×

ការ​តស៊ូ​លើ​វិថី​សិល្បៈ​របស់​ក្រុម​តន្រ្តីយុវវ័យ “Mustache Band​”

NEWS 6 years ago
 
 

          មិត្ត​យុវវ័យ​ប្រុស​ស្រី​ទូទាំង​ប្រទេស​ដែល​និយម​ស្តាប់​បទ​ចម្រៀង​ក្នុង​ស្រុក​បែប​មនោសញ្ចេតនា ​មិត្ត​ច្បាស់​ជា​ស្គាល់​បទ​ចម្រៀង​ពីរ​បទ​ដែល​កំពុង​មាន​ប្រជាប្រិយភាព​នោះ​គឺ​បទ​ “ពាក្យ​ថា​សង្សារ​ចាស់” និង​បទ​ “មនុស្ស​ប្រុស​ម្នាក់​នេះ​សំខាន់​នៅ​ពេល​ណា​?” ជាក់​ជា​មិន​ខាន​។ បទ​ចម្រៀង​ដ៏​ល្បី​លំដាប់​ផ្ទៃ​ប្រទេស​ទាំង​ពីរ​បទ​នេះ​ត្រូវ​បាន​កើត​ចេញ​ពី​ទឹក​ដៃ​សិល្បៈ​តែង​និពន្ធ​របស់​ក្រុម​តារា​ចម្រៀង​វ័យ​ក្មេង​ដែល​មាន​ឈ្មោះ​បែប​បរទេស​ថា​ “Mustache Band”។ តើ​ក្រុម​តន្រ្តី​ដែល​កំពុង​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​ពី​សំណាក់​មិត្តៗ​យុវវ័យ​មួយ​នេះ​មាន​ប្រវត្តិ​និង​ការ​តស៊ូ​អ្វីខ្លះ​ក្នុង​វិស័យ​សិល្បៈ​ទម្រាំ​បាន​ដើរ​ដល់​ចំណុច​នេះ​? តើ​ពួក​គេ​មាន​គម្រោង​បែប​ណា​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ក្នុង​អាជីព​?

          ក្រុម​តន្រ្តី​ “Mustache Band” មាន​សមាជិក​សុទ្ធ​តែ​ប្រុស​ទាំងអស់ សរុប​ចំនួន​ប្រាំ​នាក់​ដែល​កាន់​តួ​នាទី​ផ្សេង​ៗ​គ្នា ក្នុង​នោះ​រួម​មាន ជេន​ជា​តារា​ចម្រៀង ប៉ាវ​ជា​អ្នក​កាន់​ហ្គីតា​សូឡូ ម៉ានុត​ជា​អ្នក​វាយ​ស្គរ ប៊ីលី​ជា​អ្នក​កាន់​ហ្គីតាបាស និង តាប់​ជា​អ្នក​លេង​អ័ក។ ជួប​ជាមួយ​សមាជិក​ទាំង​ប្រាំ​រូប​នៃ​ក្រុម​តន្រ្តី​នេះ​នៅ​ស្ទូឌីយ៉ូ​ទស្សនាវដ្តី​សូវរីន ​ពួក​យើង​បាន​ដឹង​ថា ក្រុម​នេះ​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​កាល​នោះ​ពួក​គេ​មិនមែន​មាន​សមាជិក​៥​នាក់​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​។ ចេន​ដែល​ជា​ស្ថាបនិក​ក្រុម​បាន​រៀបរាប់​ថា​រូប​គេ​ស្រឡាញ់​សិល្បៈ​ចម្រៀង​យ៉ាង​ខ្លាំង ហើយ​គេ​បាន​ចាកចេញ​ពី​ខេត្ត​កោះកុង​ដែល​ជា​ស្រុក​កំណើត​ មក​បង្កើត​ជា​ក្រុម​តន្រ្តី​ជា​មួយ​មិត្តភក្តិ​ដែល​មក​ពី​ខេត្ត​ជាមួយ​គ្នា​។​“ខ្ញុំ​ចង់​ឲ្យ​ទស្សនិកជន​ខ្មែរ​ស្គាល់​ពី​ក្រុម​តន្រ្តី​ឲ្យ​បាន​ច្បាស់ ​ចង់​ឲ្យ​ពួក​គាត់​យល់​ពី​ឧបករណ៍​នី​មួយៗ​ឲ្យ​បាន​ច្បាស់​ ដូច​ជា​ហ្គីតាបាស​ដែល​មាន​ខ្សែ​៤​ជាដើម ​ហើយ​នេះ​ជា​ក្តី​ស្រមៃរ​បស់​ខ្ញុំ!” ​ ប៉ុន្តែ​ការ​បង្កើត​ក្រុម​លើកទី​មួយ​ជួប​ប្រទះ​នូវ​ការ​បរាជ័យ​ដោយ​សារ​បញ្ហា​មិន​ចុះ​សម្រុង​គ្នា​រហូត​ឈាន​ដល់​ដំណាក់​កាល​ផ្អាក​ការ​ផលិតបទ​ចម្រៀង​មួយ​រយៈ​ធំ ​ទម្រាំ​តែ​នឹង​បាន​រើស​សមាជិក​ថ្មីៗ​ដែល​មាន​ឆន្ទៈ​តស៊ូ​ដើរ​លើ​ផ្លូវ​តែ​មួយ ចាប់​ដៃ​គ្នា​សហការ​ផលិត​បទ​ចម្រៀង​រួម​គ្នា​ជាប់​រហូត​ដល់​សព្វ​ថ្ងៃ​។​ អ្វី​ដែល​គួរ​ឲ្យ​កោត​សរសើរ​នោះ​គឺ​ជេន​ដែល​ជា​ប្រធាន​ក្រុម​មិន​ដែល​មាន​គំនិត​បញ្ឈប់​មហិច្ឆតា​របស់​ខ្លួន​ម្តង​ណា​ទេ​ ទោះ​បី​ជា​មាន​ការ​បែក​បាក់​សមាជិក​ក្រុម​ជា​ច្រើន​ដង​ក៏​ដោយ​។

ជេនប៉ាវ​ម៉ានុតប៊ីលីតាប់

          “ក្រោយ​ការ​បែក​បាក់​លើក​ទី​១ យើង​មាន​បទ​ពិសោធន៍​មួយ​ហើយ​ថា​មិន​មែន​ចេះ​តែ​ចាប់​ដាក់​ៗ​ទេ យើង​ត្រូវ​ស្វែង​យល់​ពី​គ្នា​សិន​មិន​មែន​ងាយ​ស្រួល​ទេ​។ ត្រូវ​មើល​ឆន្ទៈ ​(របស់​សមាជិក​ក្រុម) ព្រោះ​ឆន្ទៈ​ជា​រឿង​សំខាន់​បំផុត​! ” ​ ប្រធាន​ក្រុម​បាន​លើក​ឡើង​។ លោក​បាន​បន្ត​ទៀត​ថា​ “សមត្ថភាព​ឬ​ភាព​ខ្លាំង​មិន​មាន​ប្រយោជន៍​ទេ ប្រសិន​បើ​អត្ត​ចរិត​មនុស្ស​មាន​ភាព​ឆ្មើង​ឆ្មៃ​ឬ​អំណួត​។ យើង​ត្រូវ​ការ​មនុស្ស​ចិត្ត​ដូច​គ្នា​អាច​តស៊ូ​ជាមួយ​គ្នា​ពី​ចំណុច​សូន្យ​។” បន្ទាប់​ពី​ការ​បែកបាក់​ក្រុម​នោះ​មក ​ជេន​បាន​ចាប់​ផ្តើម​រួម​ការងារ​ជាមួយ​ម៉ានុត​និង​ប៉ាវ​ដែល​ជា​តន្រ្តីករ​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក​ដែរ​។ រី​ឯ​ប៊ីលី​ទើប​ក្លាយ​ជា​សមាជិកកាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ដែល​គេ​មាន​អតីតភាព​ជា​កូន​សិស្ស​របស់​ជេន​ផ្ទាល់​។ សមាជិក​ថ្មី​ចុង​ក្រោយ​គេ​គឺ​តាប់​ដែល​ជា​អ្នក​លេង​អ័ក ទើប​នឹង​បាន​ចូល​កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៧​ក្រោយ​ប៊ីលី​បន្តិច​។

          បទ​ដែល​ល្បី​ដំបូង​របស់​ក្រុម​នេះ​គឺ​បទ​ដែល​មាន​ចំណង​ជើង​ថា “​ប្រុស​ម្នាក់​នេះ​សំខាន់​នៅ​ពេល​ណា​?” ដែល​ត្រូវ​បាន​បង្ហោះ​ជា​ផ្លូវ​ការ​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​ក្រុម Mustache Band កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៦។ បើ​តាម​ការ​អះអាង​របស់​ជេន​ដែល​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​និង​បទភ្លេង​នៃ​បទ​នេះ​ផ្ទាល់​បាន​បង្ហាញ​ថា ​ចំពោះ​បទ​នេះ​ត្រូវ​បាន​សរសេរ​ក្នុង​រយៈពេល​ដ៏​ខ្លី ​ហើយ​ស្រប​ពេល​ដែល​លោក​ទើប​បង្កើត​ក្រុម​ដែល​មាន​សមាជិក​ថ្មី​“ខ្ញុំ​បាន​ក្រុម​ភ្លាម​សរសេរ​ភ្លាម​! ខ្ញុំ​មាន​អារម្មណ៍​ថា​លឿន​មែនទែន​សរសេរ​(ទំនុក​ច្រៀង) ត្រឹម​៥-១០​នាទី​ប៉ុន​ហ្នឹង​ដោយសារ​ចិត្ត​ខ្ញុំ​ចង់​បាន!”។ ជា​លទ្ធផល​គ្រាន់​តែ​ចេញ​ផ្សាយ​ភ្លាម បទ​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មិត្ត​អ្នក​ស្តាប់​ច្រើន​មែន​ទែន ហើយ​ក្រោយ​មក​រឹត​តែ​ល្បី​ខ្លាំង​នៅ​ពេល​ផលិត​ជា​វីដេអូ​ចម្រៀង​ដែល​មាន​អ្នក​ចូលស្តាប់​និង​ទស្សនា​តាម​រយៈ​បណ្តាញ​សង្គម បន្ត​បន្ទាប់​រហូត​ជាង​១​លាន​ដង។ វីដេអូបទ​នេះ​ត្រូវ​បាន​ថត​នៅ​លើ​កំពូល​ភ្នំ​បូក​គោ​ពោរ​ពេញ​ដោយ​ទេសភាព​យ៉ាង​ស្រស់​ស្អាត​គួរ​ឲ្យ​ទាក់ទាញ​គួប​ផ្សំ​នឹង​ការ​សម្តែង​យ៉ាង​រស់​រវើក​អង្រួន​ដួង​ចិត្ត​យុវវ័យ​សម័យ​ថ្មី ហើយ​ក្រុម​នេះ​ក៏​ធ្លាប់​យក​បទ​នេះ​ទៅ​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្រ្តី​ដ៏​ធំ​មួយ​នៅ​ភ្នំ​បូកគោ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៧​ដែរ។ បន្ទាប់​ពី​បទ​នេះ ក្រុម​នេះ​ក៏​ល្បី​តាម​រយៈ​បទ “ពាក្យ​ថា​សង្សារ​ចាស់” ដែល​បាន​ចេញ​ផ្សាយ​ដំបូង​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​២០១៧។ បទ​ទី​ពីរ​នេះ​ពិត​ជា​មិន​ធម្មតា​ទេ​ ព្រោះ​វា​ធ្លាប់​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ចំណោម​កំពូល​បទ​ចម្រៀង​ល្បី​ៗ​ទាំង​២០​បទ​ប្រចាំ​ខែ​កញ្ញា​ឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​បង្ហោះ​ក្នុង​កម្មវិធី​ទូរសព្ទ​ដៃ​ SMART MUSIC App របស់​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ SMART ដែល​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា​ផង​ដែរ​។​ ក្រៅ​ពី​បទ​ទាំង​ពីរ​នេះ ​ក្រុម​តន្រ្តី​នេះ​បាន​ចេញ​ផ្សាយ​បទ​ចម្រៀង​ជា​ច្រើន​ទៀត​ដូច​ជា​ ​សម្បថ​និស្ស័យ ស្នេហ៍​គ្មាន​អាយុ មិន​អាច​ទៅ​រួច ​និងអា​ក្របី ​ជា​ដើម។

          ទាក់ទង​នឹង​ការ​តែង​និពន្ធ​បទ​ថ្មី ​ជេន​បាន​ពន្យល់​ប្រាប់​ថា“​ខ្ញុំ​ផលិត​បទ​ផ្តើម​ចេញ​ពី​ចំណង​ជើង​ដែល​ខ្ញុំ​ចង់​បាន​។ បើ​សិន​ជា​ខ្ញុំ​មាន​ចំណង​ជើង​ដែល​ខ្ញុំ​ចង់​បាន​ហើយ ខួរ​ក្បាល​ខ្ញុំ​ពេល​ទៅ​ណា​តែង​តែ​នឹក​ទៅ​ដល់​មេឡូ​ឌី​ជា​និច្ច​។ ពេល​ដែល​នឹក​ឃើញ​មេឡូឌី​ដែល​ចង់​បាន​ហើយ ត្រូវ​save​ទុក​ភ្លាម​។ ពេល​សរសេរ​មិន​ចេញ​ត្រូវ​ទុក​សិន​មិន​អាច​បង្ខំ​បាន​ឡើយ​។”

          ជា​មួយ​គ្នា​នេះ​ដែរ​ម៉ានុត​អ្នក​វាយ​ស្គរ​ក្នុង​ក្រុម​បាន​និយាយ​​អំពី​ចំណុច​ល្អ​ៗ​នៃ​ទំនាក់​ទំនង​ការងារ​ក្រុម​ថា “ពេល​ពួក​​គាត់​មាន​បញ្ហា ពួក​គាត់​ចេះ​ពិភាក្សា​គ្នា​។ ពេល​មាន​កំហុស​គឺ​ប្រាប់​ត្រង់​ៗ​មិន​លាក់​គ្នា​ទេ​។ យើង​ជា​ក្រុម​តែ​មួយ​ដូច​គ្រួសារ​អ៊ី​ចឹង​សព្វ​ថ្ងៃ​នេះ​​!”​

          ដោយ​ឡែក​ ប៊ីលី​ដែល​ជា​សិស្ស​ប្អូន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ​“ខ្ញុំ​ចង់​ឲ្យ​ក្រុម​ខ្ញុំ​អភិវឌ្ឍ​មួយ​ចំណែក​ទៀត​ដែល​មិន​មែន​ត្រឹម​តែ​ចំណុច​នេះ​ឡើយ​។ ពួក​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​វា​ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ឈាន​ទៅ​កាន់​ឆាក​អន្តរ​ជាតិ​! ​តែ​វា​អាស្រ័យ​ទៅ​លើ​ឆន្ទៈ ការ​តស៊ូ និង​ភាពអត់​ធ្មត់​របស់​យើង​ម្នាក់​ៗ​។”

          ដើម្បី​ជំនះ​រាល់​ឧបសគ្គ​លើ​វិថី​សិល្បៈ ក្រុម​តន្រ្តី​យុវវ័យ Mustache Band បាន​បង្កើត​ជា​ពាក្យ​ស្លោក​លើក​ទឹក​ចិត្ត​សិល្បករ​ជា​សកល​ថា “ទឹក​ភ្នែក​ដែល​ហូរ​កាត់​ថ្ពាល់​ឲ្យ​ស្គាល់​ភាព​បរាជ័យ ចាប់​ផ្តើម​​ថ្ងៃ​ស្អែក​ជា​ថ្មី​ឲ្យ​មាន​ន័យ​មាន​តម្លៃ​ជាង​មុន​”។ ពួក​គេ​ចង់​និយាយ​ប្រាប់​អ្នក​សិល្បៈ​ទាំងអស់ មិន​ថា​សិល្បៈ​អ្វី​ក៏​ដោយ​គឺ​ត្រូវ​តែ​ត​ស៊ូ​ពុះពារ​ កុំ​បោះ​បង់​ក្តី​ស្រមៃ​ដោយសារ​តែ​ឧបសគ្គ​ខ្លះ​ៗ​ដែល​រាំង​ស្ទះ​៕

Article by SRIN SOKMEAN

 
 
 

SUGGESTIONS