×

តើ​​នឹង​​មាន​​អ្វី​​ពិសេស​​សម្រាប់​​ទស្សនាវដ្តី​​សូវរីន​​ខែ​​តុលា​​នេះ​?

NEWS 6 years ago
 
 

          រដូវ​ភ្ជុំ​បិណ្ឌ​បាន​មក​ដល់ ប្រជាជន​កម្ពុជា​គ្រប់​រូប​មូរ​មី​នាំ​គ្នា​ទៅ​វត្ត​ដើម្បី​ឧទ្ទិសកុសល​ជូន​ដល់​ជី​ដូន​ជីតា​និង​ញាតិ​សន្តាន​ដែល​បាន​លាចាក​លោក​ទៅ​កាន់​ទី​ស្ថាន​បរមសុខ។ សម្រាប់​លេខ​ពិសេស​ខែ​តុលា​នេះ​ សូវរីន​សូម​ពាំនាំ​ចំណី​អារម្មណ៍​មិត្ត​អ្នក​អាន​មក​ស្គាល់​ពី​ទី​អារាម​ដ៏​ពិសិដ្ឋ​ដែល​ប្រជាពល​រដ្ឋ​ខ្មែរ​និយម​ទៅ​កម្សាន្ត​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ​យើង​នេះ។ ជាមួយ​គ្នា​នេះ​ដែរ​ការ​ថែរក្សា​សម្រស់​គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​មិត្ត​នារី​យើង​គ្រប់​រូប​ ដូច្នេះ​ហើយ​ទើប​ក្នុង​រដូវកាល​ភ្ជុំ​នេះ សូវរីន ក៏​សូម​បង្ហាញ​ជូន​ពី​របៀប​តុបតែង​ខ្លួន​ក្នុង​ឈុត​ប្រពៃណី​បែប​សហសម័យ​យ៉ាង​សមសួន និង​ស្រស់ស្អាត​បំផុត ដើម្បី​ជា​កាដូ​ដ៏​ពិសេស​មួយ​ក្នុង​ឱកាស​នៃ​ព្រះរាជពិធី​ភ្ជុំបិណ្ឌ និង​កាន់បិណ្ឌ​នេះ។ ដូចសព្វ​មួយដង សូវរីន តែងតែ​អញ្ជើញ​បុគ្គល​ល្អៗ និង​ល្បី​ឈ្មោះ​ដើម្បី​ផ្តល់​នូវ​បទសម្ភាសន៍​ដែល​ប្រកប​ដោយ​ចំណេះដឹង និង​ព័ត៍មាន​ជា​ច្រើន​ដែល​ប្រិយមិត្ត​អ្នក​អាន​តែងតែ​ចង់ដឹង​ចង់លឺ​ជា​យូរមក​ហើយ។ នៅ​ក្នុង​លេខ​ពិសេស​ខែតុលា​នេះ យើង​បាន​គោរព​អញ្ជើញ លោក ឆាំង យុ ដែល​ជា​អ្នក​ឈ្នះ​ពានរង្វាន់ ណូបែលសន្តិភាព​ទ្វីបអាស៊ី ជនជាតិ​ខ្មែរ​តែ​ម្នាក់គត់​ដែល​ពិភពលោក​បាន​ទទួល​ស្គាល់ មក​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការ​តស៊ូ និង​ស្នាដៃ​មួយ​ចំនួន​ដែល​លោក​បាន​សាង​សម្រាប់​ប្រជាជាតិ​ខ្មែរ​គ្រប់រូប។ មិន​ត្រឹម​តែ​លោកឆាំង យុ ប៉ុណ្ណោះ​ទេ បុគ្គល​ពីររូប​ទៀត​ដែល​កំពុង​តែ​ល្បី​នៅ​ក្នុង​បណ្តាញ​សង្គម គឺ អ្នកនាង រស់ រតនៈ និង លោក អ៊ុង ប៉េងអាន ក៏​នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ទំព័រ SOVRIN TALK នេះ​ផង​ដែរ។ អ្នកនាង រស់ រតនៈ គឺ​ជា vlogger មួយរូប​ដែល​បាន​ចែក​រំលែក​ចំណេះដឹង​ពី​របៀប​ធ្វើ​ម្ហូប​ខ្មែរ​តាម​រយៈ​ការ​ថត​វីដេអូ ចែកចាយ​នៅ​ក្នុង​បណ្តាញ​សង្គម ដែល​គេ​គ្រប់គ្នា​ស្គាល់​យ៉ាង​ច្បាស់​ថា «Chef Nak» ។ «Think with Ping Ann» ឬ «គិត​ជា​មួយ​ប៉េងអាន» គឺ​ជា​ទំព័រ​ហ្វេសប៊ុក​មួយ​ដ៏​ល្បីល្បាញ​ដោយ​បុរស​ម្នាក់​ដែល​បាន​រៀបរាប់​ពី​បញ្ហាម​ហារីកសុដន់​នៅ​កម្ពុជា។ ចង់​ដឹង​ថា​តើ​ហេតុអ្វី​បាន​ជា vlogger ប៉េងអាន​ចូលចិត្ត​និយាយ​ពី​បញ្ហា​នេះ​ម្ល៉េះ? ដូច្នេះ​សូម​តាម​ដាន​ទាំង​អស់​គ្នា​នៅ​ក្នុង​ទំព័រ​ខែតុលា​របស់​ទស្សនាវដ្តី សូវរីន ទាំង​អស់គ្នា។ យើង​សូម​ឃ្លាតឆ្ងាយ​ពី​អត្ថបទ​ចំណេះ​ដឹង សូវរីន សូម​បង្វែរ​អារម្មណ៍​លោកអ្នក​មក​ដើរ​កំសាន្ត​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ដែល​កំពុង​តែ​លាក់ខ្លួន​ពួនអាត្មា​នៅ​ពាស​ពេញ​ប្រទេស​វិញ​ម្តង។ យើង​សូម​ណែនាំ​ដំណើរ​កំសាន្ត​ដ៏​មាន​ន័យ​មួយ​ឆ្ពោះ​ទៅ​កាន់ កោះទ្រង់​សហគមន៍​ទេសចរណ៍​ដ៏​មាន​ឥទ្ធិពល​មួយ​នាឯ​ក្រុង​ក្រចេះ។ សម្រាប់​អ្នក​ដែល​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ និង​ធុញ​ទ្រាន់​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ឆ្ងាយៗ សូវរីន សូម​ចូល​ខ្លួន​ធ្វើ​ជា​មគ្គុទេ្ទសក៍​ជូន​លោកអ្នក​មក​កម្សាន្ត កន្លះ​ថ្ងៃ​យ៉ាង​រីករាយ ទៅ​កាន់​ផ្សារ​វប្បធម៌ខ្មែរ​ក្នុង​រាជធានីភ្នំពេញ​ផងដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​ក៏​មាន​អត្ថបទ​ល្អៗ​ស្តី​ពី​គន្លឹះ​ក្នុង​ការ​ថែរក្សា​សម្រស់ សុខភាព និង​អនាម័យ ក៏​ដូច​ជា​របៀប​ធ្វើ​មុខម្ហូប​ប្លែកៗ និង​ភោជនីយដ្ឋាន ហាងកាហ្វេ​ជាច្រើន​ទៀត​ដើម្បី​ជា​ចំណី​បញ្ញា​សម្រាប់​ប្រិយ៍មិត្ត​អ្នកអាន​ទាំង​អស់គ្នា៕

រក្សាសិទ្ធិដោយ ទស្សនាវដ្តីសូវរីន


SUGGESTIONS