×

ចូលរួម​ទាំងអស់​គ្នា​ជា​មួយ​ សូវរីន ក្នុង​បេសកកម្ម​ដ៏​ពិសេស​ដើម្បី​បរិស្ថាន និង​សត្វព្រៃ

FASHION & BEAUTY 6 years ago
 
 

          ត្រយង ក្រៀល ផ្សោត កន្ធាយ​ក្បាល​កង្កែប និង​ត្រីរាជ សុទ្ធតែ​ជា​ប្រភេទ​សត្វ​ដែល​ហៀប​នឹង​ជិត​ផុត​ពូជ​នឹង​បាត់បង់​ជម្រក​ព្រោះតែ​កត្ដា​មួយ​ចំនួន​។ ដោយ​សម្លឹង​ឃើញ​ពី​កត្តា​ប្រឈម​នេះ​ហើយ​ទើប សូវរីន បាន​រៀបចំ​ជា​បេសកម្ម​មួយ​ដើម្បី​ជា​ការ​ក្រើន​រំលឹក​ដល់​មិត្ត​អ្នក​អាន​ឱ្យ​ងាក​មក​ស្រឡាញ់​នឹង​ថែរក្សា​ពួជ​សត្វ​ទាំង​នោះ​កុំឱ្យ​បាត់បង់​ឬ​ផុតពូជ​​ដូច​សត្វ​គោព្រៃ​ដែល​ជា​សត្វ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​យើង​។  សូវរីន បាន​រួមគ្នា​ជា​ឡា​ឈូក​បាន​ច្នៃម៉ូដ​សម្លៀក​បំពាក់​ដែល​ជា​ការ​តំណាង​ឱ្យ​សត្វ​ទាំង៥ ដោយ​បាន​យក​វត្ថុ​ដែល​ប្រើប្រាស់​រួច​ហើយ​ដូចជា​ ការ៉ុង ថង់ប្លាស្ទិក និងវត្ថុ​មួយ​ចំនួន​ទៀត​ដែល​គេ​ឈប់​ប្រើប្រាស់​ហើយ​នោះ​យក​មក​ច្នៃ​ចេញ​ជា​ឈុត​បង្កប់​ទៅ​ដោយ​អត្ថន័យ​រួម​ជា​មួយ​ការ​ថែរក្សា​បរិស្ថាន​។ ដែន​អភិរក្ស​សត្វ​ក្រៀល​មួយ​កន្លែង​នៅ​ក្នុង​ភូមិសាស្រ្ត​សហគមន៍​អន្លង់ព្រីង ឃុំ​បឹង​សាលា​ខាង​ត្បូង ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ជា​ទីតាំង​ដ៏​សក្តិសម​សម្រាប់​បង្ហាញ​សម្រស់​នៃ​ម៉ូដ​ដែល​បាន​ច្នៃ​ប្រឌិត​ឡើង​ ទន្ទឹម​នឹង​នេះ​ដែរ​កញ្ញា ទឹម រដ្ឋា បាន​ចូលរួម​ជា​តារា​កិត្តិយស​សម្រាប់​បេសកម្ម​ជាមួយ​សូវរីន​។ Birdlife International Cambodia Programme នឹង​ចូលរួម​ផ្ដល់​ដំណោះ​ស្រាយ​តាម​រយៈ​ការ​ស្វែង​រក​ឬសគល់​នៃ​សកម្មភាព​ប្រឆាំង​នឹង​សត្វ​ស្លាប​ រហូត​មាន​ការ​តស៊ូ​មតិ​ដើម្បី​ដាក់​តំបន់​​មួយ​ចំនួន​ជា​តំបន់​ព្រៃ​អភិរក្ស និង​ព្យាយាម​ពន្យល់​ប្រជាជន​ពី​បញ្ហា​ប្រឈម​នៃ​ការ​បាត់បង់​សត្វ​ស្លាប​ផងដែរ​។

Image courtesy: Cambodia Nature Birding Club

          លោក​ជំទាវ ឆាយ សៀវលីន ដែល​ជា​ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ក៏​បាន​ផ្តល់​ជា​អនុសាសន៍​ខ្លះៗ​ពី​ការចូល​ រួម​អភិវឌ្ឍន័​វិស័យ​ទេសចរណ៍​ឲ្យកាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើងៗ ដើម្បី​ជា​ប្រយោជន៍​រួម ​ទៅ​ដល់​បណ្តា​ប្រជាជន​ក្នុង​ប្រទេស​ក្រោម​ពាក្យ​ស្លោក​មួយ​ថា “​មាស​បៃតង​ កាន់​តែ​ចាយ កាន់​តែ​កើន”។

លោក​ជំទាវ ឆាយ សៀវលីន

          បុរស​ម្នាក់​បាន​បង្ហាញ​ខ្លួន​ជា​មួយ​នឹង​របក​គំហើញ​ស្នាដៃ ស្រាវជ្រាវ​បាត​សមុទ្រ​របស់​ក្រុម​ការងារ​លោក​នៅឯ​ខេត្តព្រះសីហនុ ព្រម​ទាំង​គម្រោង​បោះពុម្ព​សៀវភៅ ជា​ច្រើន​ក្បាល​ដែល​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ធម្មជាតិ​ដ៏អស្ចារ្យ​លាក់ខ្លួន​ក្នុង​ដែន​លំហ​សមុទ្រ​នៃ​មាតុភូមិ កម្ពុជា​នៃ​យើង នោះ​គឺ​លោក សោម ករណី​។

លោក សោម ករណី

          ងាក​ចេញ​ពី​អត្ថបទ​ដែល​ពាក់ព័ទ្ធ​ជា​មួយ​នឹង​ការ​អភិរក្ស ថែរក្សា ការពារ​សត្វព្រៃ សូវរីន សូម​នាំ​អារម្មណ៍​មិត្ត​អ្នក​អាន​មក​កម្សាន្ត​តាម​បែប​ស្បៃ​រាត្រី​លើទឹក​ដី​អង្គរ​វិញ​ម្ដង ដោយ​ក្នុង​នោះ​យើង​សូម​ណែនាំ​មិត្ត​អ្នក​អាន​ទៅ​កាន់​ Wild Bar ដោយ​សារ​នៅ​ទីនោះ​មាន​លក្ខណៈ​ពិសេស​យ៉ាង​ខ្លាំង​ទៅ​លើ​ Cocktail ដែល​ស្ថាបនិក​បាន​បង្កើត​រូបមន្ត​ផ្ទាល់​មាន​រសជាតិ​ឆ្ងាញ់​ពិសា​និង​មាន​ក្លិន​ជា​ច្រើន​ប្រភេទ​ដូចជា​៖ ក្លិនផ្កា Rossel, ក្លិនវ៉ាន់នីឡា ក្លិនម្រេចកំពត ជាដើម។

          ថ្មីៗនេះ សូវរីន បាន​អញ្ចើញ​ចូលរួម​ក្នុង​ដំណើរ​កំសាន្ត​មួយ​ដែល​មាន​ឈ្មោះថា​ “ឈៀងម៉ៃ​ម្សិលមិញ​ ថ្ងៃនេះ និងថ្ងៃស្អែក”  (Chiang Mai Yesterday Today and Tomorrow” ជា​ប្រភេទ​ដំណើរ​កំសាន្ត​ឆ្លង​ប្រទេស​ដែល​មាន​លក្ខណៈ​ថ្មីប្លែក បីរួម​បញ្ចូល​តែមួយ​ គឺ​ជាគំនិត​សំយោគ​រវាង​ទីតាំង​ប្រវត្តិសាស្រ្ត​ ទីតាំង​សហសម័យ​ និង ទីតាំង​បច្ចេកវិទ្យា ទំនើប​ឆ្លុះ​បញ្ចាំង​ពី​អនាគត​កាល​ នៅ​ក្នុង​ដំណើរ​កំសាន្ត​តែមួយ​។ ក្នុង​នោះ​ដែរ​សូវរីន​ក៏​នឹង​ពាំនាំ​ទិដ្ឋភាព​ស្រស់​បំព្រង​នៃ​ខេត្ត​ឈៀងម៉ៃ​មក​បង្ហាញ​ជូន​មិត្ត​អ្នក​អាន​ឱ្យ​បាន​ស្វែង​យល់​ពី​តំបន់​កម្សាន្ត​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តំបន់​ព្រៃ​ភ្នំ​ធម្មជាតិ​ភាគ​ខាង​ជើង​នៃ​ប្រទេសថៃ​។

         ហាក់​ប្លែក​ជាង​លេខមុនៗ​បន្តិច​សម្រាប់​លេខ​នេះ​ទស្សនាវដ្ដី សូវរីន នឹង​បង្ហាញ​ជូន​ពី​ដំណើរ​កម្សាន្ត​តាម​មធ្យោបាយ​ស៊ីក្លូ​ទៅកាន់​តំបន់​កម្សាន្ត​និង​មាន​សក្តានុពល​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​អម​ទៅ​ដោយ​បរិយាកាស​យ៉ាង​ស្រស់​បំព្រង​នាព្រឹក​ព្រហាម​មុនថ្ងៃរះ​ដែល​ជាកិច្ច​ចាប់ផ្ដើម​នឹង​បញ្ចប់​ដំណើរ​កម្សាន្ត​នា​ថ្ងៃ​រៀបលិច​ដែលមាន​សម្រស់​ដ៏​ស្រាល​ស្រទន់​អង្រួន​ចិត្ត​អ្នក​អាន​ឱ្យ​ទោរ​ទន់​ទៅ​តាម​ពន្លឺ​នៃ​ស្បៃរាត្រី​ដែល​កៀក​នឹង​ខិត​ចូល​មកដល់​៕

សូម​អរគុណ​ដល់​ការ​គាំទ្រ​របស់​ប្រិយ​មិត្ត​!

រក្សា​សិទ្ធិ​ដោយ សូវរីន


SUGGESTIONS