×

ដំរី​ចុង​ក្រោយ​នៅខេត្ត​រតនគិរី​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃរាវត្តា

NEWS 2 weeks ago
 
 

“ប្រហែល​២០​ឆ្នាំ​មុន​ដែល​ខ្ញុំ​មក​នៅ​ដំបូង​មាន​ដំរី​រហូត​ដល់​ ៧០​​ក្បាល​ តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​​ដំរី​កាន់​តែ​បាត់បង់​ ហើយ​ថែម​ទាំង​បាត់បង់​ក្នុង​ចំនួន​ច្រើនទៀត​ រហូតដល់​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង”

          សត្វ​ដំរី​ គឺជា​សត្វ​មួយ​ប្រភេទ​មាន​មាឌ​ធំ​ និង​មាន​កម្លាំង​ខ្លាំង​ក្លា​ ដែល​អាច​ជួយ​មនុស្ស​​ជា​កម្លាំង​ក្នុង​ការ​អូសទាញ​​ដ៏​អស្ចារ្យ។ វីរភាព​របស់​សត្វ​ដំរី​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​ ចារឹក​ជាប់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បុរាណ​ ដោយ​មាន​បង្ហាញ​ពី​សាច់​រឿង​​ក្នុង​ការ​ប្រើប្រាស់​សត្វ​ដំរី​ជា​កម្លាំង​​ដ៏​រឹងមាំ​ ដើម្បី​ប្រយុទ្ធ​នៅ​ក្នុង​សមរភូមិ។ ក្រៅ​ពី​នោះ​ទៀត​សោត សត្វ​ដំរី​ក៏​ត្រូវ​បាន​ប្រើប្រាស់​ជា​កម្លាំង​ស្នូល​ក្នុង​ការ​កសាង​ប្រាសាទ​រាប់រយ​ នៅ​លើ​ទឹក​ដី​អង្គរ​នៃ​យើងផង​ដែរ​​។ ដំរី​ស្រុក​ ជា​ដំរី​ដែល​ចេះ​ស្គាល់​មនុស្ស​ និង​ការ​រស់នៅ​​ក្នុង​ភូមិ វា​ត្រូវ​បាន​​ហ្ម​ដំរី​ដាក់​ឈ្មោះ​ឲ្យ​ និង​បង្ហាត់​ឲ្យ​វា​ចេះ​ស្តាប់​បញ្ជា​ដូច​សត្វ​ចិញ្ចឹម​ដទៃ​ទៀត​ដែរ​​។ នៅ​ក្នុង​​ភូមិភាគឦសាន នៃ​ប្រទេស​កម្ពុជា​ ដំរីស្រុក​​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ម្ចាស់​ជា​ច្រើន​គ្រួសារ​បន្ត​ត្រកូល​តាំង​ពី​យូរ​មក​ហើយ។ ហេតុ​នៃ​ការ​លំបាក​​ក្នុង​​ការ​ចិញ្ចឹម គឺ​ដោយ​សារ​កង្វះខាត​ព្រៃ ត្បិត​ដំរី​ត្រូវ​ការ​ចំណី​យ៉ាង​ហោច ៣០០​គីឡូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ​ការ​​ពិបាក​ថែទាំ និង​ការ​ចែក​រំលែក​ផល​នៃ​ការ​ប្រើប្រាស់​សត្វ​ដំរី​ទៅ​ម្ចាស់​ជា​ច្រើន​គ្រួសារ​។ បើ​ធៀប​ពី​មុន ព្រៃ​មាន​ទីតាំង​នៅ​ជិត​ផ្ទះ​អ្នក​ភូមិ​ ដែល​បង្ក​ការ​ងាយ​ស្រួល​ដល់​អ្នក​ចិញ្ចឹម​ដំរី​បរ​សត្វ​ចិញ្ចឹម​របស់​ខ្លួន​ ទៅ​ស៊ី​ចំណី​នៅ​ក្នុង​ព្រៃ។​​ ប៉ុន្តែ​​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ម្ចាស់​ដំរី​នៃ​ខេត្ត​រតនគិរី ត្រូវបរ​ដំរី​ពី​១០​ទៅ​២០​គីឡូ​ម៉ែត្រ ដើម្បី​ទៅ​ដល់​ព្រៃ​ ដែល​ជា​ការ​ចំណាយ​ពេល​ធ្វើ​ដំណើរ​យ៉ាង​យូរ។ ម្យ៉ាង​វិញ​ទៀត​ សត្វ​ដំរី​មិន​អាច​នៅ​មួយ​កន្លែង​បាន​ទេ​ ម្ចាស់​ដំរី​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ដំរី​ច្រើន​កន្លែង​ក្នុង​មួយ​ថ្ងៃ​ ដូចនេះ​វា​ជា​ការ​ចំណាយ​ពេល​ច្រើន​ហួស​ ដែល​អាច​រំខាន​ដល់​ការ​ប្រកប​របរ​ទទួល​ទាន​របស់​ម្ចាស់​ដំរី។

          ដោយ​មាន​ការ​សោកស្តាយ​ និង​មាន​បំណង​ចង់​អភិរក្ស​សត្វ​ដំរី​ដែល​ជា​សត្វ​​ជិត​ផុត​ពូជ​ផង​នោះ អ្នកស្រី​ខៃ ចិន្តា ស្ថាបនិក​នៃ​សមាគម​មូលនិធិអភិរក្សដំរីខ្មែរ​ អៃរាវត្តា បាន​សម្រេច​ចិត្ត​ទិញ​សត្វ​ដំរី​ស្រុក​ចំនួន ៤​ក្បាល​ តាម​សំណើរ​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី​ មក​ចិញ្ចឹម​ថែទាំ​ ដើម្បី​បញ្ចៀស​ការ​លក់​ចេញ​ទៅ​ប្រទេស​ជិត​ខាង។ ដំរី​ស្រុក​ចំនួន ៤ ក្បាលនេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា​ជា​ដំរី​ស្រុក​ចុង​ក្រោយ​ដែល​កំពុង​រស់នៅ​ក្នុង​ខេត្ត​រតនគិរី​។ បច្ចុប្បន្ន​នេះ ដំរី​ស្រុក​ទាំង​៤​ កំពុង​រស់នៅ​ក្នុង​ព្រៃ​សហគមន៍​កាទៀង ខេត្ត​រតនគិរី​ ក្រោម​ការ​មើល​ថែ​ពី​ហ្ម​ដំរី​ ទាំង​ ៥​នាក់​របស់​ សមាគម អៃរាវត្តា។

អ្នក​ស្រី​ ខៃ ចិន្តា

          អ្នក​ស្រី​ចិន្តា ដែល​ជា​ស្ថាបនិក​នៃ​សណ្ឋាគារ​ ទែរូ (Terres Rouges Lodge) ខេត្ត​រតនគិរី​ផង​នោះ បាន​ឲ្យ​ដឹង​ថា​ អ្នក​ស្រី​បាន​បង្កើត​សមាគម អៃរាវត្តា រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ។ ស្ថាបនិក​វ័យ ៤៥​ឆ្នាំ​រូប​នេះ​រៀបរាប់​ថា “ដំរី​ទាំង​នេះ​ខ្ញុំ​ទិញ​ពី​អ្នក​ស្រុក​តែ​ម្ដង ដោយ​សារ​អ្នក​ស្រុក​ដែល​ចិញ្ចឹម​សត្វ​ដំរី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គាត់​ជួប​ការ​លំបាក​កាន់​តែ​ច្រើន​ឡើងៗ មូល​ហេតុ​មក​ពី​កង្វះ​ព្រៃ​"។ មាន​ហេតុផល​ច្រើន​ដែល​ជំរុញ​អ្នក​ស្រី​ចិន្តា ឲ្យ​ចិញ្ចឹម​សត្វ​ដំរី​ និង​បង្កើត​សមាគម​នេះ​ឡើង​ អ្នក​ស្រី​លើក​ឡើង​ថា "នៅ​ក្នុង​ខេត្ត​រតនគិរី​មិន​ទាន់​មាន​អ្នក​ណា​ដែល​ផ្តើម​គំនិត​អភិរក្ស​ដំរី​ទេ ខ្ញុំ​ដឹង​ច្បាស់​ណាស់​ព្រោះ​ខ្ញុំ​ជា​អ្នក​រស់នៅ​ក្នុង​ខេត្តនេះ​។ ពេល​ប្រហែល​២០​ឆ្នាំ​មុន​ដែល​ខ្ញុំ​មក​នៅ​ដំបូង​មាន​ដំរី​រហូត​ដល់​ ៧០​ក្បាល​ កន្លែង​ណា​ក៏​មាន​ដំរី​ដែរ​ តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ដំរី​កាន់​តែ​បាត់បង់​ ហើយ​ថែម​ទាំង​បាត់បង់​ក្នុង​ចំនួន​ច្រើនទៀត​ រហូតដល់​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង"។ ​ដោយ​សារ​កង្វះ​បទ​ពិសោធន៍​និង​ធនធាន អ្នក​ស្រី​ ចិន្តា​ ធ្លាប់​មាន​គំនិតរួញរា​ក្នុង​ការ​ទទួល​ទិញ​សត្វ​ដំរី​ពី​សំណើរ​របស់​អ្នក​ភូមិ​ខ្លះ​ដែរ​ ប៉ុន្តែ​ក្រោយ​មាន​ការ​ស្នើ​សុំ​ និង​ការ​លើក​ទឹក​ចិត្ត​ពី​ក្រុម​គ្រួសារ​ ទើប​អ្នក​ស្រី​សម្រេច​ទទួល​ទិញ​ដំរី​ចុងក្រោយ​ទាំង​នោះ​មក​ចិញ្ចឹម​រហូត​ដល់​បច្ចុប្បន្ន​។ អ្នក​ស្រី​ ចិន្តា​ រំឭក​ថា​ "ពេល​ដំបូង​ខ្ញុំ​ថា ខ្ញុំ​គ្មាន​បទពិសោធន៍​លើ​ដំរី​ទេ​ បើ​ទេសចរណ៍​ ខាង​កសិកម្ម​ទើប​ខ្ញុំ​មាន​បទពិសោធន៍ ប៉ុន្តែ​ម្ចាស់​ដំរី​និយាយ​ថា គាត់​លក់​ដំរី​ឲ្យ​មែន ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​ធ្វើ​ការ​ការពារ ថែទាំ​សត្វ​ដំរី ដោយ​ខ្ញុំ​ផ្តល់​ប្រាក់​ខែ​ជូន​គាត់"។

          ក្រៅ​ពី​ការ​ចិញ្ចឹម​ដំរី សមាគម​ អៃរាវត្តា ក៏​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ម្ចាស់​ដំរី​ និង​ប្រជាពលរដ្ឋ​ខេត្ត​រតនគិរី​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ជីវភាព​ម្ចាស់​ស្រុក​ កាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា​ "ដំរី​និង​មនុស្ស​ធ្លាប់​មាន​ប្រវត្តិ​ជាមួយ​គ្នា​ ហើយខ្ញុំ​​ក៏​ចង់​លើក​តំកើន​វប្បធម៌​ប្រពៃណី​របស់​យើង​ ក៏​ដូច​ជា​ចង់​ចូលរួម​ក្នុង​វិស័យ​ទេសចរណ៍​ធម្មជាតិ​ផង​ដែរ​ ដើម្បី​ផ្សាភ្ជាប់​គ្នា​រវាង​ ដំរី វប្បធម៌ និង​ធម្មជាតិ"។ កម្មវិធី​អភិរក្ស​សត្វ​ដំរី​កំពុង​ដំណើរការ​បន្តិច​ម្ដងៗ​ ដោយ​មាន​គោល​បំណង​ធំ​បំផុត​ គឺ​ការ​បង្កាត់​ពូជ​ដំរី​បន្ថែម​ទៀត។

Image Courtesy: Airavata

          ខេត្ត​រតនគិរី​ធ្លាប់​ទទួល​ស្គាល់​ពី​មុន​មក ថា​ជា​ខេត្ត​ដែល​មាន​ដំរី​ច្រើន​ ក្រោយ​មក​ក៏​មាន​ការ​លេចឮ​ថា​ ជា​ខេត្ត​ដែល​មិន​មាន​ដំរី​ដែល​អាច​ផ្តល់​សេវាកម្ម​លើ​វិស័យ​ទេសចរណ៍​ទៀត​ទេ។ ប៉ុន្តែ​នៅ​ពេល​ដែល​ សមាគម អៃរាវត្តា ចាប់​ផ្តើម​ផ្សព្វផ្សាយ​ឡើង ចំនួន​អ្នក​ទេសចរ​ដែល​ស្រលាញ់​និង​ចង់​ឃើញ​សត្វ​ដំរី​កំពុង​ងាក​មក​ចាប់អារម្មណ៍​ឡើង​វិញ​បន្តិច​ម្ដងៗ​ជា​លំដាប់។ បច្ចុប្បន្ន​នេះ​ គម្រោង​ អៃរាវត្តា​ កំពុង​ព្យាយាម​បណ្តុះបណ្តាល​ហ្ម​ដំរី​ឲ្យ​ ដឹង​ពី​ជំនាញ​ក្នុង​ការ​ចិញ្ចឹម​ដំរី​និង​បង្ហាត់​ដំរី ដើម្បី​បំពេញ​ចំណូល​ចិត្ត​របស់​ភ្ញៀវ​ទេសចរ។ អ្នក​ស្រី​និយាយ​ថា “ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​គេ​ដឹង​ពី​ដំរី​ខេត្ត​រតនគិរី​ថែម​ទៀត ពិសេសគឺ​ការ​បណ្តុះបណ្តាល​ហ្ម​ដំរី​ឲ្យ​មាន​គំនិត​ថា​ ការ​ចិញ្ចឹម​ដំរី​ក៏​អាច​ធ្វើ​ការ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​បាន​ទទួល​បទពិសោធន៍​ បាន​ជួប​និង​ស្គាល់​ដំរី​ផង​ដែរ"។ ​

          គម្រោង​របស់​កម្មវិធី​អភិរក្ស​រួម​មាន​ ការ​បណ្តុះ​បណ្តាល​ហ្ម​ដំរី​ក្នុង​សហគមន៍ និង​អ្នក​ដែល​មាន​បំណង​ចង់​ក្លាយ​ជា​ហ្ម​ដំរី​ ដោយ​ការ​អញ្ជើញ​ហ្ម​ដំរី​ដែល​មាន​ជំនាញ​មក​បង្រៀន​អ្នក​នៅ​ក្នុង​សហគមន៍​បន្ថែម​ទៀត​ ដើម្បី​ថែទាំ​ដំរី​ឲ្យ​បាន​ល្អ​ និង​ក្លាយ​ជា​អ្នក​ជំនាញ​អាជីព​។ "ការ​បង្កើត​សមាគមន៍​នេះ​ជា​ការ​បង្ហាញ​ ដើម្បី​ឲ្យ​ប្រជាជន​យើង​ដើរ​តាម​ខ្ញុំ​ដែរ​ កាល​ណា​ដែល​យើង​ឃើញ​របស់​ដែល​ជិត​ផុត​ពូជ ហើយ​មិន​អាច​មិន​ចាប់​ផ្តើម​ធ្វើ​បាន​ទេ​ ដូច្នេះ​យើង​ត្រូវ​រក​ចំណុច​ចាប់​ផ្តើម ហេតុ​នេះ​ទើប​ខ្ញុំ​ចាប់​ផ្តើម​កាល​ពី​​៣​ឆ្នាំ​មុន ដើម្បី​បង្ខាំង​ការ​បាត់​ផុត​ពូជ​"។ សកម្មភាព​ធំៗ​ពីរ​នៃ​គម្រោង​ត្រូវ​បាន​ចាប់​ផ្តើម​ដោយ​រលូន​ដោយ​រួម​មាន​ ការ​ចិញ្ចឹម​ថែរក្សា និង​ផ្តល់​សេវា​ទេសចរណ៍​ រី​ឯ​ជំហាន​បន្ទាប់​គឺ​ការ​បង្កាត់​ពូជ​វិញ​ម្ដង។ អ្នក​ស្រី​ចិន្តា ក៏​មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​សិប្បកម្ម​ប្រពៃណី​ជនជាតិដើម​​ភាគ​តិច ដោយ​ណែនាំ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​បង្ហាត់​បង្រៀន​ក្មេង​ជំនាន់​ក្រោយ​ពី​ស្នាដៃ​សិប្បកម្ម​ប្រពៃណី​របស់​ខ្លួន​កុំ​ឲ្យ​បាត់បង់។ បន្ថែម​ពី​នេះ​អ្នក​ស្រី ក៏​គ្រោង​បង្កើត​មជ្ឈមណ្ឌល​សិល្បៈ​ និង​កីឡា​ ដើម្បី​ទាក់ទាញ​ក្មេង​ជំនាន់​ក្រោយ​ងាក​មក​សិក្សា​ជំនាញ​បន្ថែម​ ទុក​ជា​ចំណេះ​និង​ការ​កំសាន្ត​ពេល​ទំនេរ។ ​​

          ដំរី​ញី​តែ​មួយ​ក្នុង​ចំណោម​ដំរី​ទាំង​៤​ មាន​ឈ្មោះ​ អុីកែវ​ ជា​ភាសាឡាវ​ ហើយ​មាន​ន័យ​ជា​ភាសាខ្មែរ​ថា​ ចរណៃ​ បច្ចុប្បន្ន​មាន​អាយុ​ ៣៤​ឆ្នាំ​ហើយ​ ចំណែក​ដំរី​ឈ្មោល​ទាំង​៣​ទៀត​ មាន​ឈ្មោះ បុកវ៉ា ខាំសែន​ និង​បាក់ម៉ៃ។ ដំរី​ទាំង​ ៤​សុទ្ធ​សឹង​តែ​ជា​ដំរី​ស្រុក ដែល​កើត​នៅ​ក្នុង​ស្រុក​តែ​ម្ដង ពុំមែន​ជា​ដំរី​ព្រៃ​ដែល​យក​មក​ផ្សាំង​នោះ​ឡើយ។ គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ អត្រា​សត្វ​ដំរី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ ដោយ​សារ​កត្តា​ធម្មជាតិ​និង​កត្តា​មនុស្ស។ ក្រៅ​ពី​ដំរី​ព្រៃ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុម​អភិរក្ស​ដំរី​ស្រុកនៅ​ក្នុង​ខេត្ត​ឯទៀត ក៏​ត្រូវ​បាន​ឲ្យ​ដឹង​ថា​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​ និង​ប្រឈម​នឹង​ការ​បោះបង់​ការ​ចិញ្ចឹម​ពី​សំណាក់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដំរី​។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី សមាគមន៍​អភិរក្ស​សត្វ​ដំរី​មួយ​ចំនួន​នៅ​តាម​តំបន់​នានា​កំពុង​ត្រូវ​បាន​ចង​ក្រង​ឡើង​ ដើម្បី​ទប់​ស្កាត់​ការ​ផុត​ពូជ​ទាំង​ដំរី​ស្រុក និង​ដំរី​ព្រៃ​ ដោយ​មាន​ការ​គាំទ្រ​ភាគ​ច្រើន​ពី​សប្បុរសជន​ជនជាតិ​ខ្មែរ៕

Article by VA SONYKA

Image Courtesy: Airavata



SUGGESTIONS