Barcamp ASEAN 2018 នៅកម្ពុជាក្លាយជាវេទិការធំជាងគេបំផុតលើពិភពលោកវ៉ាដាច់ BarCamp Yangon នៅមីយ៉ាន់ម៉ា
NEWS 6 years ago យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ BarCamp បានឲ្យដឹងថា បារខែមអាស៊ាន ២០១៨ ដែលបានប្រព្រឹត្តិឡើងនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជាកាលពីថ្ងៃទី ២០ និង ២១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ បានក្លាយជា “សន្និបាតបច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្មដែលធំជាងគេលើពិភពលោក ដោយមានអ្នកចូលរួមច្រើនជាង ៨០០០នាក់ ច្រើនជាងបារខែមដែលធំជាងគេកាលពីមុន គឺបារខែម យ៉ាំងហ្គូន (BarCamp Yangon)ដែលមានអ្នកចូលរួមជាង ៦៤០០នាក់ នៅឯប្រទេសភូមា ដែលធ្វើឡើងកាលពីខែមករា ឆ្នាំ២០១៣។ នេះជាលើកទីមួយហើយដែលបារខែមអាស៊ានមានការគាំទ្រ និងចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ ដោយគិតចាប់តាំងពីពេលដែលបារខែមបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ មក។
គួរជម្រាបផងដែរថា បារខែម អាស៊ាន គឺជាវេទិការសន្និបាតបច្ចេកវិទ្យា និងការចាប់ផ្តើមអាជីវកម្មដែលប្រព្រឹត្តធ្វើឡើងជារៀងរាល់ឆ្នាំ នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណងដើម្បីធ្វើការជួបជុំរវាងសិស្សនិស្សិត Tech Startups បុគ្គលិកក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងអ្នកជំនាញដើម្បីពិភាក្សា ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់ សិស្សនិស្សិត អាជីវកម្មធុនតូច និងមធ្យម បុគ្គលិកសហគ្រាស ក្រុមហ៊ុននានា និងមហាជនទូទៅ អំពីបច្ចុប្បន្នភាពនៃ បច្ចេកវិទ្យា សេដ្ឋកិច្ច ធនធានមនុស្ស ហិរញ្ញវត្ថុ ទីផ្សារ ការច្នៃប្រឌិត និងជំនាញឌីជីថល ក្នុងប្រទេសកម្ពុជាក៏ដូចជាក្នុងតំបន់។ល។ ដោយឡែកនៅឆ្នាំ ២០១៨ នេះ បារខែមអាស៊ានបានប្រព្រឹត្តិទៅក្រោមប្រធានបទ “Powering Your Future in Digital Era" ព្រមទាំងមាន ពិព័រណ៍បង្ហាញ ផលិតផលនិងសេវាកម្ម និងស្នាដៃសិស្ស និស្សិតកម្ពុជាក្នុងវិស័យ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងមានអ្នកចូលរួមក្នុងរយៈពេល ២ថ្ងៃ ប្រមាណជាង ៨០០០នាក់ រួមទាំងមានវាគ្មិន ៩៥រូប ជាមួយប្រធានបទចំនួន ៨៥ប្រធានបទ និងស្ដង់ពិព័រណ៍ចំនួន ៦០ស្ដង់ផងដែរ៕
Article by KEO SONG