×

០៥​សំណួរ​ស្តីពី​ល្ខោន​និយាយខ្មែរ​គម្រូ​ រឿង​ មរណ​ភាព​ចម្លែក​!

NEWS 6 years ago
 
 

សូមជូន​ទស្សនីយភាព​ល្ខោន​និយាយ​ រឿង មរណ​ភាព​ចម្លែក!

          មរណភាព​ចម្លែក​ នឹង​សម្តែង​ជូន​ទស្សនិកជន​ក្នុង​កម្មវិធី និយាយ នាថ្ងៃព្រហស្បត្តិ៍ ទី០៦ កញ្ញា ចាប់ពីម៉ោង​០៦ល្ងាច នៅ​សាល​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ​ ក្នុងតម្លៃ​សំបុត្រ ​២០០០០ ​ម៉ឺនរៀល​ ដែល​រៀបចំ​ឡើង​ដោយ​ក្រុម ភារិទ្ធ ល្ខោន​និយាយ​។ តែ​មុន​នឹង​ទៅ​អង្គុយ​ទស្សនា​ល្ខោន​និយាយ​ដែល​មានរយៈ​ពេល​៦០នាទី​នេះ សូម​ស្វែង​យល់​ដោយ​សង្ខេប​ពី​ទម្រង់​ល្ខោន​មួយនេះ​ជា​មួយ​លោក​ ណេន ភារិទ្ធ ដែល​ជា​អ្នក​ដឹកនាំ​សម្តែង​បន្តិច​សិន​

១.តើល្ខោននិយាយគឺជាអ្វី?

          ល្ខោន​និយាយ​ឬល្ខោន​ទំនើប​ឬល្ខោន​នាដកម្ម​បាន​ចូល​មក​ដល់​កម្ពុជា​តាម​រយៈ​ជនជាតិ​បារាំង​ម្នាក់ ហើយ​ត្រូវ​បាន​ល្បីល្បាញ​នៅ​ឆ្នាំ១៩៥៤​។ ល្ខោន​នេះ​យក​សំឡេង​(​ទំនុក​សន្ទនា​) កាយវិការ​ និង​ទឹក​មុខ​របស់​តួអង្គ​ ទៅ​សម្តែង​លើ​ឆាក​មួយ​ដែល​ត្រូវ​តុបតែង​ភ្លាមៗ​ទៅ​តាម​ការ​ផ្លាស់​ប្តូរ​នៃ​សាច់រឿង​។ ល្ខោន​និយាយ​ត្រូវ​បាន​សន្មត​ថា គឺ​ជា​ម្តាយ​និង​ឳពុក​របស់​ភាព​យន្ត​នាពេល​បច្ចុប្បន្ន​នេះ។ សាស្ត្រាចារ្យ​ល្បីៗ​របស់​ល្ខោន​ជាតិ​នៃ​ប្រទេស​កម្ពុជា​ (​ឈ្មោះ​ដើម​ក្នុង​កំឡុង​ឆ្នាំ១៩៤៤​ដល់​១៩៤៥) មាន​ដូចជា​ លោក ហង្ស ធុនហាក់ និងលោកតា ឆេង ផុន ...។ល។ ហើយ​ល្ខោន​និយាយ​ដែល​ទស្សនិកជន​តែងតែ​នឹកដល់​ជានិច្ច​នោះ​ មាន​ដូច​ជា​រឿង កុលាបប៉ៃលិន កំពង់ធំជំរំចិត្ត សូផាត និងទុំទាវ ជាដើម។

​​លោក​ ណេន ភារិទ្ធ

២.ហេតុអ្វីជ្រើសរើសយករឿងមរណភាពចម្លែកមកសម្តែង?

            ព្រោះមូលហេតុ​ដូច​ខាង​ក្រោម ៖

          -មរណភាព​ចម្លែក គឺ​ជា​ល្ខោន​និយាយ​គម្រូ​ថ្នាក់​ជាតិ​ដែល​បាន​សម្តែង​ជា​កិត្តិយស​បើក​កម្ម​វិធី​ក្នុង​ទិវា​វប្បធម៌​ជាតិ​៣​មីនា​២០១៦។ សាច់​រឿង​នេះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ក្នុងវេទិកា​ថ្នាក់​ជាតិ​ទាក់ទង​នឹង​ប្រលោម​លោក​ខ្មែរ​កាល​ពី​ឆ្នាំ២០០០​។

          -ល្ខោន​នេះ​និពន្ធ​ដោយ​សាកល​វិទ្យា​ធិការង​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ គឹម ពិនន់ ដែល​ជា​អ្នក​និពន្ធ​និង​សាស្តា្រចារ្យ​ដ៏​ល្បីល្បាញ​ម្នាក់​របស់​កម្ពុជា ហើយ​ដឹកនាំ​សម្តែង​ដោយ​ខ្ញុំ (​កាល​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ឆ្នាំ២០១៥)។

          -ចំណោទ​បញ្ហា​និង​ទំនុក​សន្ទនា​មាន​តម្លៃ​អប់រំ​ពិត​ប្រាកដ​។

          -រួមគ្នា​សម្តែង​ដោយ​សាស្ត្រាចារ្យ​និង​សិល្បករ​ទស្សនីយ​ភាពល្បីៗ​ដូចជា លោក​សាស្ត្រាចារ្យ សេង ប៊ុណ្ណារ៉ុង​ អ្នកស្រី​សាស្រ្តាចារ្យ​ រស់ ណាវី សិល្ប​ការិនី​ពហុ​ជំនាញ ចំរើន សោភា និងតួឯក​ល្ខោន​យីកេ​(​តាម៉ាក់ថឺង​) ថេង គឹមស។

          មរណ​ភាព​ចម្លែក ពណ៌​នា​ពី​ជម្លោះ​បេះដូង​របស់​បុរស​៣​នាក់​ដែល​ទើប​បញ្ចប់​ការសិក្សា​មក​ពីបរទេស លើ​នារី​ម្នាក់​ (កញ្ញា.ចំរើន សោភា) ដែល​ត្រូវ​បាន​សង្គ្រោះ​ដោយ​ឳពុក​និង​ពូរបស់​ពួកគេ​។

៣.ហេតុអ្វី​គេត្រូវ​ចំណាយ​ប្រាក់​ ២០,០០០ រៀល​ដើម្បីទិញ​សំបុត្រ​មើល​ល្ខោន​និយាយហ្នឹង​?

          សំណួរ​ហ្នឹង​ពិបាក​ឆ្លើយណាស់​ តែចង់​សួរ​ទៅ​កាន់​អ្នក​វិញ​។ តើ​អ្នកធ្លាប់​ទិញ​សំបុត្រ​មើល​កុនទេ​? តើ​កុន​មួយ​គេ​ចំណាយ​លុយ​ប៉ុន្មាន​ដើម្បី​ផលិត?​ កុន​គេ​បញ្ចាំង​លើផ្ទាំង​សំពត់​សឬ​Screen ចំណែក​ល្ខោន​និយាយ​ គេ​សម្តែង​ផ្ទាល់​លើឆាក​។ គេស្រែក​ គេច្រៀង គេយំ គេថើប គេវាយតប់ គេរៀបឆាក​ ឱ្យ​អ្នក​បាន​ឃើញ​នឹង​ភ្នែក​ភ្លាមៗ​តែម្តង​។ ខ្ញុំ​ដឹង​ថា ទស្សនិកជន​ស្គាល់​ពី​ល្ខោន​និយាយ​ច្បាស់​ណាស់​។ ប្រាក់​២ម៉ឺនរៀល​ នៃ​ថ្លៃ​សំបុត្រ​នេះ គឺ​សម្រាប់​ទប់ទល់​តែ​លើការ​ចំណាយ​ក្នុង​ការ​រៀបចំ​កម្មវិធី​ដូច​ជា​សម្ភារៈ​តុបតែង​ឆាក​ សម្លៀក​បំពាក់ ការ​ហាត់​សម​ និង​ចំណាយ​ផ្សេងៗ​ទៀត​ដែល​បម្រើ​ឱ្យ​ការរីក​ចម្រើន​នៃ​ទម្រង់​ល្ខោន​និយាយ​នៅ​កម្ពុជា​ប៉ុណ្ណោះ​។

៤.តើ​លោក​យល់​យ៉ាង​ណា​ពី​ស្ថានភាព​ល្ខោន​និយាយ​នា​ពេល​បច្ចុប្បន្ន?

          ស្ថានភាព​មិន​ដុន​ដាប​ទេ តែ​ក៏​មិន​រីកចម្រើន​ដែរ​។ ចំនួន​សិស្ស​ចូល​រៀន​ផ្នែក​នេះ​ស្ទើ​តែ​គ្មាន​ ហើយ​បើមាន​ រៀន​បាន​បន្តិច​ក៏​ឈប់​ទៅ​ទៀត​។ តែ​ខ្ញុំ​ចង់​ប្រាប់​ថា​ រៀន​ល្ខោន​និយាយ​ចេះ​បាន​ច្រើន​ជំនាញ​ដូចជា និពន្ធ ដឹកនាំរឿង ការ​ប្រើប្រាស់​សំឡេង និង​កាយ​វិការ​ប្រាស្រ័យ​ទាក់ទង​គ្នា ដែល​ជា​ប្រភព​នៃ​ការរីក​ចម្រើន​ពោរពេញ​ដោយ​គុណធម៌​របស់​សង្គម​ជាតិមួយ​។

៥.ឆ្លើយតប​នឹង​ស្ថានភាព​ខាងលើ​ ក្នុង​នាម​បុគ្គល​ដែល​បាន​បញ្ចប់​បរិញ្ញាប័ត្រ​លើជំនាញ​នេះ​ តើលោក​មាន​វិធីសាស្ត្រ​អ្វីខ្លះ ​ដើម្បី​រក្សា​និរន្តរភាព​របស់​ទម្រង់​នេះ?

​​          សើចបន្តិច​! សំណួរ​នេះ​មិនខុស​ពី​ពាក្យ​ស្លោក​ ចង្កឹះ​មួយ​បាច់​គេ​កាច់​មិន​បាក់​ទេ!

          ដូច្នេះ​ហើយ​ ទើបពួក​ខ្ញុំ​រៀបចំ​កម្មវិធី​និយាយ​នេះឡើង​។ ដំបូង​ឡើយ ពួកខ្ញុំ​បាន​ទទួល​ការ​សហការ​ពី​អង្គការ​មួយ​ដើម្បី​រៀបចំ​សិក្ខាសាលា​ខ្លី​ស្តីពី​ល្ខោន​និយាយ​ តែវា​បាន​បង្ហាញ​តែឈុត​ដក​ស្រង់ខ្លីៗប៉ុណ្ណោះ​។ ម្យ៉ាង​ទៀត​ដោយ​ធ្លាប់​បាន​បង្កើត​កម្មវិធី​និយាយ​កាលពី​ឆ្នាំ២០១៦​ម្តងផង ខ្ញុំក៏​បាន​ស្នើសុំ​យក​ប្រាក់​មួយ​លាន​រៀល​នោះ (​ការ​ចំណាយ​សម្រាប់​រៀប​ចំសិក្ខា​សាលា)​ មកធ្វើ​កម្មវិធី​នេះ​ជា​លើកទី២​ទៅ។ ​បន្ទាប់​មក​ ខ្ញុំ​ក៏​បាន​រៀបចំ​គម្រោង​នេះ​ស្នើដល់​ក្រុមហ៊ុន​និង​សប្បុរជន​មួយចំនួន ​ហើយក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​ទៅ​តាម​លទ្ធភាព​ដូចពេល​នេះ​អ៊ីចឹង​។ ក្រោយចប់​កម្មវិធី​និយាយ​លើក​ទី២​នេះ ខ្ញុំ​មាន​គម្រោង​បើក​វគ្គបង្រៀន​ខ្លីៗ​លើ​ជំនាញ​ល្ខោន​និយាយ​នេះ។ លើស​ពី​នោះទៀត​ ខ្ញុំ​នឹង​រៀប​ចំការ​សម្តែង​ល្ខោន​និយាយ​នេះ​ជា​ទៀងទាត់​មួយ​ឆ្នាំ​យ៉ាងអន់​ក៏បាន​២ដងដែរ​។ ខ្ញុំគិតថា ក្នុងនាម​ជា​សិល្បករ​នៃ​ទម្រង់ល្ខោន​នេះ​ខ្ញុំ​និង​មិត្តភក្តិ​បាន​ព្យាយាម​អស់លទ្ធ​ភាព​ហើយ​ ដូច្នេះ នៅសល់​តែ​ការ​គាំទ្រ​ពី​ទស្សនិកជន​ប៉ុណ្ណោះ​។ ខ្ញុំដឹងថា សម័យនេះ ការកម្សាន្ត​របស់​ទស្សនិកជន​សំបូរ​បែប​និង​ទំនើប​ខ្លាំង​ណាស់​។

           គួរដឹង​ថា កាល​ពី​ឆ្នាំ២០១៦​ កម្មវិធី​និយាយ​ បាន​លើក​យក​ល្ខោន​និយាយ​រឿង កុលាប​ប៉ៃលិន​ មក​សម្តែង​។ គ្រានោះ​ ការ​សម្តែង​លើឆាក​ប្រហែល​១​ម៉ោង​នោះ​ គឺ​ជា​ទស្សនីយ​ភាពមួយ​ដ៏កម្រ​បំផុត​សម្រាប់​ទស្សនិកជន​ខ្មែរ​ប្រហែល​៨រយ​នាក់។ ដូច្នេះ ក្រោម​ការ​ដឹកនាំ​សម្តែង​របស់​តួអង្គ​ចៅចិត្រ​ដដែល​ ជឿថា មរណភាព​ចម្លែក នឹង​អង្រួន​បេះដូង​ទស្សនិកជន​នៅ​ឆ្នាំ២០១៨​ សារ ជាថ្មី​មិនខាន៕ ដូច្នេះ​តើ​លោក​អ្នក​បាន​ទិញ​សំបុត្រ​ទស្សនា​ហើយ​ឬនៅ​?

Article by SVAY LEEMENG


SUGGESTIONS