×

សូ ស្រណោះ ត្រូវ​បាន​ចាត់​តាំង​ជា​គណៈ​កម្មការ​ កម្មវិធី​ប្រកួត​លេង​ព្យ៉ាណូ​ល្បី​លំដាប់​អាស៊ាន​នៅ​ប្រទេស​ថៃ​

NEWS 6 years ago
 
 

          កម្មវិធី​ប្រកួត​ប្រជែង​តន្រ្តីករ​ព្យ៉ាណូ​កុមារ​ដ៏ធំ​មួយ​របស់​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​ឈ្មោះថា​ Kawai-Thailand ASEAN Piano Competition 2018​ បាន​ប្រព្រឹត្ត​ឡើង​នៅ​មជ្ឈ​មណ្ឌល​សិល្បៈ​ និង​ វប្បធម៌​ ទីក្រុង​បាងកក​ (BACC)​ ចាប់ពី​ថ្ងៃទី២២​ ខែកក្កដា​ ដល់​ ថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០១៨​ ដែល​ទើប​កន្លង​ទៅថ្មីៗ​នេះ។​ វា​ជា​កម្មវិធី​ប្រលង​ព្យ៉ាណូ​ លើក​ដំបូង​ដែល​បើក​ទូលាយ​សម្រាប់​កុមារ​នៅ​ក្នុង​ប្រទេស​អាស៊ាន​ដែល​ចេះ​លេង​ព្យ៉ាណូ​ហើយ​មាន​អាយុ​យ៉ាងច្រើន​ បំផុត​ត្រឹម១៦ឆ្នាំ​។ជា​កិត្តិយស​កូនខ្មែរ​តែម្នាក់​គត់​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ជា​គណៈកម្មការ​ដាក់​ពិន្ទុ​មួយរូប​ក្នុង​​         ​ចំណោម​ចំនួន​គណៈកម្មការ​ចម្រុះ​ជាតិសាសន៍​សរុប​ ៦ នាក់​ នោះ​ គឺ​ លោក​ សូ​ ស្រណោះ​ ស្ថាបនិក​សាលា​ស្រណោះ ​តន្រ្តី​  ក្នុង​ក្រុងភ្នំពេញ​ និង​ ជា​អតីត​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ជំនាញ​ព្យ៉ាណូ​មកពី​ប្រទេសជប៉ុន​។

Image Courtesy: Srornos

           លោក សូ  ស្រណោះ ​ដែល​ទើប​វិលត្រឡប់​មក​ពី​ប្រទេសថៃ​ បាន​រៀបរាប់​ប្រាប់ថា​ នេះ​មិនមែន​ជា​លើកទី១​ ទេ​សម្រាប់​រូប​លោក​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​បរទេស​ទុកចិត្ត​ និង​ ផ្តល់​កិត្តិយស​ឲ្យ​រូប​លោក​បាន​ក្លាយ​ជា​គណៈមេ​ ប្រយោគ​សម្រាប់​ដាក់ពិន្ទុ​កម្មវិធី​ប្រកួត​ប្រជែង​ជំនាញ​ព្យាណ៉ូ​នៅលើឆាក​អន្តរជាតិ​។​ ជាក់ស្តែង​ នេះ​ជា​ការ​ចេញដំណើរ​ លើក​ទី៥​ហើយ​សម្រាប់​តួនាទី​នេះ​​ បន្ទាប់​ពី​លោក​ធ្លាប់​បាន​ធ្វើដំណើរ​ទៅ​ចូលរួមកម្មវិធី​នានា​នៅ​ក្នុង​ប្រទេសចិន​ ប្រទេសសិង្ហបុរី​ ប្រទេសម៉ាឡេស៊ី​ និង​ ប្រទេសថៃ​ (កាលពីលើកទី១)​។ ដោយ​ឡែក​សម្រាប់​កម្មវិធី​លើកនេះ​​ គឺមាន​ បេក្ខភាព​គណៈកម្ម​ការជាតិ​ និង​អន្តរជាតិ​ ចំនួន០៧​ រូប​មក​ពី​ប្រទេសផ្សេងៗ​ ក្នុង​នោះ​រួម​មាន​ ប្រទេស​ជប៉ុន​ ប្រទេស​ កូរ៉េ​​ ប្រទេសសិង្ហបុរី​ ប្រទេសថៃ​ ប្រទេសម៉ាឡេស៊ី​ ប្រទេសវៀតណាម​ និង​ ប្រទេសកម្ពុជា​។

Image Courtesy: Srornos

           បើតាម​ប្រសាសន៍​លោក​ សូ​ ស្រណោះ​ កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​គួរឲ្យ​កត់សម្គាល់​ពី​ការ​ចូលរួម​ក្នុង​ កម្មវិធី​ដ៏ធំ​លំដាប់អាស៊ាន​មួយនេះ​ «​ទីមួយ​ កម្មវិធី​នេះ​បាន​ជួយ​ឲ្យ​យើង​ពាំនាំ​កេរ្តិ៍ឈ្មោះ​ប្រជាជាតិ​ខ្មែរ​យើងទៅ​ កាន់ឆាកអន្តរជាតិ​។ ទីពីរ​ គឺ​ខ្ញុំ​អាច​ស្វែងយល់​អំពី​ការ​ប្រលង​បានច្រើន​ និង​​ទីបី​ ខ្ញុំ​បាន​ស្នើសុំ​ឲ្យ​ខ្មែរ​បាន​ចូលរួម​ក្នុង​ កម្មវិធី​អន្តរជាតិ​នេះ​។»​ ​​លោក​បានបន្ត​ប្រកប​ដោយ​សុទិដ្ឋិនិយម​ថា​ “គេ​កំពុង​តែគិត​ពី​សំណើ​របស់ខ្ញុំ​! បើសិន​ជាអាច​ ឆ្នាំ​ក្រោយ​គេ​បើក​ឲ្យ​កូនខ្មែរ​បាន​ចូលរួម​ ខ្ញុំ​នឹង​ព្យាយាម​នាំ​កូនខ្មែរ​យើង​ទៅប្រលង​ក្នុង​កម្មវិធី​ហ្នឹងទៀត​” ។

Image Courtesy: Srornos

          ​ទន្ទឹម​នឹង​នេះ​ លោក​សូម​អំពាវនាវ​ដល់​យុវជន​ និង​ ប្អូនៗ​កុមារ​ទាំង​ឡាយ​គួរ​ចំណាយ​ពេលវេលា​ក្នុង​ការហាត់​ រៀន​សិល្បៈ​តន្រ្តី​បន្ថែម​លើ​ការ​សិក្សា​ចំណេះ​ដឹង​ទូទៅ​ជាជាង​ទុក​ពេល​វេលា​ដើរ​ផ្លូវ​ខុស​ប្រព្រឹត្ត​អំពើ​មិន​គួរគប្បី​។ លោក​យល់ថា​ តន្រ្តី​មិន​ត្រឹម​តែ​ជា​ការ​កំសាន្ត​សប្បាយ​ប៉ុន​នោះទេ​ តែ​វា​ជា​ឱសថ​ទិព្វ​សស​ម្រាប់​ព្យាបាល​អារម្មណ៍​ និង​ ជា​ឧបករណ៍​សម្រាប់​ជំនួយ​ដល់​ការ​លូត​លាស់​ផ្នែក​ប្រាជ្ញា​ស្មារតី​របស់​កុមារ​និង​យុវជន​ថែម​ទៀត​ផង​៕

Article by SRIN SOKMEAN


SUGGESTIONS