពី​វត្ត​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​មួយ​នេះ ក៏​ប៉ុន្តែ​វា​ក៏​ជាការ​ដើរ​កំសាន្ត​និង​ទស្សនា​ជុំ​វិញ​បរិវេណ​វត្ត​ដែល​គេ​បាន​រៀបចំ​បាន​យ៉ាង​ស្អាត​ជា​មួយ​នឹង​រូប​ព្រះ​ពុទ្ធ​បដិមា​តូចៗអមជា​មួយ​នឹង​រូប​សំណាក់​ចិន​ជា​ច្រើន​ហាក់​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​បាន​មក​ទស្សនា​នៅ​ទី​នេះ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ថែម​មួយ​កម្រិត​ទៀត។

មិន​យូរ​ប៉ុន្មាន​សម្លេង​ស៊ី​ផ្លេ​របស់​រថ​ភ្លើង​បាន​បន្លឺ​ឡើង​យ៉ាង​កងរំពង ដែល​នេះ​ជាសញ្ញា​ប្រាប់​ថា រយៈ​ពេល​៤០​នាទី​ក្នុង​ការ​ទស្សនា​វត្ត​និង​ដើរ​កំសាន្ត​នៅ​ជុំ​វិញ​ស្ថានីយ៍ Nakhonpathom ត្រូវ​បាន​បញ្ចប់​ត្រឹម​នេះ ហើយ​ភ្ញៀវ​​ទេសចរណ៍​ត្រូវ​តែ​ត្រឡប់​មករថ​ភ្លើង​វិញ​ដើម្បី​បន្ត​ដំណើរ​កំសាន្ត​ទៅ​កាន់​កន្លែង​ផ្សេងៗ​ទៀត។ មិន​បង្អង់​យូរ​នាំ​ខាត​ពេល រថ​ភ្លើង​ក៏​បាន​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ថៃ​សម្តៅឆ្ពោះ​ទៅ​ខេត្ត​កាញ្ញចាណាបូរី​ដែរ​ជា​គោល​ដៅ​ចុង​ក្រោយ​របស់​យើង ក៏​ប៉ុន្តែ​យើង​នៅ​មាន​រមណីយដ្ឋាន​ជា​ច្រើន​ទៀត​ដែល​ត្រូវ​កំសាន្ត​នៅ​តាម​ផ្លូវ​មុន​នឹង​បាន​ទៅ​ដល់​ចុង​បញ្ចប់​នៃ​ខ្សែ​រថ​ភ្លើង​មួយ​នេះ។ កំពុង​តែ​ធ្វើ​ដំណើរ​និង​គយគន់​ទេសភាព​តាម​មាត់បង្អួច​យ៉ាង​រីក​រាយ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថាតើ​គួរ​តែបរិភោគ​អាហារ​បែប​ណា​សម្រាប់​បាយ​ថ្ងៃ​ត្រង់​នេះ ក៏​ស្រាប់តែ​អ្នក​បម្រើ​ក្នុង​រថ​ភ្លើង​បាន​មកសួរ​នាំ​ជា​មួយ​នឹង​សម្តី​យ៉ាង​ទន់ភ្លន់​តាម​បែប​ប្រជាជន​ថៃ​ដោយ​មាន​បញ្ជី​មុខ​ម្ហូប​សម្រាប់​អាហារ​ពេល​ល្ងាចមកជា​មួយ​ផង។ នេះ​ពិត​ជា​បាន​ស​បញ្ជា​ក់​ថា នៅ​ក្នុង​រថ​ភ្លើង​នេះ​ក៏​មាន​លក់​នូវ​ម្ហូប​អាហារ ភេសជ្ជៈ​និង​នំចំណី​មួយ​ចំនួន​ផង​ដែរ។ ក្រោយ​ពី​បាន​ចាក​ចេញ​ពីស្ថានីយ៍រថ​ភ្លើង Nakhonpathom ប្រមាណ​ជា​មួយ​ម៉ោង​មក យើង​ក៏​បាន​មក​ដល់ តំបន់​​ទេសចរណ៍​មួយ​កន្លែង​ទៀត​នាដង​ទន្លេ Kwai។ កន្លែង​នេះ​ហើយ​ដែល​ភ្ញៀវ​​ទេសចរណ៍​ជា​ច្រើន​ពាន់​នាក់​តែង​តែ​នាំ​គ្នា​មកផ្តិតរូប​នៅ​លើ​ស្ពាន​ដែករថ​ភ្លើង​ចាស់​ដែល​បន្សល់ទុក​តាំង​ពី​សម័យ​សង្គ្រាម​មកម្ល៉េះ។ ដង​ទន្លេ Kwai ពិត​ជា មាន​ទេសភាព​ស្អាត​ខ្លាំង​ណាស់ ដែល​នរណាៗ​ក៏​សប្បាយ​រីក​រាយ​ក្នុង​ការថតរូបជា​មួយ នឹង​ទិដ្ឋភាព​ធម្ម​ជាតិ​ព្រៃ​ភ្នំ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សកម្មភាព​របស់​មនុស្ស​បង្កើត​​បាន​ជាបរិយាកាស​មួយ​គួរ​ឲ្យ​ចង់​រស់​នៅ​ជាទី​បំផុត។ នៅ​អមសង​ខាង​ផ្លូវ​រថ​ភ្លើង និង​ជុំ​វិញ​បរិវេណ​នោះ​ត្រូវ​បាន​គេដាំ​ដើម​ឈើជា​ច្រើន​តម្រៀបជាជួរៗ​យ៉ាង​មាន​សណ្តាប់ធ្នាប់​បំផុត ដែល​នេះ​ពិត​ជា​បាន​បង្ករជាម្លប់​ដ៏​ត្រឈឹងត្រឈៃ និង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​អារម្មណ៍​ត្រ​ជាក់​ល្ហឹមជានិច្ចបើ​ទោះ​បីជា​អាកាស​ធាតុ​ក្តៅ​យ៉ាង​ណា​ក៏​ដោយ។ ប្រជាជន​នៅ​ទី​នោះ ខ្លះ​ចេះ​លេង​តន្ត្រី​បាន​នាំ​គ្នា​លេង​ហ្គីតាបណ្តើរ​ច្រៀង​បណ្តើរ រឹតតែ​ធ្វើ​ឲ្យ​បរិយាកាស​នៅ​ទី​នោះ​កាន់​តែ​មាន​សេចក្តី​សុខថែម​មួយ​កម្រិត​ទៀត។

            ​ពេល​វេលា​ហាក់​ដូចជា​ដើរ​លឿន​ណាស់​រយៈ​ពេល​ ៣០​នាទី​ដែល​រថ​ភ្លើង​បាន​ឈប់សំចត​នៅ ដង​ទន្លេ Kwai ហាក់​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​​ទេសចរណ៍​នៅ​មិន​ដាច់អាល័យពី​ទេសភាព​និង​បរិយាកាស​ដ៏​ស្រស់​បំព្រង​នៅ​ទី​នោះ​ឡើយ។ បន្ទាប់ពី​បាន​​ទេសចរណ៍​នៅ​ដង​ទន្លេ kwai រួច​មករថ​ភ្លើង​ក៏​បាន​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​រហូត​ដល់​ជ្រលងភ្នំ Tham Kra Sae ដែល​ផ្លូវ​រថ​ភ្លើង​ដែល​ត្រូវ​ឆ្លង​កាត់​ដោយ​ម្ខាង​គឺជា​ជ្រលងថ្ម​យ៉ាង​ខ្ពស់​និង​ម្ខាង​ទៀត​គឺជា​ជ្រោះជ្រៅ​មួយ។ រថ​ភ្លើង​បាន​បន្ថយ​ល្បឿនយឺតៗ​ដែល​នេះ​ពិត​ជា​បាន​បង្ក​ឲ្យ​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ងាយ​ស្រួល​ក្នុង​ការ​ទស្សនា​នូវ​ទិដ្ឋភាព​ដ៏​វិសេសវិសាល​នៃ​ជ្រលងភ្នំថ្ម​នេះ​ណាស់។ Tham Kra Sae ពិត​ជា​បាន​ទាក់​ទាញ​ភ្ញៀវ​ឲ្យ​នាំ​គ្នា​ក្រោកពី​កៅអី​អង្គុយ​អឺត​ចេញ​តាម​បង្អួច​ដើម្បីមកផ្តិតយករូប​នៃ​ទិដ្ឋភាព​រថ​ភ្លើង​ឆ្លង​កាត់​ផ្លូវ​ដែក​ដ៏​ចាស់​ស្ថិត​នៅ​ក្រោម​ជ្រលងភ្នំថ្ម និង​ម្ខាង​ទៀត​គឺជា​រីហ្សត​ដ៏​ស្រស់​ស្អាត​មួយ​ដែល​នេះ​ពិត​ជា​ទិដ្ឋភាព​មួយ​ដែល​កម្ររក​បាន​ណាស់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​យើង​នេះ។ ឆ្លង​ផុតពី Tham Kra Sae ប្រហែល​ជា ៣០​នាទី នៅ​ទី​បំផុត​យើង​ក៏​បាន​មក​ដល់​ចុង​បញ្ចប់​នៃ​ផ្លូវ​រថ​ភ្លើង​​ទេសចរណ៍​មួយ​នេះ​ដែល​ជាឧទ្យាន​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​មួយ​មាន​ឈ្មោះ​ថា Sai Yok National Park។ ទ្រនិចនាឡិកាចង្អុល​ត្រឹម​ម៉ោង​ដប់​ពីរ ព្រះ​ទិនករ​ក៏​បាន​ជះកម្តៅ​ពេញ​ផ្ទៃ​ពសុធា​ដែល​នេះ​ពិត​បាន​ផ្តល់​សញ្ញាថា​ដល់​ពេល​វេលា​ដែល​យើង​ត្រូវ​ទទួល​ទានបាយ​ថ្ងៃ​ត្រង់។ នេះ​ហាក់​ដូចជា​ការ​រៀបចំ​បាន​យ៉ាង​ល្អ​ដែល​រថ​ភ្លើង​​ទេសចរណ៍​នេះ​បាន​មក​ដល់​គោល​ដៅ ល្មម​ដែល​ភ្ញៀវ​​ទេសចរណ៍​អាចមក​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ក្រោម​ម្លប់ឈើ​យ៉ាង​ត្រឈឹងត្រឈៃ។ ភ្ញៀវ​ក៏​អាចមក​ទស្សនា​និង​លេង​កំសាន្ត​ជា​មួយ​នឹង​ទឹក​ជ្រោះ “Sai Yok Noi” ផង​ដែរ។ នេះ​គឺ​ដំណើរ​ចុង​ក្រោយ​នៃ​ការ​កំសាន្ត​តាម​រថ​ភ្លើង​នេះ។ ការ​ទទួល​យកបទ​ពិសោធន៍​ទេសចរណ៍​នេះ​ពិត​ជា​បាន​ធ្វើ​ខ្ញុំ​និង​ភ្ញៀវ​ទេសចរ​ដទៃ​ទៀត​ចងចាំជានិច្ច​នូវ​អនុស្សាវរីយ៍​ដ៏​មាន​ន័យ​និង​ជាការ​សិក្សា​រស្វែង​យល់​អំពី​ទិដ្ឋភាព​និង​ជីវភាព​ប្រជាជន​តាម​ផ្លូវ​ប្រកប​ដោយ​អត្ថន័យ​និង​អត្ថរស​ជាទី​បំផុត៕

Article by KEO SONG


SUGGESTIONS