×

បើ​ស្រលាញ់​ធម្មជាតិ​ យើង​ត្រូវ​ចេះ​រៀន​មាន​ទំលាប់​ការ​ពារ​បរិស្ថាន​ជា​មុន​សិន​

TRAVEL & LIVING 6 years ago
 
 

          ការ​ការពារ​បរិស្ថាន​និង​ធម្ម​ជាតិ​​មិន​មែន​ត្រឹម​តែជា​ភារកិច្ច​ឬ​កត្វកិច្ច​របស់​ស្ថាប័ន​ពាក់​ព័ន្ធ​តែ​ប៉ុណ្ណោះ​ឡើយ យើង​ទាំង​អស់​ក៏​អាច​ចូល​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ឲ្យ​បរិស្ថាន​ល្អ​និង​កាត់​បន្ថយ​ការបំផ្លិច​បំផ្លាញ​ធនធាន​ធម្ម​ជាតិ​​តាម​រយៈទំលាប់​ប្រចាំ​ថ្ងៃ​របស់​យើង​បាន​ផង​ដែរ។            កញ្ញា​ក្រិច ស្រី​នាង ជាសហ​ស្ថាបនិក​គម្រោង Eco life Cambodia បាន​និយាយ​ថា ការ​ជួយ​បរិស្ថាន​និង​ការពារ​ធនធាន​ធម្ម​ជាតិ​គឺ​កើត​ចេញ​ពី​ខ្លួន​យើង​​ម្នាក់​ៗ។ គម្រោង Eco life Cambodia គឺជា​ក្រុម​ចលនា​ការពារ​បរិស្ថាន និង​ធនធាន​ធម្ម​ជាតិ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​គម្រោង​ជា​ច្រើន ក៏​ដូចជា​ផ្តល់​ប្រឹក្សា​ទៅ​ដល់​សហគ្រិន​ដែល​ចង់​ធ្វើ​ជំនួញ​ដើម្បី​​មិន​ឲ្យ​ប៉ះពាល់​បរិស្ថាន​និង​ឧស្ម័នពុល​ជា​ដើម​។ ឆ្លង​កាត់​បទ​ពិសោធន៍ការ​ងារ និង​ការ​យល់​ដឹងពី​បរិស្ថាន​ជា​ច្រើន​ឆ្នាំ​មក​នេះ កញ្ញា ក្រិចស្រី​នាង សូម​ចែក​រំលែកទំលាប់​ងាយៗ​ខ្លះៗ​សម្រាប់​យុវជន​សម័យ​ថ្មី​ក្នុង​ការ​ចូល​រួម​ការពារ​បរិស្ថាន៖

ត្រូវ​ចេះ​សន្សំសំចៃ​ទឹក​និង​ភ្លើង៖

          ជារៀង​រាល់​ថ្ងៃ​នៅ​ពេល​ដែល​យើង​ក្រោកពីដំណេក យើង​ត្រូវ​ចេះ​ប្រើ​ប្រាស់​ទឹក​​ដើម្បី​​លាងសម្អាត​ខ្លួន​ប្រាណ​ឲ្យ​បាន​តិច​បំផុត។ ប្រសិន​បើ​យើង​មិន​នៅ​ផ្ទះ ឬ​នៅ​ក្នុង​បន្ទប់​យើង​ត្រូវ​បិទ​ភ្លើង​និង​មិន​ត្រូវ​ប្រើ​ប្រាស់​ឧបរកណ៍​អេឡិចត្រូនិច​ណា​ដែល​មិន​ចាំបាច់។ល។

​ត្រូវ​ចេះ​បញ្ជ្រាប​ចំណេះដឹង​ដល់​អ្នក​ផ្ទះ​តាម​រយៈការ​អប់រំ​សុខភាព៖

          ការបញ្ជ្រាប​ចំណេះដឹង​អំពី​បរិស្ថាន​និង​បញ្ចុះ​​បញ្ចូល​​អ្នក​ផ្ទះ​ឲ្យ​ចេះ​ស្រលាញ់​ធម្ម​ជាតិ​​ពិត​ជា​ពិបាក​ណាស់ ព្រោះ​មាន​សម្ភារ​ៈ​ខ្លះ​ដែល​គាត់​ទំលាប់​ប្រើ​ប្រាស់​ជា​ប្រចាំ​និង​ងាយ​ស្រួល​ប្រើ​សម្រាប់​គាត់។ យ៉ាង​ណាមិញ​យើង​ក៏​អាច​ប្រាប់​គាត់​ឲ្យ​ចូល​រួម​ថែទាំ​បរិស្ថាន​តាម​រយៈការ​ផ្តល់​ជា​ចំណេះដឹង​សុខភាព​សម្រាប់​គាត់​វិញ។ ឧទាហរណ៍ ការ​ប្រើ​ប្រាស់​ថង់ប្លាស្ទិក​ដាក់​ទឹក​ស៊ុប​ឬ​របស់​ដែល​ក្តៅអាច​ធ្វើ​ឲ្យ​វាបញ្ជេញសារ​ជាតិ​ពុល​ប៉ះពាល់​ដល់​សុខភាព​ជា​ដើម​។

ត្រូវ​មាន Eco Bag (ប្រអប់ ឬ​កន្ត្រក​សម្រាប់​ដាក់​ឥវ៉ាន់)៖

          ត្រូវ​មាន​ប្រអប់​ឬ​កន្ត្រក​សម្រាប់​ឥវ៉ាន់ ឬ​សម្ភារ​ៈ​ផ្សេងៗ នៅ​ពេល​ចេញ​ក្រៅ​ម្តងៗ ជា​ពិសេស​នៅ​ពេល​ដើរ​ផ្សារ ទៅ​ទិញ​ម្ហូប​អាហារ ឬ​ក៏​ដាក់​ឧបករណ៍​ផ្សេងៗ។

Redo, Reduce, Recycle and Refuse៖ 

          ត្រូវ​ចេះ​កែច្នៃ​​របស់​របរ ឬ​សម្ភារ​ៈ​ដែល​លែង​មាន​ប្រយោជន៍​ឡើង​វិញ ឬ​ក៏​សម្អាត​និង​ប្រើ​ប្រាស់​វា​ម្តង​ទៀត ហើយ​ប្រសិន​ជាអាច​យើង​គួរ​តែ​បរិច្ចាគ​ទៅ​ឲ្យ​អ្នក​ផ្សេង​ដែល​កំពុង​តែ​ត្រូវ​ការវា​ឬ​ក៏​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ជា​ជាង​បោះ​ចោល ហើយ​ប្រសិន​ជាអាច​អ្នក​គួរ​តែកុំ​ចំណាយ លើ​របស់​ណា​ដែល​មិន​ចាំបាច់​ខ្លាំង​ពេក។

កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់ប្លាស្ទិក៖

          ថង់ប្លាស្ទិក​ត្រូវ​ការ​ពេល​វេលា​ដល់​ជាង​មួយ​រយឆ្នាំ​​ដើម្បី​​រំលាយ​ខ្លួន ដូច្នេះ​កំនើនថង់ប្លាស្ទិក​ច្រើន​លើស​លុបអាចបង្ក​ឲ្យ​មាន​ការបំពុល​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ។ ដូច​នេះ​ប្រសិន​បើ​អ្នក​ស្រលាញ់​ធម្ម​ជាតិ​​និង​ចង់​មាន​បរិស្ថាន​ល្អ អ្នក​គួរ​តែ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថង់ផ្លាស្ទិក ឬ​ក៏​ប្រើ​ប្រាស់​នូវ Eco Bag សម្រាប់​ជំនួស​ថង់ប្លាស្ទិក ប្រសិន​ជាអាច៕

Article by KEO SONG


SUGGESTIONS