×

"ក្រមា​ដែល​ទទួល​បាន​ឯតទគ្គកម្ម​ពិភពលោក​" ត្រូវ​បាន​តម្កល់​ក្នុង​សារមន្ទីរជាតិ​

NEWS 6 years ago
 
 

          ភ្នំពេញ៖ ​”ក្រមា​វែងជាង​គេ​នៅ​លើ​ពិភលោក​” ដែល​ទទួល​បាន​ឯតទគ្គកម្ម​ពិភពលោក​ កាល​ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ត្រូវ​បាន​ក្រុម​ចលនា​ GoGo Cambodia សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (សសយក) និង​ស្ថាប័ន​ជាតិ អង្គការ ចលនា​យុវជន​ផ្សេងៗ ទូទាំង​ប្រទេស យក​មក​តម្កល់​នៅ​ក្នុងសារមន្ទីរជាតិ​។ ការតម្កល់ ​”ក្រមា​វែងជាង​គេនៅ​លើ​ពិភលោក​” នេះ​ក្នុង​គោល​បំណង​បង្ហាញ​អំពី​សាមគ្គីភាព​ មរតក វប្បធម៌ ប្រពៃណី​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ភ្ញៀវជាតិ​ និង​អន្តរជាតិ​ចូលរួម​ទស្សនា​។

          ជា​ពិសេស​ការ​តម្កល់ ​”ក្រមា​វែងជាង​គេ​នៅ​លើ​ពិភលោក​” គឺ​បាន​ផ្តោត​សំខាន់​ទៅ​លើ មោទនភាព​ជាតិ​របស់​ប្រជាជន​ខ្មែរ​ទាំងមូល​ក្នុង​គោល​ជំហរ​ <<ជឿ​ថាខ្មែរ​ធ្វើបាន​>> នៅ​ឆាក​អន្តរជាតិ​ទៀតផង​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រមា​ដែល​មានប្រវែង​ ១,១៤៩.៨ ម៉ែត្រ ទទឹង ០.៨៨ ម៉ែត្រ នោះ​បាន​ចាប់​ផ្តើម​ត្បាញ​នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ មាន​អ្នក​ចូល​រួមត្បាញ​ចំនួន ២២,៣១៥ នាក់ គិត​ពី​អាយុ៤ឆ្នាំ​ ដល់៨៨ឆ្នាំ ។ ​”ក្រមា​វែងជាង​គេ​នៅ​លើពិភលោក​” នេះ​បាន​បង្កប់​នូវ​ស្មាមញញឹម ការ​ខិតខំ​ប្រឹងប្រែង​ដែល​ពោរ​ពេញ​ទៅ​ដោយ​ក្តីស្រឡាញ់ និង​ការ​ជឿជាក់​លើ​មាតុភូមិ​ខ្មែរ​ថែមទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​<<ជឿថាខ្មែរធ្វើបាន>> ​ជឿជាក់​ថា​ប្រជា​ជាតិ​ខ្មែរ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​គោលដៅ​ជោគជ័យ​ ស្នាដៃ និង​សមិទ្ធិផល​ផ្សេងៗ​ទៀត​ទុក​ជាកេរ្តិ៍ដំណែល​ មរតក កិត្តិយស និងមោទនភាព​សម្រាប់​ប្រទេស​។

Article by PAN SIVLY


SUGGESTIONS