×

ជា​បវរកញ្ញា​មែន​ពិត​តែ រឿន ណាត មាន​បំណង​ចង់​ក្លាយ​ជា​នាយ​ទាហាន​ទៅ​​វិញ​

NEWS 2 months ago
 
 

          មាន​មនុស្សស្រី​មិន​ច្រើន​ទេ ដែល​មាន​បំណង​ប្រាថ្នា​ចង់​បម្រើ​តួនាទី​ក្នុង​ជួរ​កងពល​ទាហាន ក៏​ដោយសារ​តែ​ការងារ​នេះ ឆ្លង​កាត់​នូវ​ឧបសគ្គ​ច្រើន​មិន​ថា​ការ​ប្រឡង​ ឬ​ក្នុង​អំឡុងពេល​បំពេញ​តួនាទី​ឡើយ។ ដោយឡែក កញ្ញា រឿន ណាត ដែល​ទើប​តែ​ប្រឡង​ជាប់​ជា​ជ័យលាភី បវរកញ្ញា កម្ពុជា (Miss Cambodia) ថ្មីៗ​នេះ បែរ​ជា​កំណត់​នូវ​គោលដៅ​ជីវិត​របស់​ខ្លួន ចូល​ក្នុង​វិស័យ​យោធា​នេះ​ទៅ​វិញ។

          និយាយ​ទាំង​ទឹក​មុខ​ជឿជាក់ រឿន ណាត បាន​បង្ហើប​ប្រាប់​ដល់​សូវរីន​ដែរ​ថា ​ថ្វី​ត្បិត​តែ​សព្វ​ថ្ងៃ​នេះ ខ្លួន​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​សិល្បៈ​ក៏​ពិត​មែន​ ប៉ុន្តែ​ក្តី​ស្រមៃ​ដ៏​ធំ​បំផុត​របស់​កញ្ញា​ឯក​រូប​នេះ​គឺ​ចង់​ក្លាយ​ជា​ទាហាន។ « ទាហាន ជា​តួ​នាទី​មួយ​ដែល​ខ្ញុំ​ស្រមៃ​ចង់​ធ្វើ​ឲ្យ​ទាល់​តែ​បាន ដើម្បី​បន្ត​វេន​ពី​លោក​ឪពុក​របស់​ខ្ញុំ»។ ជា​ការ​ចាក់​ដោត​ទៅ​ដល់​ប្រិយមិត្ត​អ្នក​អាន​យ៉ាង​ខ្លាំង ទៅ​លើ​ក្តី​ស្រមៃ​របស់ កញ្ញា​ឯក រឿន ណាត ព្រោះ​ យុវវ័យ​សម័យ​នេះ ​ភាគ​ច្រើន ចូល​ចិត្ត​ប្រឡូក​ខ្លួន​ក្នុង​វិស័យ​សិល្បៈ​ច្រើន​ជាង​កិច្ចការ​ប្រទេស​ជាតិ ​ជា​ពិសេស​មនុស្ស​ស្រី​តែ​ម្តង។ ដោយសារ​តែ​យល់​ឃើញ​ថា បុរស និងស្ត្រី មាន​សិទ្ធ​ស្មើ​គ្នា សមត្ថភាព​អាច​បញ្ចេញ​ដូច​គ្នា ដែល​ខុស​ស្រឡះ​ពី​ទំនៀម​ទម្លាប់​ពី​សម័យ​មុន​ ដូច​បាន​លើក​ឡើង​ថា​៖ ស្ត្រី ​បង្វិល​ចង្រ្កាន​មិន​ជុំ។ ដើម្បី​រុញ​ច្រាន​របាំង​ផ្ទាំង​នៃ​ផ្នត់​គំនិត​ចាស់​បុរាណ​ មួយ​នេះ​ ក្នុង​នាម​ ជា​យុវ​សិល្បៈ​ជំនាន់​ក្រោយ រឿនណាត បាន​ដាក់​ចិត្ត​ ដាក់​កាយ​ធ្វើ​យ៉ាង​ណា ប្រឡង​ឲ្យ​ជាប់​ចូល​ជា​យោធា​ដើម្បី​បម្រើ​ដល់​ការងារ​សង្គម​ដូច​ជា​បុរស​ឲ្យ​ទាល់​តែ​បាន។ ភាគ​រយ​នៃ​ការ​សង្ឃឹម​ក្នុង​ការ​ទទួល​យក​តួនាទី​ជា​ទាហាន​នោះ កញ្ញា មាន​ទំនុក​ចិត្ត​ច្រើន ។ បើ​និយាយ​ពី​ រូប​សម្បត្តិ ​គឺ​ជា​ពិន្ទុ​ទី​មួយ​ដែល​កញ្ញា​ទទួល​បាន​រួច​ជា​ស្រេច​ ព្រោះ ​ដោយ​ហេតុ​ថា​ កញ្ញា ​ជាប់​ជា​បវរកញ្ញាស្រាប់​ ដូច​នេះ ទាំង​កម្ពស់ ទាំង​រូបរាង ទាំង​ភាព​ស្វាហាប់ ​គឺ​សម​ស្រប​ទៅ​តាម​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​បេក្ខជន​ឲ្យ​ចូល​ប្រឡង​ធ្វើ​ជា​ទាហាន​បាន។

          ជុំវិញ​ក្តី​ប្រាថ្នា​ចង់ បម្រើ​ការងារ​ក្នុង​ជួរ​ទាហាន​នេះ​ដែរ​ កញ្ញា​ឯក រឿន ណាត​បាន​ប្រឹង​ប្រែង​រៀន​សូត្រ​ពី​ចំណេះ​ដឹង​ទូទៅ​ជា​ច្រើន ហើយ​ឆ្លៀត​ពេល​ពី​ការងារ​សិល្បៈ ​កញ្ញា ​បាន​ពង្រឹង​បន្ថែម​ដោយ​សិក្សា​ស្រាវជ្រាវ​ពី​មុខ​វិជ្ជា​លើ​ផ្នែក​ទាហាន​នេះ​ ដើម្បី​បង្កើន​នូវ​សមត្ថភាពថែម​មួយ​កម្រិត​ទៀត​ពេល​ប្រឡង។ មួយ​វិញ​ទៀត​ ការ​ថែទាំ​សុខភាព​ក៏​ជា​កត្តា​ចាំបាច់​ ដែល​កញ្ញា​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​ទាហាន មិន​ត្រឹម​តែ​មាន​រូប​សម្បត្តិ​សម​ស្រប​ និង​ចំណេះ​ដឹង​តែ​មួយ​មុខ​នោះ​ទេ​ ក្នុង​នោះ ត្រូវ​មាន​សុខភាព​ល្អ ​រឹង​មាំ ​ដើម្បី​បញ្ចេញ​ភាព​ក្លាហាន​សាក​សម​ក្នុង​នាម​ជា​យុទ្ធជន​គំរូ​ទៅ​ថ្ងៃ​ខាង​មុខ ដើម្បី​ជាតិ មាតុភូមិ​នៃ​ខ្មែរ៕

Article by CHAN SEREYRATH



SUGGESTIONS