នាឡិ គឺជាពាក្យមួយសំគាល់ដល់ខ្នាតរង្វាស់រង្វាល់ខ្មែរ ដែលមានតាំងពីយូរយារណាស់មកហើយ ហើយមកដល់ពេលបច្ចុប្បន្ន ខ្នាតសម្គាល់របស់ខ្មែរមួយនេះកំពុងតែបាត់រូបភាពទៅបន្តិចម្តងៗ ហាក់ដូចជាមិនសូវមានអ្នកលើកយកមកប្រើប្រាស់ទៀតឡើយ។ ទន្ទឹមនឹងការច្បិចយកខ្នាតរង្វាស់នាឡិមកបង្ហាញនេះដែរ នាឡិ ក៏ត្រូវបានម្ចាស់សិប្បកម្មមួយរូបចាប់អារម្មណ៍ យកមកបង្កើតជាឈ្មោះហាងនំខ្មែរដោយឈរលើមូលដ្ឋានថែរក្សានិងអភិរក្សនំបែបប្រពៃណី។ គ្រាន់តែបើកទ្វារឈានជើងចូលក្នុងសិប្បកម្មផលិតនំភ្លាមក្លិនចំហាយនៃអង្ករដំណើបលាយខ្ទិះដូងបានជះក្លិនឈ្ងុយព្រមជាមួយក្លិនដ៏ពិដោរនៃស្លឹកចេកផងនោះធ្វើឱ្យយើងនឹកភ្នកទៅដល់វេលាមួយដែលយើងតែងតែវេចនំអន្សមជាមួយគ្រួសារនារដូវបុណ្យភ្ជុំយ៉ាងដូច្នោះដែរ។ បើនិយាយពីនំបែបប្រពៃណីយើងកម្រនឹងឃើញបង្ហាញវត្តមានលក់ព្រោងព្រាតនៅលើទីផ្សារណាស់ ហើយនំជាច្រើនប្រភេទស្ទើតែបាត់វត្តមាននិងមិនសូវមានអ្នកស្គាល់ប៉ុន្មានឡើយ។ ទាំងនេះក៏ជាកត្តាមួយជំរុញចិត្តឱ្យលោក អ៊ិន ច័ន្ទធារ៉ាបង្កើត នាឡិ ឡើងមក។
លោក អ៊ិន ច័ន្ទធារ៉ា ម្ចាស់សិប្បកម្ម នាឡិ បានសម្តែងអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលស្នាដៃនំខ្មែររបស់លោកត្រូវបានបង្ហាញ និងបញ្ច្រៀតខ្លួនទៅក្នុងទីផ្សារបានយ៉ាងមានប្រសិទ្ធភាព។ ជាមួយនឹងការបង្កើតឲ្យលេចរួបរាងនៃសិប្បកម្មនំខ្មែរនេះឡើង គឺមិនមែនជាការងាយស្រួលនោះឡើយសម្រាប់រូបលោកផ្ទាល់។ ដោយហេតុថា ក្តីស្រឡាញ់ និងឆន្ទៈយ៉ាងមុតមាំក្នុងការថែរក្សា អភិរក្ស អ្វីដែលជាអត្តសញ្ញាណជាតិនោះ លោកក៏បានបង្កើតនូវគំនិតធ្វើនំខ្មែរ ដែលមានលក្ខណៈស្តង់ដារមិនចាញ់នំបរទេសប៉ុន្មានទេ ប៉ុន្តែក្នុងន័យនេះ លោកក៏មិនមែនសម្ដៅដល់ការប្រកួតប្រជែងជាមួយនឹងនំជាតិសាសន៍ដទៃណាទាំងអស់។ សំខាន់ការបើកជាសិប្បកម្មនំមួយនេះ គឺក្នុងន័យសម្ដៅដល់ការសាបព្រោះផ្នត់គំនិតចាស់ចូលទៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរទាំងអស់ ឲ្យងាកមកចាប់អារម្មណ៍ពីអ្វីដែលជារបស់ខ្លួន ។ បើយើងចូលទៅកាន់សិប្បកម្មនំខ្មែរនេះឡើង យើងច្បាស់ជាទប់ច្រមុះមិនបាននឹងក្លិនដ៏ឈ្ងុយឆ្ងាញ់ ប្រហើរចេញពីអង្ករដំណើប ដែលអប់ជាមួយនឹងស្លឹកចេកជាក់ជាមិនខាន។ ជាការពិតណាស់ ហាងនំខ្មែរមានមិនតិចទេ នៅក្នុងស្រុកយើង ប៉ុន្តែដោយឡែក សម្រាប់នាឡិ គឺមានលក្ខណៈពិសេស ទាំងការចម្អិន ទាំងការវេចខ្ចប់ និងការរចនាឡើង គឺមានសភាពខុសពីគេ។ ដោយហេតុថា គោលជំហរ ដែលនាឡិ បានកំណត់យកយ៉ាងជាក់លាក់ក្នុងការធ្វើឲ្យនំខ្មែរជានំជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងទីផ្សារនោះ គឺមានធាតុ៣សំខាន់រួមមាន៖ ទី១ ធានាជូននូវគុណភាពនំទៅដល់ដៃអ្នកទទួលទាន ទី២ ប្រាកដឲ្យច្បាស់នូវសុវត្ថិភាព អនាម័យល្អ និងចុងក្រោយ គឺប្រកាន់ខ្ជាប់នូវមូលដ្ឋានចាស់នៃការធ្វើនំដូចដើម។ ទាំងបី ចំណុចគោលធំៗនេះហើយ ដែលជួយរុញច្រានឲ្យ នាឡិ អាចរីកមុខមាត់បានយ៉ាងធំ និងមានវិសាលភាពទៅអតិថិជនគ្រប់លំដាប់ថ្នាក់។
នាឡិ បានចងក្រងប្រភេទនំបែបប្រពៃណីនិងនំជាច្រើនប្រភេទទៀតប្រហែល៧០ប្រភេទ។ ដោយឡែកសម្រាប់ការផលិតទុកនៅក្នុងស្តុកមាន ១២ប្រភេទ សម្រាប់ដាក់លក់ជាប្រចាំថ្ងៃ។ ចំពោះនំដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងនាឡិ ជាទូទៅ ច្រើនតែប្រភេទនំខ្មែរ ដែលកំពុងតែពេញនិយមនៅក្នុងកម្មវិធីបុណ្យទាន ក៏ដូចជាពិធីអាពាហ៍ពិពាហ៍ ដែលមានទៅដល់ ១២ ប្រភេទ ដូចជា៖ នំអន្សម( ជ្រូក ចេក និងត្រាវ) នំគម នំបត់ នំអន្សមខ្នុរ នំស្លឹកស្រស់ ត្រៀបបាយ និងនំកន្សែងស្រស់ ចាហួយដូងជាដើម។
វាជួបនូវការលំបាកច្រើន នៅពេលដែលនាឡិទើបនឹងកកើត គឺហាក់ដូចជា ពុំទាន់អាចបោះជំហ៊ាននៅលើទីផ្សារបានឡើយ ក៏ព្រោះតែផ្នត់គំនិតប្រជាពលរដ្ឋខ្មែរខ្លះ ពុំសូវឲ្យតម្លៃទៅលើការធ្វើនំនេះទេ ហើយគិតថា មិនចាំបាច់ទិញ គ្រាន់តែធ្វើងាយៗនៅផ្ទះក៏បាន មិនដូចជានំបរទេសដែលតម្រូវឲ្យទៅដល់កន្លែង។ នៅពេលដែលលោកគិតពីអំពីរូបភាពនេះឡើង លោកក៏បានទាញទស្សនៈមួយមកវិញថា នេះវាគ្រាន់តែជាការមើលឃើញក្នុងពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់ថ្ងៃអនាគត ខ្មែរអាចនឹងទទួលស្គាល់ពីស្នាដៃធ្វើនំខ្មែរនេះ ហើយនាំគ្នាគាំទ្រ យ៉ាងពេញទំហឹង។ ជាក់ស្តែង លោកក៏បានលើកឡើងពីជនជាតិបរទេសភាគច្រើន ដែលបានចូលមកកម្សាន្តនៅក្នុងប្រទេសយើង ហើយពួកគេបានចាប់អារម្មណ៍ខ្លាំងពីរសជាតិ និងរូបរាងនំខ្មែរ ហើយបាននំាគ្នាគាំទ្រ ដោយក្តីស្រឡាញ់ទៀតផង។តាមរយៈការបំផុសគំនិតឲ្យប្រជាជនបង្វែរមកចាប់ចិត្តនឹងនំខ្មែរនេះ ម្ចាស់សិប្បកម្មនាឡិ លោកក៏បានរិះរកគំនិតថ្មីៗ ធ្វើយ៉ាងណា ឲ្យគេស្គាល់ស្នាដៃនំខ្មែរឲ្យបានច្រើន ដោយបង្កើតជារូបភាព ឬវីដេអូ បង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសបុក ទាំងរបៀបនៃការធ្វើទាំងរូបមន្ត ដោយមិនមានការលាក់បាំងអ្វីឡើយ។ សូម្បីតែនំដែលបានធ្វើឡើងនីមួយៗ សុទ្ធតែមានការថ្លឹងទម្ងន់ម្សៅ និងគ្រឿងផ្សំបានយ៉ាងត្រឹមត្រូវ ដោយជាក់លាក់ និងយកចិត្តទុកដាក់ខ្ពស់ជាទីបំផុត។ ជាចុងក្រោយ ក្នុងនាមលោកជាប្រជាជនខ្មែរមួយរូប និងជាពាណិជ្ជករនៃសិប្បកម្មផ្ទាល់ លោកក៏សំណូមពរទៅដល់កូនខ្មែរ ក៏ដូចជាប្រជាជាតិទាំងមូល សូមចូលរួមស្រឡាញ់ និងការពារនំខ្មែរកុំឲ្យបាត់បង់ ហើយមិនត្រូវឲ្យអ្វីដែលជាអត្តសញ្ញាណបរទេសចូលមកបំភាន់ ឬលុបចោលទាំងស្រុងនៃវប្បធម៌ខ្មែរបានជាដាច់ខាត ដោយផ្តល់ក្តីស្រឡាញ់ តាមរយៈការគាំទ្រផលិតផលនំខ្មែររបស់នាឡិឲ្យបានច្រើន៕
Article by HENG CHANMAKARA