×

«​ព្រោះ​ខ្ញុំ​រៀន​ចំណាំ​ទើប​ធ្វើឲ្យ​ខ្ញុំ​ចេះនិយាយ​ជាង​ ​១០ភាសា​ទាំង​មិន​ដែល​ចូល​សាលា​.​.​.​»​ ​

NEWS 6 years ago
 
 

            កាលពី​ពេល​ថ្មី​ៗ​នេះ​ ​មាន​កុមារា​ម្នាក់​ដែល​ចេះនិយាយ​ច្រើន​ភាសា​ដោយ​មិនដែល​បាន​ចូល​សាលា​កំពុងតែ​មាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​។​ ​មែនទែន​ទៅ​កុមារា​រូប​នេះ​បាន​រៀន​ចេះ​ភាសា​ជាច្រើន​នេះ​ជាយូរមកហើយ​ ​ក៏ប៉ុន្តែ​សមត្ថភាព​របស់​ខ្លួន​ទើបតែ​ត្រូវ​បាន​គេ​ចាប់ផ្តើម​ស្គាល់​ ​នៅពេល​ដែល​មាន​ភ្ញៀវ​បរទេស​ជនជាតិ​សិង្ហបុរី​ម្នាក់​បាន​ថត​ពី​សមត្ថភាព​ខាង​ផ្នែក​ភាសា​ ​ក្រោយមក​ក៏​ត្រូវ​បាន​ជនជាតិ​សិង្ហបុរី​មួយ​រូប​ទៀត​បាន​សួរនាំ​រក​ក្មេង​នោះ​ក្នុង​ន័យ​ចង់​ឧបត្ថម្ភ​ជំនួយការ​សិក្សា​ ​រួច​វីដេអូ​នោះ​ក៏​ត្រូវ​បាន​បង្ហោះ​និង​ចែកចាយ​ពេញ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​រហូតដល់​មានការ​ចាប់អារម្មណ៍​ ​និង​ល្បីល្បាញ​ដូចនេះ​។​ ​ព័ត៌មាន​នេះ​ក៏​ផ្ទុះ​កាន់តែ​ខ្លាំង​នៅពេល​គេ​ឃើញ​រូបថត​មួយ​សន្លឹក​ទៀត​នៃ​កុមារា​ខាងលើ​នេះ​បាន​អង្គុយ​ឱប​ជើងម្ខាង​ទាំង​ដែល​គ្មាន​ស្បែកជើង​ពាក់​នៅ​ក្រោម​ដើមឈើ​មួយ​គួរឲ្យ​កម្សត់​ពេកក្រៃ​។​ ​ទាំងអស់​នេះ​ត្រូវ​បាន​គេ​ចោទ​ជា​សំណួរ​ ​និង​សោក​ស្តាយ​យ៉ាង​ខ្លាំង​នៅពេល​ដែល​ក្មេង​ម្នាក់​ដែល​មាន​ទេពកោសល្យ​និង​សមត្ថភាព​ចេះនិយាយ​ភាសា​ច្រើន​រហូតដល់​ទៅ​ជាង​ ​១០ភាសា​ ​ក៏ប៉ុន្តែ​បែរជា​គ្មាន​អ្នក​អើពើ​ ​និង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​ដូច្នេះ​។​

​            ស្ថិត​ក្នុង​វ័យ​ ​១៤ឆ្នាំ​ ​កុមារា​ ​«​ធុច​ ​សាលិ​ក​»​ ​គឺជា​ក្មេង​លក់​វត្ថុ​អនុស្សាវរីយ៍​ម្នាក់​នៅ​តាម​ប្រាសាទបុរាណ​ជាច្រើន​អស់​រយៈពេល​យូរ​មក​ហើយ​នៅ​ឯ​តំបន់​អង្គរ​ ​ក៏ប៉ុន្តែ​សាលិ​ក​ទើបតែ​មក​លក់​នៅ​ ​ប្រាសាទតាព្រហ្ម​មានជ័យ​បាន​ប្រមាណ​ជា​ប្រាំមួយ​ខែ​ប៉ុណ្ណោះ​ ​ហើយ​អាច​និយាយ​និង​ចេះ​ទំនាក់ទំនង​ជាមួយនឹង​ភ្ញៀវ​បរទេស​រហូតដល់​ទៅ​ជាង​ដប់​ភាសា​ឯណោះ​។​ ​ធុច​ ​សាលិ​ក​ ​បាន​ប្រាប់​សូ​វរីន​ថា​ ​គាត់​ចេះ​ភាសា​ជាច្រើន​ដូចជា​៖​ ​ភាសាអង់គ្លេស​,​ ​ភាសា​ចិន​កុក​ងឺ​,​ ​ចិនកន្តាំង​ ​(​ហុងកុង​)​,​ ​ចិនហៃណាំ​,​ ​ភាសា​រុស្ស៊ី​,​ ​ភាសា​ម៉ាឡាយូ​ ​(​ម៉ាឡេស៊ី​)​,​ ​ភាសា​ថៃ​,​ ​ភាសា​កូរ៉េ​,​ ​ភាសា​ជប៉ុន​,​ ​ភាសា​វៀតណាម​,​ ​ភាសា​អេស្ប៉ាញ​,​ ​ភាសា​អាល្លឺម៉ង់​,​ ​ភាសា​បារាំង​ ​និង​ភាសា​អ៊ីតាលី​ ​ក៏ប៉ុន្តែ​ភាសា​ដែល​ ​សាលិ​ក​ចេះច្បាស់​ជាងគេ​នោះ​គឺ​ភាសា​ចិន​កុក​ងឺ​។​ ​ការ​ចេះ​ភាសា​ច្រើនបែប​នេះ​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​នោះ​ឡើយ​ ​ក៏ប៉ុន្តែ​សាលិ​ក​និង​ក្មេង​ៗ​ដទៃទៀត​ដែល​ប្រកបមុខរបរ​នៅ​តាម​ប្រាសាទ​នោះ​គឺ​បាន​ធ្វើឲ្យ​គេ​ស្ងើចសរសើរ​ត្រង់​ពួកគេ​មិនបាន​ចូល​សាលារៀន​សោះ​ ​ក៏ប៉ុន្តែ​អាច​ឆាប់​ចាប់បាន​ ​និង​អាច​និយាយ​បាន​យ៉ាង​រលូន​ជាមួយនឹង​ជាតិសាសន៍​ដទៃ​ជាច្រើន​ដែល​បាន​មក​ទស្សនា​នៅ​តំបន់​អង្គរ​នេះ​។​ ​ខុសប្លែក​ពីក្មេង​លក់​ដទៃ​ ​សាលិ​ក​គឺជា​ក្មេង​ម្នាក់​ដែល​មាន​ភាព​ក្លាហាន​ចេះនិយាយ​លេងសើច​ជាមួយ​ភ្ញៀវ​ ​និង​ចេះ​យកចិត្ត​ភ្ញៀវ​ ​ហើយ​ច្រៀង​ឲ្យ​ភ្ញៀវ​ស្តាប់​ទៀតផង​។​ ​កុមារា​ ​ធុច​ ​សាលិ​ក​៖​ ​«​ខ្ញុំ​បាន​មើល​វីដេអូ​ ​នៅក្នុង​បណ្តាញ​សង្គម​ ​Tik​ ​Tok​ ​ហើយ​ឃើញ​គេ​ថត​ជាមួយនឹង​បទ​ចម្រៀន​ជា​ភាសា​ចិន​ ​ខ្ញុំ​ក៏​ចំណាំ​និង​ចេះ​ច្រៀង​ ​ហើយ​ខ្ញុំ​តែងតែ​ច្រៀង​ឲ្យ​ភ្ញៀវ​ស្តាប់​ ​ដល់ពេល​ភ្ញៀវ​ឃើញ​អីចឹង​គេ​ក៏​ស្រលាញ់​និង​ចូលចិត្ត​ខ្ញុំ​តែម្តង​ទៅ​»​។​ ​សាលិ​ក​បាន​បន្ត​ទៀត​ថា​៖​ ​«​ខ្ញុំ​រៀន​ចំណាំ​គេ​និយាយ​ ​ពេលខ្លះ​អត់​ចេះ​ក៏​ធ្វើកាយវិការ​ ​រួច​ពួកគេ​ក៏បាន​និយាយប្រាប់​ដូច្នេះ​ខ្ញុំ​ក៏​លួច​ចំណាំទុក​ទៅ​ ​ពេលខ្លះ​ខ្ញុំ​មិនសូវ​ច្បាស់​ក៏​រត់​ទៅ​សួរ​ ​Guide​ ​(​មគ្គទេសក៍​ទេសចរ​នៅ​តាម​ប្រាសាទ​)​ ​ក៏​មាន​»​។​

​            ​ ​មាន​ស្រុកកំណើត​នៅ​ឯ​ឃុំ​សំរោង​ ​ស្រុក​បាត់ដំបង​ ​ខេត្តបាត់ដំបង​ ​ក៏ប៉ុន្តែ​ ​សាលិ​ក​និង​ក្រុម​គ្រួសារ​បាន​ផ្លាស់មក​រស់នៅ​ឯ​ខេត្តសៀមរាប​ក្នុង​សង្កាត់​អង្គរធំ​ ​ក្រុង​សៀមរាប​តាំងតែពី​ដប់​ឆ្នាំមុន​មក​ម្ល៉េះ​។​ ​សាលិ​ក​គឺជា​កូនច្បង​ក្នុងចំណោម​បងប្អូន​បី​នាក់​សុទ្ធតែ​ប្រុស​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដែល​មាន​ឪពុក​ជា​វិចិត្រករ​គំនូរ​ ​និង​ម្តាយ​ជា​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​នៅ​តាម​ប្រាសាទបុរាណ​នា​ឯ​ខេត្តសៀមរាប​។​ ​ថ្វី​ដ្បិតតែ​ខ្លួន​មាន​ជីវភាព​ខ្វះខាត​ ​និង​តម្រូវឲ្យ​ខ្លួន​ជួយ​ម្តាយ​និង​គ្រួសារ​ក៏​ពិតមែន​ ​ក៏ប៉ុន្តែ​ ​ធុច​ ​សាលិ​ក​ ​មិនបាន​បោះបង់​ការសិក្សា​នោះ​ឡើយ​ដោយ​ប្អូន​បាន​ទៅរៀន​នៅពេល​ព្រឹក​និង​មករ​ក​ស៊ី​នៅពេល​ថ្ងៃ​ ​ហើយ​សព្វថ្ងៃ​ប្អូន​គឺជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី​ ​៩​ ​នៃ​អនុវិទ្យាល័យ​ ​ស្ទី​ហ្វេ​ន​ម៉ា​ស៊ូ​ជី​ន​ហ៊ុន​សែន​ស្រះស្រង់​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​សាលិ​ក​ហាក់​មាននិស្ស័យ​ជាមួយនឹង​វិស័យ​ទេសចរណ៍​ដូច្នេះហើយ​ទើបបាន​ជា​ប្អូន​មានបំណង​ចង់​ក្លាយជា​មគ្គទេសក៍​ទេសចរ​មួយ​រូប​នៅ​ថ្ងៃ​អនាគត​ទៀតផង​។​ ​យ៉ាងណាមិញ​ ​កុមារា​ដ៏​ប៉ិនប្រសប់​រូប​នេះ​ក៏​កំពុងតែ​អំពាវនាវ​សប្បុរសជន​ទូទៅ​ឲ្យ​ជួយឧបត្ថម្ភ​ជា​ថ​វិ​កា​ខ្លះ​ៗ​ដើម្បី​ជួយ​សម្រួល​ជីវភាព​គ្រួសារ​និង​សម្រេច​បំណងប្រាថ្នា​របស់​ខ្លួន​៕​

​Article​ ​by​ ​KEO​ ​SONG​


SUGGESTIONS