×

ជួប​ជា​មួយ​ការ​បង្ហាញ​នូវ​ខូលិកហ្សិន​ថ្មី​របស់​លោក គង់ សុធា នៅ​លើ​ឆាក​អន្តរជាតិ

FASHION & BEAUTY 6 years ago
 
 

          អ្នក​ច្នៃម៉ូត​ជា​ច្រើន​តែងតែ​គិត​ពិចារណា​យ៉ាង​ល្អិតល្អន់​ជា​ខ្លាំង​ចំពោះ​ការ​ច្នៃម៉ូត​សម្លៀកបំពាក់ នីមួយៗ​ទៅ​តាម​សម័យ​កាល​នឹង​បំពេញ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​គ្រប់​រូប​ទូទាំង​សកលលោក។ មិនត្រឹម​តែ​ប៉ុណ្ណោះ​មួយរយៈ​ក្រោយ​នៃ​សម័យ​កាល​ដ៏​ជឿនលឿន​នេះ​គេ​បាន​កត់សម្គាល់​ថា​សម្លៀកបំពាក់​គឺ​ជា​ផ្នែក​មួយ​ដែល​បាន​ជាប់​លំដាប់​ថ្នាក់​ខ្ពស់​ជាង​គេ​បង្អស់ ដែល​មាន​សារៈសំខាន់​បំផុត​នៅ​ក្នុង​ពិភព​ហ្វេសហ្សិន​នេះ​តែ​ម្តង។ អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា នៅ​ក្នុង​ពិភព​ហ្វេសហ្សិន​ដ៏​ទំនើប​នេះ​អ្នក​ច្នៃម៉ូត​សម្លៀកបំពាក់​ជា​ច្រើន​គ្រប់​បណ្តា​ប្រទេស​ទាំង​អស់​តែងតែ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​នៅ​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​ដើម្បី​បង្ហាញ​នូវ​ម៉ូដ​សម្លៀកបំពាក់​ថ្មី​របស់​ខ្លួន។ ដូច្នេះ​ហើយ នេះ​គឺ​ជា​ឱកាស​ដ៏​សំខាន់​បំផុត​របស់​ច្នៃម៉ូដ​ខ្មែរ​វ័យក្មេង​ម្នាក់​នេះ ដែល​លោក​បាន​ខិតខំ​ស្វែងរក​វិធី​ច្នៃម៉ូដ​សម្លៀកបំពាក់​របស់​ខ្លួន​ឲ្យ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​អ្នក​ច្នៃម៉ូដ​សម្លៀកបំពាក់​ផ្សេង​ទៀត រហូត​ឈាន​ទៅ​ដល់​ការ​បង្ហាញ​នូវ​ខូលិកហ្សិន​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។ តើ​ខូលិកហ្សិន​ថ្មី​របស់​លោក​ដែល​មាន​វត្តមាន​នៅ​លើ​ឆាក​អន្តរជាតិ​នោះ​មាន​លក្ខណៈ និង​បង្កប់​អត្ថន័យ​អ្វីខ្លះ?

Designer KONG SOTHEA

          លោក គង់ សុធា គឺ​ជា​ស្ថាបនិក​ខ្មែរ​វ័យក្មេង​ម្នាក់ ដែល​បាន​បង្ហាញ​ខូលិកហ្សិន​ថ្មី​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។ កន្លង​មក​លោក​គឺ​ជា​បេក្ខជន​ខ្មែរ​តែ​ម្នាក់គត់ ដែល​ធ្លាប់​បាន​ចូលរួម​ប្រឡង​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ខ្នាត​អន្តរជាតិ​តាំង​ពី​វគ្គ​ជម្រុះ​ដំបូង រហូត​ឈាន​ទៅ​ដល់​ការ​ប្រឡង​ប្រកួត​ប្រជែង​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្នុង​ឆ្នាំ២០១៧។ មិន​យូរ​ប៉ុន្មាន លោក​ត្រូវ​បាន​ក្រុមហ៊ុន Air Asia Runway អញ្ជើញ​ឲ្យ​ចូលរួម​បង្ហាញ​នូវ​ខូលិកហ្សិន​របស់​លោក​សារ​ជា​ថ្មី​ម្តង​ទៀត នៅ​ឯ Kuala Lumpur នៃ​ប្រទេស​ម៉ាឡេស៊ី ក្នុង​កម្មវិធី «Kuala Lumpur Fashion Week 2018»។ លោក​បាន​លើក​ឡើង​ថា «អ្វី​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​គំនិត​ក្នុង​ការ​ច្នៃម៉ូដ​ខូលិកហ្សិន​ថ្មី​នេះ​ឡើង គឺ​ដោយ​សារ​តែ​ខ្ញុំ​ចង់​បន្ត​នូវ​ម៉ូដ​ខូលិកហ្សិន​ចាស់​របស់​ខ្ញុំ ម៉្យាង​វិញ​ទៀត​ចំពោះ​ខូលិកហ្សិន​ថ្មី​នេះ ខ្ញុំ​បាន​យក​ផ្កា​រំដួល​មក​បញ្ចូល​ជា​មួយ​គ្នា​ហើយ​ខូលិកហ្សិន​ថ្មី​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ស្លៀកពាក់​របស់​មនុស្ស​ស្រី​គ្រប់រូប​ជា​ចំបង»។

          «Feel the Fear» គឺ​ជា​ខូលិកហ្សិន​ថ្មី​របស់​លោក​នៅ​ក្នុង​ឆ្នាំ២០១៩ ដែល​មាន​ភាព​ស័ក្តិសម​បំផុត​សម្រាប់​រដូវកាល​ស្លឹកឈើ​ជ្រុះ និង​រដូវ​ធ្លាក់ទឹកកក ចំណែកឯ​ការ​រចនា​នៅ​លើ​ខូលិកហ្សិន​ថ្មី​នេះ​លោក​បាន​ឲ្យ​ដឹង​ថា «ខ្ញុំ​បាន​ជ្រើសរើស​រូប​ចម្លាក់​រូប​មនុស្ស​ស្រី​ដែល​សំដៅ​ទៅ​ភាព​ក្លាហាន​របស់​មនុស្ស​ស្រី ឲ្យ​គាត់​ជឿជាក់​ក្នុង​ការ​ស្លៀកពាក់​នូវ​សម្លៀកបំពាក់​មួយ​ណា​ដែល​គាត់​ស្រលាញ់ ហើយ​ពេញចិត្ត មិន​ត្រឹមតែ​ប៉ុណ្ណោះ​​ខូលិកហ្សិន​​ថ្មី​របស់​ខ្ញុំ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សភាព​ជា​លក្ខណៈ​ប្រពៃណីខ្មែរ ដើម្បី​បង្ហាញ​នូវ​អត្តសញ្ញាណ​ខ្មែរ​ទៅ​កាន់​ជនបរទេស​បាន​ដឹង»។ គួរបញ្ជាក់​ផង​ដែរ​ថា ខូលិកហ្សិន​ថ្មី​របស់​លោក គង់ សុធា គឺ​មាន​ចំនួន​ប្រាំមួយ​ឈុត រួម​ជា​មួយ​នឹង​ការ​រចនា​ខុសៗ​គ្នា​ទាំង​អស់ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​លោក​នៅ​តែ​រក្សា​ទម្រង់​រូប​ចម្លាក់​ឲ្យ​នៅ​ដដែល។

          មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក គង់ សុធា បាន​បង្ហាញ​ចំណាប់​អារម្មណ៏​យ៉ាង​រឹងមាំ​ថា នៅ​ក្នុង​សម័យ​ថ្មី​នេះ​មនុស្ស​ស្រី​ភាគ​ច្រើន​គួរ​តែ​មាន​ការ​ផ្លាស់ប្តូរ​នូវ​ការ​ស្លៀកពាក់ ហើយ​ត្រូវ​តម្រូវ​ចិត្ត​ខ្លួនឯង​ឲ្យ​បាន​ច្រើន​ជាង​អ្នកដទៃ ព្រោះ​ថា​ការ​ស្លៀកពាក់​គឺ​កើត​ចេញ​ពី​ការ​ស្រឡាញ់​ខ្លួនឯង​ផ្ទាល់ មិនមែន​កើត​ចេញ​ពី​ការ​តម្រូវ​ចិត្ត​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​នោះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត​លោក​បាន​លើក​ទឹកចិត្ត​ទៅ​ដល់​អ្នក​ច្នៃម៉ូដ​សម្លៀកបំពាក់​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​អស់ គួរ​តែ​បង្កើត​នូវ​អ្វី​ដែល​ថ្មី​ហើយ​ជា​គំនិត​របស់​ខ្លួនឯង​ផ្ទាល់ ដើម្បី​បង្ហាញ​នូវ​មោទនភាព​ដែល​កម្រ​រក​បាន​នេះ​ទៅ​មហាជន​គ្រប់​វិស័យ​ទូទាំង​ពិភពលោក។

Article by PAN SIVLY


SUGGESTIONS