ស្នាដៃថ្មីមួយដែលឆ្លុះបញ្ចាំងពីខេត្តបាត់ដំបងបង្កើតដោយ និស្សិតឆ្នើមនៃសាលាហ្វារមួយរូប
FASHION & BEAUTY 6 years agoជាមួយនឹងទឹកមុខញញឹមស្រស់ រួសរាយរាក់ទាក់ កញ្ញា រី មុនីសុវណ្ណយ៉ា បានរៀបរាប់ពីស្នាដៃដ៏អស្ចារ្យមួយ ដែលខ្លួនបានបង្កើតឡើងបន្ទាប់ពីបានបញ្ចប់ការសិក្សា ជំនាញរចនា ក្រាហ្វិច ក្រោមប្រធានបទ៖ ការចងចាំ។ មានដើមកំណើតជាអ្នកខេត្តបាត់ដំបង និងដោយសារតែស្រលាញ់នូវអ្វីដែលជាអត្តសញ្ញាណស្រុកកំណើតរបស់ខ្លួននោះ និសិត្សស្រី វ័យក្មេង រូបនេះ បានរចនាម៉ូដសម្លៀកបំពាក់មួយដែលឆ្លុះបញ្ចាំងពីខេត្តបាត់ដំបង ផ្ទាល់តែម្តង។ ដោយឆ្លងកាត់ការសិក្សារអស់រយៈពេល ៤ឆ្នាំ គួបផ្សំនឹងគំនិតច្នៃប្រឌិតថ្មី ប្លែកពីមនុស្សគ្រប់គ្នាស្មានមិនដល់ គឺកញ្ញបានរៀបចំនូវគម្រោងផលិតស្នាដៃរបស់ខ្លួនមួយ ហើយទទួលបានជោគជ័យគួរឲ្យកោតសរសើរថែមទៀតផង។
កញ្ញា រី មុនីសុវណ្ណយ៉ា / Photo by CHUNKEAT
កញ្ញា បានលើកឡើងពីខេត្តបាត់ដំបងដែលជាខេត្តប្រជាប្រិយភាពមួយ ដែលល្បីទាំងអាហារហូបចុក ក៏ដូចជាផ្លែឈើ រួមទាំងប្រមូលផ្តុំទៅដោយសិល្បៈករដែលមានប្រភព មកពីខេត្តនេះច្រើនជាង។ ដោយឡែក សម្រាប់ កញ្ញា មុនីសុវណ្ណយ៉ានេះវិញ គឺកញ្ញា បានបង្កើត ជាកម្រងវីដេអូមួយបង្ហាញពីធនធានដែលខេត្តបាត់ដំបងមាន ដែលអ្នកគ្រប់គ្នាមិនសូវបានចាប់អារម្មណ៍នោះគឺ ស្រូវ។ ជាការពិតណាស់ ខេត្តបាត់ដំបង គឺជាជម្រុកស្រូវដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានដំណាំពូជស្រូវគ្រប់ប្រភេទ។ ដូចនេះ ហើយទើបកញ្ញា សម្រេចចិត្ត បង្កើតដោយការច្នៃប្រឌិតរចនាម៉ូដសម្លៀកបំពាក់មួយដែលទាក់ទងនឹងដំណាំស្រូវនេះ។ សម្លៀកបំពាក់បីឈុត ដែលរៀបរាប់ពីការវិវត្តន៍របស់ ដើមស្រូវ តាំងពីដំណាក់កាលដំបូង រហូតបានក្លាយជាគ្រប់អង្ករយកទៅប្រើប្រាស់តាមតម្រូវការ។ ជាមួយនឹង ការរចនាម៉ូដសម្លៀកបំពាក់ទាំងបីនេះ វាមិនមែនជាលក្ខណៈងាយស្រួលនោះឡើយ ដោយក្នុងនោះ កញ្ញា បានចំណាយពេលដេរឈុតទាំងនេះ អស់រយៈពេល ៣ខែទើបរួចរាល់ រួមមាន៖ ទីមួយ គឺជាឈុតទីងមោង ទីពីរ ឈុតគ្រាប់ស្រូវទុំ និងទីបី គឺឈុតគ្រាប់អង្ករ។ សម្រាប់ឈុតទាំងបីនេះ កញ្ញា បានសង្កត់ធ្ងន់ទៅលើការរចនាម៉ូដរបស់វា ដែលយើងចំណាយត្រឹមតែវត្ថុ និងធនធានដែលគេប្រើប្រាស់រួច។
ជាក់ស្តែង ដូចជា ឈុតទីមួយ គឺជាឈុតដែលពិបាកធ្វើជាងគេ ព្រោះតម្រូវឲ្យកញ្ញាត្រូវស្វែងរកបាវក្រាស់ៗ និងក្រចៅ ដើម្បីយកមកដេរច្នៃចេញជារូបទីងមោង។ ជាមួយនឹងការដេរឈុតទីមួយនេះ គឺត្រូវប្រើម្ជុលធំៗ និងកម្លាំងខ្លាំងក្នុងការទាញដេរឲ្យវាចេញជាម៉ូដ ហើយក្នុងនោះដែរ កញ្ញា បានដេរវាចេញជាម៉ូដវាលស្រែ ដែលមានក្រឡាតូចធំ មើលទៅដូចជាលក្ខណៈធម្មជាតិ ។ ដោយឡែក មើលទៅពណ៌នៃខ្សែក្រចៅ ដែលយកមកដេរនោះវិញ គឺកញ្ញា រំលេចជាពណ៌បៃតងចាស់ ឲ្យដូចជានឹងភ្លឺស្រែយ៉ាងដូច្នោះដែរ។ បន្ថែមពីនេះទៀត នៅផ្នែកខាងលើ កញ្ញាតុបតែងជាកំទេចចំប៉ើង ដោយបញ្ជាក់ថា រូបទីងមោងដែលគេធ្វើឲ្យចាំចាបនៅវាលស្រែនោះ គឺភាគច្រើនគេញាត់ចំប៉ើងចូលទៅខាងក្នុង ទៅតាមរាងដែលគេដេរជារូប មនុស្ស។ យ៉ាងណាមិញ ក្នុងអត្ថន័យនៃឈុតទីមួយនេះ គឺចង់បញ្ជាក់ឲ្យឃើញពីដំណាក់កាល លូតលាស់ដើមស្រូវជាលើកដំបូង ដែលប្រជាកសិករតែងនិយមធ្វើរូបទីងមោងឲ្យចាំផលដំណាំស្រូវរបស់ពួកគេ ជៀសវាងមានហ្វូងចាបមកចឹក កំទេចស្រូវទាំងអស់នោះ។
កញ្ញា វី / Photo by DIRECT_Photography
ដោយឡែក ឈុតទីពីរវិញ គឺឈុតស្រូវទុំ មានការរចនាទៅដោយកំទេចក្រណាត់ពណ៌លឿងទុំ ស្រាល និងលាយបៃតងដោយមានទ្រាប់ជាមួយនឹងស្រទាប់ក្រមានៅផ្ទៃខាងក្រោមផងដែរ ហើយត្រូវដេរយ៉ាងច្រើនជាន់ឲ្យមានសភាពក្រាស់ ដូចជាដើមស្រូវដែលមានគ្រាប់យ៉ាងច្រើនស្អេកស្កះ។ សម្រាប់ឈុតស្រូវទុំនេះ គឺបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ក្រោមគំនិតច្នៃប្រឌិត យកក្រមាដែលជាអត្តសញ្ញាណរបស់កម្ពុជា ជាពិសេស ក្រមាត្រូវបានគេយកទៅរុំក្បាលការពារកម្តៅថ្ងៃ ពេលប្រមូលផលស្រូវម្តង។
កញ្ញា គង់ ស្រីលីន / Photo by DIRECT_Photography
មួយវិញទៀត សម្រាប់ឈុតទីបី គឺឈុតគ្រាប់អង្ករ ច្នៃពីការ៉ុងអង្ករផ្ទាល់តែម្តង។ ក្នុងឈុតនេះ កញ្ញា បានធ្វើការកាត់ការ៉ុងជាចំណែក មានរាងទ្រវែង ខ្លីផង វែងផង ដូចជារាងគ្រាប់អង្ករ ហើយសម្រាប់ដែលការយកការ៉ុងមកធ្វើជាឈុតសម្លៀកបំពាក់នេះ គឺចង់បង្ហាញឲ្យឃើញថា មកដល់សម័យកាលនេះ គេនិយមភាគច្រើនប្រើការ៉ុង សម្រាប់ច្រកអង្ករផងដែរ។
កញ្ញា លឿន ច័ន្ទនិមល / Photo by DIRECT_Photography
លើសពីនេះទៀត ឆ្លៀតពេលក្នុងការរៀបរាប់ង្ហាញពីរបៀបនៃការរចនាម៉ូដហ្វេសហ្សិនស្រូវនេះដែរ កញ្ញាសុ វណ្ណយ៉ា ក៏បានច្បិចយកនូវគន្លឹះ ក៏ដូចជាវិធីសាស្រ្តល្អៗ សម្រាប់ដល់ប្អូនៗនិស្សិតជំនាន់ក្រោយ ដែលមានបំណងចង់ចាប់យកជំនាញ រចនាក្រាហ្វិចនេះ។ សំខាន់ យើងត្រូវប្រាកដថា វាចេញពីចំណង់ចំណូលចិត្ត ធ្វើវាឡើងដើម្បីជាប្រយោជន៍ដល់សង្គមជាតិ ដោយមិនមែនគ្រាន់តែបង្កើតឡើងសម្រាប់ការកម្សាន្តអារម្មណ៍ប៉ុណ្ណោះទេ។ មិនតែប៉ុណ្ណោះ ត្រូវតាំងចិត្តសិក្សាលើគ្រប់មុខវិជ្ជាដែលទាក់ទងនឹងមុខជំនាញនេះ និងស្រាវជ្រាវពីអ្វីដែលពិភពលោកកំពុងតែដើរ ស្របពេលដែល យើងគ្រប់គ្នាក៏ត្រូវចូលរួមថែរក្សារវប្បធម៌ អរិយធម៌របស់ជាតិផងដែរ។ ដោយសារតែមុខជំនាញក្រាហ្វិចនេះ ជាមុខជំនាញដែលមានសារៈសំខាន់ សម្រាប់កូនខ្មែរគ្រប់រូប ពីព្រោះយើងមានធនធានមនុស្ស ស្រាប់ សម្រាប់ប្រមូលផ្តុំគំនិតច្នៃ ប្រឌិតឲ្យមានភាពទាក់ទាញ និងរសនិយម៕
Article by CHAN SEREYRATH