ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយនឹងក្រុមហ៊ុនដៃគូទេសចរណ៍ឯកជនជាច្រើនបានរៀបចំពិព័រណ៍ទេសចរណ៍រយៈពេលបីថ្ងៃដោយគិតចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២២ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ការរៀបចំពិព័រណ៍ទេសចរណ៍ឡើងក្នុងគោលបំណងគឺដើម្បីជំរុញចលនា ទេសចរណ៍ក្នុងស្រុក ឱ្យកាន់តែមានសន្ទុះច្រើនឡើងក្រោមប្រធានបទ «កំណប់ទ្រព្យទេសចរណ៍នៅកម្ពុជា»។ ក្នុងនោះផងដែរអ្នកចូលរួមក៏មានឱកាសចូលរួមបានស្តាប់វាគ្មិនចែករំលែកនូវប្រធានបទផ្សេងៗ និងរីករាយជាមួយនឹងកម្មវិធីកំសាន្តជាច្រើនទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ការរៀបចំ ពិព័រណ៍ម្ហូបអាហារ ការជំរុញការផ្សព្វផ្សាយអំពីម្ហូបអាហារជាតិ ផលិតផលជាតិ តំបន់ទេសចរណ៍ពិសេសៗជាច្រើននៅទូទាំងប្រទេសកម្ពុជាក៏បានបង្ហាញជូនដល់អ្នកចូលរួមទស្សនា បានស្គាល់និងមានការតាំងបង្ហាញយ៉ាងទូលំទូលាយពីអត្តសញ្ញាណម្ហូបអាហារខ្មែរ ដែលសព្វថ្ងៃនេះការផ្សព្វផ្សាយនៅមានកម្រិតនៅឡើយ ដូច្នេះហើយទើបកម្មវិធីមួយនេះត្រូវបានបង្កើតឱ្យមានសកម្មភាព ទេសចរណ៍កាន់តែច្រើនឡើង ដើម្បីពន្លឿនការអភិវឌ្ឍដើរឱ្យទាន់សម័យកាលទំនើប ក្នុងសហគមន៍អាស៊ាន។ ជាងនេះទៅទៀត លោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់ដូចជា៖ ដំណើរកំសាន្តដោយឥតគិតថ្លៃ និងវត្ថុអនុស្សាវរីយ៍ ជាច្រើនទៀតពីក្រុមហ៊ុនទេសចរណ៍នានាផងដែរ៕
Article by KEO SONG