×

Cosplay ជប៉ុន នៅ​កម្ពុជា​កំពុង​តែ​អង្រួន​ដួង​ចិត្ត​យុវវ័យ​ខ្មែរ​ជំនាន់​ក្រោយ​

NEWS 6 years ago
 
 

​          Cosplay គឺ​ជា​ការ​តុប​តែង​ខ្លួន​តាម​វីរបុរស វីរនារី ឬ​តួ​អង្គ​ណា​មួយ​នៅ​ក្នុង​ភាពយន្ត ឬ​គំនូរ​ជីវចល​ល្បីៗ​ របស់​យុវវ័យ​។ Cosplay ត្រូវ​បាន​យុវជន​ក្មេង​ៗ​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន​និយម​តែង​ខ្លួន​និង​ធ្វើ​ត្រាប់​តាម ជា​ពិសេស​គឺ​យុវវ័យ​នៅ​ប្រទេស​ជប៉ុន​ដែល​សម្បូរ អ្នក​តែង​ខ្លួន Cosplay និង​គំនូរជីវចល Manga Anime ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក។ វប្បធម៌​នៃ​ការ​តែង​ខ្លួន​តាម​បែប Cosplay នេះ​បាន​រីករាល​ដាលពាសពេញ​ពិភពលោក រហូត​ដល់​មាន​អ្នក​តែង​ខ្លួន Cosplay ខ្លះ​អាច​រក​ប្រាក់​ចំណូល​បាន​រាប់ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ​ៗ​ដោយ​គ្រាន់​តែ​លក់​សំបុត្រ​ដើម្បី​ឲ្យ​គេ​ចូល​ថត​រូប​ជាមួយ​តែ​ប៉ុណ្ណោះ​។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​វិញ យុវជន​ក្មេង​ៗ និង​ជំទង់​ជំនាន់​ក្រោយ​ក៏​ហាក់​កំពុង​តែ​មាន​ការ​ពេញ​និយម​ក្នុង​ការ​តុបតែង​ខ្លួន​និង​ធ្វើ​ត្រាប់​តាម​តួ​អង្គ Cosplay ជប៉ុន​ណា​មួយ​នៅ​ក្នុង​គំនូរជីវចល​ផង​ដែរ​បើ​ទោះ​បី​ជា​នៅ​ក្នុង​កម្រិត​ទាប​នៅ​ឡើយ​។

​          ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​បញ្ឆិត​នឹង​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ Kurate Gakuen Phnom Penh គឺ​ជា​ទី​កន្លែង​មួយ​ដែល​មាន​បម្រើ​សេវាកម្ម​ជួល​សម្លៀកបំពាក់ និង​ថត​រូប Cosplay សម្រាប់​អ្នក​ដែល​ចូលចិត្ត និង​ស្រលាញ់​ការ​តុប​តែង​ខ្លួន​ដូច​នៅ​ក្នុង​រឿង​តុក្កតា​ជប៉ុន (Anime)។គួរ​បញ្ជាក់​ផង​ដែរ​ថា ​Kurate Gakuen Phnom Penh គឺជា​កន្លែង​តែង Cosplay តាម​បែប Manga របស់​ជប៉ុន​តែ​មួយ​គត់​នៅ​កម្ពុជា​។ លោក​អ្នក​គ្រាន់​តែ​ចំណាយ​ត្រឹម​តែ​ ១ដុល្លារ​នោះ​អ្នក​នឹង​អាច​បាន​ស្លៀក​សម្លៀកបំពាក់ Cosplay ជប៉ុន​យ៉ាង​ស្រស់​ស្អាត និង​អាច​ថត​រូប Cosplay Costume ជាមួយ​នឹង​ស្ទូឌីយោ​ថត​រួប​យ៉ាង​រីករាយ ដោយ​គ្រាន់​តែ​ចំណាយ ​១ដុល្លារ​ទៀត​ក្នុង​ការ​ជួល​កន្លែង​ថត​រូប​ទៀតផង។

Photo by CHUNKEAT

​          លោក Ryohei Fukunaga ជា​អ្នក​គ្រប់គ្រង​ទូ​ទៅ​របស់ Kurate Gakeun បាន​ប្រាប់​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​បើក​ដំណើរ​ការ​ប្រមាណ​ជា​បី​ខែ​មក​នេះ Kurate មាន​អ្នក​មក​តែង​ខ្លួន​តាម​បែប​ Cosplay ជប៉ុន​នេះ ​ជាង​មួយ​រយ​នាក់​មក​ហើយ​។ លោក​ក៏​បាន​បន្ត​ទៀត​ថា “បច្ចុប្បន្ន​នៅ​កម្ពុជា​ ខ្ញុំ​មើល​ឃើញ​ថា ការ​និយម​តែង​ខ្លួន​បែប Cosplay នេះ​គឺ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ក៏​ប៉ុន្តែ​ខ្ញុំ​ជឿជាក់​ថា​ទំនោរ Cosplay នេះ​នឹង​មាន​ការ​កើន​ឡើង​នៅ​ថ្ងៃ​អនាគត”។

​          កន្លង​មក​គេ​សង្កេត​ឃើញ​ថា មាន​ក្រុម​និស្សិត និង​យុវជន​មួយ​ចំនួន​បាន​រៀបចំ​កម្មវិធី Cosplay ដោយ​បង្កើត​ជា​ការ​សម្តែង​នូវ​ផ្ទាំង​ទស្សនីយភាព​ប្លែក​ៗ ដើម្បី​រៃ​អង្គាស​ថវិការ​ជួយ​ដល់​ជន​ទីទាល់​ក្រ សាលា​រៀន និង​អង្គការ​មួយ​ចំនូន​ផង។ តួរ​យ៉ាង​ដូចជា និស្សិត​នៃ​សាកលវិទ្យាល័យបញ្ញាសាស្រ្ត​កម្ពុជា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ប្រារព្ធ​កម្មវិធី​សម្តែង cosplay កាល​ពី​ថ្ងៃ​ទី ៤ ខែ សីហា ឆ្នាំ ២០១៨ កន្លង​ទៅ ដើម្បី​រៃ​អង្គាស​ថវិការ​ជួយ​ដល់​អង្គការ​វិចិត្រករ​ខ្មែរ​ដើម្បី​កុមារ ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​យុវវ័យ​យ៉ាង​ច្រើន​កុះករ​។ ដោយ​ឡែក ក្រុម Narutail ដែល​ជា​ក្រុម Cosplay ដ៏​ល្បី​មួយ​នៅ​កម្ពុជា​នឹង​ប្រារព្ធ​កម្មវិធី​ Cosplay Season 5 របស់​ខ្លួន​នៅថ្ងៃ​ទី ២៨ ខែ តុលា ឆ្នាំ ២០១៨ នៅ​ឯ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា កូរ៉េ (CKCC) ខាង​មុខ​នេះ​ផង​ដែរ៕

Article by PAN SIVLY


SUGGESTIONS