×

មួកត្នោត​ តម្រូវ​ការ​ច្រើន​តែ​អ្នក​ផលិត​តិច​ហាក់​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​

TRAVEL & LIVING 6 years ago
 
 

          មួក​ត្នោត ត្រូវ​បាន​គេ​ចាត់​ទុកថា​ជា​ផលិត​ផល​អត្ត​សញ្ញាណ​​ជាតិ​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​ផលិត​ផល​ជាតិ​ជា​ច្រើន​ទៀត ដែល​ប្រជា​ពលរដ្ឋ​​កម្ពុជា​នៅ​តែ​ឲ្យ​តម្លៃ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ គេ​បាន​សង្កេត​ឃើញ​ថា​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​នៅ​តែ​បន្ត​ពាក់​ក្នុង​ពិធី​បុណ្យ​ជាតិ​ផ្សេងៗ ជា​ពិសេស​គឺ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កាលពី​ឆ្នាំ​ទៅ នៅ​ឯ​ខេត្ត​សៀមរាប​និង​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត​គួរ​ឱ្យ​កត់​សម្គាល់។ បើ​ទោះ​បីជា​មាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​​ខ្មែរ​យ៉ាង​ច្រើន​កុះករដូច​នេះ​ក្តី ក៏​សង្វាក់​នៃ​ការ​ផលិត​មួក​ត្នោត​នៅ​ភូមិ​អូរស្លាត ឃុំភ្នំបាត ស្រុក​ពញ្ញាឮ ខេត្ត​កណ្តាល ហាក់​កំពុង​តែ​ប្រឈម​នឹង​ការ​បាត់​បង់ ដោយ​សារតែ​កង្វះ​អ្នក​ផលិត ដែល​នេះ​គឺជា​សញ្ញា​មួយ​គួរ​ឲ្យ​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។

          ស្ថិត​នៅ​ក្បែរ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ហៅ​ភ្នំឧដុង្គ ភូមិ អូរស្លាត ឃុំភ្នំបាត ស្រុក​ពញ្ញាឮ​ខេត្ត​កណ្តាល គឺជា​កន្លែង​ផលិត​មួក​ត្នោត​ច្រើន​ជាង​គេ ក្បែរ​រាជធានី​ភ្នំពេញ ហើយ​ក៏​ជា​កន្លែង​ដែល​ផ្គត់ផ្គង់​មួក​ត្នោត​សឹងតែ​នៅ​ទូ​ទាំង​ប្រទេស​ផង​ដែរ។ មិន​ត្រឹម​តែ​ផ្គត់ផ្គង់​តែ​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ក៏​មាន​ផង​ដែរ​នូវ​ការ​បញ្ជា​រ​ទិញ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ថែម​ទៀត​ផង។ យ៉ាង​ណាមិញ ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភូមិ​មួក​ត្នោត ដែល​ធ្លាប់​តែ​មាន​ភាព​មមាញឹក​សឹងគ្រប់​គ្រួសារ​ដោយ​សារ​នាំ​គ្នា​ប្រកបរបរ​ធ្វើ​មួក​ត្នោត​នេះ បែរជា​មាន​សភាពស្ងាត់ជ្រងំ​និង​មាន​តែ​ប្រមាណ​ជាបី បួន​គ្រួសារ​ប៉ុណ្ណោះ​ដែល​បន្ត​នូវ​មុខ​របរ​មួយ​នេះ ខណៈ​ដែល​តម្រូវ​ការ​តែង​តែ​មាន​ឥតដាច់។ លោក សៀក ដែល​ជា​អ្នក​ផលិត​មួក​ត្នោត​មួយ​រូប​ក្នុង​ចំណោម​អ្នក​ធ្វើ​មួក​ត្នោត​នេះ​បាន​ប្រាប់​ឲ្យ​ដឹងថា ដោយ​សារតែ​ការ​ចំណាយ​សឹងតែ​ស្មើ​នឹង​ចំណូល ម្យ៉ាង​ត្រូវ​ប្រើ​កម្លាំង​ពលកម្ម​ច្រើន​ក្នុង​ការ​ផលិត​ទៀត​នោះ ទើប​ធ្វើ​ឲ្យ​អ្នក​ភូមិ​មួយ​ភាគ​ធំ ជា​ពិសេស​គឺ​យុវជន​ជំនាន់​ក្រោយ​ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​នូវ​របរ​មួយ​នេះ​ចោល ហើយ​ក៏​ចំណាក​ស្រុក​​ដើម្បី​​ស្វែងរក​ការ​ងារ​ថ្មី។ លោក​បាន​និយាយ​ទាំង​រអ៊ូរទាំថា ទម្រាំតែអាច​ផលិត​មួក​នេះ​ឡើង លោក សៀក ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន​ដូច​ជាការ​ជួល​អ្នក​ឡើង​ទៅ​កាប់​ស្លឹក​ត្នោត ដោយ​ក្នុង​មួយ​ដើម​គេយក​កម្រៃ​ពីប្រាំ​ពាន់​រៀល ទៅ​មួយ​ម៉ឺន​រៀល​ទៅ​តាម​ទំហំ​ការ​ងារ​និង​តម្រូវ​ការ​ដែល​លោក​ចង់​បាន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ត្រូវ​ទិញ​ស្លឹក​ត្នោត​ពី​ម្ចាស់​​ត្នោត​នី​មួយៗ ដោយ​ម្ចាស់​​ត្នោត​គេ​លក់​ឲ្យ​ប្រាំ​ដើម​ក្នុង​តម្លៃ ៤០០០ រៀល​ទៅ ៥០០០​រៀល​ទៀត​ផង។ ទាំង​អស់​នេះ​នៅ​មិន​ទាន់​គិត​ពី​តម្លៃ​នៃ​ការ​ដឹក​ស្លឹក​ត្នោត និង​ការ​ទិញ​ក្រណាត់ អំ​បោះ​និង​គ្រឿង​បរិក្ខារ​មួយ​ចំនួន​ទៀត​​ដើម្បី​​ផលិត​ចេញ​ជារូបរាងមួក​ត្នោត​នេះ​នៅ​ឡើយ​ផង។ ចំណែក​ឯ​ចំណូល​វិញ​លោក​សៀក​បាន​បង្ហើប​ឲ្យ​ដឹងថា លោក​លក់​មួក​មួយ​តម្លៃ ៣០០០​រៀល ក្នុង​តម្លៃ​លក់​រាយ និង​ទទួល​ធ្វើ​ក្នុង​តម្លៃ​មួយ​សមរម្យ​សម្រាប់​អ្នក​ដែល​ចង់​ជាវ​ដើម្បី​​ទៅ​បោះ​ដុំ​បន្ត។

          ក្នុង​វ័យ ៦២ ឆ្នាំ លោក សៀក និង​ភរិយា​បាន​ប្រកប​មុខ​របរជា​អ្នក​ធ្វើ​មួក​ត្នោត​នេះ​អស់​រយៈ​ពេល​​ជាង​សាមសិបឆ្នាំ​មក​ហើយ។ ដោយ​សារតែ​មាន​វ័យ​ចំ​ណាស់​បែប​នេះ លោក​មិន​អាច​ទៅ​ធ្វើ​ការ​ឬ​ស្វែងរក​មុខ​របរណា​ផ្សេង​ក្រៅ​ពីរ​បរ​ធ្វើ​មួក​ស្លឹក​ត្នោត​នេះ​លក់​ដែល​អាច​ឲ្យ​លោក​អាច​សម្រាក​នៅ​ផ្ទះ​ផង និង​ស្វែងរក​ប្រាក់​ចំណូល​ខ្លះ​​ដើម្បី​​ចិញ្ចឹម​គ្រួសារ​ផង។ សព្វ​ថ្ងៃ​អ្នក​ដែល​បន្ត​ធ្វើ​មួក​ត្នោត​នៅ​ភូមិ​អូរស្លាត ឃុំបាត ស្រុក​ពញ្ញាឮ ខេត្ត​កណ្តាល​ភាគ​ច្រើន​សុទ្ធ​សឹងតែ​អ្នក​ភូមិ​ចាស់​ដែល​លោក ពុំដឹង​ធ្វើ​អ្វី​ក្រៅ​ពី​មុខ​របរ​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ឡើយ។ ដោយ​សារតែ​សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន សង្គម​កាន់​តែ​មាន​ការអភិវឌ្ឍ​គួបផ្សំជា​មួយ​និង​ការ​ងារ​ក៏​កាន់​តែ​សម្បូរ​បែប​ជា​មួយ​នឹង​ការ​អប់រំ​កាន់​តែ​ទូលំ​ទូលាយ យុវជន​មួយ​ចំនួន​នៅ​ភូមិ​អូស្លាត​នេះ​បាន ធ្វើ​ចំណាក​ស្រុក​មក​កាន់​រាជធានី​ភ្នំពេញ​​ដើម្បី​​បន្ត​ការ​សិក្សា​និង​ស្វែងរក​ការ​ងារ​ដែល​អាចរក​ប្រាក់​ចំណូល​តាម​រយៈចំណេះ​និង​ជំនាញ​របស់​ពួក​គេរៀងៗ​ខ្លួន។ យុវជន​ខ្លះ​ទៀត​ក៏​សម្រេច​ចិត្ត​នាំ​គ្នា​ទៅ​ធ្វើ​ជា​កម្មករ​រោង​ចក្រ​​ព្រោះ​ពួក​គេ​គិត​ថាការប្រកប​មុខ​របរ​ធ្វើ​មួក​ត្នោត​នេះ​ទទួល​បាន​ចំណូល​តិច​តែ​ចំណាយ​កម្លាំង​ច្រើន​ដូច្នេះ​​ហើយ​ទើប មិន​សូវ​មាន​យុវជន​ច្រើន​ឡើយ​ដែល​បន្ត​មុខ​របរ​ផលិត​មួក​ត្នោត​ពីឳពុក​ម្តាយ​របស់​ពួក​គេ​ហើយ​នេះ​ពិត​ជាសញ្ញា​មួយ​ដែល​ធ្វើ​ឲ្យ​មួក​ត្នោត​ខ្មែរ​ប្រឈម​នឹង​ការ​បាត់​បង់​នៅ​ថ្ងៃ​អនាគត៕

Article by KEO SONG


SUGGESTIONS