វិចិត្រករ ឈើន ចាន់នី កែប្រែវិប្បដិសារីចំពោះកំហុសឆ្គងលើធម្មជាតិមកជាស្នាដៃសិល្បៈគំនូរដ៏អស្ចារ្យ
NEWS 6 years agoគំនូរជាច្រើនផ្ទាំងដែលឆ្លុះបញ្ចាំងអំពីភាពអស្ចារ្យនៃសម្រស់បរិស្ថានធម្មជាតិបែបព្រៃភ្នំ និងសត្វព្រៃ បានចាប់បដិសន្ធិឡើងដោយទឹកដៃរបស់វិចិត្រករវ័យ៣០ឆ្នាំម្នាក់ដែលមានដើមកំណើតមកពីខេត្តបាត់ដំបង ភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ការជ្រើសរើសប្រធានបទគំនូរបែបនេះមកធ្វើជាអត្តសញ្ញាណស្នាដៃរបស់ខ្លួនមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែតាមការពិតទៅវាមានរឿងរ៉ាវពាក់ព័ន្ធពីក្រោយគំនិតក្នុងការបង្កើតស្នាដៃផ្សារភ្ជាប់ទៅនឹងធម្មជាតិទាំងនេះ ដែលលោកអ្នកមិនអាចដឹងដោយភ្នែកទទេបានឡើយ។ តើអ្វីទៅជាអាថ៌កំបាំងបណ្តាលឲ្យបុរសម្នាក់នេះជក់ចិត្តដិតអារម្មណ៍ហ៊ានលះបង់ពេលវេលាជាច្រើនដើម្បីបង្កើតស្នាដៃគំនូរប្រភេទនេះ? តើលោកបានរៀនសូត្រជំនាញនេះតពីក្រុមគ្រួសារ ឬបានទទួលការបណ្តុះបណ្តាលជាផ្លូវការពីស្ថាប័នណាមួយ?
តាមរយៈបទសម្ភាសន៍តាមទូរស័ព្ទជាមួយលោក ឈើន ចាន់នី ដែលជាម្ចាស់ស្នាដៃពិត ដែលសព្វថ្ងៃលោកកំពុងរស់នៅ និងបំពេញការងារលើទឹកដីខេត្តសៀមរាប។ លោកបានរៀបរាប់អំពីប្រវត្តិអតីតកាលរបស់លោកមុនបានក្លាយជាជាងគំនូរមានឈ្មោះបោះសម្លេងដូចសព្វថ្ងៃថា លោកបានកើតក្នុងគ្រួសារមួយដែលរស់នៅជាយក្រុងបាត់ដំបងកាលពីឆ្នាំ១៩៨៨។ ជាអកុសល ដោយសារបញ្ហាកង្វះខាតផ្នែកជីវភាពក្នុងក្រុមគ្រួសារ គ្រួសារលោកទាំងមូលត្រូវភៀសខ្លួនទៅរស់នៅតំបន់ព្រៃភ្នំដាច់ស្រយាលមួយក្នុងខេត្តបាត់ដំបងដដែល។ ជីវិតកុមារភាពរបស់លោក ពុំបានភ្លឺស្វាងស្រណុកសុខស្រួលដូចកុមារដទៃដែលរស់នៅក្នុងក្រុង ឬតាមទីប្រជុំជននោះទេ ពោលគឺលោកធ្លាប់ហែលឆ្លងការលំបាករហូតស្នាក់នៅក្រោមដើមឈើ និងទីវត្តអារាម ជាពិសេសគឺត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សា ត្រឹមថ្នាក់ទី៧ ព្រោះសាលារៀនស្ថិតនៅឆ្ងាយពីកន្លែងរស់នៅពេក។
Image Courtesy ឈើន ចាន់នី
លោកនៅចងចាំបានថា កាលពីតូច លោកហាក់បីដូចជាមានឧបនិស្ស័យខាងផ្នែកគំនូរទៅហើយតាមរយៈការគូររូបភាពផ្សេងៗតាំងពីក្នុងសៀវភៅរៀនរហូតដល់គូរលើដី និងគូរលើដើមឈើក៏មានដែរ។ ក្រោយមកក្នុងឆ្នាំ២០០៦ ឪពុកបង្កើតរបស់លោកបានទទួលដំណឹងតាមទូរទស្សន៍ស្តីពីកម្មវិធីសិក្សាផ្នែកគំនូរនៃសមាគមហ្វារពន្លឺ សិល្បៈនៅក្នុងក្រុងបាត់ដំបងដែលពីមុនមកលោកពុំដែលបានស្គាល់ទាល់តែសោះ។ លោកបានបញ្ជាក់ថា កាលចូលរៀននៅទីនោះដំបូង លោករៀនគំនូរផង រៀនភ្លេងផង ប៉ុន្តែដោយសារលោកមានចំណង់ចំណូលចិត្តផ្នែកគំនូរខ្លាំងជាងទើបលោកសម្រេចចិត្តចាប់យកតែជំនាញនេះរហូតដល់បញ្ចប់ការសិក្សាជាស្ថាពរនៅឆ្នាំ២០១៣។ ក្នុងកំឡុងពេលរៀន លោកបានចេះរបៀបគូរដោយប្រើវត្ថុធាតុដើមពណ៌ជាច្រើនប្រភេទគួរឲ្យកត់សម្គាល់ ដូចជា ពណ៌អាក្រូលិក ពណ៌ពីធ្យូង ពណ៌ធម្មជាតិពីដីភក់ ស្លឹកឈើ ជាដើម ពីគ្រូជំនាញមកពីប្រទេសបារាំង។
ក្នុងនាមជាវិចិត្រករដែលធ្លាប់បានឆ្លងកាត់ការសិក្សាជំនាញវិជ្ជាជីវៈត្រឹមត្រូវ លោកបានអះអាងថា ទោះបីជាលោកធ្លាប់បានសាកសល្បងពីរបៀបគូរដោយប្រើបច្ចេកទេសពណ៌ជាច្រើនប្រភេទក៏ដោយ ក៏ក្នុងអាជីពការងារជាក់ស្តែង លោកពុំអាចប្រើប្រាស់ប្រភេទពណ៌ទាំងអស់នោះក្នុងស្នាដៃគំនូររបស់លោកឡើយ។ តើមកពីមូលហេតុអ្វី? លោកបានឆ្លើយថា គឺដោយសារតែបច្ចេកទេសពណ៌ខ្លះមិនអំណោយផលក្នុងការអនុវត្តនៅលើស្នាដៃការងារឡើយ តួយ៉ាង ខ្លះមិនអាចរក្សាទុកបានយូរឆាប់ខូច មិនសមស្របតាមបរិយាកាសស្រុកខ្មែរ។ ហេតុនេះហើយទើបលោកតែងតែនិយមប្រើពណ៌ប្រេងក្នុងការគូរជាប្រចាំ តែក៏ធ្លាប់គូរពណ៌ទឹកសម្រាប់តម្រូវការទីផ្សារពីមុនមកដែរ។ គំនូរដែលលេចធ្លោហើយមានទំហំធំជាងគេក្នុងការតាំងថតពិព័រណ៍ស្នាដៃសិល្បៈបែបទោល (solo) គឺជាគំនូរដែលមានទំហំរហូតដល់២ម៉ែត្រគុណនឹង៥.២០ម៉ែត្រ ដែលត្រូវបានដាក់តាំងបង្ហាញនៅសណ្ឋាគារដ៏ធំមួយនៅខេត្តសៀមរាប។ កាលនោះលោកបានដាក់តាំងគំនូរស្នាដៃផ្ទាល់ខ្លួនរហូត៩ផ្ទាំង ដែលក្នុងមួយផ្ទាំងៗបង្កប់រូបចំនួន ៥ប្លង់ទៀត។
ក្រៅពីជោគជ័យខាងលើ លោកក៏ធ្លាប់បានចូលរួមដាក់តាំងស្នាដៃនៅក្នុងពិព័រណ៍ជាច្រើនបន្តបន្ទាប់ទៀត ទាំងពិព័រណ៍ទោល និងពិព័រណ៍លក្ខណៈក្រុមនៅក្នុងទឹកដីខេត្តបាត់ដំបង ខេត្តសៀមរាប និងទីក្រុងភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះ លោកថែមទាំងធ្លាប់បង្ហាញស្នាដៃជាសាធារណៈនៅក្នុងពិព័រណ៍នៃស្ថានទូតបារាំងថែមទៀតផង។
Image Courtesy ឈើន ចាន់នី
រូបដែលលោកដាក់តាំងពិព័រណ៍សុទ្ធសឹងតែទាក់ទងនឹងព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិផ្សេងៗ។ ត្រង់ចំណុចនេះ លោកបានលើកឡើងអំពីមូលហេតុចម្បងថា “ខ្ញុំចូលចិត្តគូររូបព្រៃឈើជាងគេ ព្រោះខ្ញុំរស់នៅក្នុង ព្រៃច្រើនឆ្នាំ ធ្វើឲ្យមានអារម្មណ៍ដិតដាមជាមួយនឹងរុក្ខជាតិដក់ជាប់ក្នុងបេះដូង។ ម្យ៉ាង យើងរស់នៅជាមួយព្រៃឈើ យើងមានកំហុសជាមួយធម្មជាតិច្រើន ដូចជាការកាប់ព្រៃឈើ និងការសម្លាប់សត្វព្រៃធ្វើជាអាហារ។ ខ្ញុំមានវិប្បដិសារី ទើបខ្ញុំបែរមកធ្វើការទាក់ទងនឹងព្រៃឈើ និងសត្វព្រៃវិញ។” នេះជាកត្តាជំរុញឲ្យវិចិត្រករសម័យថ្មីរូបនេះតែងតែ ព្យាយាមបង្កើតស្នាដៃគំនូរអំពីប្រធានបទធម្មជាតិម្តងហើយម្តងទៀតដើម្បីតបស្នងសងគុណធម្មជាតិដែលនាំឲ្យរូបលោកមានថ្ងៃនេះ។ លើសពីនេះទៅទៀត លោកក៏ធ្លាប់ស្ម័គ្រចិត្តចំណាយពេលមួយឆ្នាំក្នុងការបំពេញតួនាទីជាបុគ្គលិកផ្នែកសេវាកម្មព្យាបាលស្មារតីតាមរយៈសិល្បៈ (Art Therapy) កាលនៅសិក្សានៅសមាគមហ្វារពន្លឺសិល្បៈ ក្នុងគោលដៅជួយជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន។
ចំពោះគោលបំណងសម្រាប់ថ្ងៃអនាគត លោកចង់ឲ្យសិល្បៈក្នុងស្រុកមានសន្ទុះរីកចម្រើនខ្លាំងជាងសិល្បៈបរទេស ព្រោះលោកយល់ថា សិល្បៈជាឱសថព្យាបាលសង្គម អាចផ្លាស់ប្តូរផ្នត់គំនិតមនុស្សបានយ៉ាងប្រសើរ៕
Article by SRIN SOKMEAN