×

កុំព្យូទ័រម៉ាក Koompi (គម្ពី) នឹង​ចាប់​ផ្តើម​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ដំបូង​នៅ​ចុង​ខែ ៨ នេះ

NEWS 6 years ago
 
 

          ថ្មីៗ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន​ដែល​បាន​ចុះ​ផ្សាយ​ពី​កុំព្យូទ័រ​យួរ​ដៃ​មួយ​ដែល​ផលិត​ដោយ​ក្រុម IT ខ្មែរ​មួយ​ក្រុម​ហើយ​បាន​ដាក់​ឈ្មោះ​កុំព្យូទ័រ​យួរ​ដៃ​នោះ​ថា Koompi (គម្ពី)។ Koompi  ដំណើរ​ការ​ដោយ​ប្រពន្ធ​័​ប្រតិបត្តិ​ការ (Operation System) មួយ​ឈ្មោះ​ថា KramaOS (based on Linux) ដែល​បាន​បង្កើត​​ឡើង​ដោយ​ក្រុម IT របស់​ខ្មែរ​តែ​ម្តង។ KramaOS គឺជា​ប្រពន្ធ​័​ប្រតិបត្តិ​ការ Open Source ដែល​អាច​អនុញ្ញា​តិ​ឲ្យ​អ្នក​ប្រើ​ប្រាស់​កម្មវិធី​​នានា​នៅ​លើកុំព្យូទ័រ​ដោយ ឥត​គិត​ថ្លៃ។ មាន​ន័យថា កម្មវិធី​​ដែល​បាន​ដំ​ឡើង​នៅ​ក្នុង KramaOS និង​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាន​ដោយ​សេរី។  KramaOS គឺជា​ប្រព័ន្ធ​​ប្រតិបត្តិ​ការ Open Source មួយ​ដែល​បាន​សិក្សា​តាំង​ពី​យូរ​មក​ហើយ។ លោក ធុល រិទ្ធី ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​មួយ​រូប​បាន​ប្រាប់ សូវរីន ឲ្យ​ដឹងថា «យើង​បាន​សិក្សា​និង​ស្វែង​យល់​អំពី KramaOS នេះ តាំង​ពីឆ្នាំ​២០១២ មកម្ល៉េះ ក៏​ប៉ុន្តែ​យើង​ទើប​តែ​ចាប់​ផ្តើម ជំរុញ​និង​ពន្លឿន​ប្រព័ន្ធ​​ប្រតិបត្តិ​ការ​នេះ​នៅ​ដើម​ឆ្នាំ​២០១៧»។ KramaOS អាច​ដំណើរ​ការលើ​កម្លាំង​ម៉ា​ស៊ី​ន​កុំព្យូទ័រ​យ៉ាង​ហោច​ណាស់​ក៏​មាន RAM ទំហំ 8GB, CPU 4 cores 1.10Ghz ដែល​ស្មើ​រ​នឹង​ម៉ា​ស៊ី​ន​ទូរសព្ទ។ ក៏​ប៉ុន្តែ​លោក ធុល រិទ្ធី បាន​បន្ថែម​ទៀត​ថា «ពួក​យើង​ចង់​ផ្តល់​នូវ កម្លាំង​ម៉ា​ស៊ី​ន core i3 @2.4Ghz, ប៉ុន្តែ​ពួក​យើង​កំពុង​តែជជែក​គ្នា​ជា​មួយ​នឹង firmware architecture ថាវា​អាច​ប្រើ​ប្រាស់​បាន​ឬ​អត់។»

           KramaOS ងាយ​ស្រួល​ប្រើ ស្រួល​មើល​និង​អាច​ឲ្យ​កុំព្យូទ័រ​ដើរ​លឿន ដោយ​អ្នក​ប្រើ​ប្រាស់​មិន​ចាំបាច់​រង់ចាំ​កុំព្យូទ័រ​បិទ​ឬ​បើក​ឡើយ។ លោក ធុល រិទ្ធី បាន​បន្ថែម​ទៀត​ថា ៖ «យើង​ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​នៅ​កម្ពុជា​ក្លាយ​ជា​អ្នក​ប្រើ​ប្រាស់​ឆ្លាតវៃ មិន​មែន​ជា​អ្នក​ប្រើ​ប្រាស់​ធម្មតា​នោះ​ឡើយ ពី​ព្រោះ​Open Source Software នឹង​អាច​ឲ្យ​ពួក​គេ​ប្រើ​ប្រាស់​កម្មវិធី​​ផ្សេងៗ ជា​ពិសេស​នោះ​គឺ​អ្នក​អភិវឌ្ឍ​កម្មវិធី​​អេឡិចត្រូនិច​មួយ​ចំនួន​ដែល​ចង់​បង្កើត​​កម្មវិធី​ណា​មួយ​បាន​យ៉ាង​ងាយ​ស្រួល»។ គោល​បំណង​ទី​ពីរ​របស់​ក្រុម​ការ​ងារ Koompi គឺ​ដើម្បី​​ចង់​សន្សំ​ប្រាក់ សម្រាប់​សិស្ស​និស្សិត​មួយ​ចំនួន​ដែល​ចង់​បាន​កុំព្យូទ័រ​ដើម្បី​ការ​សិក្សា​ដែល​មាន​តម្លៃ​ខ្ពស់ ខណៈ​ដែល Koompi មាន​តម្លៃ សមរម្យ​ជា​មួយ​នឹង​កម្លាំង​ម៉ា​ស៊ី​ន​ខ្ពស់ ដោយ​ឡែក​បើក្រឡេក​ទៅ​មើល​រាងគឺស្ដើង​ស្អាត​ល្មម​និង​ងាយ​ស្រួល​ប្រើ​ប្រាស់​និង​អាច​កាន់​ថ្ម​រហូត​ដល់​ទៅ​៧​ម៉ោង​ទៀត​ផង។ បច្ចុប្បន្ន​ក្រុម​ការ​ងារ​របស់ Koompi បាន​កំពុង​តែ​ធ្វើ​ការ​សាកល្បង​ក្នុង​កម្លាំង​ម៉ា​ស៊ី​ន​ទំហំ RAM 4GB, 1.1Ghz CPU mobile version, 128GB SSD ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នេះ​មិន​មែន​ជា​កម្លាំង​ម៉ា​ស៊ី​ន​ពិត​ប្រាកដ​របស់ Koompi នោះ​ឡើយ ក៏​ប៉ុន្តែ ក្រុម​ការ​ងារ​អាច​រំពឹង​ថា​កុំព្យូទ័រ​យួរ​ដៃ​ម៉ាក Koompi គ្រោង​នឹង​ចេញ​លក់​ក្នុង​ទី​ផ្សារ​​កម្ពុជា​នៅ​ចុង​ខែ​សីហា​នេះ​ជា​មួយ​នឹង​តម្លៃ​ប្រហាក់​ប្រហែល ៣៦៩ ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ​ជា​មួយ​នឹង​កំលាំងម៉ា​ស៊ី​នដូច​ខាង​ក្រោម៖

- 8GB RAM (minimum 4GB)
- 256GB SSD (minimum 128GB)
- Core i3 (final confirm in a couple week, but that is the goal).

Article by KEO SONG


SUGGESTIONS