×

ខ្ញី ហាង​កាហ្វេ​ដ៏​មាន​ប្រជាប្រិយ​នៅ​ក្រុង​បាត់ដំបង

TRAVEL & LIVING 6 years ago
 
 

          ខ្ញី យើង​ធ្លាប់​តែ​ដឹង​ថា​វា​ជា​ប្រភេទ​រុក្ខជាតិ​មើម​ម្យ៉ាង​ដែល​អាច​យក​មក​ចម្អិន​ជាម្ហូប​អាហារ​ ឬ​ប្រើប្រាស់​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​ក៏​បាន​ ប៉ុន្តែខ្ញី​ក្នុង​ន័យនេះ​ គឺ​ជា​ឈ្មោះ​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ក្រុង​បាត់ដំបង​ផ្ទាល់​តែម្តង​។ ជា​ការ​ពិតណាស់​ ខ្ញី ដែល​ជា​ហាងកាហ្វេ​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​នេះ​ គឺ​ចាប់ផ្តើម​ពី​គំនិត​កែច្នៃ​របស់​ជនជាតិ​ញ៉ូវ​ហ្សែលែន​ម្នាក់​ ដែល​បាន​ចុះ​មក​ទស្សនា​ប្រទេស​កម្ពុជា​ ហើយ​ក៏​បាន​ចាប់អារម្មណ៍​ផ្ទះ​ចំណាស់​មួយ​ដែល​គេ​ទុកចោល​។ ក្រោម​ការ​សហការ​គ្នា​រវាង​បុគ្គលិក​និង​ម្ចាស់ហាង​ប្រៀប​ដូចជា​គ្រួសារ​តែមួយ​ ហាក់​ដូច​ជា​មែកធាង​នៃ​មើមខ្ញី​យ៉ាង​ដូច្នោះ​ដែរ​ រហូត​ទើប​អាច​បង្កើត​ជា​ហាង​កាហ្វេ​មួយ​នេះបាន​។

          តាម​ការ​រំឭក​បន្ថែម​ពី​បុគ្គលិក​ហាង​ម្នាក់​បាន​ឲ្យដឹង​បន្តទៀត​ថា ផ្ទះ​ចំណាស់​មួយនេះ​ គឺ​ជាផ្ទះ​ដែល​បន្សល់ទុក​តាំង​ពី​សម័យ​សង្គម​រាស្ត្រនិយម​ ហើយ​ត្រូវ​បាន​ទុក​ចោល​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។ ដោយ​សារតែ​ ជនជាតិ​ញ៉ូវហ្សែលែន​ដែល​ជា​ថៅ​កែហាង​ មាន​ផ្នត់​គំនិត​ចូលចិត្ត​អភិរក្ស​អ្វី​ដែល​សល់​ពី​សម័យមុនៗ​ មកច្នៃ​ក្នុង​ពេល​បច្ចុប្បន្ន​ ក៏​បាន​រៀប​ចំផ្ទះ​ចំណាស់​នោះ​ មក​ជា​ហាងកាហ្វេ​វិញ​ ដែល​មាន​ការ​រចនា​បែប​លក្ខណៈ​សាមញ្ញៗ​ តែ​ទាក់​ទាញ​។ គ្រប់​ភ្ញៀវ​ទេសចរ​ ជា​ពិសេស​ភ្ញៀវ​បរទេស​ ដែល​បានចូល​ទៅ​ដល់​ខេត្ត​បាត់ដំបង​ គឺ​ពុំដែល​ភ្លេច​ចូល​ទៅ​សាកល្បង​រសជាតិ​ម្ហូប​អ៊ឺរ៉ុប​ក៏​ដូចជា​ទទួល​ទាន​ភេសជ្ជៈ​នៅ​ហាង​កាហ្វេខ្ញី​នេះឡើយ​។លើស​ ពី​នេះ​ទៀត​ ខ្ញី មិន​ត្រឹមតែ​ជាហាង​សម្រាប់​លក់​ម្ហូប​អាហារ​ ឬកាហ្វេ​នោះទេ​ ប៉ុន្តែក៏​មាន​ទីកន្លែង​សម្រាប់​ អ្នក​ដែល​មាន​បំណង​ចង់​ជួបជុំ​ ពិភាក្សា ជាលក្ខណៈ​ក្រុម​ដំណើរ​កម្សាន្ត​ ឬជា​ក្រុម​ការងារ​អង្គការ​ផងដែរ​។ ជាការ​ពិតណាស់ បើយើង​មើល​ពី​ខាង​ក្រៅ​ទៅ​ ខ្ញីហាក់​ដូច​ជា​មាន​សភាព​តូចបន្តិច​មែន​ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​យើង​បាន​ឈាន​ជើង​ចូល​ទៅ​ដល់​ក្នុង​បរិវេណ​ខាងក្នុង​ យើង​នឹង​ទទួល​បាន​អារម្មណ៍​ស្រស់ថ្លា​ ដោយ​ហាង​នេះ​ មាន​ពីរ​ជាន់ ដែល​ជាន់​ផ្ទាល់ដី​ សម្រាប់​ទទួល​ទាន​អាហារ​ ឬភេសជ្ជៈ ​និង​ជាន់​ខាង​លើ​មាន​លក្ខណៈ​ធំ​ទូលាយ​អម​ដោយ​ការ​តុបតែង​ជា​មួយ​នឹង​រូបគំនូរ​ប្លែកៗ​បង្កប់​ដោយ​អត្ថន័យ​និង​សិល្បៈ​និយម​លាយ​ឡំ​ជាមួយ​នឹង​គ្រឿង​សង្ហារិម​ដែល​រចនា​ឡើង​ជា​របស់​បុរាណ​ហាក់​អន្ទង​អារម្មណ៍​ឲ្យអ្នក​អង្គុយ​នៅទី​នោះ​វិលត្រលប់​ទៅ​កាន់​អតីត​កាល​យ៉ាងដូច្នោះ​ដែរ​។

          មិន​ត្រឹមតែ​ប៉ុណ្ណោះ​ខ្ញីក៏​អាច​រៀបចំ​ ជាន់​លើ​នេះ​ជាលក្ខណៈ​ Workshop​ សម្រាប់​អង្គការ​ឬ​សមាគម​នានា​ដែល​មាន​បំណង​ចង់​ធ្វើ​សិក្ខាសាលា​ឬកិច្ច​ប្រជុំ​អ្វីមួយ​នៅ​ខេត្ត​បាត់ដំបង​បាន​ទៀត​ផងដែរ​។ មួយវិញ​ទៀត​ដែរ​ ខ្ញី​មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​ហាងកាហ្វេ​ ដទៃ​ទៀត ដោយ​សម្ភារៈ​មួយ​ចំនួន​ ដូចជា ទុយោ ថង់ គឺ​សុទ្ធ​ធ្វើឡើង​ដោយ​ធម្មជាតិ​ ដែល​ហៅថា​ អេកូរី​សាយខល ( Eco Recycle )  ​ដោយ​យក​កាក​អំពៅ​ជាវត្ថុ​ធាតុ​ដើម​មក​ច្នៃ​ជា​ផលិតផល​ សម្រេច​តែម្តង​ដែល​ឆាប់​រលាយ​លឿន​ជាង​ទុយោ​ ឬថង់​ដែល​ធ្វើពី​ប្លាស្ទិក​ហើយ​នេះ​គឺ​ពិត​ជា​គំនិត​ដ៏ល្អ​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ថែរក្សា​បិរស្ថាន​ និង​ការពារ​ធម្មជាតិ​ថែម​ទៀតផង​។ មិនតែ​ប៉ុណ្ណោះ​ ខ្ញី មិនត្រឹមតែ​មាន​បម្រើ​ជូន​នូវម្ហូប​ និងភេសជ្ជៈ​អ៊ឺរ៉ុប តែមួយ​មុខ​នោះ​ទេ​ លើស​ពី​នេះ​ ខ្ញីក៏​បង្កើត​ជា​កាហ្វេ​ប្រេន​ឈ្មោះថា​ ហ្វៀលហ្គូដ ​( Feel Good ) ដែល​ផ្សំពី​កាហ្វេ​ធម្មជាតិ​ មាន​ក្លិន​ឈ្ងុយ ​គ្មាន​ជាតិ​គីមី​ មិន​ប៉ះពាល់​ដល់​សុខភាព​។ កុំភ្លេចណា​!! ពេល​ទៅ​ដល់​ខេត្ត​បាត់ដំបង​ សូម​សាក​ល្បង​ជា​មួយ​នឹង​អាហារ​ ភេសជ្ជៈអ៊ឺរ៉ុប​នៅ​ហាង​កាហ្វេ​ខ្ញី ដែល​ជា​ហាង​កាហ្វេ​នាំ​អារម្មណ៍​ស្រស់ថ្លា​ និង​បណ្តែត​អារម្មណ៍​វិល​ត្រឡប់​ទៅ​រក​សម័យ​កាល​ពីមុន​៕

Article by CHAN SEREYRATH


SUGGESTIONS