សរ ហាក់ឆាយ ជំនះនឹងគ្រួសារដើម្បីក្លាយជាអ្នកគូររូបដ៏មានប្រជាប្រិយ៍ម្នាក់
NEWS 6 years agoនៅក្នុងពិភពការងារច្នៃប្រឌិត ដូចជាការរចនាខិត្តប័ណ្ណ ផ្ទាំងពាណិជ្ជកម្ម ស្លាកសញ្ញា និងការងាររចនាមួយចំនួនទៀត កំពុងត្រូវការអ្នកគូរគំនូរជាច្រើន ដើម្បីជាជំនួយដល់ការរចនាឲ្យកាន់តែមានភាពស្រស់ស្អាត និងភាពច្នៃប្រឌិត។ ដោយសារការគូរគំនូរទាមទារឲ្យមានភាពអត់ធ្មត់ និងទេពកោសល្យពីកំណើតផង ទើបចំនួនអ្នកគូរគំនូរនៅក្នុងស្រុកមានចំនួនទាបធៀបនឹងជំនាញផ្សេងៗ។ បើទោះជាយ៉ាងនេះក្តី គុណភាពគំនូររបស់វិចិត្រករខ្មែរមានកម្រិតមួយដ៏គួរឲ្យកោតសរសើរ តួយ៉ាងដូចជា អ្នកគូរគំនូរវ័យ ២១ឆ្នាំ សរ ហាក់ឆាយ ជាអ្នកគូរគំនូរសម្រាប់ការរចនា (Illustrator) ដែលកំពុងព្យាយាមកសាងស្នាដៃរបស់ខ្លួននៅក្នុងទីផ្សារការងារក្នុងស្រុក។
ហាក់ឆាយ ត្រូវបានគេស្គាល់ថាជាអ្នកគូរគំនូរវ័យក្មេង ដែលល្បីល្បាញតាមរយៈការផ្សព្វផ្សាយស្នាដៃផ្ទាល់ខ្លួននៅលើបណ្តាញសង្គម។ អ្នកគូរគំនូរឯករាជ្យរូបនេះ និយមគូរគំនូរបែបហ្វេហ្សិន និងការសរសេរអក្សរប្លែកៗ (graffiti)។ ថ្មីៗនេះ សិល្បៈនៃការគូរគំនូររបស់ហាក់ឆាយ ត្រូវបានបង្ហាញនៅក្នុងកម្មវិធី "និទាន" ក្នុងការគូរគំនូរភ្លាមៗ នូវផ្នែកមួយនៃរឿងនិទានខ្មែរ រឿង "ក្អែកមួយជាក្អែកដប់"។ ត្បិតតែមិនបានទទួលការបណ្តុះបណ្តាលនៅគ្រឹះស្ថានអប់រំផ្នែកគូរគំនូរវិចិត្រកម្មណាក្តី ប៉ុន្តែ ហាក់ឆាយ មានស្នាដៃគូរគំនូរប្លែកគួរឲ្យចាប់អារម្មណ៍ ហើយថែមទាំងអាចរកចំណូលសម្រាប់ខ្លួនឯងតាំងពីវ័យប្រមាណ ១៦ឆ្នាំ ចាប់ផ្តើមពីការគូរគំនូរសម្រាប់បោះពុម្ភលើអាវយឺតរបស់ក្រុមហ៊ុនកាហ្វេ ប្រោន។
ការគូរគំនូរ គឺជាការងារដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលបានផ្តល់ជាការកំសាន្តថែមទាំងអាចរកចំណូលបានថែមទៀតផង។ លើសពីនេះទៅទៀត សម័យទំនើបនេះបានផ្តល់តម្លៃការងារជាអ្នកគំនូរ ថាជាសិល្បករដែលមានភាពច្នៃប្រឌិតមួយបែបតាមរយៈការបង្ហាញពីភាពស្រមើលស្រមៃរបស់ខ្លួនឲ្យចេញជារូបភាព។ ហាក់ឆាយ និយាយថា «ការងារសិល្បៈគឺជាការធ្វើការងារ និងការរីករាយនូវអ្វីដែលយើងចូលចិត្តធ្វើខ្លាំងបំផុត។»
អ្វីដែលជាការលំបាកនៅក្នុងការដើរលើវិថីសិល្បៈគំនូរ គឺការព្យាយាមទាញយកផ្នត់គំនិតក្នុងសង្គមខ្មែរ ដែលធ្លាប់តែគិតថាជំនាញគូរគំនូរ គឺជាជំនាញដែលពិបាករកទីផ្សារការងារ។ «កាលខ្ញុំនៅពីក្មេង ប៉ារបស់ខ្ញុំថែមទាំងធ្លាប់ដុតសៀវភៅគំនូររបស់ខ្ញុំចោលថែមទៀតផង។ អ្វីដែលខ្ញុំចង់ផ្តាំទៅកាន់អ្នកផ្សេង គឺពេលខ្លះយើងមិនបាច់ប្រាប់ដល់ឪពុកម្តាយរបស់យើងថាយើងចង់ក្លាយជាអ្នកសិល្បៈនោះទេ អ្វីដែលយើងត្រូវធ្វើគឺបង្ហាញគាត់ម្ដងបន្តិចៗ ដើម្បីឲ្យគាត់បានឃើញការងាររបស់យើងសិន ព្រោះយើងកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ ដូច្នេះយើងចាំបាច់ត្រូវស្តាប់ការសម្រេចចិត្តរបស់គាត់ផង និងខ្លួនឯងផង។»ទីផ្សារការងារសម្រាប់អ្នកគំនូរ Illustrator ដូចជាហាក់ឆាយមានច្រើនគួរសម ដែលអាចរកចំណូលសម្រាប់ខ្លួនបាន ទាំងការធ្វើការឯករាជ្យ និងការងារពេញម៉ោង បើទោះយ៉ាងនេះក្តី អ្នកគំនូរវ័យក្មេងរូបនេះ ចូលចិត្តធ្វើការបែបឯករាជ្យច្រើនជាង ដើម្បីកាត់បន្ថយសម្ពាធ។ បច្ចុប្បន្ននេះ ហាក់ឆាយ កំពុងផ្តោតលើការគូរគំនូរលើក្រដាស ហើយជំហានបន្ទាប់គឺខិតខំបង្កើនសមត្ថភាពនិងស្នាដៃការងាររបស់ខ្លួន ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនក្នុងការទៅសិក្សាមហាវិទ្យាល័យដើម្បីបង្កើនជំនាញក្នុងការគូរគំនូរនៅបរទេស។
គូរគំនូរបណ្តើរជជែកបណ្តើរ ហាក់ឆាយ ពន្យល់ពីបច្ចេកទេសខ្លះៗនៃការគូរគំនូរថា YouTube ជាកន្លែងដែលអាចរៀនពីតិចនិកគូរគំនូរថ្មីៗបានយ៉ាងងាយ ហើយក្រៅពីនោះគឺពឹងលើការអត់ធ្មត់និងការសង្កេតផ្ទាល់ខ្លួន។ «ពេលខ្លះដែលខ្ញុំឃើញរូប ឬឃើញពណ៌ថ្មីៗប្លែកនៅកន្លែងណាមួយ ខ្ញុំតែងតែកត់ត្រាទុក ឬគូររូបនោះទុក ដើម្បីយកមកទុកប្រើពេលក្រោយ។ ពេលខ្លះខ្ញុំមើលរូបផ្សេងៗ និងពណ៌ដែលគេនិយមនៅលើ អ៊ីនធឺណេត ហើយ Save វាទុក ដូច្នេះពេលក្រោយដែលខ្ញុំត្រូវគូររូប ខ្ញុំមានគំនិតក្នុងខ្លួនស្រាប់» ហាក់ឆាយនិយាយហើយបន្ថែមថា ការគូរគំនូរកាន់តែច្រើន នឹងបណ្តុះគំនិតថ្មីៗកាន់តែច្រើន ដែលជំរុញការគូរគំនូរឲ្យកាន់តែងាយស្រួល។ អ្នកគូរគំនូរដូចជា ហាក់ឆាយ យកចិត្តទុកដាក់លើការប្រើប្រាស់ពណ៌ លោកនិយាយថា «ពណ៌គឺសំខាន់ ដើម្បីចៀសវាង យើងប្រើប្រាស់ពណ៌ដដែលៗ ដូច្នេះត្រូវមើលពណ៌ដែលគេនិយម។» ហាក់ឆាយបន្ថែមទៀតថា ការគូរគំនូរសម្រាប់អ្នកដែលស្រលាញ់ការគូរគំនូរ ហើយធ្លាប់គូរគំនូរលេងតាំងពីវ័យកុមារដូចជាខ្លួន មិនមានការលំបាកទេ ខណៈដែល អ្នកគូរគំនូររូបនេះ ត្រូវការពេលត្រឹមតែ ៣ម៉ោងប៉ុណ្ណោះសម្រាប់ការគូរគំនូរមួយផ្ទាំង។ ប៉ុន្តែ សម្រាប់អ្នកដែលចង់រៀនគូរគំនូរត្រូវទាមទារការអត់ធ្មត់ខ្ពស់ក្នុងការគូររូប ទោះបីជាស្នាដៃគំនូរដំបូងពិបាកទទួលយកយ៉ាងណាក្តី។ រីឯសម្ភារៈគំនូរវិញ ហាក់ឆាយ បន្ថែមថា ការគូរគំនូរត្រូវការឲ្យមានសម្ភារច្រើនបន្តិច ដែលសម្ភារទាំងនោះភាគច្រើនត្រូវទិញនៅក្រៅប្រទេស៕
Article by VA SONYKA