×

បួន​កន្លែង​នៅ​ភ្នំពេញ​ដែល​អ្នក​អាច​រៀន​ធ្វើ​វិបស្សនា​ឬ​សមាធិ​ដោយ​ឥត​គិត​ថ្លៃ

TRAVEL & LIVING 6 years ago
 
 

          ការ​ធ្វើ​វិបស្សនា ឬ​ធ្វើ​សមាធិ​គឺ​ជា​ការ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្ងប់​ហើយ​នឹង​នរពី​ភាព​តប់​ប្រមល់​សម្រាប់​អ្នក​ធ្វើ​ការ និង​អ្នក​ជំនួញ​ដែល​តែងតែ​ជួប​នូវ​បញ្ហា​ផ្លូវចិត្ត ជួយ​កាត់​បន្ថយ​ជម្ងឺ​ស្រ្តេស​បាន​មួយ​ភាគ​ធំ​ផង​ដែរ។ យ៉ាង​ណា​មិញ មាន​មនុស្ស​មួយ​ចំនួន​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​មជ្ឃមណ្ឌល​វិបស្សនា​ដែល​នៅឯ​ខេត្ត​ឆ្ងាយៗ តួរ​យ៉ាង​ដូច​ជា មជ្ឈមណ្ឌល​វិបស្សនា​ខេត្តកំពង់ធំ, មជ្ឈមណ្ឌល​វិបស្សនា​ភ្នំព្រះរាជទ្រព្យ និង​តាម​បណ្តារ​ខេត្ត​មួយ​ចំនួន​ទៀត។ ដោយ​ឡែក​ថ្ងៃ​នេះ សូវរីន សូម​ណែនាំ​ប្រិយមិត្ត​ឲ្យ​បាន​ស្គាល់​នូវ​កន្លែង​ដែល​អាច​រៀន​ធ្វើ​វិបស្សនា​ឬ​សមាធិ បួន​កន្លែង​ដែល​ស្ថិត​នៅ​កណ្តាល​រាជធានីភ្នំពេញ និង​នៅ​ជាយ​ក្រុង​ជិត​អ្នក​ភ្នំពេញ​ជា​ទី​បំផុត៖

          1. វត្តលង្ការ៖ សម្រាប់​អ្នក​ដែល​មមាញឹក​នឹង​ការងារ ឬ​រវល់​ប្រកប​មុខរបរ​រកស៊ី​នៅ​ពេល​ថ្ងៃ លោកអ្នក​អាច​មក​រៀន​ធ្វើ​វិបស្សនា​នៅឯ​វត្ត​លង្ការ​នៅ​ពេល​ល្ងាច​បាន។ វត្ត​លង្ការ​បើក​ទ្វារ​ទទួល​ស្វាគមន៍​ប្រជាពលរដ្ឋ​ទូទៅ ភ្ញៀវ​អន្តរជាតិ ញាតិញោម​ពុទ្ធបរិស័ទ​ទាំងឡាយ ចូល​រួម​រៀន​ធ្វើ​វិបស្សនា​ជា​រៀងរាល់​ថ្ងៃចន្ទ ព្រហស្បតិ៍ សៅរិ៍ ចាប់​ពី​ម៉ោង ប្រាំមួយ​ល្ងាច ដល់ម៉ោង ប្រាំពីរយប់ និង​ថ្ងៃអាទិត្យ​ចាប់​ពី​ម៉ោង ប្រាំបីកន្លះព្រឹក ដល់​ម៉ោង ប្រាំបួនកន្លះ (ឬ​ម៉ោង ដប់​សម្រាប់​ការ​ប្រតិបត្តិ​រយៈ​ពេល​វែង)។

          2. វត្តសំពៅមាស៖ ដោយ​ឡែក​វត្ត​សំពៅមាស ដែល​ស្ថិត​នៅ​ចំកណ្តាល​ក្រុងភ្នំពេញ ក៏​មាន​កម្មវិធី​រៀន​ធ្វើ​វិបស្សនា​ជាមួយ​នឹង​ព្រះសង្ឃ ដូនជី និង​អាច​ស្វែង​យល់​ពី​ធម៌អប់រំ​ផ្លូវចិត្ត​នៃ​ពុទ្ធសាសនា​ផង​ដែរ។ វត្ត​សំពៅមាស នឹង​មាន​កម្មវិធី​ធ្វើ​វិបស្សនា​រយៈ​ពេល​បីខែ​ក្នុង​មួយឆ្នាំ ដោយ​គិត​ចាប់​ពី​ខែ​ចូល​ព្រះវស្សា រហូត​ដល់​ខែ​ចេញ​ព្រះវស្សា ចាប់​ពី​ម៉ោង បីរសៀល រហូត ដល់​ម៉ោង ប្រាំល្ងាច​ជា​រៀង​រាល់ថ្ងៃ។.

          3. វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង៖ សម្រាប់​អ្នក​ដែល​រស់​នៅ​ភាគនិរតី​នៃ​រាជធានីភ្នំពេញ លោកអ្នក​អាច​ស្វែង​យល់​ពី​ធម៌វិបស្សនា​តាំង​សមាធិ​នៅឯ​វត្ត​និគ្រោធវ័ន ហៅ​វត្ត​គល់ទទឹង ដែល​ស្ថិត​នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែកថ្មី ខណ្ឌ​ច្បារអំពៅ ចម្ងាយ​ប្រមាណ ដប់គីឡូម៉ែត្រ ពី​ផ្សារ​ច្បារអំពៅ និងប្រមាណ ប្រាំគីឡូម៉ែត្រ ពី​ក្រុង​តាខ្មៅ។ វត្ត​គល់ទទឹង មាន​កម្មវិធី​វិបស្សនា​ជា​រៀងរាល់​ថ្ងៃអាទិត្យ ចាប់​ពី​ម៉ោង បីរសៀល រហូត​ដល់​ម៉ោង បួនរសៀល។

          4. វត្តបញ្ញាធំ៖ ស្ថិត​នៅ​ភូមិ​ព្រៃខ្លា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ វត្ត​បញ្ញាធំ គឺ​ជា​អារាម​ព្រះភិក្ខុនី (ព្រះសង្ឃស្រី) តែ​មួយ​គត់​នៅ​កម្ពុជា។ ចូល​តាម​ក្លោងទ្វារ​វត្ត​តាំងក្រសាំង​ខាងត្បូង (នៅ​ខាង​មុខ​ព្រលានយន្តហោះ​ភ្នំពេញ) ចម្ងាយ​ប្រមាណ បួនគីឡូម៉ែត្រកន្លះ អ្នក​នឹង​ឃើញ​វត្ត​បញ្ញាធំ​នៅ​កែង​ផ្លូវលំ បែក​ជា​បី។ វត្ត​បញ្ញាធំ​មាន​បង្ហាត់​បង្រៀន​មេរៀន​វិបស្សនា​ថ្នាក់​មូលដ្ឋាន ជា​រៀងរាល់​ថ្ងៃ​ចុងសប្តាហ៍ (សៅរិ៍ អាទិត្យ) ចាប់​ពី​ម៉ោង មួយកន្លះ រហូត​ដល់​ម៉ោង បីកន្លះរសៀល។ យ៉ាង​ណា​មិញ វត្តបញ្ញាធំ​នេះ គឺ​ជា​អារាម​ព្រះភិក្ខុនី​មក​ពី​តៃវ៉ាន់ និង​ជា​អ្នក​ប្រកាន់​នូវ​ព្រះពុទ្ធសាសនា​មហាយាន​តាម​បែប​អាស៊ី​កណ្តាល៕ 

Article by KEO SONG


SUGGESTIONS