×

វត្ថុ​សិល្បៈ​ពី​សំណល់​ប្លាស្ទិក​ ​កំពុង​បន្ត​ផ្សព្វផ្សាយ​ដោយ​សិល្បករ​ពហុ​ជំនាញ​ ​ភើ​ ​សុ​ផុន​

NEWS 6 years ago
 
 

            សំណល់​ប្លាស្ទិក​ ​នៅតែ​ជា​ប្រធានបទ​ក្តៅ​គគុក​មួយ​ ​ដែល​មនុស្ស​ទូទាំង​សកលលោក​កំពុង​ត្រិះរិះ​រក​វិធី​ដោះស្រាយ​តាម​ជំនាញ​និង​លទ្ធ​ភា​ពរៀងៗ​ខ្លួន។ ក្រៅពី​ការកាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ ​សិល្បករ​ក្នុង​ស្រុក​មួយ​រូប​កំពុង​ប្រើប្រាស់​ទេពកោសល្យ​របស់​ខ្លួន​កែច្នៃ​សំណល់​ប្លាស្ទិក​ជា​វត្ថុ​ប្រើប្រាស់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​ដើម្បី​ក្រើន​រំឭក​ដល់​សាធារណជន​ពី​ការគ្រប់គ្រង​សំណល់​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​ទាំងនោះ​។​ ​តើ​សិល្បករ​រូប​នោះ​ជា​នរណា​?​

​            មាន​វ័យ​ ​៣៥ឆ្នាំ​ ​លោក​ ​ភើ​ ​សុ​ផុន​ ​គឺជា​សិល្បករ​ពហុ​ជំនាញ​ ​ដែល​បាន​រៀនសូត្រ​ជំនាញ​សិល្បៈ​នៅ​ឯ​វិទ្យាស្ថាន​ ​រៃ​យំ​។​ ​លោក​ ​សុ​ផុន​ ​ចាប់ផ្តើម​អាជីព​សិល្បៈ​របស់​ខ្លួន​ជា​អ្នក​គំនូរ​រយៈពេល​ជិត៨ឆ្នាំ​មក​ហើយ​ ​និង​បាន​បញ្ចេញស្នាដៃ​គំនូរ​របស់​ខ្លួន​ក្នុង​ការ​តាំងពិព័រណ៍​ជាច្រើន​កន្លងមក​ដែរ​។​ ​មិន​ត្រឹមតែ​ជា​វិចិត្រករ​ដ៏​មាន​ទេពកោសល្យ​នោះ​ទេ​ ​លោក​ ​ភើ​ ​សុ​ផុន​ ​ក៏​ជា​អ្នកថតរូប​ដ៏​ចំណាន​ម្នាក់​ផង​ដែរ​។​ ​ដោយ​សង្កេតឃើញ​ថា​ ​បញ្ហា​សំណល់​ប្លាស្ទិក​គឺជា​កត្តា​ប្រឈម​គួរឲ្យ​បារម្ភ​ ​លោក​សុ​ផុ​នបាន​ងាក​មក​បង្កើត​វត្ថុ​សិល្បៈ​ច្នៃ​ពី​សំណល់​ប្លាស្ទិក​ ​ដើម្បី​រួមចំណែក​ប្រើប្រាស់​ឡើងវិញ​ឲ្យ​មានប្រយោជន៍​នូវ​សំណល់​ប្លាស្ទិក​ដែលគេ​បោះចោល​។​ ​លោក​សុ​ផុន​ ​គឺជា​សិល្បករ​ដែល​មាន​សុទិដ្ឋិនិយម​ខ្ពស់​មួយ​រូប​ ​ក្នុង​បេសកកម្ម​ផ្សព្វផ្សាយ​ពី​ការគ្រប់គ្រង​សំណល់​ប្លាស្ទិក​ដល់​សាធារណជន​ឲ្យ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​កាត់បន្ថយ​ការ​បំពុលបរិស្ថាន​។​ ​រាល់​ការងារ​ដែល​សិល្បករ​រូប​នេះ​បាន​ធ្វើកន្លង​មក​ ​មាន​គោលបំណង​តែមួយគត់​គឺ​ការចូលរួម​ផ្សព្វផ្សាយ​ការយល់​ដឹងពី​បរិស្ថាន​ពិសេស​លើ​ប្រធានបទ​សំណល់​ប្លាស្ទិក​ដល់​ប្រជាជន​ក្នុង​សង្គម​ ​ហើយ​វា​ជា​ការចូលរួម​ជាមួយ​សង្គម​តាម​លទ្ធភាព​ដែល​លោក​អាច​ធ្វើ​បាន​។​ ​ត្បិត​តែ​ការ​ប្រមូល​ដប​ប្លាស្ទិក​ជាច្រើន​មក​ផ្គុំគ្នា​មិនមែន​ជា​រឿង​ងាយស្រួល​ ​ប៉ុន្តែ​សិល្បករ​រូប​នេះ​នៅតែ​មាន​ភាព​អំណត់​ខ្ពស់​ក្នុង​ការ​ច្នៃ​និង​បង្កើត​រូបចម្លាក់​របស់​ខ្លួន​បាន​យ៉ាងច្រើន​។​ ​រយៈពេល៧ឆ្នាំ​ក្នុង​ការ​ច្នៃ​វត្ថុ​ប្រើប្រាស់​ពី​ប្លាស្ទិក​ ​សិល្បករ​ ​ភើ​ ​សុ​ផុន​ ​ប្រមូល​បាន​ដប​ប្លាស្ទិក​រាប់​ម៉ឺន​ដប​ ​ហើយ​បាន​ច្នៃ​ជា​រូប​ចម្លាក់​ធំៗ​ធ្វើ​ពី​ប្លាស្ទិក​ ​ដែល​អាច​ដាក់​តាំង​លំអ​នៅ​ទី​សាធារណៈ​ឬស្ថាន​ប្រណិត​នានា​ ​បង្ក​ជា​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប្រជាជន​លើ​ការគ្រប់គ្រង​សំណល់​ប្លាស្ទិក​។​ ​

លោក​ ​ភើ​ ​សុ​ផុន

​            ឆ្លើយតប​នឹង​មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​បង្កើត​ស្នាដៃ​សិល្បៈ​ពី​សំណល់​ប្លាស្ទិក​ ​សិល្បករ​រូប​នេះ​បាន​លើកឡើង​ថា​៖​ ​«​កន្លែង​មួយចំនួន​នៅ​ស្រុកខ្មែរ​ ​មិនទាន់​បាន​យកចិត្ត​ទុកដាក់​ពី​បរិស្ថាន​ឲ្យបាន​ល្អ​នៅឡើយ​ទេ​ ​ពេល​ខ្ញុំ​ឃើញ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្រណោះ​ ​ដូច្នេះ​ទើប​រុញ​ចិត្ត​ខ្ញុំ​ឲ្យ​យក​របស់​អ្វី​ដែលគេ​បោះចោល​មក​បង្កើត​អ្វី​ដែល​មានប្រយោជន៍​វិញ​។​»​ ​

​            លោក​បន្ត​ថា​៖​ ​«​ខ្ញុំ​យល់ឃើញ​ថា​ការដែល​យើង​ប្រើប្រាស់​ដប​ប្លាស្ទិក​មិនមែន​ជា​ខ្ញុំ​ម្នាក់ឯង​ទេ​ ​បើ​ម្នាក់​ប្រើ១ដប​ចុះ១០ឆ្នាំ​ប្រើ​ប៉ុន្មាន​ដប​?​»​

​            ផ្អែកលើ​មូលដ្ឋាន​គ្រឹះ​ផ្នែក​គំនូរ​ ​លោក​សុ​ផុន​តែង​គូសវាស​លើ​ក្រដាស​ជាមុន​នូវ​គំនិត​ចម្លាក់​ប្លាស្ទិក​ដែល​លោក​គ្រោង​ធ្វើ។​ ​រាល់​ស្នាដៃ​សិល្បៈ​ពី​ប្លាស្ទិក​ដែល​លោក​បាន​ច្នៃ​ ​ត្រូវ​បាន​គិតគូរ​ជានិច្ច​ពី​ទំហំ​អត្ថ​ប្រយោជន៍អ្វី​ខ្លះ​ដែល​វា​អាច​ផ្តល់​ឲ្យ​ ​ជាពិសេស​គឺ​ការ​គិតគូរ​ពី​ដំណោះស្រាយ​នៃ​ភាព​អសកម្ម​នៃ​ការថែទាំ​បរិស្ថាន​។​ ​ហេតុនេះ​ហើយ​ ​ទើប​លោក​នៅតែ​អះអាង​ថា​ ​មានតែ​ការចូលរួម​ពី​ប្រជាជន​ទាំងអស់គ្នា​ទេ​ទើប​អាច​ជួយ​ថែរក្សា​បរិស្ថាន​ស្អាត​ឲ្យបាន​ស្ថិតស្ថេរ​យូរអង្វែង​ដល់​យុវជន​ជំនាន់​ក្រោយ​បាន។​ ​

​            «​សម្ភារៈ​សំណល់​ពី​ប្លាស្ទិក​ ​អាចយ​កម​កកែ​ច្នៃ​បាន​ច្រើនណាស់​ ​ប៉ុន្តែ​វា​អាស្រ័យ​លើ​ប្រជាជន​ជួយ​លើកស្ទួយ​និង​ការយល់​ដឹង​របស់​ពួកគាត់​ ​មិនមែន​អាស្រ័យ​ដោយ​សិល្បករ​តែម្នាក់​អាច​កែច្នៃ​កាកសំណល់​ក្នុង​ទីក្រុង​យើង​នោះ​ទេ​ ​ដូច្នេះ​យើង​ទាំងអស់គ្នា​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ជួយ​ធ្វើឲ្យ​ទីក្រុង​យើង​ស្អាត​។​»​

Image Courtesy: Phe Sophon

​            ​ចម្លាក់​ដែល​លោក​សុ​ផុន​ ​បាន​កែច្នៃ​កន្លងមក​មាន​ដូចជា​ចម្លាក់​នៃ​ប្រធានបទ​ភ្នំពេញ​ ​ផ្ការីក​ ​និង​ដំណក់ទឹក​។​ ​លោក​បាន​លើកឡើង​ថា​ ​ការប្រើ​ប្រាស់​ប្លាស្ទិក​ធ្វើឲ្យ​ប៉ះពាល់​ទាំងអស់គ្នា​ ​មិនថា​អ្នក​រស់នៅ​ក្នុង​វណ្ណៈ​ណាក៏ដោយ​។​ ​លោក​បាន​បញ្ជាក់​ថា​ ​រាល់​ការប្រើ​ប្រាស់​ប្លាស្ទិក​គឺ​ការ​រួមចំណែក​បំផ្លាញ​បរិស្ថាន​ ​ថ្វីត្បិតតែ​អ្នកប្រើ​ប្រាស់​ប្លាស្ទិក​អាច​សម្អាត​អនាម័យ​បរិស្ថាន​ជុំវិញ​ខ្លួន​របស់​ពួកគេ​បាន​ក៏ដោយ​ ​ប៉ុន្តែ​ពួកគេ​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដោយប្រយោល​ដល់​បរិស្ថាន​រួម​។​ ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ប្រជាជន​ម្នា​ក់ៗ​មាន​តួនាទី​ធ្វើ​យ៉ាងណា​ដើម្បីឲ្យ​ទីក្រុង​យើង​ស្អាត​ ​ហើយ​យើង​ទាំងអស់គ្នា​ត្រូវ​រក​វិធី​យ៉ាងម៉េច​កែច្នៃ​សំណល់​ប្លាស្ទិក​ឲ្យ​មានប្រយោជន៍​។​

​            «​គ្មាន​អ្នកណា​ជួយ​យើង​បាន​ក្រៅពី​ខ្លួន​យើង​ទេ​ ​បើ​យើង​មិន​រៀបចំខ្លួន​យើង​ឲ្យ​មាន​របៀប​និង​សីលធម៌​ ​នោះ​គឺ​យើង​ជា​អ្នក​បំផ្លាញ​បរិស្ថាន​ទាំងអស់គ្នា​ហើយ​។​ ​យើង​រាល់គ្នា​ត្រូវ​ធ្វើជា​ប្រជាជន​គំរូ​ ​ហើយ​ការ​អាន​បង្កើន​ចំណេះដឹង​ ​រក​ដំណោះស្រាយ​បញ្ហា​អសកម្ម​ទាក់ទង​នឹង​បរិស្ថាន​ក៏​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ផង​ដែរ​។​»​

​Article​ ​by​ ​VA​ ​SONYKA​

Image Courtesy: Phe Sophon


SUGGESTIONS