វីរបុរសគន្ធបុប្ផា ស្នាដៃនិងបេះដូងសប្បុរសដែលជនជាតិខ្មែរមិនអាចបំភ្លេចបាន
NEWS 6 years agoជាដំណឹងដ៏សែនរន្ធត់ឥតឧបមាសម្រាប់ប្រជាជាតិខ្មែរទាំងមូលនៅពេលដឹងថា លោក បេអាត រិចឈ្នឺរ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាដ៏ល្បីល្បាញប្រចាំក្រុងភ្នំពេញ និង ខេត្តសៀមរាប ជាយូរមកហើយនោះបាន ទទួលមរណភាពកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅឯប្រទេសស្វ៊ីស ក្នុងជន្មាយុ ៧១ ឆ្នាំ ដោយរោគាពាធ។ ព័ត៌មានដំបូងនៃមរណភាពរបស់វីរបុរសនៃ វាសនាកុមារកម្ពុជារាប់លាននាក់ត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅលើគេហទំព័រកម្មវិធីទូរទស្សន៍បរទេស មួយដែលមានឈ្មោះថា Glanz & Gloria កាលពីថ្ងៃទី០៩ វេលាម៉ោង ៥:២១ នាទី។ គេហទំព័រនោះបានបង្ហាញ រូបថតសខ្មៅបង្ហាញមរណទុក្ខរបស់វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ជាមួយនឹងសារដ៏ក្រៀមក្រំក្នុងន័យដើម ទាំងស្រុងថា «លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរបានស្លាប់ហើយ។ ក្រោយពេលមានជម្ងឺអស់រយៈពេលយូរមក បេះដូងរបស់គ្រូពេទ្យកុមារនិងតន្រ្តីករសេឡូរហស្សនាម “Beatocello” នេះបានឈប់លោតកាលពីពេល យប់មិញនេះប្រៀបដូចជាមូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផារបស់គាត់ដែរ»។
Image source: Facebook Dr. Beat Richner
លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ប្រសូតនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ១៩៤៧ នៅទីក្រុង Zurich នៃប្រទេសស្វ៊ីស។ លោកបានមកដល់កម្ពុជាដំបូងនៅឆ្នាំ ១៩៧៤ ក្នុងបេសកកម្មនៃជំនួយកាកបាទក្រហមស្វ៊ីស ក៏ប៉ុន្តែនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុលពត លោកក៏ត្រូវបានគេបញ្ជូនត្រលប់មកប្រទេសស្វ៊ីសវិញ។ រហូតឆ្នាំ ១៩៩២ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជាប្រធានគ្រប់គ្រងនៃមន្ទីរពេទ្យគន្ធបុប្ផា។ ដោយសារតែមើលឃើញនិងមានចិត្តអាណិតអាសូរដល់កុមារកម្ពុជារាប់ពាន់នាក់ដែលកំពុងប្រឈមនឹងជម្ងឺធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បានបង្កើតមូលនិធិមួយ ដើម្បីស្វែងរកថវិកាពីសប្បុរជននានានៅឯប្រទេសស្វ៊ីសក្នុងការទ្រទ្រង់និងជួយកុមារដែលកំពុងសម្រាកព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យគន្ធបុប្ឋា។
Image source: facebook Dr. Beat Richner
គួររំឭកផងដែរថា យោងតាមសេចក្តីប្រកាសជាផ្លូវការរបស់មន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បានលាលែងពីតំណែងជាប្រធានគ្រប់គ្រងមន្ទីរនេះតាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ មកម្ល៉េះ ដោយសារ លោកមានជម្ងឺធ្ងន់ធ្ងរដែលទាមទារការសម្រាកព្យាបាលនៅប្រទេសស្វ៊ីសដែលជាប្រទេសកំណើតរបស់ លោក ហើយតំណែងនេះត្រូវជំនួសដោយ លោកវេជ្ជបណ្ឌិត Peter Studer ដែលធ្លាប់មានតួនាទីជាអនុ ប្រធានគណៈកម្មការនៃមូលនិធិគន្ធបុប្ផា។ គិតមកត្រឹមឆ្នាំ២០១៧ ខណៈពេលដែលលោកលាលែងពី តំណែងដោយសារបញ្ហាសុខភាពនោះ មន្ទីរពេទ្យគន្ធបុប្ផាមានបុគ្គលិកសរុបចំនួនរហូត២៥០០នាក់ហើយ ក្នុងចំណោមនោះ មានតែវេជ្ជបណ្ឌិតជនជាតិបរទេសចំនួនពីរនាក់ប៉ុណ្ណោះដែលកំពុងបម្រើការនៅទីនោះ។ រីឯចំនួនទីតាំងមន្ទីរពេទ្យកើនឡើងរហូត០៥ទីតាំង គឺ មន្ទីរពេទ្យគន្ធបុប្ផាទី១ (ភ្នំពេញ ១៩៩២) មន្ទីរពេទ្យ គន្ធបុប្ផាទី២ (ភ្នំពេញ ១៩៩៦) មន្ទីរពេទ្យគន្ធបុប្ផាទី៣ ឬ មន្ទីរពេទ្យព្រះជ័យវរ្ម័នទី៧ (សៀមរាប ១៩៩៨) មន្ទីរពេទ្យគន្ធបុប្ផាទី៤ (ភ្នំពេញ ២០០៥) និង មន្ទីរពេទ្យគន្ធបុប្ផាទី៥ (ភ្នំពេញ ២០០៧)។
Image source: Facebook Dr. Beat Richner
មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងសុទ្ធសឹងតែបើកបម្រើសេវាកម្មទទួលព្យាបាលជម្ងឺរបស់កុមារមកពី ទូទាំងប្រទេសដោយឥតគិតថ្លៃនិងដោយគ្មានការរើសអើង។ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ មូលនិធិមន្ទីរពេទ្យនេះបានចំណាយថវិកាចំនួន៥៦០លានដុល្លារសហរដ្ឋអាមេរិកដើម្បីធ្វើការព្យាបាលដល់កុមារកម្ពុជាចំនួន១លាន៦សែននាក់ដែលមកសម្រាកព្យាបាល និង កុមារ១៦លាននាក់ដែលមកទទួលការព្យាបាល តែមិនសម្រាកស្នាក់នៅ។ លោកវេជ្ជបណ្ឌិតធ្លាប់មានប្រសាសន៍ក្នុងឱកាសកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ មួយក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ ថា «កុមារគ្រប់រូបមានជីវិតតែមួយ ហើយជីវិត នីមួយៗគឺមានតម្លៃស្មើៗគ្នា។ ការសង្រ្គោះអាយុជីវិតកុមារគឺជាសកម្មភាពដែលមនុស្សទូទៅត្រូវធ្វើ។ »
Image source: Facebook Dr. Beat Richner
នៅឆ្នាំ២០១៥ មន្ទីរពេទ្យគន្ធបុប្ផាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកវេជ្ជបណ្ឌិត បេអាតរិចឈ្នឺរ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសតែងតាំងជាមន្ទីរពេទ្យគម្រូសម្រាប់ប្រព័ន្ធវិស័យសុខាភិបាលកម្ពុជា។ ក្រោយមក នៅខែមីនា ឆ្នាំ២០១៦ លោកវេជ្ជបណ្ឌិតត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់នៃក្រសួងសុខា ភិបាលក្នុងឋានៈជារដ្ឋលេខាធិការ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទាំងអស់បានទទួលស្គាល់នូវស្នាដៃបេសកកម្មការងារដ៏ប្រសើរខ្ពង់ខ្ពស់ ព្រមទាំងតួនាទីដ៏ចំបងរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅ ប្រទេសកម្ពុជា៕
Article by SRIN SOKMEAN