លោកអ្នកប្រហែលជាធ្លាប់ស្គាល់ ធ្លាប់ឮពីស្លឹកម្រុំ និងអារហារបំប៉នឬថ្នាំដែលគេអះអាងថាបានចម្រាញ់ពីរុក្ខជាតិម្រុំនេះ។ ជាការពិតណាស់ដែលថា រុក្ខជាតិម្រុំនេះទាំងស្លឹក ផ្កានិងគ្រាប់គឺពិតជាមានសារៈសំខាន់និងអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់យើង។ គ្រាប់ម្រុំក៏ជាឱសថនិងជាគ្រាប់ធញ្ញជាតិដែលជួយឲ្យសុខភាពយើងមាំមួន ជួយកាត់បន្ថយហានិភ័យពីជំងឺផ្សេងៗបានផងដែរ។ តើការពិសាគ្រាប់ម្រុំអាចជួយ សុខភាពរបស់យើងបានយ៉ាងម្តេច?
1. គ្រាប់ម្រុំ មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មកម្រិតខ្ពស់ ដែលសារធាតុអុកស៊ីតកម្មនេះមានប្រភពចេញពីខ្យល់បំពុលដែលមាននៅក្នុងបរិយាកាសចេញពី ផ្សែងឡាន ម៉ូតូ និងផ្សែងបារី ដែលយើងតែងតែស្រូបជាប្រយោលតាមដងផ្លូវជារៀងរាល់ថ្ងៃ ហើយវាជាភ្នាក់ងារមួយដ៏សាហាវដែលបង្ករឲ្យកើតមានជំងឺមហារីកជាទម្ងន់។ ក្នុងន័យនេះ យើងក៏អាចនិយាយបានថា ពិសាគ្រាប់ម្រុំអាចជួយកាត់បន្ថយហានិភ័យក្នុងការកើតជំងឺមហារីកបានមួយភាគធំផងដែរ។ ម្យ៉ាងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមាននៅក្នុងគ្រាប់ម្រុំនេះក៏អាចជួយពន្យឺតដំណើរការវិវឌ្ឍនៃកោសិការមហារីកកុំឲ្យរីករាលដាលបានឆាប់រហ័សពេក សម្រាប់អ្នកដែលមានជំងឺមហារីករួចហើយបានថែមទៀតផង។
2. គ្រាប់ម្រុំមានវីតាមីន A, C, B ដែលសុទ្ធសឹងតែជាវីតាមីនដ៏សំខាន់សម្រាប់ទ្រទ្រង់សារពាង្គកាយ។ ដោយវីតាមីន C ជួយទ្រទ្រង់និងពង្រឹងប្រពន្ធ័ភាពស៊ាំ ដែលជាកងសន្តិសុខដ៏ពិសេសក្នុងការការពារសារពាង្គការបស់យើងពីបាក់តេរីនិងមេរោគផ្សេងៗពីខាងក្រៅ ខណៈដែលវីតាមីន A ជំនួយដល់ចក្ខុប្រសាទដែលជួយឲ្យភ្នែកភ្លឺថ្លា។ យ៉ាងណាមិញ វីតាមីនB មានសារៈសំខាន់ចំពោះមុខងារខួរក្បាល បង្កើតគ្រាប់ឈាមក្រហម និងសាងសង់ប្រពន្ធ័ ADN (ហ្សែន) ឲ្យមានភាពរឹងមាំបានទៀតផង។
3. ជាងនេះទៅទៀត គ្រាប់ម្រុំក៏មានផ្ទុកជាតិស័ង្កសីឬរ៉ែខនិជ និងកាល់ស្យូម ដែលដើរតួយ៉ាងសំខាន់ក្នុងការការពារនិងថែទាំសុខភាពសក់ មានន័យថា ជាតិស័ង្កសីរបស់គ្រាប់ម្រុំជួយការពារកុំឲ្យសក់ជ្រុះក៏ដូចជាមិនឲ្យសក់ស្កូវដូច្នោះដែរ។ មួយវិញទៀតវាក៏មានតួនាទីជួយឲ្យឆ្អឹងរឹងមាំព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងបានផងដែរ។ បន្ថែមពីនេះទៅទៀតគ្រាប់ម្រុំអាចជួយសម្រួលដល់អ្នកដែលមានសុខភាពផ្លូវភេទខ្សោយ ព្រោះជាតិស័ង្កសីក៏ជាសារធាតុម្យ៉ាងដែលមេជីវិតត្រូវការក្នុងការវិវឌ្ឍសរីរាង្គបន្តពូជ ឲ្យមានថាមពលខ្លាំងក្លាបានមួយកម្រិតដែរ។
4. គ្រាប់ម្រុំអាចជួយការពារការរលាកសម្រាប់អ្នកដែលមានសាច់ឆាប់ក្លាយ ព្រោះនៅក្នុងគ្រាប់ម្រុំមានសារធាតុម្យ៉ាងដែលហៅថា isothiocyanates ដែលប្រតិកម្មខ្លាំងក្នុងការរលាក ដូចនេះពិសាគ្រាប់ម្រុំជាប្រចាំអាចជួយព្យាបាលការរលាកលើស្បែកបានយ៉ាងឆាប់រហ័ស មិនឲ្យសាច់ក្លាយនិងមិនមានស្លាកស្នាមធំដុំឡើយ។
5. កូឡេស្តេរ៉ុលអាក្រក់ (LDL) មានប្រភពចេញពីខ្លាញ់នៅក្នុងសាច់ដែលយើងបរិភោគរាល់ថ្ងៃដែលបង្កឲ្យកើតមានជំងឺស្ទះសរសៃឈាមក្នុងបេះដូងនិងខួរក្បាល។ គ្រាប់ម្រុំគឺជាគ្រាប់ធញ្ញជាតិ ដែលអាចផលិតជាតិកូឡេស្តេរ៉ុលល្អ (HDL) ដែលអាចសម្អាតនូវពពួកកូឡេស្តេរ៉ុលដែលអាក្រក់និងជួយឲ្យមានលំនឹងជាតិកូឡេស្តេរ៉ុលនៅក្នុងសារពាង្គកាយ ជួយសម្រកទម្ងន់សម្រាប់អ្នកធាត់ៗ ក៏ដូចជាធ្វើឲ្យទម្ងន់របស់យើងមានភាពសមតុល្យផងដែរ៕
Article by KEO SONG