×

ឈៀងម៉ៃ​បើក​ទ្វារ​ស្វាគមន៍​ទី​ផ្សារ​​ទេសចរណ៍​ថ្មី​ពី​ប្រទេស CLMV

NEWS 6 years ago
 
 

          ឈៀងម៉ៃ ត្រូវ​បាន​គេ​ស្គាល់​ថា​ជាទី​ក្រុង​​ទេសចរណ៍​ធំ​មួយ​របស់​ប្រទេស​ថៃ ដែល​ជា​អតីត​ទី​ក្រុង​ចាស់​មាន​ប្រវត្តិ​រាប់រយ​ឆ្នាំ​មក​ហើយ។ ឆ្លើយតប​នឹង​តម្រូវ​ការ​ខ្ពស់​របស់​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស ទី​ក្រុង​ឈៀងម៉ៃ ក៏​ត្រូវ​បាន​រៀបចំ​យ៉ាង​សកម្ម ដើម្បី​​ផ្តល់​សេវា​កម្ម​សណ្ឋាគារ​ និង​បដិសណ្ឋារកិច្ច​ឲ្យ​បាន​គ្រប់​គ្រាន់ រួម​ទាំង​ឈាន​ដល់​ការ​ផ្គត់ផ្គង់​សេវា​កម្ម​រៀបចំ​កម្មវិធី ប្រជុំ ដំណើរ​កំសាន្ត​សម្រាប់​បុគ្គលិក សន្និសីទ និង​កម្មវិធី​​ទេសចរណ៍​នានា​ថែម​ទៀត (MICE)។ អតិថិជន​គោល​ដៅ​ដែល​ទី​ក្រុង​ឈៀងម៉ៃ កំពុង​សម្លឹង​ឃើញ​រូម​មាន ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស CLMV (Cambodia, Laos PDR, Myanmar and Vietnam) កម្ពុជា ឡាវ ភូមា និង​វៀត​ណាម​ផ្សេង​ទៀត ខណៈ​ដែល​សេដ្ឋកិច្ច​ជាតិ​របស់​សមាជិក CLMV កំពុង​ងើប​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។

លោកស្រី Nichapa Yoswee

          នៅ​ក្នុង​ជំនួប​រវាង​បណ្តា​អ្នក​សារ​ព័ត៌មាន និង​ដៃ​គូ​ពាណិជ្ជកម្ម​ធំៗ មកពី​ប្រទេស CLMV នៅ​ក្នុង​កម្មវិធី​​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទី​ក្រុង​ឈៀងម៉ៃ ក្រោម​ប្រធាន​បទ Chaing Mai: Yesterday, Today and Tomorrow កាលពី​ពេល​ថ្មីៗ​នេះ លោក​អ្នក​ស្រី Nichapa Yoswee អនុ​ប្រធាន​ជាន់​ខ្ពស់​នៃ Business, Thailand Convention and Exhibition Bureau បាន​ឲ្យ​ដឹងថា តួរ​លេខ​របស់​ភ្ញៀវ​ទេសចរ​ដែល​មក​កាន់​ទី​ក្រុង​ឈៀងម៉ៃ​ក្នុង​គោល​បំណង​ពិភាក្សា​ធុរកិច្ច ដែល​មកពី​ប្រទេស​កម្ពុជា​មាន​ចំនួន ១០ ៦៦៥​នាក់ កាល​ពីឆ្នាំ​​ទៅ ខណៈ​ដែល​ប្រទេស​វៀត​ណាម មាន​ចំនួន ៥១ ៤១៦​នាក់ ប្រទេស​ឡាវ​មាន​ចំនួន ២៣ ៥៣៩​នាក់ និង​ប្រទេស​ភូមា មាន​ចំនួន ១១ ៥៩៦​នាក់។ អ្នក​ស្រី​បាន​បន្ថែម​ថា តួរ​លេខ​នេះ​បាន​កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់​មួយ​បើ​ធៀប​នឹង​រយៈ​ពេល​៥ឆ្នាំ​មុន ហើយ​រំពឹង​ថា​នឹង​បន្ត​កើន​ឡើង​បន្ថែម​ទៀត​នៅ​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី។

          ក្រុម​ការ​ងារ​ សូវរីន​ ក៏​ដូចជា​ក្រុម​ការ​ងារ​មកពី​បណ្តា​ប្រទេស CLMV ត្រូវ​បាន​ណែនាំ​ឲ្យ​ទទួល​យកបទពិ​សោធន៏នៃ​ការហោះហើរជា​ក្រុម​ពីបាងកក ទៅ​កាន់​ទី​ក្រុង​ឈៀងម៉ៃ ដោយ​ចំណាយ​ពេល​ខ្លី​និង​ងាយ​ស្រួល​តាម​រយៈ​កញ្ចប់​សេវា​កម្ម​ងាយ​ស្រួល​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍ Bangkok Airways ដែល​មាន​ឈ្មោះ​ថា Fly and Meet Double Bonus សម្រាប់​ក្រុម​ការ​ងារ​ដែល​នឹង​ធ្វើ​ដំណើរ​ពីបណ្តា​ប្រទេស CLMV ទៅ​កាន់​ទី​ក្រុង​ឈៀង ម៉ៃ ចាប់​ពី៥០​នាក់​ឡើង​ទៅ។ ក្រៅ​ពី​នេះ​យើង​ក៏​បាន​ទៅ​ទស្សនកិច្ច សណ្ឋាគារ​ប្រណីតៗ​ដែល​មាន​ទី​តាំង​គ្រប់​លំដាប់​សម្រាប់​ការ​រៀបចំ​កម្មវិធី​​តូច​ធំ ដូចជា សណ្ឋាគារ Rati Lanna Riverside Spa and Resort សណ្ឋាគារ Night Bazzar សណ្ឋាគារ Na Nirand Romantic Boutique Resort សណ្ឋាគារ Shangri-la Hotel សណ្ឋាគារ X2 Chiang Mai Riverside Resort សណ្ឋគារ Four Seasons Resort Chiang Mai សណ្ឋាគារ Dhara Dhevi Chiang Mai សណ្ឋាគារ Horizon Village Resort និង សណ្ឋាគារ Anantara Chiang Mai Resort។ ក្រៅ​ពី​នេះ ក្រុម​ការ​ងារ​ទាំង​មូល ក៏​ត្រូវ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​គោល​ដៅ​ទេសចរណ៍​សំខាន់ៗ​របស់​ទី​ក្រុង​ឈៀងម៉ៃ​ផង​ដែរ ដូចជា​មជ្ឈ​មណ្ឌល​លក់​ទំនិញ មជ្ឈ​មណ្ឌល​ប្រវត្តិសាស្រ្ត ទី​តាំង​​ប្រាសាទ​បុរាណ រួម​នឹង​ទី​តាំង​​ទើប​បង្កើត​ថ្មី​ផ្សេង​ទៀត​ផង​ដែរ។

Wat Chedi Luang

          គួរ​បញ្ជា​ក់​ផង​ដែរ​ថា ប្រទេស​ថៃ​ និង​ប្រទេស​កម្ពុជា កំពុង​ព្យាយាម​ជំរុញ​ខ្លួន​ឲ្យ​ក្លាយ​ជា​ប្រទេស​គោល​ដៅ​ក្នុង​ការ​ទំនាក់​​ទំនង​ធុរកិច្ច (MICE) ដើម្បី​​បើក​ផ្លូវ​នៃ​លំហូរ​ចំណូល​ធំ​មួយ​ទាំង​វិស័យធុរកិច្ច​និង​​ទេសចរណ៍​៕

Article by SOVRIN


SUGGESTIONS