×

ក្រឡោជី នំ​អ្នក​ស្រុក​ឧដុង្គ​ផ្អែម​ស្អិតរមួត​ឆ្ងាញ់​ជាប់​ចិត្ត​

TRAVEL & LIVING 6 years ago
 
 

          គ្រាន់​តែ​ដាក់​កាន់​ចូល​មាត់​អ្នក​នឹង​មាន​អារម្មណ៍​ថា សាច់​នំទន់ល្មើយស្អិតរមួត​ហើយ​ក្លិន​ដ៏​ប្រហើរ​នៃ​គ្រឿង​ផ្សំ​ដែល​មាន​នៅ​ក្នុង​នំ​កាន់​តែរុញ​ច្រាន​អារម្មណ៍​អ្នក​ឱ្យ​ជាប់​ចិត្ត​ជា​មួយ​នំ​ខ្មែរ​មួយ​ប្រភេទ​នេះ ដែល​ស្ទើតែគ្មាន​អ្នក​ស្គាល់​ឈ្មោះ។ មាន​សណ្ឋានរាងមូលប៉ុន​គ្រាប់​ប៉េងប៉ុង នំក្រឡោជី​ហាក់​មិន​សូវ​មាន​អ្នក​ស្គាល់​ប៉ុន្មាន​ឡើយ ខណៈ​ដែល​នៅ​តាម​ជើង​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ត្រូវ​បាន​គេ​ដាក់​លក់​យ៉ាង​ព្រោងព្រាតជា​មួយ​នឹង​នំ​ខ្មែរ​ជា​ច្រើន​ទៀត​ដូចជា នំលម្អងចេក នំខ្មួស នំម្រាម​ដៃ​-ល-។ កាលបើ​អ្នក​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ជើង​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ហើយ​នោះ​អ្នក​នឹង​ប្រទះ​ឃើញ​នំជា​ច្រើន​ប្រភេទ​តម្រៀបត្រៀបត្រា​តាំង​បង្ហាញ​រាងបង្អួតសម្រស់​ឱ្យ​ទេសចរ​គ្រប់រូប​នឹកភ្នក​ចង់​ភ្លក់​គ្រប់​គ្នា​កាលបើ​បាន​ឃើញ​ហើយ​នោះ។

          ថ្ងៃ​នេះ សូវរីន សុំ​បង្ហាញ​ពីនំក្រឡោជី​ដែល​ធ្វើ​ឡើង​ពីម្សៅដំណើប ស្វិតដូចនំគម​និង​មាន​ស្នូលផ្សំពី​ទឹក​ដោះគោ លាយបញ្ជូល​គ្នា​ជា​មួយ​នឹង​ល្ងស ដូង និង សណ្តែកដី មាន​រស​ជាតិ​​ផ្អែម​ត្រូវ​បាន​អ្នក​លក់​នំ​នៅ​ឯភ្នំ​ព្រះ​រាជ​ទ្រព្យ​ហៅ ភ្នំឧដុង្គ​នេះ វេចខ្ចប់​យ៉ាង​មាន​អនាម័យ​បំផុត​ដោយ​មាន​គ្របប្លាស្ទិកថ្លា ការពារ​ធូលីដី​បាន​យ៉ាង​ល្អ និង​រៀប​យ៉ាង​មាន​សណ្តាប់ធ្នាប់​នៅ​លើចានស្នោរ​ដែល​មាន​នំ​ចំនួន​៩​គ្រាប់ លក់​ក្នុង​តម្លៃ​ចាប់​ពី៣​ពាន់​រៀល​រហូត​ដល់​ប្រាំ​ពាន់​រៀល​ទៅ​តាម​ថ្ងៃ​ធម្មតា​និង​ថ្ងៃ​បុណ្យ​ទាន​ដែល​មាន​ភ្ញៀវ​ទេសចរ​មក​លេង​តិច​ឬ​ច្រើន។ គួរ​បញ្ជាក់​​ផង​ដែរ​ថានំក្រឡោជី​នេះ​អាច​រក្សា​ទុក​បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បើ​គិត​ចាប់​ពី​ពេល​ចាប់​ផ្តើម​ធ្វើ​ដំបូង ប្រសិន​បើទុក​យូរ​ពេក​នោះ វាអាច​នឹង​ធ្វើ​ឲ្យ​នំ​មាន​សភាពរឹង​ស្ងួត​និង​ខូច​គុណភាព​មិន​អាចបរិភោគ​បាន​ឡើយ។

          ជាទូ​ទៅ​នំ​ប្រភេទ​នេះ​គេ​ត្រូវ​ងើបពីព្រលឹម​ធ្វើ ព្រោះ​មិន​អាច​ធ្វើ​វាទុក​សម្រាប់​លក់​ដូចនំ​មួយ​ចំនួន​ដែល​អាច​ធ្វើ​និង​ចៀន​នៅ​កន្លែង​លក់​ផ្ទាល់​បាន​នៅ​ឯ​រមណីយដ្ឋាន​ឧដុង្គ​នេះ​ឡើយ។ បើ​តាម​ការ​ឱ្យ​ដឹងពីបងស្រី មុំ ឃី អ្នក​លក់​នំ​នៅ​ឧត្ដុង​បាន​ឱ្យ​ដឹងថា ជាទូ​ទៅ​គាត់​លក់​នំ​បាន​ប្រមាណ​ជា១០​ទៅ​២០​កញ្ចប់​សម្រាប់​ថ្ងៃ​ធម្មតា​ដោយ​ឡែក​សម្រាប់​ថ្ងៃ​ចុង​សប្ដាហ៍​ឬ​ថ្ងៃ​បុណ្យ​ទាន​វិញ​គាត់​លក់​បាន​រហូត​ដល់​ទៅ​១០០ ​ឬ​ ២០០​កញ្ចប់​ឯណោះ។ បងស្រី​ក៏​បាន​បញ្ជាក់​​ផង​ដែរ​ថា​គាត់​រួម​ទាំង​អ្នក​លក់​មួយ​ដទៃ​ទៀត​មិន​បាន​ធ្វើ​សម្រាប់​បោះ​ទៅ​ចែក​ចាយ​លក់​នៅ​ភ្នំពេញ ឬ ខេត្ត​ដទៃ​នោះ​ឡើយ ដោយ​គាត់ និង​អ្នក​លក់​ជា​ច្រើន​ទៀត ធ្វើ​លក់​តែ​នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះ​រាជ​ទ្រព្យ​នេះ​តែ​ប៉ុណ្ណោះ។ អីចឹងបើ​ចង់​ញាំនំក្រឡោជី​រស​ជាតិ​​ដើម​កុំ​ភ្លេច​មក​លេង​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ណា!

Article by KEO SONG


SUGGESTIONS