អ្នកស្រីម៉ៅសំណាង ហៅទន្សាយ ដែលជាអ្នកនិពន្ធប្រលោមលោកជើងចាស់មួយរូប កំពុងលាក់ខ្លួនសំលៀងអាជីពជាអ្នកសរសេរសេណារីយ៉ូកុន ក្រោយពីបាត់មុខមួយរយៈពេលវែងពីការនិពន្ធប្រលោមលោក។ បន្ថែមពីដំណឹងដ៏ល្អនេះ អ្នកស្រីក៏បានបណ្តុះបណ្តាលកូនស្រីទោល ឲ្យស្នងការងារជាអ្នកនិពន្ធសេណារីយ៉ូកុនដូចគ្នាដែរ ហើយធ្វើឲ្យផលិតភាពនៃការងារកាន់តែរឹងមាំជាងមុន។ ត្បិតតែមានសម្ព័ន្ធភាពជាម្ដាយនិងកូនក្តី ប៉ុន្តែអ្នកនិពន្ធសេណារីយ៉ូកុនទាំងពីររូបនេះ មានរសនិយមនិងវិធីសាស្រ្តផ្សេងគ្នាក្នុងការតែងនិពន្ធ ដែលបង្កើតបានជាសាច់រឿងបានគ្រប់រសជាតិដើម្បីប្រណាំងនឹងតម្រូវការភាពយន្តនៅលើទីផ្សារ។ តើអ្នកចង់ដឹងទេថា ម្តាយកូនទាំងគូនេះ មានចំណង់ចំណូលចិត្តយ៉ាងណាខ្លះលើការតែងនិពន្ធរបស់ខ្លួន?
អ្នកស្រីម៉ៅសំណាង ជាអ្នកនិពន្ធដែលផ្តើមការងារពីការនិពន្ធប្រលោមលោក ក្រោយមកក៏ចាប់យកការងារជាអ្នកនិពន្ធសេណារីយ៉ូកុនបន្ថែម។ អ្នកនិពន្ធ រហ័សនាម «ទន្សាយ» មិនសូវចេញឆ្ងាយពីគេហដ្ឋានរបស់ខ្លួននោះឡើយ ត្បិតមានជំងឺក្រពះប្រចាំកាយ តម្រូវឲ្យថែទាំសុខភាពជាចាំបាច់។ ឆ្ងល់ទេថា ហេតុអ្វីអ្នកស្រីអាចប្រមូលគំនិតច្នៃចេញជាសាច់រឿងប្លែកៗ លាយឡំនឹងពាក្យសម្តីអប់រំយ៉ាងល្អដូច្នេះ? អ្នកស្រីបានបង្ហើបពីគន្លឹះនិពន្ធរបស់ខ្លួនថា ការមើលភាពយន្ត និងការអានសៀវភៅជាច្រើន បាននាំគំនិតដ៏សំបូរបែបដល់ការនិពន្ធរបស់អ្នកស្រី។ អ្នកស្រីក៏បានបន្ថែមទៀតថា «កាលពីពេលនៅរៀន ខ្ញុំចូលចិត្តអានសៀវភៅបែបទស្សនវិជ្ជា និងប្រលោមលោក។»
អ្នកស្រីចូលចិត្តសរសេររឿងក្នុងកាលមនុស្សសម័យថ្មី បែបស៊ើបអង្កេត អាថ៌កំបាំង និងមនោសញ្ចេតនា បញ្ចូលគ្នាទាំងអស់ក្នុងរឿងតែមួយ។ អ្នកស្រីនិយាយថា «រឿងនីមួយៗយ៉ាងហោចណាស់ក៏មានអាថ៌កំបាំងក្នុងគ្រួសារ និងមនោសញ្ចេតនា ដែលសុទ្ធតែបង្កប់ការតាមដាន។» ទោះបីជាមមាញឹកនឹងការងារនិពន្ធសេណារីយ៉ូកុនក្តី ក៏អ្នកស្រីនៅតែស្រលាញ់ការនិពន្ធប្រលោមលោកច្រើនជាង ដោយលើកឡើងថា «ការនិពន្ធប្រលោមលោកគឺជាការសរសេរដែលយើងអាចបញ្ចេញអ្វីដែលមាននៅក្នុងចិត្តរបស់យើងជាង ហើយជាការនិពន្ធតែម្នាក់ឯង។» អ្នកស្រីបន្ថែមថា ចំណូលចិត្តក្នុងការសរសេរប្រលោមលោករបស់អ្នកស្រី គឺនៅតែផ្អែកតាមរចនាបថនៃការនិពន្ធសម័យ ១៩៧០ ដែលមានការសរសេររៀបរាប់ពីសាច់រឿងដែលអ្នកនិពន្ធបានដឹងស្តីពីសកម្មភាពនិងដំណើររឿងរបស់តួអង្គ។
រីឯកញ្ញា ម៉ៅ ចន្ទរស្មី ដែលបានបន្តវេនជាអ្នកនិពន្ធសេណារីយ៉ូកុនដោយចៃដន្យខណៈដែលអ្នកម្តាយមានវ័យចំណាស់ មិនអាចសរសេរសេណារីយ៉ូទៀតបានគឺជា និស្សិតបញ្ចប់បរិញ្ញាបត្រផ្នែក ពាណិជ្ជកម្មអន្តរជាតិ (International Business)។ អ្នកនិពន្ធវ័យ ២៣ឆ្នាំ រូបនេះ បានឲ្យដឹងថាដំបូងនាងមិនបានដឹងថានាងមានទេពកោសល្យផ្នែកតែងនិពន្ធភាពយន្តឡើយ ហើយក៏មិនចូលចិត្តការងារនិពន្ធដែលត្រូវចំណាយពេលសរសេរនៅមួយកន្លែងដូច្នេះដែរ។ ប៉ុន្តែក្រោយពីចម្លងអត្ថបទកុន តាមខ្សែអាទិ៍ដែលអ្នកស្រី ម៉ៅ សំណាង បានថតទុកជារឿយៗ ធ្វើឲ្យអ្នកនិពន្ធវ័យក្មេងរូបនេះ យល់បានយ៉ាងរហ័ស ហើយអាចទទួលការងារបន្តបន្ទាប់មកទៀតរហូតដល់បច្ចុប្បន្ន។
ដើម្បីប្រមូលគំនិតក្នុងការសរសេរភាពយន្ត កញ្ញានិយាយថា នាងចូលចិត្តសង្កេតមើលតថភាពក្នុងសង្គម ដើម្បីបំបែកគំនិតយកមកច្នៃជាសាច់រឿង។ ចំណែកប្រភេទរឿងដែលកញ្ញារស្មី ចូលចិត្តជាងគេ គឺជាសាច់រឿងដែលមានភាពអាថ៌កំបាំង លាយឡំនិងការស៊ើបអង្កេត ក្នុងកាលមនុស្សសម័យថ្មី ប្រហាក់ប្រហែលនឹងអ្នកម្តាយដែរ។ ខុសពីអ្នកម្តាយ កញ្ញាមិនធ្លាប់ប្រឡូកក្នុងការតែងនិពន្ធប្រលោមលោកទេ ដោយសារពេលវេលាតម្រូវឲ្យកញ្ញាចាប់ឱកាសលើការសរសេរសេណារីយ៉ូកុនច្រើនជាង។ បើទោះយ៉ាងនេះក្តី បច្ចុប្បន្ននេះកញ្ញាកំពុងចាប់យកឱកាសជាអ្នកដឹកនាំរឿងបន្ថែមទៀត ដោយរំពឹងថានឹងអាចពង្រឹងសមត្ថភាពនិងកេរ្តិ៍ឈ្មោះឲ្យកាន់តែប្រសើរនៅក្នុងវិស័យភាពយន្ត៕
Article by VA SONYKA