×

​កាហ្វេ​តាម​ចិញ្ចើម​ផ្លូវ​ចំនួន​បី​ដែល​បង្កប់​នូវ​អត្ត​សញ្ញាណ​ខ្មែរ​ព្រម​ជា​មួយ​រស​ជាតិ​​ដ៏​ឈ្ងុយ​ឆ្ងាញ់​ដែល​អ្នក​គួរ​សាកល្បង

TRAVEL & LIVING 6 years ago
 
 

          ពាក្យ​ថាហាង​កាហ្វេ​តាម​ផ្លូវ​ប្រាកដ​ណាស់​មិត្ត​អ្នក​អាន​ប្រាកដ​ជានឹកភ្នក​ទៅ​ដល់​កាហ្វេ​ដែល​លក់​តាម​រទេះ​ម៉ូតូ​ឬ​ជាតូប​តូចៗអី​ជា​ដើម​។ ប្រកប​ដោយ​ភាពច្នៃ​ប្រឌិត​ខ្ពស់​និង​ស្រប​ទៅ​តាម​សកភាវូបនីយកម្ម​សម័យ​ទំនើប យើង​កត់​សម្គាល់​ឃើញ​ហាង​កាហ្វេ​មួយ​ចំនួន​ដែល​បើក​ជាលក្ខណៈ​ទ្រង់ទ្រាយ​មធ្យម​ឬ​អាច​និយាយ​បាន​ថា​លក់​នៅ​តាម​ដង​ផ្លូវ​បាន​រៀបចំ​ដេគ័រហាង​យ៉ាង​ស្រស់​ស្អាត​ប្រកប​ដោយ​ភាព​ទាក់​ទាញ​ពីក្រសែ​ភ្នែក រីឯ​រស​ជាតិ​​ទៀត​សោត​ក៏​មិន​ចាញ់​រស​ជាតិ​​កាហ្វេ​ប្រេនៗ​ដែល​នាំ​ចូល​ពី​បរទេស​ឡើយ។ សម្រាប់​ប្រធាន​បទ​ក្នុង​លេខ​នេះ សូវរីន សូម​បង្ហាញ​ហាង​កាហ្វេ​ដែល​លក់​នៅ​តាម​ផ្លូវ​ចំនួន​៣ហាងមក​ធ្វើ​ការ​បង្ហាញ​ជូន​ក៏​ព្រោះ​តែហាង​កាហ្វេ​ទាំង​នោះ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ច្រើន​លើស​លប់ពី​អតិថិជន​ជា​មួយ​រស​ជាតិ​​ក៏​ដូចជា​សោភ័ណភាព​នៃ​ការដេគ័រហាង​យ៉ាង​ប្រណីត។

          បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្លូវ​៥១ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង១ ពី​វត្ត​លង្កា​ទៅ​ប្រហែល​ជា១០០​ម៉ែត្រ​ខាង​ស្ដាំ​ដៃ​អ្នក​នឹង​ប្រទះ​ឃើញ​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​មាន​ការ​រៀបចំ​លក្ខណៈ​បែប​ជនបទ​ដែល​បង្កប់​ទៅ​ដោយ​ភាព​ទំនើប​និយម​នៃ​ការ​រៀបចំ​ម៉ា​ស៊ី​ន​ឆុង​កាហ្វេ​យ៉ាង​ទំនើប​ទាន់​សម័យ​មិន​ចាញ់​ហាង​កាហ្វេ​ធំៗ​ប៉ុន្មាន​​ឡើយ។ ក្រោម​ម្លប់ឈើ​ដ៏​ត្រ​ជាក់​ត្រឈឹងត្រឈៃ​ស្ថាបនិក​នៃ​ហាង​កាហ្វេ​ដែល​មាន​ឈ្មោះ​ថា Café Phum បាន​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់ សូវរីន ថា “បើ​គិត​មក​ដល់​ខែ​កក្កដា​នេះ ខ្ញុំ​បាន​ដំណើរ​ការ Café Phum​នេះ​បាន​រយៈ​ពេល​១ឆ្នាំ​ប្រកប​ដោយ​ភាពជោគ​ជ័យ​”។ អំណោយផល​នៃ​ដើម​ឈើអមសង​ខាង​ផ្លូវ​បាន​បង្កជា​បរិយាកាស​មួយ​ដ៏​រ៉ូ​មែន​ទិក​ទាក់​ទាញ​អារម្មណ៍​ភ្ញៀវ​ឱ្យ​អង្គុយ​ជជែក​កម្សាន្ត​ក្នុង​បរិយាកាស​មួយ​ប្រៀប​ដូចជា​នៅ​ក្នុង​ភូមិ​មួយ​នាទី​ជនបទ​យ៉ាង​ដូច្នោះ​ដែរ។ បើ​និយាយ​ពី​រស​ជាតិ​​នៃ​កាហ្វេ​ទៀត​សោត​នៅ Café Phum ទទួល​បាន​ការ​ពេញ​និយម​ស្ទើរតែគ្រប់​រស​ជាតិ​ ប៉ុន្តែ​អ្វី​ដែល​ពិសេស​ជាង​គេ​ហើយ​មិត្ត​អ្នក​អាន​គួរ​តែ​សាកល្បង​ទៅ​ភ្លក់​នោះ​គឺ កាហ្វេ​ភូមិ ដែល​ជា​កាហ្វេ​ល្បី​ប្រចាំ​ហាង​តែម្ដង។

កាហ្វេភូមិ

          បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុធារសឆ្ពោះមក​កាន់​ផ្សារ​ទំនើប​អ៊ីអនមក​ដល់​ជិត​ស្ដុប​ក្បែរ​ស្ថានទួតរុស្សី អ្នក​ប្រាកដ​ជាប្រទះ​ភ្នែក​នៅ​ហាង​កាហ្វេ​តាម​ចិញ្ចើម​ថ្នល់​មួយ​ដែល​មាន​ការ​រៀបចំ​ហាង​តាម​បែប​ស្រុក​ស្រែ ហើយ​ទន្ទឹម​នឹង​នោះ​ហាង​កាហ្វេ​នោះ​ក៏​ត្រូវ​បាន​ប្រសិទ្ធនាម​ឱ្យ​ឈ្មោះ​ថា​កាហ្វេ​ស្រុក​ស្រែ​តែម្ដង។ បើ​យើង​ក្រឡេក​ភ្នែក​មួយ​ភ្លេច​យើង​ប្រាកដ​ជានឹកភ្នកថា​នៅ​ចំ​កណ្ដាល​ទីប្រជុំជន​ដ៏​ស៊ី​វិល័យ​បែប​នេះ​ហេតុ​អ្វី​បាន​ជា​សង់​ផ្ទះ​ឈើប្រកក្បឿង​យ៉ាង​ដូច្នោះ​ទៅ​វិញ​! ជាការ​ពិត​ណាស់​ដោយ​សារតែ​ចង់​រក្សា​នូវ​បរិបទ​បែប​ខ្មែរ​ទើប​ស្ថាបនិក​ហាង​កាហ្វេ​ស្រុក​ស្រែ​បាន​សាង​សង់​ហាង​កាហ្វេ​ដែល​មាន​រចនា​បទ​បែប​នេះ។ បើ​និយាយ​ពី​រស​ជាតិ​​កាហ្វេ​នៅ​ទី​នេះ​វិញ​រស​ជាតិ​​ដែល​ទទួល​បាន​ការ​គាំទ្រ​និង​ពេញ​និយម​ខ្លាំង​ពី​អតិថិជន​នោះ​គឺ កាហ្វេ​ស្រុក​ស្រែ​និង​ត្នោត​ក្រឡុក​ដែល​ជា​ភេសជ្ជៈ​ល្បី​ប្រចាំ​ហាង​នៅ​ទី​នេះ​តែម្ដង។ ថ្វីត្បិតតែជាហាង​កាហ្វេ​តាម​ចិញ្ចើម​ថ្នល់​ក៏​ពិត​មែន ប៉ុន្តែ​កាហ្វេ​ស្រុក​ស្រែ​បាន​រៀបចំ​តុប​តែង​យ៉ាង​ល្អ​ប្រណីត​ដែល​ពេល​យើង​ដើរ​ចូល​ទៅ​ហាក់​មាន​អារម្មណ៍​ថា​នៅ ស្រុក​ស្រែនា​សម័យ​ទំនើប។

កាហ្វេស្រុកស្រែ

          ​បន្ត​ទៅ​ហាង​កាហ្វេ​មួយ​ទៀត​ដែល​សុទ្ធ​តែ​ឈ្មោះ​បែប​ខ្មែរ​ដែរ​នោះ​គឺ ហាង​កាហ្វេ​រទេះគោ បើ​តាម​ស្ថាបនិក​ហាង​កាហ្វេ​លោក សួស ស័ក្តិកាឌីនល់ ក៏​បង្ហាញ​ហេតុ​ផល​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ស្ថាបនិក​ពីរ​រូប​ខាង​លើ​ដែរ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹងថា “​ដោយ​សារតែ​សន្ទុះ​នៃ​កាហ្វេ​នាំ​ចូល​ពី​ក្រៅ​ស្រុក​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​រីឯ​តម្លែ​ទៀត​សោត​ក៏​ថ្លៃ​គួរ​សម ហេតុ​ដូច​នេះ​បាន​ជា​ខ្ញុំ​សម្រេច​បង្កើត​ស្លាកសញ្ញា​ដោយ​ខ្លួន​ឯង​ក្នុង​ឆ្នាំ​២០១៧ ដោយ​យក​ឈ្មោះ​រទេះគោ​ដែល​ជាយានជំនិះ​មួយ​ដែល​គេ​សម្គាល់​បាន​ថាជា​ខ្មែរ​យើង​នោះ យកមក​ដាក់​ជា​ស្លាកសញ្ញា​ហាង​កាហ្វេ​តែម្ដង​”។ កាហ្វេ​រទេះគោស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣១០ ដែល​មាន​ការដេគ័រហាង​គួរ​ឱ្យ​ទាក់​ទាញ ដោយ​សារតែ​មាន​រទេះសាឡី​មួយ​បង្ហាញ​ខ្លួន​យ៉ាង​ស្រស់​ស្អាត​នឹង​បាន​បង្ហាញ​នូវ​អត្ត​សញ្ញាណ​ខ្មែរ​អំពើ​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​​ខ្មែរ​កាលពី​អតីត​កាល​នោះ។ ថ្វីត្បិតតែជាហាង​កាហ្វេ​លក់​តាម​ចិញ្ចើម​ផ្លូវ​ក៏​ពិត​មែន​ប៉ុន្តែ​ស្ថាបនិក​ហាង​កាហ្វេ បាន​រៀបចំ​ហាងប្រកប​ទៅ​ដោយ​ភាពច្នៃ​ប្រឌិត​គួរ​ជាទី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ដោយ​បាន​ប្រើ​ប្រាស់​វត្ថុ​ពី​បុរាណៗ​យកមក​តាំង​លម្អហាង រីឯ​កៅអី​អង្គុយ​ទៀត​សោត​ក៏​បាន​យកជា​ឬ​ស្សីច្នៃ​មើល​ទៅ​ស្រស់​ស្អាត​មួយ​បែប។ ដោយ​ឡែក​រស​ជាតិ​​កាហ្វេ​នៅ​ទី​នេះ​ក៏​មិន​ចាញ់​ហាង​កាហ្វេ​ប្រេន ប្រេន​ដែល​នាំ​ចូល​ពី​ក្រៅ​ស្រុក​នោះ​ដែរ ហើយ​រស​ជាតិ​​កាហ្វេ​ដែល​អតិថិជន​របស់​កាហ្វេ​រទេះគោ​និយម​ទទួល​ទាន​នោះ​គឺ​មាន​ដូចជា Ice latte Ice caramel & Ice Americano។

កាហ្វេរទេះគោ

          ​មិន​ថា​រស​ជាតិ​​ឬ​តម្លៃ​នោះ​ទេហាង​កាហ្វេ​ដែល​បង្កើត​ស្លាកសញ្ញា​ដោយ​កូន​ខ្មែរ​ទាំង​បី​ខាង​លើ​បាន​គិត​គូរ​យ៉ាង​ដិត​ដល់​ទៅ​លើ​តម្លៃ​សមរម្យ​មួយ​ដែល​អាច​ឱ្យ​អតិថិជន​អាច​ទទួល​យក​បាន​ដោយ​បាន​កំណត់​តម្លៃ​ចាប់​ពី៥៥០០​រៀល​រហូត​ដល់​១២០០០​រៀល​ក្នុង​មួយ​កែវ​ហើយ​តម្លៃ​នេះ​ទៀត​សោត​ក៏​អាស្រ័យ​ទៅ​តាម​ភេសជ្ជៈ​នី​មួយៗ​ផង​ដែរ៕

Article by HENG CHANMAKARA


SUGGESTIONS